២៣
ផ្នូររបស់សារ៉ា
១ នាងសារ៉ាអាយុបាន១២៧ឆ្នាំ នោះជាចំនួននៃឆ្នាំអាយុរបស់នាង ២ រួចនាងស្លាប់នៅក្រុងគារយ៉ាត់-អើបាទៅ គឺជាហេប្រុននៅក្នុងស្រុកកាណាន អ័ប្រាហាំក៏មកដើម្បីកាន់ទុក្ខ ហើយយំសោកនឹងសពសារ៉ា ៣ រួចគាត់ក្រោកចេញពីមុខសព ទៅនិយាយនឹងពួកកូនចៅហេតថា ៤ ខ្ញុំជាអ្នកដទៃ ដែលគ្រាន់តែសំណាក់នៅជាមួយនឹងអ្នករាល់គ្នាប៉ុណ្ណោះ ដូច្នេះ សូមឲ្យខ្ញុំមានកន្លែងកប់ខ្មោចនៅជាមួយនឹងអ្នករាល់គ្នាផង ដើម្បីឲ្យខ្ញុំបានយកសពនេះពីមុខខ្ញុំចេញទៅកប់ ៥ នោះពួកកូនចៅហេតគេឆ្លើយទៅអ័ប្រាហាំថា ៦ លោកម្ចាស់អើយ សូមស្តាប់យើងខ្ញុំ លោកជាអ្នកធំរបស់ព្រះដែលនៅជាមួយនឹងយើងខ្ញុំរាល់គ្នា ដូច្នេះ សូមឲ្យលោកកប់សពរបស់ប្រពន្ធលោកនៅក្នុងផ្នូរដែលល្អជាងគេរបស់យើងខ្ញុំចុះ ក្នុងពួកយើងខ្ញុំនោះគ្មានអ្នកណាមួយនឹងប្រកែកថា មិនឲ្យលោកកប់ខ្មោចនៅក្នុងផ្នូររបស់យើងខ្ញុំនោះទេ ៧ នោះអ័ប្រាហាំក្រោកឡើង ឱនគោរពចំពោះអស់ពួកកូនចៅហេត ដែលនៅស្រុកនោះ ៨ ហើយនិយាយថា បើអ្នករាល់គ្នាសុខចិត្តឲ្យខ្ញុំយកសពនេះពីមុខខ្ញុំទៅកប់ នោះសូមស្តាប់ខ្ញុំសិន សូមជួយអង្វរអេប្រុនជាកូនសូហារជំនួសខ្ញុំផង ៩ ឲ្យគាត់ចំណាយរអាងម៉ាក់ពេឡាដែលនៅចុងចំការរបស់គាត់មកខ្ញុំ គឺសូមឲ្យគាត់លក់ពេញថ្លៃមកខ្ញុំ ទុកជាកេរអាករសំរាប់ជាទីកប់ខ្មោចនៅកណ្តាលពួកអ្នករាល់គ្នាចុះ ១០ រីឯអេប្រុនជាសាសន៍ហេត គាត់ក៏អង្គុយជាមួយនឹងពួកបងប្អូននោះដែរ ហើយគាត់ឆ្លើយទៅអ័ប្រាហាំនៅមុខពួកបងប្អូនខ្លួន គឺនៅចំពោះអស់ពួកអ្នកដែលចូលតាមទ្វារក្រុងនោះថា ១១ ទេ លោកម្ចាស់អើយ សូមស្តាប់ខ្ញុំវិញ ចំការនោះខ្ញុំជូនលោកហើយ ព្រមទាំងរអាងដែលនៅឯណោះដែរ ខ្ញុំជូនលោកទាំងអស់នៅមុខពួកបងប្អូនសាសន៍ខ្ញុំនេះហើយ សូមលោកកប់សពរបស់ប្រពន្ធលោកចុះ ១២ អ័ប្រាហាំគាត់ក៏ឱនខ្លួនគោរពចំពោះពួកអ្នកស្រុកនោះ ១៣ ហើយនិយាយទៅអេប្រុននៅចំពោះមុខពួកអ្នកស្រុកថា បើអ្នកសុខចិត្ត នោះសូមស្តាប់ខ្ញុំវិញ ខ្ញុំនឹងចេញថ្លៃចំការឲ្យ សូមយកពីខ្ញុំចុះ រួចខ្ញុំនឹងកប់សពនៅទីនោះ ១៤ អេប្រុនក៏ឆ្លើយទៅអ័ប្រាហាំថា ១៥ លោកម្ចាស់អើយ សូមលោកស្តាប់ខ្ញុំ បើចំពោះលោកហើយនឹងខ្ញុំ នោះដីដែលថ្លៃ៤០០រៀលមិនជាការអ្វីទេ ដូច្នេះ សូមអញ្ជើញលោកកប់សពចុះ ១៦ អ័ប្រាហាំក៏ស្តាប់តាមអេប្រុន ហើយគាត់ថ្លឹងប្រាក់ប្រគល់ឲ្យដល់អេប្រុន នៅចំពោះមុខនៃពួកកូនចៅហេតតាមដែលគាត់និយាយ គឺជាប្រាក់៤០០រៀលដែលពួកជំនួញធ្លាប់ចាយ។
១៧ ដូច្នេះ ចំការរបស់អេប្រុន ដែលនៅម៉ាក់ពេឡាខាងមុខម៉ាមរេ និងរអាងដែលនៅទីនោះ ហើយនឹងដំណាំដែលនៅក្នុងចំការនោះ ព្រមទាំងរបងព័ទ្ធជុំវិញផង ១៨ បានប្រគល់ផ្តាច់ទាំងអស់ទុកជាកេររបស់អ័ប្រាហាំ នៅមុខពួកកូនចៅហេត គឺនៅចំពោះមុខនៃអស់អ្នកដែលចូលតាមទ្វារក្រុងគេ ១៩ រួចអ័ប្រាហាំក៏កប់សពសារ៉ាប្រពន្ធគាត់នៅក្នុងរអាងនៃចំការម៉ាក់ពេឡា ខាងមុខម៉ាមរេទៅ ឯម៉ាមរេនោះ គឺជាហេប្រុនក្នុងស្រុកកាណាន ២០ ចំការ និងរអាងដែលនៅទីនោះ ពួកកូនចៅហេតបានប្រគល់ផ្តាច់ទៅអ័ប្រាហាំ ទុកសំរាប់ជាកន្លែងកប់ខ្មោចតទៅ។