២៣
អំពើបាបរបស់ក្រុងសាម៉ារី និងក្រុងយេរូសាឡិម
១ ព្រះបន្ទូលនៃព្រះយេហូវ៉ា បានមកដល់ខ្ញុំម្តងទៀតថា ២ កូនមនុស្សអើយ ពីដើមមានស្រី២នាក់ពោះ១នឹងគ្នា ៣ ហើយគេបានធ្វើសំផឹង នៅស្រុកអេស៊ីព្ទ អើ គេបានធ្វើសំផឹងពីកាលនៅក្មេង នៅស្រុកនោះ មនុស្សបានចាប់ដោះគេ នៅទីនោះបានអង្អែលដោះនៃវ័យក្រមុំរបស់គេ ៤ ឯនាងទាំង២នោះ បងឈ្មោះថា អូហូឡា ហើយប្អូនឈ្មោះអូហូលីបា គេក៏ត្រឡប់ជារបស់ផងអញ ហើយបង្កើតបានកូនប្រុស និងកូនស្រី ចំណែកឈ្មោះគេ នោះអូហូឡា គឺជាក្រុងសាម៉ារី ហើយអូហូលីបា គឺជាក្រុងយេរូសាឡិម។
៥ ឯអូហូឡា នាងក៏ធ្វើជាសំផឹង ក្នុងកាលដែលធ្វើជាប្រពន្ធរបស់អញ វាជាប់ចិត្តនឹងសហាយវា គឺនឹងសាសន៍អាសស៊ើរ ជាអ្នកជិតខាងវា ៦ ជាពួកអ្នកដែលស្លៀកពាក់ដោយសំពត់ពណ៌ខៀវ សុទ្ធតែជាចៅហ្វាយ ហើយជាអ្នកគ្រប់គ្រង ជាពួកកំឡោះដែលចាប់ចិត្ត ហើយក៏ជិះសេះគ្រប់គ្នា ៧ វាធ្វើសំផឹងនឹងគេ ដែលសុទ្ធតែជាមនុស្សជ្រើសរើសក្នុងសាសន៍អាសស៊ើរ ហើយវាក៏ធ្វើឲ្យខ្លួនទៅជាស្មោកគ្រោក ដោយរូបព្រះរបស់អស់អ្នកដែលវាជាប់ចិត្តស្រឡាញ់នោះ ៨ វាមិនលះលែងការកំផិត ដែលវាបានធ្វើតាំងពីនៅស្រុកអេស៊ីព្ទមកនោះទេ ដ្បិតកាលវានៅក្មេងនៅឡើយ នោះគេបានរួមដំណេកនឹងវា ហើយបានអង្អែលដោះនៃវ័យក្រមុំរបស់វា ព្រមទាំងចាក់ការកំផិតរបស់គេទៅលើវា ៩ ហេតុនោះ អញបានប្រគល់វាទៅក្នុងកណ្តាប់ដៃនៃពួកសហាយវា គឺក្នុងកណ្តាប់ដៃនៃពួកសាសន៍អាសស៊ើរ ដែលវាបានជាប់ចិត្តស្រឡាញ់នោះ ១០ គេបានបើកកេរ្តិ៍ខ្មាសរបស់វា ហើយចាប់យកកូនប្រុសកូនស្រីរបស់វា ព្រមទាំងសំឡាប់ខ្លួនវាដោយដាវផង រួចវាមានល្បីឈ្មោះនៅក្នុងពួកស្រីៗ ដ្បិតគេបានសំរេចទោសដល់វា។ ១១ ឯអូហូលីបា ជាប្អូន ក៏ឃើញដូច្នោះដែរ ប៉ុន្តែបានប្រព្រឹត្តខូចអាក្រក់ជាងទៅទៀត ដោយជាប់ចិត្តស្រឡាញ់គេ ហើយដោយការសំផឹងរបស់វា ដែលលើសជាងការសំផឹងរបស់បងខ្លួន ១២ វាជាប់ចិត្តស្រឡាញ់ពួកសាសន៍អាសស៊ើរ ជាពួកចៅហ្វាយ គឺជាពួកអ្នកគ្រប់គ្រងដែលនៅជិតខាងវា ជាពួកដែលស្លៀកពាក់ដោយរុងរឿង ហើយជិះសេះ សុទ្ធតែជាពួកកំឡោះយ៉ាងចាប់ចិត្ត ១៣ អញក៏បានឃើញថា វាត្រូវស្មោកគ្រោកហើយដែរ បងប្អូន២នាក់បានដើរតាមផ្លូវតែ១ ១៤ តែប្អូនបានចំរើនការសំផឹងរបស់ខ្លួនជាច្រើនឡើង ដ្បិតវាបានឃើញរូបមនុស្សដែលបានគូរនៅជញ្ជាំង