៩
ព្រះជាម្ចាស់ចងសម្ពន្ធមេត្រីជាមួយណូអេ
១ ព្រះទ្រង់ក៏ប្រទានពរដល់ណូអេ និងកូនគាត់ ព្រមទាំងមានព្រះបន្ទូលថា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យបាននៅពេញពាសលើផែនដីចុះ ២ ឯគ្រប់ទាំងសត្វនៅផែនដី សត្វហើរលើអាកាស សត្វលូនវារនៅដី នឹងត្រីក្នុងសមុទ្រទាំងប៉ុន្មាន និងកោតខ្លាច ហើយស្ញប់ស្ញែងដល់ឯងរាល់គ្នា អញប្រគល់វាមកក្នុងអំណាចឯងហើយ ៣ បណ្តាសត្វទាំងប៉ុន្មានដែលកំរើកហើយនៅរស់ នោះនឹងបានជាអាហារដល់ឯង ដូចជាតិណជាតិទាំងអស់ដែលអញបានឲ្យដល់ឯងនោះដែរ ៤ តែសាច់ណាដែលមានជីវិត គឺជាឈាម នោះកុំឲ្យបរិភោគឡើយ ៥ រីឯជីវិតមនុស្សវិញ បើអ្នកណាយកជីវិតគេ នោះអញនឹងទារឈាមដែលជាជីវិតអ្នកនោះជាមិនខាន អញនឹងទារឈាមអ្នកនោះ ដោយសារអស់ទាំងសត្វ ហើយដោយសារដៃរបស់មនុស្ស គឺដោយសារដៃរបស់បងប្អូននៃអ្នកដែលស្លាប់នោះផង ៦ អ្នកណាដែលកំចាយឈាមរបស់មនុស្ស នោះឈាមអ្នកនោះឯងនឹងត្រូវខ្ចាយដោយសារមនុស្សដែរ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សឲ្យដូចជារូបអង្គទ្រង់ ៧ ឯឯងរាល់គ្នាចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ហើយឲ្យបានសាយគ្រាយនៅផែនដីជាបរិបូរចុះ។
៨ រួចទ្រង់មានព្រះបន្ទូលទៅណូអេ និងពួកកូនគាត់ថា ៩ ឯអញ មើល អញតាំងសញ្ញានឹងឯងរាល់គ្នា ហើយនឹងពូជឯងរាល់គ្នាតរៀងទៅ ១០ និងគ្រប់ទាំងជីវិតទាំងឡាយ ដែលនៅជាមួយនឹងឯងរាល់គ្នា ទាំងសត្វស្លាប សត្វស្រុក និងសត្វព្រៃនៅផែនដីផង គឺនឹងគ្រប់ទាំងសត្វនៅផែនដី ដែលបានចេញពីទូកធំមក ១១ អញនឹងតាំងសញ្ញានឹងឯងរាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវវិនាសដោយទឹកជន់ទៀតឡើយ និងលែងមានទឹកជន់បំផ្លាញផែនដីទៀត ១២ ព្រះទ្រង់ក៏មានព្រះបន្ទូលថា នេះជាទីសំគាល់នៃសេចក្តីសញ្ញា ដែលអញតាំងនឹងឯងរាល់គ្នា ហើយនឹងគ្រប់ជីវិតទាំងឡាយដែលនៅជាមួយនឹងឯង នៅអស់ទាំងដំណអស់កល្បជានិច្ច ១៣ គឺអញដាក់ធ្នូរបស់អញនៅនាពពក នោះហើយជាទីសំគាល់នៃសេចក្តីសញ្ញា ដែលអញតាំងនឹងផែនដី ១៤ កាលណាអញប្រមូលពពកមកលើផែនដី នោះនឹងឃើញឥន្ទធនូស្ថិតនៅលើពពកនោះ ១៥ ហើយអញនឹងនឹកចាំពីសេចក្តីសញ្ញា ដែលអញបានតាំងនឹងឯងរាល់គ្នា ហើយនឹងអស់ទាំងសត្វគ្រប់ពូជដែរ នោះនឹងគ្មានទឹកជន់ឡើងលិចផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ទៀតឡើយ ១៦ ឥន្ទធនូនោះនឹងនៅលើពពក ហើយអញនឹងមើលឃើញ ដើម្បីឲ្យនឹកចាំពីសេចក្តីសញ្ញាដ៏នៅអស់កល្បជានិច្ច ដែលព្រះបានតាំងនឹងអស់ទាំងជីវិតគ្រប់ពូជនៅផែនដី ១៧ ព្រះទ្រង់ក៏មានព្រះបន្ទូលទៅណូអេថា នេះហើយជាទីសំគាល់នៃសេចក្តីសញ្ញា ដែលអញបានតាំងនឹងគ្រប់ទាំងសាច់នៅលើផែនដី។
មនុស្សលោកពីជំនាន់ណូអេ រហូតដល់ជំនាន់លោកអ័ប្រាហាំ
ណូអេ និង កូនប្រុសទាំងបីរបស់លោក
១៨ រីឯកូនណូអេដែលចេញពីទូកធំមក នោះគឺសិម ហាំ និងយ៉ាផែត ឯហាំ នោះជាឪពុកកាណាន ១៩ អ្នកទាំង៣នោះជាកូនរបស់ណូអេ គឺកូនចៅអ្នកទាំងនោះហើយ ដែលបានចេញទៅនៅពេញពាសលើផែនដី។
២០ ឯណូអេ គាត់ចាប់តាំងភ្ជួររាស់ដីធ្វើចំការ ហើយដាំទំពាំងបាយជូរ ២១ គាត់បានផឹកស្រាទំពាំងបាយជូរនោះ ហើយក៏ស្រវឹងទៅ រួចដេកអាក្រាតនៅក្នុងត្រសាលគាត់ ២២ ឯហាំ ជាឪពុកកាណាន បានឃើញឪពុកអាក្រាតដូច្នោះ ក៏ទៅបកកេរប្រាប់ដល់បងប្អូនទាំង២ ដែលនៅខាងក្រៅ ២៣ នោះសិម និងយ៉ាផែតនាំគ្នាយកអាវវែងមកត្រដាងពីស្មាទាំង២នាក់ ដើរថយក្រោយទៅបាំងកេរ្តិ៍ខ្មាសឪពុក ទាំងមើលចំទៅខាងមុខ មិនឲ្យឃើញកេរ្តិ៍ខ្មាសរបស់គាត់ឡើយ ២៤ លុះកាលណូអេស្វាងពីស្រាឡើង ក៏បានដឹងការដែលកូនពៅបានធ្វើ ២៥ នោះគាត់និយាយថា កាណានត្រូវបណ្តាសាហើយ វានឹងត្រូវធ្វើជាអ្នកបំរើដល់ពួកបាវរបស់បងប្អូនវា ២៦ ហើយគាត់និយាយទៀតថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃសិមបានប្រកបដោយព្រះពរ ហើយត្រូវឲ្យកាណានធ្វើបាវបំរើដល់សិមវិញ ២៧ សូមព្រះទ្រង់វាតទីឲ្យយ៉ាផែត សូមឲ្យវាបានអាស្រ័យនៅក្នុងទីលំនៅរបស់សិម ហើយឲ្យកាណានបានធ្វើជាបាវបំរើរបស់វាដែរ។ ២៨ លុះក្រោយទឹកជន់លិចមក នោះណូអេ គាត់ក៏រស់នៅបាន៣៥០ឆ្នាំទៅទៀត ២៩ អាយុរបស់ណូអេ ទាំងអស់រួមបាន៩៥០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។