១៦
កំណើតអ៊ីសម៉ាអែល
១ រីឯសារ៉ាយ ប្រពន្ធអាប់រ៉ាម នាងមិនបង្កើតកូនឲ្យគាត់សោះ តែនាងមានបាវស្រីសាសន៍អេស៊ីព្ទម្នាក់ឈ្មោះហាការ ២ ដូច្នេះ សារ៉ាយក៏និយាយទៅអាប់រ៉ាមថា មើល ព្រះយេហូវ៉ាទ្រង់បង្ខាំងមិនឲ្យខ្ញុំមានកូនទេ ហេតុនោះ សូមអ្នកអញ្ជើញចូលទៅឯបាវស្រីរបស់ខ្ញុំចុះ ប្រហែលជាខ្ញុំនឹងបានកូនដោយសារវា អាប់រ៉ាមក៏ស្តាប់តាម ៣ រួចសារ៉ាយប្រពន្ធអាប់រ៉ាមក៏ឲ្យហាការជាសាសន៍អេស៊ីព្ទបាវខ្លួន ទៅធ្វើជាប្រពន្ធរបស់ប្តីទៅ ក្នុងពេលក្រោយដែលអាប់រ៉ាមបាននៅស្រុកកាណាន១០ឆ្នាំហើយ ៤ គាត់ក៏ចូលទៅឯហាការ ហើយនាងមានទំងន់ លុះដឹងខ្លួនថាមានទំងន់ដូច្នោះ នោះក៏តាំងមើលងាយដល់ចៅហ្វាយខ្លួនវិញ ៥ សារ៉ាយនាងនិយាយទៅអាប់រ៉ាមថា សូមឲ្យសេចក្តីកំហុសរបស់ខ្ញុំធ្លាក់ទៅលើអ្នកចុះ ដ្បិតខ្ញុំបានឲ្យបាវស្រីរបស់ខ្ញុំទៅអ្នកឱប ឥឡូវនេះដែលវាដឹងថាមានទំងន់ហើយ នោះបែរជាមើលងាយដល់ខ្ញុំវិញ ដូច្នេះ សូមឲ្យព្រះយេហូវ៉ាជំនុំជំរះរឿងរបស់យើងចុះ ៦ នោះអាប់រ៉ាមគាត់ឆ្លើយនឹងសារ៉ាយថា មើល បាវស្រីឯងវានៅក្នុងអំណាចរបស់ឯងស្រាប់ហើយ ចូរប្រព្រឹត្តនឹងវាតាមតែឯងគិតឃើញថាយ៉ាងណាស្រួលចុះ នោះសារ៉ាយក៏ប្រព្រឹត្តនឹងនាងដោយតឹងរ៉ឹងណាស់ បានជានាងរត់ចេញពីគាត់ទៅ។
៧ ទេវតានៃព្រះយេហូវ៉ា ទ្រង់ឃើញនាងនៅទីរហោស្ថានជិតក្បាលទឹក១ គឺជាក្បាលទឹកដែលនៅតាមផ្លូវទៅឯស្រុកស៊ើរ ៨ ទ្រង់មានព្រះបន្ទូលសួរថា នែហាការ បាវសារ៉ាយអើយ តើឯងមកពីណា ហើយគិតទៅឯណាហ្នឹង នាងទូលឆ្លើយនឹងទេវតាថា ខ្ញុំម្ចាស់រត់ចេញពីសារ៉ាយជាចៅហ្វាយរបស់ខ្ញុំម្ចាស់មក ៩ នោះទេវតានៃព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលទៅនាងថា ចូរវិលទៅឯចៅហ្វាយឯងវិញទៅ ហើយចុះចូលនឹងអំណាចរបស់គាត់វិញ ១០ ទេវតានៃព្រះយេហូវ៉ាក៏មានព្រះបន្ទូលទៅនាងថា អញនឹងចំរើនពូជឯង ឲ្យមានសន្ធឹកឥតគណនា ១១ ទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលនឹងនាងទៀតថា មើល ឯងមានទំងន់ ឯងនឹងបង្កើតបានកូនប្រុស១ដែលត្រូវឲ្យឈ្មោះថា អ៊ីសម៉ាអែល ពីព្រោះព្រះយេហូវ៉ាទ្រង់ជ្រាបពីសេចក្តីទុក្ខលំបាករបស់ឯង ១២ វានឹងបានដូចជាលាព្រៃនៅកណ្តាលមនុស្ស ដៃវានឹងបានទាស់នឹងមនុស្សទាំងអស់ហើយដៃមនុស្សទាំងអស់នឹងបានទាស់នឹងវាដែរ វានឹងតាំងទីលំនៅនៅមុខពួកបងប្អូនទាំងអស់គ្នា ១៣ នោះនាងក៏ហៅព្រះនាមព្រះយេហូវ៉ា ដែលកំពុងមានព្រះបន្ទូលនឹងនាងថា «ព្រះដ៏ទតឃើញ» ដ្បិតនាងគិតថា នៅទីនេះអញបានឃើញព្រះដែលទ្រង់ទតឃើញអញទេតើ ១៤ ហេតុនោះបានជាគេហៅក្បាលទឹកនោះថា ក្បាលទឹកឡាហាយ-រយ នោះនៅកណ្តាលកាដេស និងបារែឌ។
១៥ ហាការក៏បង្កើតកូនប្រុស១ឲ្យអាប់រ៉ាម ហើយអាប់រ៉ាមឲ្យកូនដែលហាការបង្កើតនោះឈ្មោះអ៊ីសម៉ាអែល ១៦ គ្រាដែលហាការបានបង្កើតអ៊ីសម៉ាអែល នោះអាប់រ៉ាមគាត់អាយុបាន៨៦ឆ្នាំហើយ។