គឺជារូបពួកសាសន៍ខាល់ដេ ដែលគូរដោយពណ៌ក្រហម ១៥ មានទាំងខ្សែក្រវាត់នៅចង្កេះ ហើយក្បាលជួតដោយឈ្នួលមានរំភាយសំយុងចុះ គ្រប់គ្នាមានភាពមើលទៅដូចជាកូនស្តេច តាមបែបពួកក្រុងបាប៊ីឡូន ក្នុងស្រុកខាល់ដេ ជាស្រុកកំណើតរបស់គេ ១៦ កាលវាបានឃើញគេ នោះក៏ជាប់ចិត្តស្រឡាញ់ភ្លាម ហើយបានចាត់ទូតទៅឯគេ ក្នុងស្រុកខាល់ដេ ១៧ នោះពួកក្រុងបាប៊ីឡូនក៏មកឯវា រួមដំណេកដោយស្រឡាញ់ គេក៏ធ្វើឲ្យវាស្មោកគ្រោកដោយការកំផិតរបស់គេ វាបានសៅហ្មងដោយសារគេ រួចចិត្តវាក៏ណាយចេញពីគេវិញ ១៨ គឺយ៉ាងនោះដែលវាបានបើកអំពើកំផិតរបស់វា ហើយបើកកេរ្តិ៍ខ្មាសឲ្យឃើញផង ដូច្នេះ ចិត្តអញក៏ជិនណាយពីវា ដូចជាបានជិនណាយពីបងវាដែរ ១៩ ប៉ុន្តែវាចេះតែចំរើនការសំផឹងរបស់វាឡើងទៀត ដោយរឭកពីកាលនៅក្មេងនៅឡើយ ជាគ្រាដែលបានធ្វើសំផឹងនៅក្នុងស្រុកអេស៊ីព្ទនោះ ២០ វាជាប់ចិត្តស្រឡាញ់សហាយវា ដែលមានសាច់ដូចជាសាច់នៃសត្វលា ហើយទឹកកាមក៏ដូចជាទឹកកាមរបស់សេះ ២១ គឺយ៉ាងនោះ ដែលឯងនឹកចាំ ពីអំពើអាស្រូវបារាយណ៍ ដែលប្រព្រឹត្តពីកាលនៅក្មេង ដោយពួកសាសន៍អេស៊ីព្ទបានចាប់ដោះឯង ដែលដោះឯងនៅជាក្រមុំផង។
២២ ហេតុនោះ ឱអូហូលីបាអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងដាស់ពួកសហាយឯង ដែលឯងបានណាយចិត្តពីគេនោះ ឲ្យមកទាស់នឹងឯង អញនឹងនាំគេមកទាស់នឹងឯងនៅគ្រប់ទិស ២៣ គឺជាពួកក្រុងបាប៊ីឡូន ពួកខាល់ដេទាំងប៉ុន្មាន ពួកពេកូឌ ពួកសូអា និងពួកកូអា ព្រមទាំងពួកអាសស៊ើរជាមួយនឹងគេដែរ ជាពួកកំឡោះគួរចាប់ចិត្ត ជាពួកចៅហ្វាយ ជាពួកអ្នកគ្រប់គ្រងទាំងអស់គ្នា ព្រមទាំងពួកកូនស្តេច និងមនុស្សមានឈ្មោះ ដែលសុទ្ធតែជិះសេះគ្រប់គ្នាផង ២៤ គេនឹងលើកគ្នាមកទាស់នឹងឯង ទាំងមានគ្រឿងសស្ត្រាវុធ រទេះ និងយន្តចំបាំង ព្រមទាំងនាំកងទ័ពមកជាច្រើន ពួកទាំងនោះនឹងដំរៀបគ្នានៅជុំវិញឯង ទាំងកាន់ខែលធំខែលតូច និងពាក់មួកសឹកផង រួចអញនឹងប្រគល់ការជំនុំជំរះដល់គេ នោះគេនឹងជំនុំជំរះឯងតាមច្បាប់របស់គេ ២៥ អញនឹងតាំងសេចក្តីប្រចណ្ឌរបស់អញទាស់នឹងឯង ហើយគេនឹងប្រព្រឹត្តនឹងឯង ដោយសេចក្តីឃោរឃៅ គេនឹងកាត់ច្រមុះកាត់ត្រចៀកឯងចេញ ហើយសំណល់របស់ឯងនឹងដួលដោយដាវ គេនឹងចាប់យកកូនប្រុសកូនស្រីរបស់ឯងទៅពួកឯង ដែលនៅសល់ នោះនឹងត្រូវភ្លើងស៊ីបំផ្លាញបង់ ២៦ គេនឹងបកយកសំលៀកបំពាក់ឯងចេញ ហើយយកគ្រឿងលំអរបស់ឯងទៅដែរ ២៧ គឺយ៉ាងនោះដែលអញនឹងបំបាត់អំពើអាស្រូវបារាយណ៍ពីឯងចេញ ព្រមទាំងការសំផឹងរបស់ឯង ដែលជាប់មកពីស្រុកអេស៊ីព្ទផង ឯងនឹងមិនសំលៀងភ្នែកមើលទៅគេទៀតឡើយ ក៏មិនរឭកដល់ស្រុកអេស៊ីព្ទទៀតដែរ ២៨ ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងប្រគល់ឯងទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលឯងស្អប់ គឺទៅក្នុងកណ្តាប់ដៃនៃពួកអ្នកដែលចិត្តឯងបាន ណាយចេញពីគេនោះ ២៩ គេនឹងប្រព្រឹត្តនឹងឯងដោយចិត្តស្អប់ គេនឹងដកយកអស់ទាំងផលនៃការឯងទៅ ទុកឲ្យឯងនៅជាអាក្រាត ហើយខ្លួនទទេ នោះសេចក្តីអាម៉ាស់ខ្មាសនៃការកំផិតរបស់ឯងនឹងបានបើកនៅចំហ ព្រមទាំងការអាស្រូវបារាយណ៍ និងការសំផឹងរបស់ឯងផង។
៣០ ការទាំងនេះនឹងត្រូវធ្វើដល់ឯង ដោយព្រោះឯងបានផិតតាមអស់ទាំងសាសន៍ដទៃ ហើយបានធ្វើឲ្យខ្លួនស្មោកគ្រោកដោយរូបព្រះរបស់គេ ៣១ ឯងបានប្រព្រឹត្តតាមកិរិយារបស់បងស្រីឯង ហេតុនោះអញនឹងឲ្យពែងរបស់បងឯងទៅក្នុងដៃឯងដែរ ៣២ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ឯងនឹងត្រូវផឹកពីពែងរបស់បងស្រីឯង ជាពែងយ៉ាងជ្រៅ ហើយធំ ឯងនឹងត្រូវគេសើចឡកឡឺយ ហើយទុកជាទីមើលងាយ អើ ពែងនោះចំណុះជាច្រើន ៣៣ ឯងនឹងបានពេញដោយស្រវឹង ហើយទុក្ខព្រួយ គឺជាពែងនៃសេចក្តីស្រឡាំងកាំង និងសេចក្តីស្ងាត់ជ្រងំ ជាពែងរបស់សាម៉ារីបងស្រីឯង ៣៤ ឯងនឹងត្រូវផឹកពីពែងនោះ ព្រមទាំងសំរេងផង រួចនឹងកកេរបំណែក ហើយនឹងហែកដោះឯងទៅ ដ្បិតអញនេះបានចេញវាចាហើយ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ៣៥ ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ដោយព្រោះឯងបានភ្លេចអញ ព្រមទាំងបោះបង់អញចោលទៅក្រោយខ្នងឯងដូច្នេះ នោះត្រូវឲ្យឯងរងទ្រាំនឹងអំពើអាស្រូវបារាយណ៍ និងការកំផិតរបស់ឯងចុះ។
ការវិនិច្ឆ័យទោស ក្រុងសាម៉ារី និងក្រុងយេរូសាឡិម
៣៦ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងខ្ញុំទៀតថា កូនមនុស្សអើយ តើឯងចង់ជំនុំជំរះអូហូឡា និងអូហូលីបាឬអី បើដូច្នេះ ចូររំឭកឲ្យនាងដឹងពីអំពើគួរស្អប់ខ្ពើមរបស់នាងចុះ ៣៧ ដ្បិតនាងបានប្រព្រឹត្តសេចក្តីកំផិតហើយ ក៏មានឈាមប្រឡាក់នៅដៃនាងដែរ នាងបានផិតទៅតាមរូបព្រះរបស់ខ្លួន ហើយបានធ្វើឲ្យកូន ដែលនាងបង្កើតដល់អញ ឆ្លងកាត់ភ្លើង ថ្វាយដល់រូបព្រះទាំងនោះ ឲ្យវាត្រូវឆេះទៅ ៣៨ មួយទៀត នាងបានធ្វើការយ៉ាងនេះដល់អញ គឺបានធ្វើឲ្យទីបរិសុទ្ធរបស់អញស្មោកគ្រោកទៅនៅថ្ងៃ១នោះឯង ព្រមទាំងបង្អាប់ថ្ងៃឈប់សំរាករបស់អញផង ៣៩ ដ្បិតកាលនាងបានសំឡាប់កូនរបស់ខ្លួន ថ្វាយដល់រូបព្រះទាំងនោះហើយ នៅថ្ងៃនោះឯង នាងក៏ចូលក្នុងទីបរិសុទ្ធរបស់អញ ដើម្បីនឹងបង្អាប់ទីនោះទៀត មើល នាងបានប្រព្រឹត្តយ៉ាងដូច្នោះ នៅកណ្តាលវិហាររបស់អញ ៤០ មួយទៀត នាងបានចាត់ឲ្យទៅរកមនុស្សមកពីទីឆ្ងាយ ជាពួកអ្នកដែលបានចាត់ទូតទៅហៅ ហើយមើល ពួកនោះក៏មក នាងបានងូតទឹក ផាត់រង្វង់ភ្នែក ហើយតែងខ្លួនដោយគ្រឿងលំអសំរាប់ទទួលគេ ៤១ ហើយបានអង្គុយលើគ្រែដ៏រុងរឿង មានតុរៀបជាស្រេចនៅពីមុខ ឯងក៏ដាក់កំញាន និងប្រេងរបស់អញលើតុនោះផង ៤២ នោះមានឮសូរសំឡេងរបស់មនុស្សយ៉ាងសន្ធឹក ដែលនៅដោយឥតកង្វល់ជាមួយនឹងនាង ក៏មានគេនាំពួកសេបា ពីទីរហោស្ថានមក ជាមួយនឹងមនុស្សកកកុញនោះ ពួកទាំងនោះបានបំពាក់កងនៅដៃនាង ហើយក្បាំងយ៉ាងល្អនៅលើក្បាល។
៤៣ នោះខ្ញុំបាននឹកពីនាង ដែលធ្លាប់ប្រព្រឹត្តសេចក្តីកំផិតជាយូរមកហើយថា ឥឡូវនេះ មុខជាគេនឹងសហាយគ្នានឹងគ្នាហើយ ៤៤ គេក៏ចូលទៅឯនាង ដូចជាចូលទៅឯស្រីសំផឹង គឺយ៉ាងនោះដែលគេបានចូលទៅឯអូហូឡា និងអូហូលីបា ជាស្រីឥតខ្មាសនោះ ៤៥ ប៉ុន្តែនឹងមានមនុស្សសុចរិតជំនុំជំរះនាងទាំង២ តាមមាត្រាច្បាប់ដែលត្រូវខាងស្រីកំផិត ហើយតាមមាត្រាច្បាប់ត្រូវខាងស្រីដែលកំចាយឈាម ពីព្រោះនាងទាំង២ជាស្រីកំផិត ហើយដៃគេក៏ប្រឡាក់ដោយឈាមផង ៤៦ ដ្បិតព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹងនាំមនុស្ស១ពួកឡើងមកទាស់នឹងនាង ហើយនឹងប្រគល់នាងទៅគេ ឲ្យត្រូវបៀតបៀនហើយរឹបជាន់ ៤៧ ពួកមនុស្សទាំងនោះនឹងចោលនាងនឹងថ្ម ហើយផ្តិលនាងដោយដាវ គេនឹងសំឡាប់កូនប្រុសកូនស្រីរបស់នាង ហើយដុតផ្ទះនាងចោល ៤៨ គឺយ៉ាងនោះដែលអញនឹងបំបាត់ការអាស្រូវបារាយណ៍ ពីស្រុកចេញ ដើម្បីនឹងបង្រៀនពួកស្រីៗទាំងអស់ មិនឲ្យប្រព្រឹត្តតាមការអាស្រូវបារាយណ៍នាងតទៅ ៤៩ គេនឹងសងការអាស្រូវបារាយណ៍របស់នាងទៅលើនាងវិញ ហើយនាងនឹងត្រូវរងទ្រាំទោសនៃការគោរពដល់រូបព្រះរបស់នាងដែរ នោះនាងនឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។