១០
រាស្ត្រ​អ៊ីស្រាអែល​លែង​ប្រពន្ធ​ដែល​ជា​សាសន៍​ដទៃ
១ កាល​អែសរ៉ា​កំពុង​តែ​អធិស្ឋាន ហើយ​លន់តួ​ដោយ​យំ ហើយ​ផ្តួល​ខ្លួន​ក្រាប​ចុះ នៅ​មុខ​ព្រះវិហារ​នៃ​ព្រះ​ដូច្នោះ នោះ​មាន​ពួក​អ៊ីស្រាអែល​យ៉ាង​សន្ធឹក ទាំង​ប្រុស​ទាំង​ស្រី និង​ក្មេងៗ​ប្រជុំ​គ្នា​មក​ឯ​លោក ពី​ព្រោះ​ពួក​បណ្តាជន​ក៏​យំ​ជា​ខ្លាំង​ដែរ ២ នោះ​សេកានា កូន​យេហ៊ីអែល ជា​កូន​ចៅ​អេឡាំ គាត់​និយាយ​ទៅ​អែសរ៉ា​ថា យើង​រាល់​គ្នា​បាន​រំលង​ទាស់​នឹង​ព្រះ​នៃ​យើង​ខ្ញុំ​ហើយ ដោយ​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ ជា​ពួក​ស្រី​នៅ​ស្រុក​នេះ ប៉ុន្តែ នៅ​មាន​ទី​សង្ឃឹម​ដល់​ពួក​អ៊ីស្រាអែល ពី​ដំណើរ​នេះ​ដែរ ៣ ដូច្នេះ សូម​ឲ្យ​យើង​រាល់​គ្នា​ចុះ​សញ្ញា​នឹង​ព្រះ​នៃ​យើង​ឥឡូវ ឲ្យ​លែង​អស់​ទាំង​ប្រពន្ធ និង​កូន​ទាំង​ប៉ុន្មាន​ដែល​កើត​ពី​នាង​ទាំង​នោះ តាម​ឱវាទ​នៃ​លោក​ម្ចាស់​ខ្ញុំ និង​ពួក​អ្នក​ដែល​ញាប់ញ័រ​ចំពោះ​ក្រឹត្យក្រម​របស់​ព្រះ​នៃ​យើង​ខ្ញុំ សូម​ឲ្យ​ការ​នោះ​បាន​សំរេច​តាម​ក្រឹត្យវិន័យ ៤ សូម​លោក​ក្រោក​ឡើង ពី​ព្រោះ​ការ​នេះ​ស្រេច​នៅ​លោក ហើយ​យើង​ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​លោក​ដែរ សូម​ឲ្យ​មាន​ចិត្ត​ក្លាហាន​ឡើង ហើយ​សំរេច​ការ​ទៅ។
៥ ដូច្នេះ អែសរ៉ា​ក៏​ក្រោក​ឡើង ឲ្យ​អស់​ទាំង​មេ​ពួក​សង្ឃ ពួក​លេវី និង​ពួក​អ៊ីស្រាអែល​ទាំង​អស់ ស្បថ​នឹង​ធ្វើ​តាម​ពាក្យ​នោះ គេ​ក៏​ស្បថ ៦ រួច​អែសរ៉ា​ក្រោក​ឡើង​នៅ​មុខ​ព្រះវិហារ​នៃ​ព្រះ ចូល​ទៅ​ក្នុង​បន្ទប់​របស់​យ៉ូហាណាន​ជា​កូន​របស់​អេលីយ៉ាស៊ីប​ទៅ តែ​កាល​លោក​បាន​ចូល​ទៅ​ហើយ លោក​មិន​បាន​បរិភោគ​អាហារ​អ្វី​ឡើយ ដ្បិត​លោក​មាន​សេចក្តី​សៅសោក ដោយ​ព្រោះ​អំពើ​រំលង​របស់​ពួក​អ្នក​ដែល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ ៧ ដូច្នេះ គេ​ក៏​ប្រកាស​ប្រាប់​ទួទៅ​គ្រប់​ក្នុង​ស្រុក​យូដា