៤៧
ទឹក​ស្ទឹង​ហូរ​ចេញ​ពី​ព្រះវិហារ
១ រួច​លោក​នាំ​ខ្ញុំ វិល​ទៅ​ឯ​ទ្វារ​នៃ​ព្រះវិហារ​វិញ នោះ​ឃើញ​មាន​ទឹក​ចេញ​ពី​ក្រោម​មាត់​ទ្វារ​នៃ​ព្រះវិហារ​ខាង​កើត ដ្បិត​មុខ​ព្រះវិហារ​បែរ​ទៅ​ទិស​ខាង​កើត ហើយ​ទឹក​នោះ​ហូរ​មក​ពី​ខាង​ក្រោម ពី​ខាង​ស្តាំ​នៃ​ព្រះវិហារ គឺ​ពី​ខាង​ត្បូង​អាសនា ២ រួច​លោក​នាំ​ខ្ញុំ​ចេញ​ទៅ​តាម​ផ្លូវ​នៃ​ទ្វារ​កំផែង​ខាង​ជើង ហើយ​នាំ​វាង​ទៅ​តាម​ផ្លូវ​ខាង​ក្រៅ រហូត​ដល់​ទ្វារ​កំផែង​ខាង​ក្រៅ​ដែល​បើក​ទៅ​ខាង​កើត នោះ​ឃើញ​មាន​ទឹក​ហូរ​ចេញ​មក​ខាង​ស្តាំ ៣ លុះ​បាន​ចេញ​ទៅ​ខាង​កើត មនុស្ស​នោះ​ក៏​វាស់​១​ពាន់​ហត្ថ ដោយ​ខ្សែ​ដែល​កាន់​នៅ​ដៃ នោះ​លោក​ឲ្យ​ខ្ញុំ​លុយ​កាត់​ទឹក ឯ​ទឹក​នោះ​បាន​ត្រឹម​ភ្នែក​គោ ៤ លោក​ក៏​វាស់​១​ពាន់​ហត្ថ​ទៀត រួច​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ទឹក​ត្រង់​នោះ​បាន​ត្រឹម​ក្បាល​ជង្គង់ រួច​លោក​វាស់​១​ពាន់​ហត្ថ​ទៀត ក៏​ឲ្យ​ខ្ញុំ​លុយ​កាត់​ទៅ ត្រង់​នោះ​ទឹក​បាន​ដល់​ត្រឹម​ចង្កេះ ៥ ក្រោយ​នោះ​លោក​វាស់​១​ពាន់​ហត្ថ​ទៀត នោះ​មាន​ទន្លេ​ដែល​ខ្ញុំ​លុយ​កាត់​មិន​បាន ដ្បិត​ទឹក​បាន​ខ្ពស់​ឡើង ជា​ទឹក​ដែល​ល្មម​ហែល​បាន គឺ​ជា​ទន្លេ​ដែល​លុយ​ពុំ​បាន​ទេ។
៦ នោះ​លោក​សួរ​មក​ខ្ញុំ​ថា កូន​មនុស្ស​អើយ តើ​បាន​ឃើញ​ហើយ​ឬ រួច​លោក​នាំ​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅ​ឯ​មាត់​ទន្លេ​នោះ​វិញ ៧ កាល​ខ្ញុំ​បាន​ត្រឡប់​ទៅ​ដល់​ហើយ នោះ​ឃើញ​តាម​មាត់​ទន្លេ មាន​ដើម​ឈើ​ជា​ច្រើន​ទាំង​ខាង​នេះ និង​ខាង​នោះ​ផង ៨ លោក​ក៏​ប្រាប់​ខ្ញុំ​ថា ទឹក​នេះ​ហូរ​ចេញ​ទៅ​ទិស​ខាង​កើត​ធ្លាក់​ចុះ​ទៅ​ដល់​ស្រុក​វាល រួច​នឹង​ហូរ​ធ្លាក់​ទៅ​ឯ​សមុទ្រ លុះ​ហូរ​ធ្លាក់​ទៅ​ក្នុង​សមុទ្រ​ហើយ នោះ​ទឹក​សមុទ្រ​នឹង​ទៅ​ជា​ល្អ​វិញ ៩ ហើយ​គ្រប់​ទាំង​សត្វ​មាន​ជីវិត ដែល​រវើក​នៅ​គ្រប់​កន្លែង​ណា​ដែល​ទន្លេ​នោះ​ហូរ នឹង​បាន​រស់​នៅ ក៏​នឹង​មាន​ត្រី​យ៉ាង​សន្ធឹក ដោយ​ព្រោះ​ទឹក​ទាំង​នេះ​បាន​ហូរ​ទៅ​ដល់​ទី​នោះ ហើយ​ទឹក​សមុទ្រ​នោះ​នឹង​បាន​ល្អ​ឯ​កន្លែង​ណា​ដែល​ទឹក​ទន្លេ​នេះ​ហូរ​ទៅ​ដល់ នោះ​គ្រប់​ទាំង​អស់​នឹង​រស់​នៅ ១០ ពួក​នេសាទ​ត្រី​នឹង​ឈរ​នៅ​មាត់​ទឹក​នោះ ចាប់​តាំង​ពី​អេន-កេឌី រហូត​ដល់​អេន-អេកលែម ទី​នោះ​នឹង​បាន​ជា​ទី​សំរាប់​បង់​សំណាញ់ ឯ​ត្រី​នៅ​ក្នុង​ទឹក​នោះ នឹង​មាន​យ៉ាង​សន្ធឹក​គ្រប់​បែប​តាម​ពូជ ដូច​ជា​ត្រី​នៅ​ក្នុង​សមុទ្រ​ធំ​ដែរ ១១ តែ​ទី​ល្បាប់ និង​បឹង​នៅ​ទី​នោះ នឹង​មិន​បាន​សាប​ល្អ​វិញ​ទេ កន្លែង​ទាំង​នោះ​នឹង​បាន​ទុក​សំរាប់​ធ្វើ​អំបិល​វិញ ១២ ឯ​តាម​មាត់​ច្រាំង​ទាំង​សង​ខាង​ទន្លេ​នោះ នឹង​មាន​ដុះ​ដើម​ឈើ​គ្រប់​យ៉ាង សំរាប់​ជា​អាហារ ជា​ដើម​ដែល​ស្លឹក​មិន​ស្រពោន​ឡើយ ហើយ​មិន​ដែល​ខាន​មាន​ផ្លែ​ដែរ គឺ​នឹង​កើត​ផ្លែ​ថ្មី​រាល់​តែ​ខែ ពី​ព្រោះ​ទឹក​នោះ​ចេញ​ពី​ទី​បរិសុទ្ធ​មក ហើយ​ផ្លែ​ឈើ​ទាំង​នោះ នឹង​បាន​សំរាប់​ជា​អាហារ ឯ​ស្លឹក​ក៏​សំរាប់​នឹង​កែ​រោគ​ឲ្យ​ជា​ដែរ។
ការ​បែង​ចែក​ទឹក​ដី​ស្រុក​អ៊ីស្រាអែល
១៣ ព្រះអម្ចាស់យេហូវ៉ា ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា នេះ​ជា​ព្រំ​ស្រុក ដែល​ឯង​រាល់​គ្នា​នឹង​ចែក​ទុក​ជា​មរដក តាម​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​១២ ឯ​ពួក​យ៉ូសែប នឹង​ត្រូវ​បាន​២​ចំណែក ១៤ ឯង​រាល់​គ្នា​នឹង​បាន​ស្រុក​ទុក​ជា​មរដក​ស្មើ​គ្នា​ទាំង​អស់ ដ្បិត​អញ​បាន​ស្បថ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពួក​ឰយុកោ​ឯង​រាល់​គ្នា​ហើយ ដូច្នេះ ស្រុក​នេះ​នឹង​បាន​បន្ត​ដល់​ឯង​រាល់​គ្នា ទុក​ជា​មរដក​ដែរ ១៥ នេះ​ជា​ព្រំ​ស្រុក គឺ​ខាង​ជើង​នោះ ចាប់​ផ្តើម​ពី​សមុទ្រ​ធំ តាម​ផ្លូវ​ក្រុង​ហេតឡូន​រហូត​ដល់​ផ្លូវ​ចូល​ក្រុង​សេដាត់ ១៦ ក្រុង​ហាម៉ាត ក្រុង​បេរ៉ូថា ក្រុង​ស៊ីបរ៉ែម