១២
ប្រផ្នូល​អំពី​អ៊ីស្រាអែល​ត្រូវ​ខ្ចាត់ខ្ចាយ
១ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ទៀត​ថា ២ កូន​មនុស្ស​អើយ ឯង​នៅ​កណ្តាល​ពូជពង្ស​រឹងចចេស​ជា​ពួក​អ្នក​ដែល​មាន​ភ្នែក​សំរាប់​មើល តែ​មើល​មិន​ឃើញ​ទេ ក៏​មាន​ត្រចៀក​សំរាប់​ស្តាប់ តែ​ស្តាប់​មិន​ឮ​ដែរ ដ្បិត​គេ​ជា​ពូជពង្ស​រឹងចចេស ៣ ដូច្នេះ កូន​មនុស្ស​អើយ ចូរ​រៀបចំ​អីវ៉ាន់ សំរាប់​ដំណើរ​និរទេស ហើយ​ដើរ​ចេញ​ទៅ ទាំង​ថ្ងៃ​នៅ​ចំពោះ​ភ្នែក​គេ​ចុះ ត្រូវ​ឲ្យ​ឯង​រើ​ចេញ​ពី​កន្លែង​ឯង ទៅ​កន្លែង​១​ទៀត នៅ​ចំពោះ​ភ្នែក​គេ ប្រហែល​ជា​គេ​នឹង​ពិចារណា​យល់ ទោះ​បើ​គេ​ជា​វង្ស​រឹងចចេស​ក៏​ដោយ ៤ ត្រូវ​ឲ្យ​ឯង​រើ​យក​អីវ៉ាន់​ឯង​ចេញ នៅ​ពេល​ថ្ងៃ ចំពោះ​ភ្នែក​គេ ធ្វើ​ដូច​ជា​រៀបចំ​នឹង​ត្រូវ​និរទេស​ទៅ ហើយ​ខ្លួន​ឯង​ត្រូវ​ចេញ​ទៅ​នៅ​ពេល​ល្ងាច​ចំពោះ​ភ្នែក​គេ បែប​ដូច​ជា​មនុស្ស​ដែល​ត្រូវ​និរទេស ៥ ចូរ​ជីក​ទំលុះ​កំផែង​នៅ​ចំពោះ​ភ្នែក​គេ​ហើយ​បញ្ចេញ​អីវ៉ាន់​ទៅ​តាម​នោះ​ចុះ ៦ ត្រូវ​ឲ្យ​ឯង​លី​អីវ៉ាន់​ឯង​នៅ​មុខ​គេ​ចេញ​ទៅ​ក្នុង​ងងឹត ក៏​ត្រូវ​បាំង​មុខ ដើម្បី​មិន​ឲ្យ​ឃើញ​ស្រុក​ឡើយ ដ្បិត​អញ​បាន​តាំង​ឯង ឡើង​ទុក​ជា​ទី​សំគាល់ ដល់​ពូជពង្ស​អ៊ីស្រាអែល ៧ ខ្ញុំ​ក៏​ធ្វើ​តាម​បង្គាប់​ខ្ញុំ​យក​អីវ៉ាន់​ចេញ​ទាំង​ថ្លៃ ទុក​ដូច​ជា​អីវ៉ាន់​សំរាប់​ដំណើរ​និរទេស ហើយ​នៅ​ពេល​ល្ងាច​ខ្ញុំ​ជីក​ទំលុះ​កំផែង​ដោយ​ដៃ​ខ្ញុំ​ក៏​បញ្ចេញ​អីវ៉ាន់​ក្នុង​ងងឹត ហើយ​លី​យក​ទៅ​នៅ​ចំពោះ​ភ្នែក​គេ។
៨ លុះ​ព្រឹក​ឡើង ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​មក​ដល់​ខ្ញុំ​សួរ​ថា ៩ កូន​មនុស្ស​អើយ តើ​ពូជពង្ស​អ៊ីស្រាអែល​ជា​ពួក​រឹងចចេស​នោះ មិន​បាន​សួរ​ឯង​ទេ​ឬ​អី​ថា អ្នក​ធ្វើ​អ្វី​ដូច្នេះ ១០ ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ព្រះបន្ទូល​នេះ សំដៅ​ដល់​ចៅហ្វាយ​នៃ​ក្រុង​យេរូសាឡិម និង​ពូជពង្ស​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ដែល​នៅ​ទី​នោះ​ដែរ ១១ ចូរ​ប្រាប់​ថា ខ្ញុំ​ជា​ទី​សំគាល់​ដល់​អ្នក​រាល់​គ្នា​ឯង​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ នោះ​នឹង​មាន​គេ​ធ្វើ​យ៉ាង​នោះ​ដល់​ពូជពង្ស​អ៊ីស្រាអែល​ដែរ គេ​នឹង​ត្រូវ​និរទេស​ទៅ ព្រម​ទាំង​ដឹកនាំ​ទៅ​ជា​ឈ្លើយ​ផង ១២ គ្រា​នោះ ចៅហ្វាយ​ដែល​នៅ​កណ្តាល​ពួក​គេ លោក​នឹង​លី​អីវ៉ាន់​របស់​លោក​ចេញ​ទៅ​ក្នុង​ងងឹត គេ​នឹង​ជីក​ទំលុះ​កំផែង ដើម្បី​បញ្ចេញ​អីវ៉ាន់​តាម​នោះ លោក​នឹង​បាំង​មុខ ដើម្បី​មិន​ឲ្យ​ភ្នែក​ឃើញ​ស្រុក​ឡើយ ១៣ អញ​នឹង​លាត​មង​អញ​ទៅ​ពី​លើ​លោក ហើយ​លោក​នឹង​ជាប់​អន្ទាក់​របស់​អញ អញ​នឹង​នាំ​លោក​ទៅ​ឯ​បាប៊ីឡូន ជា​ស្រុក​របស់​ពួក​ខាល់ដេ ប៉ុន្តែ​លោក​នឹង​មិន​ឃើញ​ស្រុក​នោះ​ទេ ទោះ​បើ​លោក​ស្លាប់​នៅ​ទី​នោះ​ក៏​ដោយ ១៤ អញ​នឹង​កំចាត់កំចាយ​ពួក​អ្នក​ដែល​នៅ​ជុំវិញ​លោក និង​កងទ័ព​របស់​លោក​ទាំង​ប៉ុន្មាន​ទៅ​តាម​ខ្យល់​គ្រប់​ទិស រួច​អញ​នឹង​ហូត​ដាវ​ទៅ​តាម​ក្រោយ​គេ ១៥ ដូច្នេះ កាល​ណា​អញ​បាន​បែង​ចែក​គេ ទៅ​នៅ​កណ្តាល​អស់​ទាំង​សាសន៍ ហើយ​បាន​កំចាត់កំចាយ​គេ​ទៅ​នៅ​គ្រប់​ប្រទេស នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះយេហូវ៉ា​ពិត ១៦ ប៉ុន្តែ​អញ​នឹង​ឲ្យ​មាន​ពួក​គេ​ខ្លះ​រួច​ពី​ដាវ ពី​អំណត់​អត់ និង​ពី​អាសន្នរោគ​ដែរ ដើម្បី​ឲ្យ​គេ​បាន​ថ្លែង​ប្រាប់​ពី​គ្រប់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ខ្លួន នៅ​កណ្តាល​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​គេ​ត្រូវ​ទៅ​នៅ​នោះ ដូច្នេះ គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះយេហូវ៉ា​ពិត។
១៧ ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ទៀត​ថា ១៨ កូន​មនុស្ស​អើយ ចូរ​ស៊ី​អាហារ​ឯង​ដោយ​រន្ធត់ ព្រម​ទាំង​ផឹក​ទឹក​ដោយ​ញាប់ញ័រ ហើយ​ថប់​ព្រួយ​ចុះ ១៩ រួច​ចូរ​ប្រាប់​ដល់​ពួក​ជន​ក្នុង​ស្រុក​ថា ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ពី​ដំណើរ​ពួក​ក្រុង​យេរូសាឡិម និង​ពួក​អ្នក​នៅ​ស្រុក​អ៊ីស្រាអែល​ថា គេ​នឹង​ស៊ី​អាហារ​របស់​គេ ដោយ​ភ័យ​ខ្លាច​ហើយ​ផឹក​ទឹក​របស់​គេ​ដោយ​តក់ស្លុត ដ្បិត​ស្រុក​គេ​នឹង​ត្រូវ​ខូចបង់ ព្រម​ទាំង​របស់​ទាំង​អស់​ដែល​នៅ​ក្នុង​ស្រុក​នោះ​ដែរ ដោយ​ព្រោះ​សេចក្តី​ច្រឡោត​របស់​ពួក​អ្នក​ដែល​នៅ​ស្រុក​នោះ ២០ អស់​ទាំង​ទី​ក្រុង​ដែល​មាន​មនុស្ស​នៅ នឹង​ត្រូវ​បំផ្លាញ ហើយ​ស្រុក​នឹង​ត្រូវ​ខូចបង់​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះយេហូវ៉ា​ពិត។
២១ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា ២២ កូន​មនុស្ស​អើយ ពាក្យ​ទំនៀម​យ៉ាង​ណា​នោះ ដែល​ឯង​រាល់​គ្នា​ធ្លាប់​និយាយ នៅ​ស្រុក​អ៊ីស្រាអែល ដោយ​ថា កំណត់​ថ្ងៃ​បាន​បន្ថយ​ទៅ ហើយ​គ្រប់​ទាំង​ការ​ជាក់ស្តែង​ក៏​ខាន​មាន ២៣ ដូច្នេះ ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះអម្ចាស់យេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ពាក្យ​ទំនៀម​នោះ​បាត់​ទៅ គេ​នឹង​លែង​ប្រើ​ពាក្យ​នោះ​ទុក​ជា​ទំនៀម នៅ​ស្រុក​អ៊ីស្រាអែល​ទៀត ប៉ុន្តែ​ត្រូវ​ប្រាប់​គេ​ថា វេលា​កំណត់​ជិត​ដល់​ហើយ ព្រម​ទាំង​ពេល​ដែល​នឹង​សំរេច តាម​គ្រប់​ទាំង​ការ​ជាក់ស្តែង​នោះ​ផង ២៤ ដ្បិត​នឹង​គ្មាន​ការ​ជាក់ស្តែង​ក្លែងក្លាយ ឬ​ពាក្យ​ទំនាយ​បញ្ចើច នៅ​ក្នុង​ពូជពង្ស​អ៊ីស្រាអែល​ទៀត​ឡើយ ២៥ ពី​ព្រោះ​អញ​នេះ គឺ​យេហូវ៉ា អញ​នឹង​ចេញ​បង្គាប់ ហើយ​ពាក្យ​ដែល​អញ​ប្រាប់​នោះ នឹង​បាន​សំរេច​ជា​ពិត ឥត​ដែល​បន្ថយ​ទៀត​ឡើយ ដ្បិត​ឱ​ពូជពង្ស​រឹងចចេស​អើយ នៅ​គ្រា​របស់​ឯង អញ​នឹង​ចេញ​វាចា ហើយ​នឹង​ធ្វើ​សំរេច​តាម​ផង នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេហូវ៉ា។
២៦ ព្រះបន្ទូល នៃ​ព្រះយេហូវ៉ា ក៏​មក​ដល់​ខ្ញុំ​ទៀត​ថា ២៧ កូន​មនុស្ស​អើយ មើល ពូជពង្ស​អ៊ីស្រាអែល គេ​និយាយ​ថា ការ​ជាក់ស្តែង​ដែល​គាត់​ឃើញ នោះ​សំដែង​ពី​គ្រា​ទៅ​មុខ​ជា​យូរ គាត់​ទាយ​ពី​វេលា ដែល​នៅ​ឆ្ងាយ​នៅ​ឡើយ ២៨ ដូច្នេះ ចូរ​ប្រាប់​ដល់​គេ​ថា ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ នឹង​គ្មាន​ពាក្យ​របស់​អញ​ណា​មួយ​ត្រូវ​បន្ថយ​ទៀត​ឡើយ គឺ​ពាក្យ​ដែល​អញ​បញ្ចេញ នោះ​នឹង​បាន​សំរេច​ជា​ពិត នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេហូវ៉ា។