និមិត្តហេតុស្តីអំពីព្រះវិហារ នៅអនាគតកាល
៤០
លោកអេសេគាលនិមិត្តឃើញក្រុងយេរូសាឡិម
១ នៅឆ្នាំ២៥ ដែលយើងរាល់គ្នានៅជាឈ្លើយ លុះដល់ថ្ងៃ១០ខែដើមឆ្នាំ គឺក្នុងឆ្នាំទី១៤ តាំងពីទីក្រុងត្រូវគេវាយមក នៅថ្ងៃនោះឯង ព្រះហស្តនៃព្រះយេហូវ៉ាបានសណ្ឋិតនៅលើខ្ញុំ ហើយទ្រង់នាំខ្ញុំទៅឯទីនោះ ២ ទ្រង់បាននាំខ្ញុំទៅក្នុងស្រុកអ៊ីស្រាអែល ដោយការជាក់ស្តែងរបស់ព្រះ ហើយបានដាក់ខ្ញុំចុះលើភ្នំ១យ៉ាងខ្ពស់ ដែលនៅភ្នំនោះ មានសណ្ឋានដូចជាទីក្រុង នៅប៉ែកខាងត្បូង ៣ ទ្រង់នាំខ្ញុំទៅឯទីនោះ ខ្ញុំក៏ឃើញមានមនុស្សម្នាក់មានភាពដូចជាលង្ហិន ដែលកាន់ខ្សែខ្លូតទេសនៅដៃ និងបបុសសំរាប់វាស់ផង លោកឈរនៅក្នុងទ្វារ ៤ មនុស្សនោះក៏និយាយមកខ្ញុំថា កូនមនុស្សអើយ ចូរពិនិត្យដោយភ្នែកហើយស្តាប់ដោយត្រចៀកចុះ រួចយកចិត្តទុកដាក់នឹងគ្រប់ទាំងអស់ ដែលអញបង្ហាញដល់ឯង ដ្បិតបាននាំឯងមកនៅទីនេះ ប្រយោជន៍ឲ្យអញបានបង្ហាញទាំងអស់នេះដល់ឯងហើយ ដូច្នេះ ចូរប្រាប់ទាំងអស់ដែលឯងឃើញ ដល់ពួកវង្សអ៊ីស្រាអែលផង។
៥ នោះក៏ឃើញមានកំផែង នៅព័ទ្ធជុំវិញ ខាងក្រៅនៃព្រះវិហារ ហើយនៅដៃមនុស្សនោះ មានបបុសសំរាប់វាស់ប្រវែង៦ហត្ថ ដែលក្នុង១ហត្ថនោះ ត្រូវជា១ហត្ថ១ទះ ដូច្នេះ លោកក៏វាស់កំរាស់កំផែងនោះត្រូវជា១ខ្នាតបបុស ហើយកំពស់ក៏១ខ្នាតនោះដែរ ៦ រួចលោកទៅដល់ទ្វារដែលបើកទៅទិសខាងកើត ក៏ឡើងជណ្តើរទ្វារនោះ ទៅវាស់ទទឹងមាត់ទ្វារបាន១ខ្នាត ហើយទទឹង១ទៀតក៏បាន១ខ្នាតដូចគ្នា ៧ គ្រប់ទាំងបន្ទប់ មានបណ្តោយ១ខ្នាត និងទទឹង១ខ្នាត ឯប្រឡោះកណ្តាលបន្ទប់ទាំងនោះ មាន៥ហត្ថ ហើយមាត់ទ្វារបាំងសាចនៃទ្វារខាងក្នុងក៏១ខ្នាតដែរ ៨ លោកក៏វាស់បាំងសាចទ្វារខាងក្នុង បាន១ខ្នាត ៩ រួចលោកវាស់បាំងសាចបាន៨ហត្ថ ហើយសសរបាំងសាចនោះបាន២ហត្ថ ឯបាំងសាចនៃទ្វារកំផែងនោះនៅខាងក្នុង ១០ បន្ទប់ទាំងប៉ុន្មានរបស់ទ្វារខាងកើត នោះមាន៣ខាងនេះ ហើយ៣ខាងនោះ គ្រប់ទាំង៣មានទំហំដូចគ្នា