និង​ក្រុង​យេរូសាឡិម ដល់​ពួក​អ្នក​ទាំង​ប៉ុន្មាន ដែល​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ ឲ្យ​គេ​មូល​មក​ឯ​ក្រុង​យេរូសាឡិម​គ្រប់​គ្នា ៨ ហើយ បើ​អ្នក​ណា​មិន​មក​ក្នុង​កំណត់​៣​ថ្ងៃ តាម​បង្គាប់​របស់​ពួក​អ្នក​ជា​ប្រធាន និង​ពួក​ចាស់ទុំ នោះ​នឹង​ត្រូវ​រឹប​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​នោះ​អស់​រលីង​ទៅ ហើយ​ខ្លួន​អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ពួក​ជំនុំ​របស់​ពួក​អ្នក ដែល​រួច​ពី​សណ្ឋាន​ជា​ឈ្លើយ​ផង។
៩ ដូច្នេះ ពួក​យូដា និង​បេនយ៉ាមីន ក៏​មូល​គ្នា​មក​ឯ​ក្រុង​យេរូសាឡិម​ទាំង​អស់ ក្នុង​កំណត់​៣​ថ្ងៃ​នោះ គឺ​ត្រូវ​ជា​ថ្ងៃ​២០​ខែ​មិគសិរ ឯ​មនុស្ស​ទាំង​នោះ​គេ​អង្គុយ​ត្រង់​ទីធ្លា នៅ​មុខ​ព្រះវិហារ​នៃ​ព្រះ ទាំង​ញ័រ​ដោយ​ព្រោះ​ដំណើរ​នោះ ហើយ​ដោយ​ព្រោះ​ភ្លៀង​ធំ​ផង ១០ នោះ​អែសរ៉ា​ដ៏​ជា​សង្ឃ លោក​ឈរ​ឡើង​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​រំលង ដោយ​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ ជា​ការ​ដែល​ចំរើន​ទោស​ដល់​សាសន៍​អ៊ីស្រាអែល ១១ ដូច្នេះ ចូរ​លន់តួ​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា ឥឡូវ​ទៅ ហើយ​ប្រព្រឹត្ត​តាម​ដែល​ទ្រង់​សព្វ​ព្រះហឫទ័យ​ចុះ ត្រូវ​ឲ្យ​ញែក​ខ្លួន​ពី​ពួក​អ្នក​នៅ​ស្រុក​នេះ ហើយ​ពី​ស្រី​សាសន៍​ដទៃ​ចេញ ១២ ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ឆ្លើយ​តប​ឡើង ដោយ​សំឡេង​យ៉ាង​ខ្លាំង​ថា យើង​ខ្ញុំ​ត្រូវ​តែ​ធ្វើ​តាម ដូច​ជា​លោក​មាន​ប្រសាសន៍​ហើយ ១៣ ប៉ុន្តែ បណ្តាជន​នេះ​មាន​គ្នា​ច្រើន​ណាស់ ហើយ​នេះ​ជា​រដូវ​ភ្លៀង​ច្រើន​ផង យើង​ខ្ញុំ​ឈរ​នៅ​ខាង​ក្រៅ​ពុំ​បាន​ទេ ហើយ​នេះ​ក៏​មិន​មែន​ជា​ការ​ដែល​សំរេច​បាន​ក្នុង​១​ថ្ងៃ ឬ​២​ថ្ងៃ​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​រំលង​យ៉ាង​សន្ធឹក