៣៨
ព្រះបន្ទូល​ប្រឆាំង​នឹង​ស្តេច​កុក
១ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ក៏​មក​ដល់​ខ្ញុំ​ថា ២ កូន​មនុស្ស​អើយ ចូរ​តាំង​មុខ​ទៅ​ខាង​កុក​នៃ​ស្រុក​ម៉ាកុក ជា​ចៅហ្វាយ​នៃ​ពួក​រ៉ុស ពួក​មែសេក និង​ពួក​ទូបាល ត្រូវ​ឲ្យ​ទាយ​ទាស់​នឹង​វា​ថា ៣ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ម្នាល​កុក ជា​ចៅហ្វាយ​នៃ​ពួក​រ៉ុស ពួក​មែសេក និង​ពួក​ទូបាល​អើយ មើល អញ​ទាស់​នឹង​ឯង ៤ អញ​នឹង​ធ្វើ​ឲ្យ​ឯង​បែរ​មក អញ​នឹង​ដាក់​ទំពក់​នៅ​ថ្គាម​ឯង ហើយ​នឹង​នាំ​ឯង​ចេញ​មក ព្រម​ទាំង​ពលទ័ព​ឯង​ទាំង​ប៉ុន្មាន ទាំង​សេះ និង​ពល​សេះ​ផង គ្រប់​គ្នា​ស្លៀកពាក់​ជា​គ្រឿង​សឹក​សព្វ​គ្រប់ ជា​កងទ័ព​យ៉ាង​ធំ មាន​ទាំង​ខែល​ធំ ខែល​តូច ហើយ​កាន់​ដាវ​គ្រប់​គ្នា​ផង ៥ មាន​សាសន៍​ពើស៊ី សាសន៍​គូស និង​សាសន៍​ពូត​មក​ជា​មួយ​គ្នា គ្រប់​គ្នា​មាន​ខែល ហើយ​មួក​ដែក ៦ ហើយ​មាន​ទាំង​សាសន៍​កូមើរ និង​ពួក​កកកុញ​ទាំង​ប៉ុន្មាន​របស់​គេ ក៏​មាន​ពួក​វង្ស​តូកាម៉ា ពី​ស្រុក​ខាង​ជើង​បំផុត និង​ពួក​កកកុញ​ទាំង​អស់​របស់​គេ គឺ​មាន​សាសន៍​ជា​ច្រើន​មក​ជា​មួយ​នឹង​ឯង​ផង។
៧ ចូរ​ឲ្យ​ឯង​បាន​រៀបចំ​ខ្លួន​ជា​ស្រេច​ចុះ អើ ចូរ​រៀបចំ​ឡើង គឺ​ទាំង​ឯង និង​បណ្តា​កងទ័ព​ទាំង​ប៉ុន្មាន​ដែល​បាន​មូល​មក​ឯ​ឯង​ហើយ​ឲ្យ​ឯង​ធ្វើ​ជា​មេទ័ព​ដល់​គេ​ចុះ ៨ ក្រោយ​យូរ​ថ្ងៃ​ទៅ នោះ​ឯង​នឹង​បាន​តាំង​ឡើង ឯ​ដល់​ជាន់​ក្រោយ​បង្អស់ នោះ​ឯង​នឹង​ចូល​មក​ក្នុង​ស្រុក ដែល​បាន​ប្រោស​ឲ្យ​រួច​ពី​ដាវ​មក​វិញ គឺ​ដែល​បាន​ប្រមូល​ចេញ​រួច​ពី​សាសន៍​ជា​ច្រើន មក​នៅ​លើ​អស់​ទាំង​ភ្នំ​នៃ​ស្រុក​អ៊ីស្រាអែល ជា​ស្រុក​ត្រូវ​ខូចបង់​នៅ​ជានិច្ច តែ​បាន​នាំ​ចេញ​ពី​គ្រប់​សាសន៍ នោះ​គេ​នឹង​អាស្រ័យ​នៅ​ដោយ​សុខសាន្ត​ទាំង​អស់​គ្នា ៩ ឯង​នឹង​ឡើង​មក គឺ​នឹង​មក​ដូច​ជា​ខ្យល់​ព្យុះ ហើយ​ឯង និង​ពួក​កកកុញ​ទាំង​ប៉ុន្មាន​របស់​ឯង ព្រម​ទាំង​សាសន៍​ជា​ច្រើន​ដែល​មក​ជា​មួយ នឹង​បាន​ដូច​ជា​ពពក​គ្រប​លើ​ស្រុក។