ហើយសសរខាងនេះ និងនៅខាងនោះ ក៏មានទំហំដូចគ្នាដែរ ១១ លោកក៏វាស់ទទឹងនៃផ្លូវចូលតាមទ្វារកំផែងបាន១០ហត្ថ ហើយបណ្តោយបាន១៣ហត្ថ ១២ ក៏មានរបង១ហត្ថ នៅពីមុខបន្ទប់នីមួយៗ ទាំងខាងនេះ និងខាងនោះផង បន្ទប់ទាំងនោះមានទំហំ៦ហត្ថ៤ជ្រុងស្មើ ១៣ លោកក៏វាស់ទ្វារពីដំបូលបន្ទប់១ ដល់ដំបូលបន្ទប់ម្ខាងបានទទឹង២៥ហត្ថ មានទ្វារទល់មុខនឹងទ្វារ ១៤ លោកក៏ធ្វើសសរបាន៦០ហត្ថ ហើយទីលានក៏ត្រឹមសសរទាំងនោះ នៅព័ទ្ធជុំវិញទ្វារកំផែង ១៥ ចាប់តាំងពីមុខទ្វារកំផែងត្រង់ផ្លូវចូល រហូតដល់មុខបាំងសាចខាងក្នុងនៃទ្វារនោះបាន៥០ហត្ថ ១៦ បន្ទប់ទាំងនោះមានបង្អួចបិទ ព្រមទាំងនៅសសរខាងក្នុងទ្វារកំផែងព័ទ្ធជុំវិញ ហើយនៅក្នុងខ្លោងទ្វារផង មានបង្អួចនៅព័ទ្ធជុំវិញខាងក្នុង ហើយនៅសសរនីមួយៗ មានឆ្លាក់ជាដើមលម៉ើ។
១៧ រួចលោកនាំខ្ញុំទៅឯទីលានខាងក្រៅ នោះឃើញមានបន្ទប់ ហើយកំរាលថ្មដែលធ្វើសំរាប់ទីលាននៅជុំវិញ គឺមានបន្ទប់៣០ នៅលើកំរាលថ្មនោះ ១៨ កំរាលថ្មនោះក៏នៅក្បែរទ្វារ ត្រូវនឹងប្រវែងទ្វារ នោះជាកំរាលថ្មជាន់ក្រោម ១៩ រួចលោកវាស់ទទឹងទីលានពីខាងក្រៅ ចាប់តាំងពីមុខទ្វារកំផែងខាងក្រោម រហូតដល់មុខទីលានខាងក្នុងបាន១០០ហត្ថ ទាំងខាងកើត និងខាងជើងផង។
២០ លោកក៏វាស់បណ្តោយ និងទទឹងនៃទ្វារកំផែងរបស់ទីលានខាងក្រៅ ដែលបើកទៅខាងជើង ២១ ហើយមានបន្ទប់៣ខាងនេះ និង៣ខាងនោះដែរ ឯសសរ និងខ្លោងទ្វារនោះ ក៏មានទំហំត្រូវគ្នានឹងទ្វារទី១ គឺបណ្តោយ៥០ហត្ថ ទទឹង២៥ហត្ថ ២២ អស់ទាំងបង្អួច និងខ្លោងទ្វារ ហើយក្បាច់ដើមលម៉ើ ក៏មានទំហំដូចជាទ្វារកំផែង ដែលបើកទៅទិសខាងកើត មានជណ្តើរ៧ថ្នាក់ឡើងទៅដល់ទ្វារនោះ រួចមានខ្លោងទ្វារពីមុខដែរ ២៣ ក៏មានទ្វារចូលទៅក្នុងទីលានខាងក្នុង ដែលប្រទល់មុខនឹងទ្វារនោះទាំងខាងជើង និងខាងកើតផង រួចលោកវាស់ពីទ្វារ១ទៅទ្វារ១ទៀតបាន១០០ហត្ថ។