ក្នុង​ដំណើរ​នេះ​ហើយ ១៤ ដូច្នេះ សូម​ឲ្យ​ពួក​អ្នក​ជា​ប្រធាន​ក្នុង​ពួក​យើង​ខ្ញុំ​បាន​ឈរ​ដំណាង​ពួក​ជំនុំ​ទាំង​អស់ រួច​ឲ្យ​អស់​អ្នក​នៅ​ទី​ក្រុង​យើង​ខ្ញុំ​ទាំង​ប៉ុន្មាន ដែល​បាន​យក​ប្រពន្ធ ជា​ស្រី​សាសន៍​ដទៃ មក​តាម​វេលា​កំណត់ ហើយ​ឲ្យ​មាន​ពួក​ចាស់ទុំ​ក្នុង​ទី​ក្រុង​និមួយៗ និង​ពួក​ចៅក្រម​មក​ជា​មួយ​ផង ដរាប​ដល់​សេចក្តី​ក្រេវក្រោធ​ដ៏​សហ័ស​របស់​ព្រះ​នៃ​យើង​ខ្ញុំ បាន​បែរ​ចេញ​ពី​យើង​ខ្ញុំ​ក្នុង​ដំណើរ​នេះ​ទៅ ១៥ មាន​តែ​យ៉ូណាថាន ជា​កូន​អេសាអែល ហើយ​នឹង​យ៉ាហាសយ៉ា ជា​កូន​ធីកវ៉ា ដែល​តាំង​ខ្លួន​ទាស់​នឹង​ដំណើរ​នោះ ហើយ​មាន​មស៊ូឡាម និង​សាបថាយ ជា​ពួក​លេវី​បាន​ជួយ​ខាង​២​នាក់​នោះ​ដែរ។
១៦ ពួក​អ្នក​ដែល​មក​ពី​សណ្ឋាន​ជា​ឈ្លើយ ក៏​ធ្វើ​ដូច្នោះ គេ​រើស​អែសរ៉ា​ដ៏​ជា​សង្ឃ និង​ពួក​អ្នក​ជា​កំពូល​លើ​វង្ស​របស់​ឪពុក ហើយ​តាម​គ្រួ​ឪពុក​គេ តាម​ឈ្មោះ​រៀង​ខ្លួន ហើយ​អ្នក​ទាំង​នោះ​ក៏​ប្រជុំ​គ្នា​ពិភាក្សា​រឿង​នោះ នៅ​ថ្ងៃ​១​ខែ​បុស្ស ១៧ លុះ​ដល់​ថ្ងៃ​១​ខែ​ចេត្រ នោះ​ក៏​បាន​សំរេច​ដល់​ពួក​អ្នក​ទាំង​អស់ ដែល​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ​នោះ។
បញ្ជី​ឈ្មោះ​កូន​ចៅ​យូដា​ដែល​បាន​រៀបការ​ជា​មួយ​ស្ត្រី​សាសន៍​ដទៃ
១៨ រីឯ​ក្នុង​បណ្តា​កូន​ចៅ​ពួក​សង្ឃ នោះ​ឃើញ​មាន​ខ្លះ​បាន​យក​ប្រពន្ធ​ជា​ស្រី​សាសន៍​ដទៃ​ដែរ គឺ​ក្នុង​ពួក​កូន​ចៅ​យេសួរ ជា​កូន​យ៉ូសាដាក និង​បង​ប្អូន​លោក មាន​ម្អាសេយ៉ា អេលាស៊ើរ យ៉ារីប និង​កេដាលា ១៩ អ្នក​ទាំង​នោះ​ក៏​សន្យា​យ៉ាង​មុតមាំ​នឹង​លែង​ប្រពន្ធ​ចេញ ហើយ​ដោយ​ព្រោះ​មាន​ទោស បាន​ជា​គេ​ថ្វាយ​ចៀម​ឈ្មោល​១​សំរាប់​លោះ​ទោស​ខ្លួន ២០ ក្នុង​ពួក​កូន​ចៅ​អ៊ីមមើរ នោះ​មាន​ហាណានី និង​សេបាឌា ២១ ក្នុង​ពួក​កូន​ចៅ​ហារីម មាន​ម្អាសេយ៉ា អេលីយ៉ា សេម៉ាយ៉ា យេហ៊ីអែល និង​អ៊ូស៊ីយ៉ា ២២ ក្នុង​ពួក​កូន​ចៅ​របស់​ប៉ាសហ៊ើរ នោះ​មាន​អេលីយ៉ូន៉ាយ ម្អាសេយ៉ា អ៊ីសម៉ាអែល នេថានេល យ៉ូសាបាឌ និង​អេលាសា។