១០ ព្រះអម្ចាស់យេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា នៅ​ថ្ងៃ​នោះ នឹង​មាន​គំនិត​កើត​ឡើង​ក្នុង​ចិត្ត​ឯង ហើយ​ឯង​នឹង​បង្កើត​កិច្ចកល​អាក្រក់ ១១ ឯង​នឹង​ថា អញ​នឹង​ឡើង​ទៅ​ឯ​ស្រុក​ដែល​នៅ​ចំហ អញ​នឹង​ទៅ​ឯ​ពួក​មនុស្ស ដែល​នៅ​ដោយ​ឥត​កង្វល់ ហើយ​ដោយ​សុខសាន្ត ដែល​ទាំង​អស់​គ្នា​នៅ​ដោយ​ឥត​មាន​កំផែង ឬ​ទ្វារ ឬ​រនុក​ឡើយ ១២ ដើម្បី​នឹង​ចាប់​យក​របឹប និង​រំពា ហើយ​ត្រឡប់​ដៃ​ទៅ​ទាស់​នឹង​ទី​ខូចបង់ ដែល​មាន​មនុស្ស​អាស្រ័យ​នៅ​ឡើង​វិញ ហើយ​ទាស់​នឹង​បណ្តា​មនុស្ស ដែល​បាន​ប្រមូល​ចេញ​ពី​គ្រប់​ទាំង​សាសន៍ ជា​ពួក​អ្នក​ដែល​ចំរើន​បាន​ហ្វូង​សត្វ និង​ទ្រព្យសម្បត្តិ ក៏​នៅ​ចំ​កណ្តាល​ផែនដី ១៣ ឯ​ពួក​សេបា ពួក​ដេដាន់ ពួក​ជំនួញ​របស់​ស្រុក​តើស៊ីស ព្រម​ទាំង​សិង្ហ​ស្ទាវ ទាំង​ប៉ុន្មាន​របស់​ពួក​ទាំង​នោះ គេ​នឹង​សួរ​មក​ឯង​ថា តើ​លោក​មក​ចាប់​យក​របឹប​ឬ តើ​បាន​ប្រមូល​ពួក​ទាំង​ប៉ុន្មាន​របស់​លោក ដើម្បី​នឹង​ចាប់​យក​រំពា​ឬ តើ​ចង់​ដឹក​យក​ប្រាក់ និង​មាស ហើយ​នាំ​យក​ហ្វូង​សត្វ និង​ទ្រព្យសម្បត្តិ​ទៅ​ឬ គឺ​ចង់​ប្លន់​យក​របឹប​យ៉ាង​ច្រើន​ឬ​អី។
១៤ ដូច្នេះ កូន​មនុស្ស​អើយ ចូរ​ទាយ​ចុះ ហើយ​ប្រាប់​កុក​ថា ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ នៅ​ថ្ងៃ​នោះ កាល​ណា​អ៊ីស្រាអែល ជា​រាស្ត្រ​អញ បាន​នៅ​ដោយ​សុខសាន្ត នោះ​តើ​ឯង​មិន​បាន​ដឹង​ទេ​ឬ ១៥ ឯង​នឹង​ចេញ​ពី​កន្លែង​របស់​ឯង គឺ​ពី​ស្រុក​ខាង​ជើង​បំផុត​មក មាន​ទាំង​សាសន៍​ជា​ច្រើន​មក​ជា​មួយ​នឹង​ឯង​ផង ជា​ពួក​កង​យ៉ាង​សន្ធឹក ហើយ​ជា​ពលទ័ព​ខ្លាំង​ពូកែ ដែល​សុទ្ធ​តែ​ជិះ​សេះ​គ្រប់ៗ​គ្នា ១៦ ឯង​នឹង​ឡើង​មក​ទាស់​នឹង​អ៊ីស្រាអែល ជា​រាស្ត្រ​អញ ដូច​ជា​ពពក​ដែល​គ្រប​ស្រុក គឺ​នៅ​ជាន់​ក្រោយ​បង្អស់ អញ​នឹង​នាំ​ឯង​មក​ទាស់​នឹង​ស្រុក​អញ ដើម្បី​ឲ្យ​អស់​ទាំង​សាសន៍​បាន​ស្គាល់​អញ ឱ​កុក​អើយ គឺ​ក្នុង​កាល​ដែល​អញ​បាន​តាំង​ជា​បរិសុទ្ធ នៅ​ក្នុង​ឯង​ចំពោះ​ភ្នែក​គេ។
