៣៤
ស៊ីម្មាន និងលេវី សងសឹកជំនួសនាងឌីណាជាប្អូនស្រី
១ ឯឌីណា ជាកូនស្រីដែលលេអាបានបង្កើតឲ្យយ៉ាកុប នាងចេញទៅមើលពួកកូនស្រីស្រុកនោះ ២ ខណៈនោះស៊ីគែម ជាបុត្រហាម៉ោរសាសន៍ហេវីជាស្តេចស្រុកនោះ ទ្រង់ឃើញនាង ក៏នាំយកទៅដេកបង្ខូច ៣ ទ្រង់សព្វព្រះទ័យនឹងឌីណាជាកូនយ៉ាកុបណាស់ ព្រមទាំងប្រតិព័ទ្ធនឹងនាងផង ហើយនិយាយលួងលោមដល់នាង ៤ ស៊ីគែមទូលហាម៉ោរ ជាបិតាថា សូមយកនាងនេះមកឲ្យធ្វើជាប្រពន្ធទូលបង្គំចុះ ៥ រីឯយ៉ាកុបគាត់ក៏ឮថា គេបានបង្ខូចឌីណាជាកូនហើយ តែកូនប្រុសៗរបស់គាត់កំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះ យ៉ាកុបក៏នៅស្ងៀមទាល់តែគេបានមកវិញ។
៦ ចំណែកហាម៉ោរជាបិតាស៊ីគែមក៏មកមានព្រះបន្ទូលនឹងយ៉ាកុប ៧ ឯពួកកូនរបស់យ៉ាកុប កាលបានឮដំណឹងនោះ គេក៏វិលមកពីវាលវិញ គេមានសេចក្តីឈឺចិត្ត ហើយខឹងជាខ្លាំង ដោយព្រោះទ្រង់បានប្រព្រឹត្តការអាស្រូវភាសនៅក្នុងពួកអ៊ីស្រាអែល គឺបានរួមដំណេកនឹងកូនក្រមុំរបស់យ៉ាកុប ជាការដែលមិនគួរគប្បីធ្វើឡើយ ៨ ហាម៉ោរក៏មានព្រះបន្ទូលនឹងគេថា ស៊ីគែមកូនខ្ញុំបានពេញចិត្តនឹងកូនស្រីរបស់អ្នកណាស់ ដូច្នេះ សូមអ្នកឲ្យនាងទៅធ្វើជាប្រពន្ធវាទៅ ៩ ចូរអ្នករាល់គ្នាភ្ជាប់ញាតិពន្ធនឹងពួកយើង ដោយឲ្យកូនក្រមុំរបស់អ្នករាល់គ្នាដល់ពួកយើង ហើយយកកូនក្រមុំរបស់ពួកយើងទៅវិញចុះ ១០ នោះអ្នករាល់គ្នានឹងបានអាស្រ័យនៅជាមួយនឹងយើង ហើយស្រុកយើងនេះនឹងបាននៅចំហចំពោះអ្នករាល់គ្នា ចូរអ្នករាល់គ្នាអាស្រ័យនៅ ហើយធ្វើជំនួញចុះ ព្រមទាំងទិញដីទុកជាកេរអាករសំរាប់អ្នករាល់គ្នាតទៅ ១១ ឯស៊ីគែមទ្រង់មានព្រះបន្ទូល និងឪពុក ហើយនឹងពួកបងប្អូននាងថា សូមអាណិតឲ្យខ្ញុំបានប្រកបដោយគុណរបស់អ្នករាល់គ្នាផង អ្វីៗដែលអ្នករាល់គ្នាបង្គាប់មក នោះខ្ញុំនឹងជូនទាំងអស់ ១២ ទោះបើដំឡើងបណ្តាការ និងជំនូនដ៏សន្ធឹកយ៉ាងណាក៏ដោយ គង់តែខ្ញុំនឹងជូនតាមដែលអ្នករាល់គ្នាបង្គាប់មកមិនខាន សូមតែអាណិតឲ្យនាងមកធ្វើជាប្រពន្ធរបស់ខ្ញុំចុះ។
១៣ នោះពួកកូនយ៉ាកុបក៏ទូលឆ្លើយដល់ស៊ីគែម និងហាម៉ោរជាបិតាទ្រង់ដោយឧបាយកលវិញ ពីព្រោះស៊ីគែមបានបង្ខូចឌីណាជាប្អូនស្រីរបស់គេ ១៤ គឺគេទូលថា យើងខ្ញុំនឹងឲ្យប្អូនស្រីរបស់យើងខ្ញុំ ដល់មនុស្សដែលមិនកាត់ស្បែកដូច្នេះមិនបានទេ ធ្វើដូច្នោះនឹងនាំឲ្យមានសេចក្តីអាម៉ាស់ខ្មាសដល់យើងខ្ញុំណាស់ ១៥ បើចង់ឲ្យយើងខ្ញុំព្រមតាមទ្រង់ នោះមានតែពួកទ្រង់ត្រឡប់ដូចជាយើងខ្ញុំដែរ ដោយកាត់ស្បែកដល់ពួកប្រុសៗទាំងអស់គ្នា ១៦ នោះទើបយើងខ្ញុំនឹងឲ្យកូនស្រីរបស់យើងខ្ញុំដល់ពួកទ្រង់ ហើយនឹងយកកូនស្រីរបស់ពួកទ្រង់មកវិញដែរ ដូច្នេះ យើងនឹងអាស្រ័យនៅជាមួយនឹងទ្រង់ ហើយនឹងត្រឡប់ទៅជាសាសន៍តែ១ ១៧ ប៉ុន្តែបើពួកទ្រង់មិនព្រមកាត់ស្បែកធ្វើតាមយើងខ្ញុំទេ នោះយើងខ្ញុំនឹងយកកូនស្រីរបស់យើងខ្ញុំមកវិញ ហើយនឹងចេញបាត់ទៅ។
