ប្រវត្តិ​របស់​អ័ប្រាហាំ
១២
ព្រះអម្ចាស់​ត្រាស់ហៅ​អាប់រ៉ាម
១ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​នឹង​អាប់រ៉ាម​ថា ចូរ​ឯង​ចេញ​ពី​ស្រុក ពី​ញាតិសន្តាន និង​ពី​ផ្ទះ​ឪពុក​ឯង ទៅ​នៅ​ឯ​ស្រុក​ដែល​អញ​នឹង​បង្ហាញ​ឯងចុះ ២ អញ​នឹង​បង្កើត​នគរ​១​យ៉ាង​ធំ​ពី​ឯង អញ​នឹង​ឲ្យ​ពរ​ដល់​ឯង ទាំង​លើក​ឈ្មោះ​ឯង​ធំ​ផង ឯង​នឹង​បាន​ធ្វើ​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំងឡាយ ៣ អញ​នឹង​ឲ្យ​ពរ​ដល់​អស់​អ្នក​ណា​ដែល​ឲ្យ​ពរ​ដល់​ឯង ហើយ​នឹង​ដាក់​បណ្តាសា​ដល់​អស់​អ្នក​ណា​ដែល​ផ្តាសា​ឯង គ្រប់​ទាំង​គ្រួ​នៅ​ផែនដី​នឹង​បាន​ពរ​ដោយសារ​ឯង ៤ អាប់រ៉ាម​ក៏​ចេញ​ទៅ ដូច​ជា​ព្រះយេហូវ៉ា​បាន​បង្គាប់ ឡុត​ក៏​ទៅ​ជា​មួយ​ដែរ កាល​អាប់រ៉ាម​ចេញ​ពី​ខារ៉ាន​ទៅ នោះ​គាត់​អាយុ​បាន​៧៥​ឆ្នាំ​ហើយ ៥ ក៏​យក​សារ៉ាយ​ជា​ប្រពន្ធ និង​ឡុត​ជា​ក្មួយ ព្រម​ទាំង​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​បាន​ប្រមូល​ទុក និង​មនុស្ស​ទាំង​អស់​ដែល​បាន កាល​នៅ​ខារ៉ាន​ផង នាំ​គ្នា​ចេញ​ពី​ទី​នោះ ដើម្បី​ទៅ​ឯ​ស្រុក​កាណាន ក៏​ចូល​ទៅ​ក្នុង​ស្រុក​នោះ។
អាប់រ៉ាម​នៅ​ស្រុក​កាណាន
៦ អាប់រ៉ាម គាត់​ដើរ​កាត់​ស្រុក​ទៅ​ត្រឹម​ដើម​ម៉ៃសាក់​របស់​ម៉ូរេ​នៅ​កន្លែង​ឈ្មោះ​ស៊ីគែម ដែល​នៅ​វេលា​នោះ សាសន៍​កាណាន​នៅ​ស្រុក​នោះ​ដែរ ៧ ព្រះយេហូវ៉ា​ទ្រង់​លេច​មក​ឲ្យ​អាប់រ៉ាម​ឃើញ ហើយ​មាន​ព្រះបន្ទូល​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង រួច​នៅ​ទី​នោះ​គាត់​ក៏​ស្អាង​អាសនា​១​ថ្វាយ​ព្រះយេហូវ៉ា ដែល​ទ្រង់​លេច​មក​ឲ្យ​ឃើញ​នោះ ៨ គាត់​ចេញ​ពី​ទី​នោះ​ទៅ​ឯ​ភ្នំ​នៅ​ខាង​កើត​បេត-អែល ក៏​ដំឡើង​ត្រសាល​នៅ​ឯ​ណោះ មាន​បេត-អែល​នៅ​ជា​ខាង​លិច និង​អៃយ​នៅ​ខាង​កើត ហើយ​ស្អាង​អាសនា​១​ថ្វាយ​ព្រះយេហូវ៉ា​នៅ​ទី​នោះ​ដែរ រួច​អំពាវនាវ​ដល់​ព្រះនាម​ព្រះយេហូវ៉ា ៩ អាប់រ៉ាម​ក៏​ចេះ​តែ​ដើរ​ដំណើរ​ទៅ​ឯ​ត្បូង​ទៀត។
អាប់រ៉ាម​ទៅ​ស្នាក់​នៅ​ស្រុក​អេស៊ីព្ទ