២៤ លោកក៏នាំខ្ញុំទៅខាងត្បូង នោះឃើញមានទ្វារ១ ដែលបើកទៅទិសខាងត្បូងដែរ លោកវាស់សសរ និងខ្លោងទ្វារទាំងនោះ ក៏ត្រូវនឹងទំហំទាំងនោះ ២៥ ក៏មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ដូចជាបង្អួចពីមុន ទ្វារនោះបណ្តោយបាន៥០ហត្ថ ហើយទទឹង២៥ហត្ថ ២៦ ក៏មានជណ្តើរ៧ថ្នាក់ឡើងទៅដល់ទ្វារ និងខ្លោងទ្វារពីមុខនោះដែរ នៅសសរទាំងសងខាង មានក្បាច់ដើមលម៉ើ១ខាងនេះ ហើយ១ខាងនោះ ២៧ ក៏មានទ្វារ១បើកទៅក្នុងទីលានខាងក្នុង ដែលនៅទិសខាងត្បូង ហើយលោកវាស់ពីទ្វារកំផែង១ ទៅដល់ទ្វារកំផែង១ទៀត ខាងត្បូងនោះបាន១០០ហត្ថ។
២៨ រួចលោកនាំខ្ញុំទៅដល់ទីលានខាងក្នុង ក្បែរទ្វារកំផែងខាងត្បូង លោកវាស់ទ្វារខាងត្បូង ក៏ត្រូវនឹងទំហំទាំងនោះ ២៩ ឯបន្ទប់ទាំងប៉ុន្មាន និងសសរ ហើយខ្លោងទ្វារនោះមានទំហំដូចគ្នាដែរ មានបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏បណ្តោយ៥០ហត្ថ និងទទឹង២៥ហត្ថដូចគ្នា ៣០ ហើយមានខ្លោងទ្វារនៅជុំវិញបណ្តោយ២៥ហត្ថ និងទទឹង៥ហត្ថ ៣១ ខ្លោងទ្វារទាំងនោះក៏បែរទៅខាងទីលានខាងក្រៅ ហើយមានក្បាច់ដើមលម៉ើ នៅសសរទាំងប៉ុន្មាន ឯជណ្តើរឡើងទៅឯទ្វារនោះមាន៨ថ្នាក់វិញ។
៣២ បន្ទាប់មក លោកនាំខ្ញុំទៅឯទីលានខាងក្នុង ដែលនៅទិសខាងកើត លោកក៏វាស់ទ្វារនោះមានទំហំត្រូវគ្នាដែរ ៣៣ ឯបន្ទប់ទាំងប៉ុន្មាន និងសសរ ហើយខ្លោងទ្វារ ក៏ត្រូវតាមទំហំទាំងនោះទៀត មានទាំងបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏មានបណ្តោយ៥០ហត្ថទទឹង២៥ហត្ថ ៣៤ ឯខ្លោងទ្វារក៏បែរទៅឯទីលានខាងក្រៅមានក្បាច់ដើមលម៉ើ នៅសសរសងខាង ខាងឯជណ្តើរដែលឡើងទៅឯទ្វារនោះមាន៨ថ្នាក់ដែរ។
៣៥ រួចលោកនាំខ្ញុំទៅឯទ្វារទិសខាងជើង ក៏វាស់ទ្វារនោះ មានទំហំត្រូវគ្នាដែរ ៣៦ បន្ទប់ទាំងប៉ុន្មាន និងសសរហើយខ្លោងទ្វារផង ក៏មានបង្អួចនៅជុំវិញ ទ្វារនោះបណ្តោយ៥០ហត្ថ ទទឹង២៥ហត្ថដូចគ្នា ៣៧ សសរទាំងប៉ុន្មានក៏បែរទៅឯទីលានខាងក្រៅ ហើយមានក្បាច់ដើមលម៉ើទាំងសងខាង ឯជណ្តើរដែលឡើងទៅឯទ្វារនោះ ក៏មាន៨ថ្នាក់ដែរ។