១៧ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា តើ​ឯង​ឬ​អី ដែល​អញ​បាន​និយាយ​កាល​ពី​ដើម ដោយសារ​ពួក​អ្នក​បំរើ​អញ គឺ​ជា​ពួក​ហោរា​នៃ​សាសន៍​អ៊ីស្រាអែល​នៅ​ជាន់​នោះ​ដែល​បាន​ទាយ ជា​យូរ​ឆ្នាំ​មក ដោយ​ថា អញ​នឹង​នាំ​ឯង​មក​ទាស់​នឹង​គេ​នោះ ១៨ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា នៅ​គ្រា​នោះ​កាល​ណា​កុក​បាន​មក​ទាស់​នឹង​ស្រុក​អ៊ីស្រាអែល នោះ​សេចក្តី​ក្រោធ​របស់​អញ​នឹង​ឆួល​ឡើង​នៅ​ច្រមុះ​អញ ១៩ ដ្បិត​គឺ​ដោយ​សេចក្តី​ប្រចណ្ឌ​របស់​អញ និង​ភ្លើង​នៃ​សេចក្តី​ក្រោធ​របស់​អញ ដែល​អញ​បាន​ថា ពិត​ប្រាកដ​ជា​នៅ​ថ្ងៃ​នោះ នឹង​មាន​ការ​កក្រើក​រំពើក​ជា​ខ្លាំង នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ២០ ដល់​ម៉្លេះ​បាន​ជា​ទាំង​ត្រី​សមុទ្រ និង​សត្វ​ហើរ​លើ​អាកាស សត្វ​ព្រៃ និង​សត្វ​លូន​វារ​នៅ​ដី ហើយ​គ្រប់​ទាំង​មនុស្ស​នៅ​ផែនដី​នឹង​ញាប់ញ័រ​នៅ​ចំពោះ​អញ ឯ​ភ្នំ​ទាំង​ប៉ុន្មាន​នឹង​រលំ​ចុះ ចំរែះ​ភ្នំ​នឹង​បាក់​ធ្លាក់​មក ហើយ​អស់​ទាំង​កំផែង​នឹង​ដួល​ដល់​ដី ២១ ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​នឹង​ហៅ​ដល់​អស់​ទាំង​ភ្នំ​របស់​អញ​ឲ្យ​មាន​ដាវ​មក​ទាស់​នឹង​វា នោះ​ដាវ​របស់​មនុស្ស​ទាំងឡាយ នឹង​បាន​ទាស់​នឹង​បង​ប្អូន​ខ្លួន ២២ អញ​នឹង​សំរេច​ទោស​ដល់​វា ដោយ​អាសន្នរោគ និង​ឈាម អញ​នឹង​បង្អុរ​ភ្លៀង​រំលា ព្រម​ទាំង​ព្រិល​យ៉ាង​ធំ និង​ភ្លើង ហើយ​ស្ពាន់ធ័រ​មក​លើ​វា និង​ពួក​កកកុញ​របស់​វា ហើយ​លើ​បណ្តា​សាសន៍​ជា​ច្រើន ដែល​មក​ជា​មួយ​ផង ២៣ អញ​នឹង​ដំកើង​ខ្លួន​អញ ហើយ​តាំង​ខ្លួន​អញ​ជា​បរិសុទ្ធ ព្រម​ទាំង​ធ្វើ​ឲ្យ​សាសន៍​ជា​ច្រើន ស្គាល់​អញ​ចំពោះ​ភ្នែក​ផង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះយេហូវ៉ា​ពិត។