១០ នៅ​ស្រុក​នោះ​កើត​មាន​អំណត់​អត់ ហើយ​អាប់រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ដ្បិត​អំណត់​នៅ​ស្រុក​កាណាន​បាន​ខ្លាំង​ណាស់ ១១ កាល​គាត់​ជិត​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ហើយ នោះ​គាត់​និយាយ​ទៅ​សារ៉ាយ​ជា​ប្រពន្ធ​ថា មើល អញ​ដឹង​ថា​ឯង​ជា​ស្ត្រី​មាន​រូប​ស្រស់​ល្អ ១២ កាល​ណា​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​ឯង នោះ​ក្រែង​គេ​នឹង​និយាយ​ពី​ឯង​ថា​ជា​ប្រពន្ធ​អញ រួច​គេ​នឹង​សំឡាប់​អញ​ទៅ ហើយ​ទុក​ឯង​ឲ្យ​រស់​នៅ​វិញ ១៣ ដូច្នេះ ចូរ​ឯង​ប្រាប់​គេ​ថា ឯង​ជា​ប្អូន​អញ​ទេ ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​ល្អ​នឹង​អញ​ដោយ​ព្រោះ​ឯង ហើយ​ឲ្យ​អញ​មាន​ជីវិត​រស់​នៅ​ដោយសារ​ឯង​ផង។
១៤ កាល​អាប់រ៉ាម​បាន​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ហើយ នោះ​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​ថា ប្រពន្ធ​គាត់​មាន​រូប​ស្រស់​ល្អ​មែន ១៥ ចំណែក​ពួក​នាម៉ឺន​របស់​ផារ៉ោន​ក៏​ឃើញ​នាង​ដែរ ហើយ​គេ​សរសើរ​នាង​នៅ​ចំពោះ​ទ្រង់ រួច​នាំ​ទៅ​នៅ​ឯ​ព្រះរាជដំណាក់​ទៅ ១៦ ទ្រង់​ក៏​ប្រព្រឹត្ត​ល្អ​នឹង​អាប់រ៉ាម​ដោយ​ព្រោះ​នាង ហើយ​គាត់​បាន​ហ្វូង​ចៀម ហ្វូង​គោ និង​លា​ឈ្មោល លា​ញី ហើយ​នឹង​អូដ្ឋ ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ផង ១៧ តែ​ព្រះយេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ផារ៉ោន និង​អស់​ពួក​ព្រះរាជដំណាក់​កើត​មាន​សេចក្តី​វេទនា​ជា​ខ្លាំង ដោយ​ព្រោះ​សារ៉ាយ​ជា​ប្រពន្ធ​របស់​អាប់រ៉ាម ១៨ រួច​ផារ៉ោន​ទ្រង់​ហៅ​អាប់រ៉ាម​មក​សួរ​ថា តើ​ឯង​បាន​ធ្វើ​អ្វី​ដល់​អញ​ដូច្នេះ ហេតុ​អ្វី​បាន​ជា​ឯង​មិន​បាន​ប្រាប់​អញ​ដោយ​ត្រង់​ថា នាង​ជា​ប្រពន្ធ​ឯង ១៩ ម្តេច​ក៏​ឯង​ថា​ជា​ប្អូន​វិញ ដើម្បី​បើក​ឱកាស​ឲ្យ​អញ​បាន​យក​នាង​មក​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ នេះ​នែ​ប្រពន្ធ​ឯង​ហើយ ចូរ​យក​នាង​ទៅ​វិញ​ឥឡូវ ហើយ​ចេញ​ទៅ​ចុះ ២០ ផារ៉ោន​ក៏​បង្គាប់​ដល់​ពួក​ទ្រង់​ពី​ដំណើរ​គាត់ ហើយ​គេ​បញ្ជូន​គាត់ ព្រម​ទាំង​ប្រពន្ធ និង​របស់​ទ្រព្យ​គាត់​ទាំង​អស់​ឲ្យ​ចេញ​ទៅ។