៣៨ មានបន្ទប់១ដែលមានទ្វារក្បែរសសរ នៅត្រង់ទ្វារកំផែង គឺជាទីនោះដែលគេលាងដង្វាយដុត ៣៩ ហើយនៅបាំងសាចនៃទ្វារកំផែង មានតុ២នៅខាងនេះ ហើយ២ខាងនោះ សំរាប់នឹងសំឡាប់ដង្វាយដុត យញ្ញបូជាលោះបាប និងយញ្ញបូជា ដែលថ្វាយដោយព្រោះការរំលង ៤០ ឯខាងក្រៅ ដែលឡើងទៅឯផ្លូវចូលទ្វារកំផែងទិសខាងជើង នោះមានតុ២ម្ខាង ហើយ២ម្ខាងទៀតរបស់បាំងសាចនៃទ្វារកំផែងនោះ ៤១ មានតុ៤ខាងនេះ ហើយ៤ខាងនោះ ដែលនៅខាងៗនៃទ្វារកំផែង គឺទាំងអស់មានតុ៨ សំរាប់នឹងសំឡាប់យញ្ញបូជា ៤២ ក៏មានតុ៤ដាប់ពីថ្មប្រវែង១ហត្ថកន្លះ ទទឹង១ហត្ថកន្លះ ហើយកំពស់១ហត្ថសំរាប់ដង្វាយដុត ជាកន្លែងដែលដាក់គ្រឿងប្រដាប់សំរាប់សំឡាប់ដង្វាយដុត និងយញ្ញបូជានោះ ៤៣ ហើយមានទំពក់ប្រវែង១ទះភ្ជាប់នឹងជញ្ជាំងជុំវិញ ឯសាច់នៃដង្វាយក៏នៅលើតុទាំងនោះ។
៤៤ នៅខាងក្រៅនៃទ្វារខាងក្នុង នោះមានបន្ទប់សំរាប់ពួកចំរៀង នៅក្នុងទីលានខាងក្នុង ដែលនៅត្រង់ទ្វារទិសខាងជើង ឯបន្ទប់ទាំងនោះបើកទៅខាងត្បូង ហើយមាន១ទៀត នៅត្រង់ទ្វារខាងកើត ដែលបើកទៅទិសខាងជើង ៤៥ លោកក៏ប្រាប់ខ្ញុំថា បន្ទប់១នេះដែលបើកទៅខាងត្បូង នោះសំរាប់ពួកសង្ឃដែលរក្សាបញ្ញើនៃព្រះវិហារ ៤៦ ហើយបន្ទប់១ដែលបើកទៅខាងជើង នោះសំរាប់ពួកសង្ឃដែលរក្សាបញ្ញើនៃអាសនា ឯពួកទាំងនោះ គឺជាកូនចៅរបស់សាដុក ក្នុងពួកកូនចៅលេវី ដែលចូលទៅជិតព្រះយេហូវ៉ា ដើម្បីធ្វើការងារថ្វាយទ្រង់ ៤៧ លោកក៏វាស់ទីលានបានប្រវែង១០០ហត្ថ ទទឹង១០០ហត្ថ ៤ជ្រុងស្មើ ហើយអាសនាក៏នៅពីមុខព្រះវិហារ។
ទីសក្ការៈ
៤៨ រួចលោកនាំខ្ញុំទៅឯបាំងសាចនៃព្រះវិហារ លោកវាស់សសរបាំងសាចនោះបាន៥ហត្ថខាងនេះ និង៥ហត្ថខាងនោះ ហើយទទឹងទ្វារនោះបាន៥ហត្ថខាងនេះ និង៣ហត្ថខាងនោះ ៤៩ ប្រវែងរបស់បាំងសាចនោះ មាន២០ហត្ថ និងទទឹង១១ហត្ថ ហើយគេឡើងទៅឯបាំងសាចនោះ ដោយថ្នាក់ជណ្តើរ ក៏មានបង្គោលនៅក្បែរសសរទាំងនោះ ១ខាងនេះ ហើយ១ខាងនោះ។