២៣ ខាង​ពួក​លេវី នោះ​មាន​យ៉ូសាបាឌ និង​ស៊ីម៉ាយ កេឡាយ៉ា (អ្នក​នោះ​គឺ​ជា​កេលីថា) ពេថាហ៊ីយ៉ា យូដា ហើយ​អេលាស៊ើរ។
២៤ ខាង​ពួក​ចំរៀង មាន​អេលីយ៉ាស៊ីប ហើយ​ខាង​ពួក​ឆ្មាំ​ទ្វារ មាន​សាលូម ថេលែម និង​អ៊ូរី។
២៥ ខាង​ពួក​អ៊ីស្រាអែល គឺ​ក្នុង​ពួក​កូន​ចៅ​ប៉ារ៉ូស នោះ​មាន​រ៉ាម៉ា យីសយ៉ា ម៉ាលគា មីយ៉ាមីន អេលាសារ ម៉ាលគា និង​បេណាយ៉ា ២៦ ក្នុង​ពួក​កូន​ចៅ​អេឡាំ មាន​ម៉ាថានា សាការី យេហ៊ីអែល អាប់ឌី យេរេម៉ូត និង​អេលីយ៉ា ២៧ ក្នុង​ពួក​កូន​ចៅ​សាធូរ មាន​អេលីយ៉ូន៉ាយ អេលីយ៉ាស៊ីប ម៉ាថានា យេរេម៉ូត សាបាឌ និង​អ័ស៊ីសា ២៨ ក្នុង​ពួក​កូន​ចៅ​បេបាយ មាន​យ៉ូហាណាន ហាណានា សាប់បាយ និង​អ័តឡាយ ២៩ ក្នុង​ពួក​កូន​ចៅ​បានី នោះ​មាន​មស៊ូឡាម ម៉ាលូក អ័ដាយ៉ា យ៉ាសុប ស្អាល និង​រ៉ាម៉ូត ៣០ ក្នុង​ពួក​កូន​ចៅ​ផាហាត-ម៉ូអាប់ នោះ​មាន​អ័ឌណា កេឡាល បេណាយ៉ា ម្អាសេយ៉ា ម៉ាថានា បេតសាលាល ប៊ីនុយ និង​ម៉ាន៉ាសេ ៣១ ក្នុង​ពួក​កូន​ចៅ​ហារីម នោះ​មាន​អេលាស៊ើរ យីសយ៉ា ម៉ាលគា សេម៉ាយ៉ា ស៊ីម្មាន ៣២ បេនយ៉ាមីន ម៉ាលូក និង​សេម៉ារីយ៉ា ៣៣ ក្នុង​ពួក​កូន​ចៅ​ហាស៊ូម នោះ​មាន​ម៉ាថ្នាយ ម៉ាត់ថាត់ថា សាបាឌ អេលីផាលេត យេរេម៉ាយ ម៉ាន៉ាសេ និង​ស៊ីម៉ាយ ៣៤ ក្នុង​ពួក​កូន​ចៅ​បានី នោះ​មាន​ម្អាដាយ អាំរ៉ាម អ៊ូអែល ៣៥ បេណាយ៉ា បេឌីយ៉ា កេលូហ៊ូវ ៣៦ វ៉ានីយ៉ា ម្រេម៉ូត អេលីយ៉ាស៊ីប ៣៧ ម៉ាថានា ម៉ាថ្នាយ យ្អាសាយ ៣៨ បានី ប៊ីនុយ ស៊ីម៉ាយ ៣៩ សេលេមា ណាថាន់ អ័ដាយ៉ា ៤០ ម៉ាកណាឌបាយ សាសាយ សារ៉ាយ ៤១ អ័សារាល សេលេមា សេម៉ារីយ៉ា ៤២ សាលូម អ័ម៉ារា និង​យ៉ូសែប ៤៣ ក្នុង​ពួក​កូន​ចៅ​នេបូរ នោះ​មាន​យីអែល ម៉ាធិធា សាបាឌ សេប៊ីណា យ៉ាដាយ យ៉ូអែល និង​បេណាយ៉ា ៤៤ ឯ​មនុស្ស​ទាំង​នោះ គេ​បាន​យក​ប្រពន្ធ ជា​ស្រី​សាសន៍​ដទៃ ប្រពន្ធ​គេ​ខ្លះ​ក៏​បាន​បង្កើត​កូន​ហើយ។:៚