ការ​ជួយ​ធុរៈ​គ្នា​ទៅ​វិញ​ទៅ​មក
១ ឱ​បង​ប្អូន​អើយ បើ​បាន​ទាន់​ឃើញ​មនុស្ស​ណា​ធ្វើ​ខុស​អ្វី នោះ​អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះវិញ្ញាណ ចូរ​ដំរង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព ព្រម​ទាំង​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ត្រូវ​សេចក្តី​ល្បួង​ដែរ ២ ចូរ​យក​អាសា​គ្នា​ទៅ​វិញ​ទៅ​មក យ៉ាង​នោះ ទើប​បាន​សំរេច​តាម​ក្រឹត្យវិន័យ​នៃ​ព្រះគ្រីស្ទ ៣ ដ្បិត​បើ​អ្នក​ណា​គិត​ស្មាន​ថា​ខ្លួន​ជា​អ្វីៗ តែ​មិន​ជា​អ្វី​សោះ អ្នក​នោះ​ឈ្មោះ​ថា​បញ្ឆោត​ខ្លួន​ឯង​ហើយ ៤ ចូរ​ឲ្យ​គ្រប់​គ្នា​ល្បង​ល​ការ ដែល​ធ្វើ​រៀងៗ ខ្លួន នោះ​នឹង​មាន​សេចក្តី​អំនួត​ចំពោះ​តែ​ខ្លួន​ឯង មិន​មែន​ចំពោះ​អ្នក​ណា​ទៀត​ទេ ៥ ដ្បិត​គ្រប់​គ្នា​ត្រូវ​ទទួល​បន្ទុក​ជា​របស់​ផង​ខ្លួន។
៦ អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះបន្ទូល នោះ​ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង ៧ កុំ​ឲ្យ​ច្រឡំ​ឡើយ និង​បញ្ឆោត​ព្រះ​មិន​បាន​ទេ ដ្បិត​ពូជ​ណា​ដែល​មនុស្ស​ព្រោះ​ចុះ នោះ​នឹង​ច្រូត​បាន​ពូជ​នោះ​ឯង​វិញ ៨ អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​សាច់​ឈាម​របស់​ខ្លួន នឹង​ច្រូត​បាន​សេចក្តី​ពុករលួយ​ពី​សាច់​ឈាម​នោះ​ឯង តែ​អ្នក​ណា​ដែល​ព្រោះ​ខាង​ឯ​ព្រះវិញ្ញាណ នោះ​នឹង​ច្រូត​បាន​ជីវិត​អស់​កល្ប​ជានិច្ច ពី​ព្រះវិញ្ញាណ​វិញ ៩ កុំ​ឲ្យ​យើង​ណាយ​ចិត្ត​នឹង​ធ្វើ​ការ​ល្អ​ឡើយ ដ្បិត​បើ​មិន​រសាយ​ចិត្ត​ទេ នោះ​ដល់​កំណត់ យើង​នឹង​ច្រូត​បាន​ហើយ ១០ ដូច្នេះ កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម។
ពាក្យ​រំលឹក​ដាស់តឿន​ចុង​បញ្ចប់
១១ សូម​មើល​អក្សរ​ធំ​ទាំង​ម៉្លេះ​នេះ ដែល​ខ្ញុំ​សរសេរ​ដោយ​ដៃ​ខ្ញុំ ផ្ញើ​មក​អ្នក​រាល់​គ្នា ១២ អស់​អ្នក​ណា​ដែល​ចង់​បាន​ឫកពា​ល្អ​ខាង​សាច់​ឈាម នោះ​គេ​បង្ខំ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​កាត់​ស្បែក ដើម្បី​ឲ្យ​តែ​ខ្លួន​គេ​បាន​រួច​ពី​សេចក្តី​បៀត​បៀន ដោយ​ព្រោះ​ឈើ​ឆ្កាង​នៃ​ព្រះគ្រីស្ទ ១៣ ដ្បិត​ពួក​អ្នក​ដែល​ទទួល​ពិធី​កាត់​ស្បែក​នោះ គេ​មិន​ទាំង​កាន់​តាម​ក្រឹត្យវិន័យ​ផង តែ​គេ​ចង់​ឲ្យ​អ្នក​រាល់​គ្នា​កាត់​ស្បែក​វិញ ដើម្បី​ឲ្យ​គេ​បាន​អួត​ខ្លួន ខាង​ឯ​សាច់​ឈាម​របស់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ ១៤ ឯ​ខ្ញុំ កុំ​បី​ឲ្យ​ខ្ញុំ​អួត​ខ្លួន​ឡើយ អួត​បាន​តែ​ពី​ឈើ​ឆ្កាង​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា​ប៉ុណ្ណោះ ដែល​ដោយសារ​ទ្រង់ នោះ​លោកីយ៍​បាន​ត្រូវ​ជាប់​ឆ្កាង​ខាង​ឯ​ខ្ញុំ ហើយ​ខ្ញុំ​ខាង​ឯ​លោកីយ៍​ដែរ ១៥ ដ្បិត​ក្នុង​ព្រះគ្រីស្ទយេស៊ូវ ដែល​កាត់​ស្បែក ឬ​មិន​កាត់ នោះ​មិន​ជា​ប្រយោជន៍​អ្វី​ទេ ដែល​ហៅ​ថា​មាន​ប្រយោជន៍ នោះ​មាន​តែ​កើត​ជា​ថ្មី​វិញ​ប៉ុណ្ណោះ ១៦ សូម​ឲ្យ​អស់​អ្នក​ដែល​ដើរ​តាម​មាត្រា​នេះ បាន​ប្រកប​ដោយ​សេចក្តី​សុខ​សាន្ត និង​សេចក្តី​មេត្តាករុណា​ចុះ ព្រម​ទាំង​សាសន៍​អ៊ីស្រាអែល​នៃ​ព្រះ​ផង។
១៧ អំពី​នេះ​ទៅ​មុខ កុំ​ឲ្យ​អ្នក​ណា​រំខាន​ចិត្ត​ខ្ញុំ​ទៀត​ឡើយ ដ្បិត​ខ្ញុំ​ជាប់​មាន​ស្នាម​ត្រា របស់​ព្រះអម្ចាស់យេស៊ូវ នៅ​ខ្លួន​ខ្ញុំ​ហើយ ១៨ បង​ប្អូន​អើយ សូម​ឲ្យ​ព្រលឹង​វិញ្ញាណ​របស់​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់​គ្នា។ អាម៉ែន។:៚