២៩
ព្រះបន្ទូលប្រឆាំងនឹងស្រុកអេស៊ីប
១ នៅថ្ងៃ១២ខែបុស្សឆ្នាំទី១០ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា ២ កូនមនុស្សអើយ ចូរតាំងមុខឯងទាស់នឹងផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ហើយទាយទាស់នឹងវា ព្រមទាំងស្រុកអេស៊ីព្ទទាំងមូលផង ថា ៣ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នែ ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ជាសត្វសំបើមដែលដេកនៅកណ្តាលទន្លេរបស់ខ្លួនអើយ អញទាស់នឹងឯង ដ្បិតឯងថា ទន្លេនេះជារបស់ផងអញ អញបានបង្កើតសំរាប់តែខ្លួនអញទេ ៤ អញនឹងដាក់ទំពក់នៅក្នុងមាត់ឯង ហើយនឹងឲ្យត្រីនៅទន្លេឯង មកភ្ជាប់ខ្លួននៅនឹងស្រកាឯង ក៏នឹងនាំឯងឡើងចេញពីកណ្តាលទន្លេឯងនោះ ដោយទាំងត្រីទាំងប៉ុន្មានដែលនៅទន្លេឯងជាប់នឹងស្រកាឯងមកផង ៥ អញនឹងបោះឯងចោលក្នុងទីរហោស្ថាន គឺទាំងខ្លួនឯង និងត្រីទាំងអស់នៅទន្លេឯងផង ឯងនឹងធ្លាក់ទៅនៅទីវាលទទេ ឥតដែលបានប្រមូលផ្តុំគ្នាទៀតឡើយ អញបានឲ្យឯងទៅជាអាហារដល់អស់ទាំងសត្វនៅដី និងសត្វហើរលើអាកាស ៦ នោះពួកសាសន៍អេស៊ីព្ទទាំងអស់នឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ពីព្រោះគេជាឈើច្រត់ធ្វើពីបបុស ដល់ពួកវង្សអ៊ីស្រាអែល ៧ កាលពួកអ៊ីស្រាអែល បានចាប់យកកាន់នោះឯងក៏បាក់បែកទៅ ហើយចាក់ហែកស្មាគេអស់រលីង កាលគេច្រត់ពឹងមកលើឯង នោះឯងបានចាក់ទៅធ្វើឲ្យថ្លស់ចង្កេះគេ។
៨ ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំដាវមកលើឯង ហើយនឹងកាត់ទាំងមនុស្ស និងសត្វចេញពីឯង ៩ នោះស្រុកអេស៊ីព្ទនឹងទៅជាទីចោលស្ងាត់ ហើយខូចបង់ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត ហើយដោយព្រោះវាបានពោលថា ទន្លេនេះជារបស់ផងអញ គឺអញបានបង្កើតឡើង ១០ ដូច្នេះមើល អញទាស់នឹងឯង ហើយនឹងទន្លេទាំងប៉ុន្មានរបស់ឯងផង អញនឹងធ្វើឲ្យស្រុកអេស៊ីព្ទ ទៅជាទីខូចបង់អស់រលីង ហើយចោលស្ងាត់នៅ ចាប់តាំងពីប៉មស៊ីយេនរហូតដល់ព្រំស្រុកអេធីយ៉ូពី ១១ នៅរវាង៤០ឆ្នាំ នឹងគ្មានជើងមនុស្សណា ឬជើងសត្វណាដើរកាត់ស្រុកនោះឡើយ ក៏នឹងគ្មានអ្នកណាអាស្រ័យនៅផង ១២ អញនឹងធ្វើឲ្យស្រុកអេស៊ីព្ទទៅជាទីស្ងាត់ច្រៀប នៅកណ្តាលអស់ទាំងស្រុកស្ងាត់ជ្រងំ ហើយអស់ទាំងទីក្រុងនៃស្រុក និងនៅស្ងាត់ច្រៀបអស់៤០ឆ្នាំ នៅកណ្តាលអស់ទាំងទីក្រុងដែលខូចបង់នោះ អញនឹងកំចាត់កំចាយពួកសាសន៍អេស៊ីព្ទឲ្យទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបែងចែកគេទៅក្នុងគ្រប់ទាំងស្រុក។
១៣ ប៉ុន្តែ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា លុះផុតពី៤០ឆ្នាំទៅ អញនឹងប្រមូលពួកសាសន៍អេស៊ីព្ទពីគ្រប់ទាំងសាសន៍ដែលត្រូវខ្ចាត់ខ្ចាយទៅនោះ ១៤ ក៏នឹងនាំពួកអេស៊ីព្ទដែលនៅជាឈ្លើយឲ្យមកវិញ ហើយឲ្យគេត្រឡប់ទៅនៅឯស្រុកប៉ាត្រូស ជាស្រុកកំណើតរបស់ផងខ្លួន គេនឹងបានជានគរយ៉ាងទាបថោកនៅទីនោះ ១៥ នគរនោះនឹងបានទាបថោកជាងអស់ទាំងនគរ ឥតដែលលើកខ្លួនឡើងខ្ពស់ជាងនគរផ្សេងៗឡើយ អញនឹងធ្វើឲ្យគេថយតិចទៅ ដើម្បីមិនឲ្យគេគ្រប់គ្រងលើសាសន៍ដទៃទៀត ១៦ នោះពួកវង្សអ៊ីស្រាអែល នឹងលែងទុកចិត្តនឹងគេតទៅ ជាការដែលរំឭកពីអំពើទុច្ចរិតរបស់ខ្លួន គ្រប់វេលាណាដែលងាកបែរមើលទៅឯគេ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។
១៧ លុះដល់ថ្ងៃ១ ខែចេត្រ ឆ្នាំទី២៧ នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់ខ្ញុំថា ១៨ កូនមនុស្សអើយនេប៊ូក្នេសា ស្តេចបាប៊ីឡូនបានឲ្យកងទ័ពរបស់ខ្លួនធ្វើការងារបំរើយ៉ាងធំ ទាស់នឹងក្រុងទីរ៉ុស គ្រប់ទាំងក្បាលត្រូវទំពែក ហើយគ្រប់ទាំងស្មាត្រូវរបក ប៉ុន្តែស្តេច ព្រមទាំងពួកពលទ័ពឥតមានកំរៃអ្វីពីក្រុងទីរ៉ុស ដោយការដែលខ្លួនបានបំរើទាស់នឹងវានោះឡើយ ១៩ ហេតុនោះព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងឲ្យស្រុកអេស៊ីព្ទដល់នេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ស្តេចនោះនឹងដឹកនាំពួកជនទាំងឡាយរបស់ស្រុកនោះ ទៅជាឈ្លើយហើយយករបឹប និងរំពាផង នោះនឹងបានជាបំណាច់ដល់ពួកកងទ័ពរបស់ខ្លួន ២០ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញបានឲ្យស្រុកអេស៊ីព្ទដល់គេ ទុកជាបំណាច់នៃការដែលគេបានបំរើនោះ ពីព្រោះគេបានធ្វើការនោះបំរើដល់អញ។
២១ នៅថ្ងៃនោះ អញនឹងឲ្យស្នែង១ប៉ិចឡើង ដល់ពួកវង្សអ៊ីស្រាអែល ហើយអញនឹងបើកមាត់ឯង នៅកណ្តាលពួកគេ នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។