១៨ ពាក្យទាំងនោះក៏នាំឲ្យពេញព្រះទ័យហាម៉ោរ និងស៊ីគែមជាបុត្រទ្រង់ដែរ ១៩ បុត្រកំឡោះនោះមិនបានបង្អង់នឹងធ្វើការនោះទេ ពីព្រោះទ្រង់មានព្រះទ័យអំណរនឹងកូនស្រីរបស់យ៉ាកុបណាស់ ទ្រង់ជាមនុស្សដែលគេរាប់អានលើសជាងទាំងអស់នៅក្នុងពួកដំណាក់បិតាទ្រង់ ២០ នោះហាម៉ោរ និងស៊ីគែមជាបុត្រក៏ទៅឯទ្វារក្រុង មានព្រះបន្ទូលនឹងពួកមនុស្សនៅទីក្រុងទ្រង់ថា ២១ មនុស្សទាំងនោះគេមានសេចក្តីមេត្រីនឹងយើងទេ ដូច្នេះចូរឲ្យគេអាស្រ័យនៅក្នុងស្រុក និងធ្វើជំនួញជួញប្រែចុះ ដ្បិតមើល ស្រុកនេះធំល្មមឲ្យគេនៅបាន ចូរយើងយកកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់ពួកយើងទៅគេដែរ ២២ តែដែលគេនឹងព្រមនៅជាមួយនឹងយើង ហើយត្រឡប់ជាសាសន៍តែ១ នោះលុះត្រាតែកាលណាពួកប្រុសៗទាំងអស់ខាងយើងបានកាត់ស្បែកដូចជាគេដែរ ២៣ ដូច្នេះ តើហ្វូងគោ ទ្រព្យសម្បត្តិ និងសត្វរបស់គេទាំងអស់មិនត្រឡប់មកជារបស់ផងយើងទេឬអី ចូរយើងគ្រាន់តែព្រមតាមគេប៉ុណ្ណោះ នោះគេនឹងនៅជាមួយនឹងយើងហើយ ២៤ ឯពួកអ្នកដែលចេញចូលតាមទ្វារក្រុងនោះ គេក៏ស្តាប់តាមហាម៉ោរ និងស៊ីគែមជាបុត្រទ្រង់ រួចពួកប្រុសៗ គេកាត់ស្បែកទាំងអស់គ្នា គឺអស់អ្នកដែលចេញចូលតាមទ្វារក្រុងទ្រង់។
២៥ ដល់៣ថ្ងៃក្រោយមក កាលគេឈឺ នោះកូនយ៉ាកុប២នាក់ គឺស៊ីម្មាន និងលេវីជាបងឌីណា ក៏កាន់យកដាវរៀងខ្លួន ចូលទៅឯទីក្រុងនោះ ដោយឥតកោតញញើត ហើយកាប់សំឡាប់មនុស្សប្រុសៗទាំងអស់ទៅ ២៦ គេសំឡាប់ហាម៉ោរ និងស៊ីគែម ជាបុត្រទ្រង់ ដោយដាវ រួចក៏នាំឌីណាពីដំណាក់ស៊ីគែមចេញមក ២៧ ឯពួកកូនយ៉ាកុបទាំងប៉ុន្មានក៏មកដល់ខ្មោចស្លាប់ទាំងនោះ ហើយប្លន់ទីក្រុង ដោយព្រោះតែបានបង្ខូចប្អូនស្រីគេ ២៨ គេយកទាំងហ្វូងចៀម ហ្វូងគោ និងលា ព្រមទាំងរបស់ទ្រព្យនៅក្នុងក្រុង ហើយនៅស្រែចំការរបស់អ្នកទាំងនោះផង ២៩ គេចាប់យកទ្រព្យសម្បត្តិទាំងអស់ និងប្រពន្ធកូនរបស់ពួកនោះទៅជាឈ្លើយ ហើយប្លន់យកទាំងអស់ គឺគ្រប់របស់ដែលនៅក្នុងផ្ទះគេផង ៣០ នោះយ៉ាកុបគាត់និយាយ និងស៊ីម្មានហើយនឹងលេវីថា ឯងរាល់គ្នាបានធ្វើឲ្យអញថប់ព្រួយណាស់ ដោយសំអុយឈ្មោះអញនៅកណ្តាលពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត ជាពួកអ្នកនៅស្រុកនេះ ដែលអញក៏មានគ្នាតិចផង ក្រែងជួនជាគេប្រមូលគ្នាមកវាយអញ នោះទាំងអញ និងពួកគ្រួអញ និងត្រូវវិនាសទាំងអស់ទៅ ៣១ តែគេឆ្លើយថា តើគួរគប្បីដែរឬឲ្យវាមកប្រព្រឹត្តនឹងប្អូនយើងដូចជាស្រីសំផឹងដូច្នេះ។