១៩
ឡុត​ភៀសខ្លួន​ចេញ​ពី​ក្រុង​សូដុំម
១ ដល់​ពេល​ត្រឡប់ នោះ​ទេវតា​ទាំង​២​ក៏​ទៅ​ដល់​ក្រុង​សូដុំម ឯ​ឡុត​គាត់​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុង គាត់​ក៏​ឃើញ ហើយ​ក្រោក​ទៅ​ទទួល រួច​ក្រាប​ផ្កាប់​មុខ​នឹង​ដី ជំរាប​ថា ២ លោក​ម្ចាស់​ខ្ញុំ​អើយ ឥឡូវ សូម​អញ្ជើញ​ចូល​ទៅ​ក្នុង​ផ្ទះ​ខ្ញុំ​ជា​អ្នក​បំរើ​លោក ដើម្បី​នឹង​លាង​ជើង ហើយ​សំណាក់​នៅ​១​យប់​នេះ​សិន រួច​សឹម​ភ្ញាក់​ឡើង​ពី​ព្រលឹម​អញ្ជើញ​ទៅ​ទៀត​ចុះ តែ​ទេវតា​នោះ​ឆ្លើយ​ថា ទេ យប់​នេះ​យើង​នឹង​ដេក​នៅ​តាម​ផ្លូវ​វិញ ៣ ប៉ុន្តែ​ដោយ​គាត់​បង្ខំ​ណាស់ បាន​ជា​ទេវតា​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ​គាត់ ហើយ​គាត់​ក៏​រៀបចំ​ជប់លៀង គាត់​ដុត​នំបុ័ង​ឥត​ដំបែ ហើយ​ទេវតា​ក៏​បរិភោគ ៤ កាល​មិន​ទាន់​ដេក​នៅ​ឡើយ នោះ​ពួក​មនុស្ស​ទាំងឡាយ ទាំង​ក្មេង​ទាំង​ចាស់​នៅ​ក្នុង​ក្រុង​សូដុំម គេ​មក​ឡោមព័ទ្ធ​ផ្ទះ គឺ​ជា​មនុស្ស​ទាំង​អស់​ពី​គ្រប់​ក្នុង​ទី​ក្រុង ៥ គេ​ស្រែក​ហៅ​ឡុត​សួរ​ថា មនុស្ស​ដែល​ចូល​មក​ក្នុង​ផ្ទះ​ឯង​អម្បាញ់មិញ​នេះ តើ​នៅ​ឯ​ណា ចូរ​ឯង​នាំ​វា​ចេញ​មក​ឯ​យើង ឲ្យ​យើង​បាន​ស្គាល់​ផង ៦ នោះ​ឡុត​ចេញ​មក​ឯ​គេ​ដល់​មាត់​ទ្វារ រួច​បិទ​ទ្វារ​ទៅ​វិញ ៧ គាត់​អង្វរ​ថា បង​ប្អូន​ខ្ញុំ​អើយ សូម​កុំ​ធ្វើ​អាក្រក់​ដូច្នេះ​ឡើយ ៨ មើល ខ្ញុំ​មាន​កូន​ស្រី​២​នាក់ វា​មិន​ទាន់​ដែល​ស្គាល់​ប្រុស​ណា​ទេ ចាំ​ខ្ញុំ​នាំ​វា​ចេញ​មក ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​នឹង​វា​តាម​តែ​ចិត្ត​ចុះ សូម​កុំ​ឲ្យ​តែ​ធ្វើ​អ្វី​ដល់​មនុស្ស​ទាំង​២​នោះ​ឡើយ ពី​ព្រោះ​លោក​បាន​ចូល​មក​សំណាក់​នៅ​ផ្ទះ​ខ្ញុំ​ហើយ ៩ តែ​គេ​កំហែង​ទៅ​ថា ចូរ​ចៀស​ចេញ ហើយ​មាន​ខ្លះ​គេ​និយាយ​ថា អា​១​នេះ​បាន​ចូល​មក​ស្នាក់​នៅ​ទី​នេះ ឥឡូវ​ចង់​តាំង​ខ្លួន​ធ្វើ​ជា​ចៅក្រម​វិញ អើ បើ​ដូច្នេះ​យើង​នឹង​ធ្វើ​ឯង​ឥឡូវ ឲ្យ​អាក្រក់​ជាង​២​នាក់​នោះ​ទៅ​ទៀត​ផង រួច​គេ​ក៏​ប្រជ្រៀត​លើ​ឡុត​ជា​ខ្លាំង ព្រម​ទាំង​រំលោភ​ចូល​ទៅ​ជិត​ចង់​ទំលាយ​ទ្វារ ១០ តែ​ទេវតា​លូក​ដៃ​ទៅ​ចាប់​ឡុត​ទាញ​ចូល​មក​ក្នុង​ផ្ទះ​វិញ រួច​បិទ​ទ្វារ​ជិត ១១ ក៏​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​ដែល​នៅ​ត្រង់​មាត់​ទ្វារ​នោះ​ខ្វាក់​ភ្នែក​ទៅ​ទាំង​តូច​ទាំង​ធំ បាន​ជា​គេ​អស់​ចិត្ត​នឹង​រក​ទ្វារ​ទៀត។
១២ រួច​ទេវតា​សួរ​ឡុត​ថា តើ​ឯង​មាន​អ្នក​ណា​ទៀត នៅ​ទី​នេះ​ឬ​ទេ ទោះ​បើ​កូន​ប្រសា ឬ​កូន​ប្រុស​កូន​ស្រី​ឯង​ក្តី ចូរ​នាំ​ពួក​ឯង​ទាំង​អស់​ចេញ​ពី​ទី​ក្រុង​នេះ​ទៅ ១៣ ដ្បិត​យើង​នឹង​បំផ្លាញ​ទី​នេះ ពី​ព្រោះ​សំរែក​របស់​គេ​បាន​ឮ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ចំពោះ​ព្រះយេហូវ៉ា​ហើយ នេះ​គឺ​ព្រះយេហូវ៉ា​ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក​បំផ្លាញ​ចេញ ១៤ នោះ​ឡុត​ក៏​ចេញ​ទៅ​ប្រាប់​ដល់​កូន​ប្រសា ដែល​បាន​យក​កូន​ស្រី​គាត់​ថា ចូរ​ក្រោក​ឡើង​ចេញ​ពី​ទី​នេះ​ទៅ ពី​ព្រោះ​ព្រះយេហូវ៉ា​រៀប​នឹង​បំផ្លាញ​ទី​ក្រុង​ចោល តែ​ពួក​កូន​ប្រសា​គាត់​ស្មាន​ថា គាត់​និយាយ​លេង​ទេ។
១៥ លុះ​ពេល​ភ្លឺ​ឡើង នោះ​ទេវតា​បង្ខំ​ឡុត​ថា ចូរ​ក្រោក​ឡើង យក​ប្រពន្ធ​ហើយ​នឹង​កូន​ស្រី​ទាំង​២​នាក់​ដែល​នៅ​ឯ​ណេះ​ទៅ ក្រែង​ឯង​ត្រូវ​វិនាស​ក្នុង​អំពើ​ទុច្ចរិត​របស់​ទី​ក្រុង​នេះ​ដែរ ១៦ តែ​គាត់​នៅ​បង្អែបង្អង់ នោះ​ទេវតា​ក៏​ចាប់​ដៃ​គាត់ និង​ដៃ​ប្រពន្ធ ហើយ​នឹង​កូន​ស្រី​គាត់​ទាំង​២​នាំ​ចេញ​ទៅ​លែង​ឯ​ក្រៅ​ទី​ក្រុង ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មេត្តា​ប្រណី​ដល់​គាត់ ១៧ កាល​បាន​នាំ​ចេញ​ផុត​ទៅ​ក្រៅ​ហើយ នោះ​ទេវតា​ប្រាប់​ថា ចូរ​រត់​ទៅ​ឲ្យ​បាន​រួច​ជីវិត​ចុះ កុំ​ឲ្យ​មើល​មក​ក្រោយ​ឡើយ ក៏​កុំ​ឲ្យ​ឈប់​នៅ​ស្រុក​វាល​ឯ​ណា​នីមួយ​ផង ចូរ​រត់​ទៅ​ឯ​ភ្នំ​វិញ ក្រែង​ឯង​ត្រូវ​វិនាស​ដែរ ១៨ តែ​ឡុត​ប្រកែក​ថា ទេ លោក​ម្ចាស់​អើយ ១៩ មើល​ឥឡូវ​នេះ លោក​បាន​ផ្តល់​ព្រះគុណ​មក​ខ្ញុំ​ជា​អ្នក​បំរើ​លោក ហើយ​បាន​ចំរើន​សេចក្តី​មេត្តាករុណា​របស់​លោក​ឲ្យ​ខ្ញុំ​ឃើញ ដោយ​ការពារ​ជីវិត​ខ្ញុំ តែ​ខ្ញុំ​រត់​ទៅ​ឯ​ភ្នំ​មិន​បាន​ទេ ក្រែង​សេចក្តី​អាក្រក់​តាម​ខ្ញុំ​ទាន់ ហើយ​ខ្ញុំ​ត្រូវ​ស្លាប់​វិញ ២០ មើលន៏ មាន​ទី​ក្រុង​១​នុ៎ះ​ស្ថិត​នៅ​ជិត​បង្កើយ ហើយ​ក៏​តូច​ផង ឬ​មិន​តូច​ទេ នោះ​ល្មម​នឹង​រត់​ទៅ​ឲ្យ​រួច​បាន សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​ឯ​ណោះ​វិញ នោះ​ខ្ញុំ​នឹង​បាន​រួច​ជីវិត​ហើយ ២១ ទេវតា​ក៏​ឆ្លើយ​ថា មើល អញ​បាន​ព្រម​តាម​ឯង​ក្នុង​ការ​នេះ​ដែរ ឯ​ទី​ក្រុង​១​ដែល​ឯង​និយាយ​នោះ អញ​មិន​បំផ្លាញ​ទេ ២២ ចូរ​ប្រញាប់​ឡើង ហើយ​រត់​ទៅ​ឯ​ណោះ​ឲ្យ​រួច​ចុះ ដ្បិត​អញ​ធ្វើ​អ្វី​មិន​កើត ទាល់​តែ​ឯង​បាន​ទៅ​ដល់​សិន ដូច្នេះ ទី​ក្រុង​នោះ​បាន​ហៅ​ឈ្មោះ​ថា​សូអារ។
២៣ លុះ​កាល​ឡុត​ចូល​ទៅ​ក្នុង​សូអារ នោះ​ថ្ងៃ​បាន​រះ​ហើយ ២៤ ព្រះយេហូវ៉ា​ទ្រង់​បង្អុរ​ភ្លៀង​ជា​ស្ពាន់ធ័រ និង​ភ្លើង​ពី​លើ​មេឃ មក​លើ​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា ២៥ ទ្រង់​ក៏​បំផ្លាញ​ក្រុង​ទាំង​នោះ និង​ស្រុក​វាល​ទាំង​មូល ហើយ​អស់​ទាំង​មនុស្ស​នៅ​ទី​ក្រុង​នោះ និង​គ្រប់​ទាំង​អស់​ដែល​ដុះ​នៅ​ដី​ផង។
២៦ ឯ​ប្រពន្ធ​ឡុត​ក៏​ងាក​បែរ​មើល​ទៅ​ក្រោយ​វិញ នោះ​ស្រាប់​តែ​ទៅ​ជា​បង្គោល​អំបិល​ទៅ។
២៧ ឯ​អ័ប្រាហាំ​គាត់​ក្រោក​ពី​ព្រលឹម​ឡើង នៅ​ឯ​កន្លែង​ដែល​បាន​ឈរ​នៅ​ចំពោះ​ព្រះយេហូវ៉ា ២៨ គាត់​មើល​ទៅ​ឯ​ក្រុង​សូដុំម ក្រុង​កូម៉ូរ៉ា និង​ស្រុក​វាល​ទាំង​អស់​ឃើញ​មាន​សុទ្ធ​តែ​ផ្សែង​ហុយ​ឡើង​ពី​ដី​មក ដូច​ជា​ផ្សែង​នៃ​គុក​ភ្លើង។
ឡុត និង​កូន​ស្រី​ទាំង​ពីរ​របស់​គាត់ ដើម​កំណើត​របស់​ជនជាតិ​ម៉ូអាប់ និង ជនជាតិ​អាំម៉ូន