ដែល​នៅ​កណ្តាល​ដែន​ស្រុក​ដាម៉ាស និង​ស្រុក​ហាម៉ាត ហើយ​ហាសា-ហាទីកុន ដែល​នៅ​ក្បែរ​ព្រំ​ស្រុក​ហាវរ៉ុន ១៧ ដូច្នេះ ព្រំ​ស្រុក​នឹង​ចាប់​តាំង​ពី​សមុទ្រ​គឺ​ហាសា-អេណាន រហូត​ដល់​ស្រុក​ដាម៉ាស ឯ​ខាង​ជើង​នោះ​ជា​ព្រំ​ស្រុក​ហាម៉ាត នេះ​ហើយ​ជា​ព្រំដែន​ខាង​ជើង ១៨ ឯ​ខាង​កើត នោះ​ត្រូវ​ឲ្យ​វាស់​តាម​ទន្លេ​យ័រដាន់ នៅ​ជា​កណ្តាល​ស្រុក​ហាវរ៉ុន ស្រុក​ដាម៉ាស និង​ស្រុក​កាឡាត​ម្ខាង និង​ស្រុក​អ៊ីស្រាអែល​ម្ខាង ចាប់​តាំង​ពី​ព្រំ​ខាង​ជើង រហូត​ដល់​សមុទ្រ​នេះ ហើយ​ជា​ព្រំដែន​ខាង​កើត ១៩ ឯ​ខាង​ត្បូង​នោះ​ចាប់​តាំង​ពី​ក្រុង​តាម៉ារ រហូត​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​ទឹក​ទៅ​ដល់​សមុទ្រ​ធំ​នេះ​ជា​ព្រំដែន​ខាង​ត្បូង ២០ ហើយ​ខាង​លិច នោះ​គឺ​ជា​សមុទ្រ​ធំ ចាប់​តាំង​ពី​ព្រំដែន​ខាង​ត្បូង​ទៅ ត្រឹម​ទល់​ដែន​នឹង​ទ្វារ​ស្រុក​ហាម៉ាត នេះ​ជា​ព្រំ​ខាង​លិច។
២១ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចែក​ស្រុក​នេះ ដល់​គ្នា​តាម​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​នៃ​សាសន៍​អ៊ីស្រាអែល ២២ ត្រូវ​ឲ្យ​ចែក​គ្នា​ដោយ​ចាប់​ឆ្នោត ទុក​ជា​មរដក​សំរាប់​ឯង​រាល់​គ្នា ហើយ​សំរាប់​ពួក​សាសន៍​ដទៃ ដែល​អាស្រ័យ​នៅ​កណ្តាល​ឯង​រាល់​គ្នា ជា​ពួក​អ្នក​ដែល​នឹង​បង្កើត​កូន នៅ​កណ្តាល​ឯង​ដែរ អ្នក​ទាំង​នោះ​នឹង​បាន​ដូច​អ្នក​ដែល​កើត​នៅ​ក្នុង​ស្រុក​អ៊ីស្រាអែល ដល់​ឯង​រាល់​គ្នា គេ​នឹង​បាន​មរដក​នៅ​ក្នុង​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​នៃ​អ៊ីស្រាអែល ជា​មួយ​នឹង​ឯង​រាល់​គ្នា​ដែរ ២៣ ឯ​សាសន៍​ដទៃ​ទាំង​នោះ​អាស្រ័យ​នៅ​ក្នុង​ពូជ​អំបូរ​ណា នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ចែក ឲ្យ​មាន​មរដក​នៅ​ទី​នោះ​ឯង នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់យេហូវ៉ា។