២៩ ក្នុង​ខណៈ​ដែល​ព្រះ​ទ្រង់​បំផ្លាញ​ទី​ក្រុង​នៅ​ស្រុក​វាល​ទាំង​ប៉ុន្មាន នោះ​ទ្រង់​នឹកចាំ​ពី​អ័ប្រាហាំ ក៏​ឲ្យ​ឡុត​ចេញ​រួច​ពី​ការ​ហិនវិនាស​នោះ ក្នុង​កាល​ដែល​ទ្រង់​បាន​រំលាយ​ទី​ក្រុង​ទាំង​នោះ​ដែល​ឡុត​បាន​ទៅ។
៣០ ឯ​ឡុត ព្រម​ទាំង​កូន​ស្រី​ទាំង​២ ក៏​ចេញ​ពី​សូអារ​ឡើង​ទៅ​នៅ​ឯ​ភ្នំ​វិញ ដ្បិត​គាត់​ខ្លាច​មិន​ហ៊ាន​នៅ​ក្នុង​ក្រុង​សូអារ​ទេ គាត់​ក៏​នៅ​ក្នុង​រអាង​ភ្នំ​ជា​មួយ​នឹង​កូន​ស្រី​របស់​គាត់​ទាំង​២​ទៅ
៣១ ចំណែក​នាង​បង​និយាយ​ទៅ​កាន់​ប្អូន​ថា ឪពុក​យើង​គាត់​ចាស់​ហើយ គ្មាន​ប្រុស​ណា​នៅ​គ្រប់​ក្នុង​ស្រុក​នេះ និង​ចូល​មក​ឯ​យើង​តាម​បវេណី​ផែនដី​ទេ ៣២ បើ​ដូច្នេះ ចូរ​យើង​បំផឹក​ស្រា​ឪពុក​យើង ហើយ​ទៅ​ដេក​ជា​មួយ​នឹង​គាត់​ទៅ ដើម្បី​ឲ្យ​បាន​ត​ពូជ​ឲ្យ​ឪពុក​យើង​វិញ ៣៣ នោះ​គេ​ក៏​បំផឹក​ស្រា​ឪពុក​គេ​នៅ​យប់​នោះ​ឯង រួច​នាង​បង​ទៅ​ដេក​ជា​មួយ​នឹង​ឪពុក​ខ្លួន​ទៅ តែ​គាត់​ឥត​មាន​ដឹង​ជា​កាល​នាង​ដេក ឬ​កាល​នាង​ក្រោក​ឡើង ៣៤ លុះ​ថ្ងៃ​ស្អែក​ទៀត នាង​បង​និយាយ​ទៅ​ប្អូន​ថា មើល យប់​មិញ អញ​បាន​ដេក​ជា​មួយ​នឹង​លោក​ឪពុក យប់​នេះ​ចូរ​យើង​បំផឹក​ស្រា​គាត់​ទៀត រួច​ឲ្យ​ឯង​ចូល​ទៅ​ដេក​ជា​មួយ និង​គាត់​ម្តង ដើម្បី​ឲ្យ​យើង​បាន​ត​ពូជ​របស់​ឪពុក​យើង ៣៥ គេ​ក៏​បំផឹក​ស្រា​ឪពុក​នៅ​យប់​នោះ​ទៀត នោះ​នាង​ប្អូន​ក៏​ក្រោក​ទៅ​ដេក​ជា​មួយ​នឹង​ឪពុក​ទៅ តែ​គាត់​ឥត​ដឹង​ជា​កាល​នាង​ដេក ឬ​កាល​នាង​ក្រោក​ឡើយ ៣៦ ដូច្នេះ កូន​ស្រី​របស់​ឡុត​ទាំង​២​ក៏​មាន​ទំងន់​នឹង​ឪពុក​ខ្លួន ៣៧ នាង​បង​បង្កើត​បាន​កូន​ប្រុស​១ នាង​ឲ្យ​ឈ្មោះ​ថា ម៉ូអាប់ គឺ​អ្នក​នោះ​ហើយ​ដែល​ជា​ឪពុក​នៃ​សាសន៍​ម៉ូអាប់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ៣៨ ហើយ​នាង​ប្អូន​ក៏​បង្កើត​បាន​កូន​ប្រុស​១​ដែល​នាង​ឲ្យ​ឈ្មោះ​ថា បេន-អាំមី គឺ​អ្នក​នោះ​ហើយ​ដែល​ជា​ឪពុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។