៤៥
យ៉ូសែប​បង្ហាញ​ខ្លួន​ឲ្យ​បង​ប្អូន​ស្គាល់
១ យ៉ូសែប​ខំ​អត់​ទប់ នៅ​មុខ​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​នៅ​ជិត​គាត់​ពុំ​បាន ក៏​បន្លឺ​វាចា​ថា ចូរ​ឲ្យ​មនុស្ស​ទាំង​អស់​ថយ​ចេញ​ពី​អញ​ទៅ ដូច្នេះ​កំពុង​ដែល​យ៉ូសែប​ថ្លែង​ឲ្យ​ពួក​បង​ប្អូន​ស្គាល់​ខ្លួន នោះ​គ្មាន​មនុស្ស​ណា​មួយ​ឈរ​នៅ​ជិត​ខាង​ឡើយ ២ គាត់​ឡើង​សំឡេង​យំ ឯ​ពួក​សាសន៍​អេស៊ីព្ទ​ក៏​ឮ ព្រម​ទាំង​ពួក​ដំណាក់​ផារ៉ោន​ផង ៣ គាត់​ប្រាប់​ទៅ​បង​ប្អូន​ថា ខ្ញុំ​នេះ​ជា​យ៉ូសែប តើ​ឪពុក​ខ្ញុំ​នៅ​រស់​ទេ​ឬ ឯ​បង​ប្អូន​គាត់​ឆ្លើយ​មិន​បាន ពី​ព្រោះ​គេ​ស្រឡាំងកាំង​ទាំង​អស់​គ្នា​នៅ​មុខ​គាត់ ៤ តែ​យ៉ូសែប​និយាយ​ទៅ​បង​ប្អូន​ថា សូម​មក​ជិត​ខ្ញុំ គេ​ក៏​ចូល​ទៅ​ជិត រួច​គាត់​ប្រាប់​ថា ខ្ញុំ​នេះ​ជា​យ៉ូសែប ជា​ប្អូន​អ្នក​រាល់​គ្នា ដែល​អ្នក​រាល់​គ្នា​បាន​លក់​មក​នៅ​ស្រុក​អេស៊ីព្ទ​នេះ ៥ ឥឡូវ​នេះ​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ព្រួយ​ឬ​តូច​ចិត្ត​ដោយ​បាន​លក់​ខ្ញុំ​មក​ទី​នេះ​ឡើយ ពី​ព្រោះ​គឺ​ព្រះ​ទេ​តើ ដែល​ទ្រង់​ចាត់​ខ្ញុំ​មក​ជា​មុន ដើម្បី​នឹង​រក្សា​ជីវិត​អ្នក​រាល់​គ្នា​ទុក ៦ ដ្បិត​មើល មាន​អំណត់​នៅ​លើ​ផែនដី​២​ឆ្នាំ​នេះ​ហើយ ក៏​ត្រូវ​មាន​៥​ឆ្នាំ​ទៀត ដែល​នឹង​គ្មាន​អ្នក​ណា​ភ្ជួររាស់​ឬ​ច្រូត​កាត់​អ្វី​ឡើយ ៧ ព្រះ​ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​អ្នក​រាល់​គ្នា ដើម្បី​នឹង​រក្សា​អ្នក​រាល់​គ្នា​ឲ្យ​មាន​សំណល់​សល់​នៅ​ផែនដី ហើយ​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​អ្នក​រាល់​គ្នា ដោយ​សេចក្តី​ប្រោសប្រាណ​យ៉ាង​ធំ ៨ ដូច្នេះ​មិន​មែន​អ្នក​រាល់​គ្នា​ដែល​ឲ្យ​ខ្ញុំ​មក​ទី​នេះ​ទេ គឺ​ជា​ព្រះ​វិញ​ទេ​តើ ទ្រង់​បាន​តាំង​ខ្ញុំ​ទុក​ជា​ឪពុក​ដល់​ផារ៉ោន ជា​ម្ចាស់​លើ​ដំណាក់​ទ្រង់​ទាំង​អស់ ហើយ​ជា​ចៅហ្វាយ​ត្រួតត្រា​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល​ផង ៩ ចូរ​អ្នក​រាល់​គ្នា​ប្រញាប់​ឡើង​ទៅ​ឪពុក​ខ្ញុំ និង​ជំរាប​គាត់​ថា យ៉ូសែប​ជា​កូន​លោក​ឪពុក​ផ្តាំ​មក​ដូច្នេះ​ថា ព្រះ​ទ្រង់​បាន​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ដូច្នេះ សូម​អញ្ជើញ​ចុះ​មក​ឯ​ខ្ញុំ កុំ​បង្អង់​ឡើយ ១០ លោក​ឪពុក​នឹង​បាន​នៅ​ក្នុង​ស្រុក​កូសែន ជា​ស្រុក​ជិត​ខ្ញុំ​នោះ គឺ​ទាំង​លោក​ឪពុក និង​កូន​ចៅ​របស់​លោក​ឪពុក​ទាំង​អស់ ហើយ​នឹង​ហ្វូង​ចៀម​ហ្វូង​គោ ព្រម​ទាំង​របស់​លោក​ឪពុក​ទាំង​ប៉ុន្មាន​ផង ១១ នៅ​ស្រុក​នោះ​ខ្ញុំ​នឹង​ចិញ្ចឹម​លោក​ឪពុក ក្រែង​លោក​ឪពុក​អន្តរាយ​ទៅ គឺ​ទាំង​លោក​ឪពុក និង​ពួក​គ្រួសារ​លោក​ឪពុក ហើយ​នឹង​របស់​លោក​ត្រូវ​ឪពុក​ទាំង​អស់​ដែរ ដ្បិត​ត្រូវ​មាន​អំណត់​៥​ឆ្នាំ​ទៀត ១២ មើល​ភ្នែក​បង​រាល់​គ្នា និង​ភ្នែក​បេនយ៉ាមីន ជា​ប្អូន​ខ្ញុំ​ក៏​ឃើញ​ជាក់​ថា គឺ​ជា​មាត់​របស់​ខ្លួន​ខ្ញុំ​នេះ​ហើយ​ដែល​និយាយ​នឹង​អ្នក​រាល់​គ្នា ១៣ ត្រូវ​ឲ្យ​ជំរាប​ឪពុក​ខ្ញុំ​ពី​គ្រប់​ទាំង​សេចក្តី​រុងរឿង​របស់​ខ្ញុំ​នៅ​ស្រុក​អេស៊ីព្ទ​នេះ ហើយ​ពី​គ្រប់​ការ​ទាំង​អស់​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ផង ត្រូវ​ឲ្យ​ប្រញាប់​ទៅ​នាំ​យក​ឪពុក​ខ្ញុំ​ចុះ​មក​ឯ​ណេះ​កុំ​ខាន ១៤ នោះ​គាត់​ឱប​ក​បេនយ៉ាមីន​ជា​ប្អូន​ហើយ​យំ បេនយ៉ាមីន​ក៏​យំ​នៅ​ក​គាត់​ដែរ ១៥ គាត់​ថើប​ដល់​ពួក​បងៗ​ទាំង​អស់ ព្រម​ទាំង​យំ​នឹង​គេ​ផង រួច​មក​បង​ប្អូន​ក៏​និយាយ​រោះរាយ​នឹង​គាត់។
១៦ ដំណឹង​នោះ​បាន​ឮ​ទៅ​ដល់​ក្នុង​ដំណាក់​ផារ៉ោន​ថា បង​ប្អូន​យ៉ូសែប​បាន​មក​ដល់​ហើយ សេចក្តី​នោះ​ក៏​គាប់​ព្រះទ័យ​ដល់​ផារ៉ោន និង​ពួក​មហាតលិក​ទ្រង់ ១៧ រួច​ផារ៉ោន​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​យ៉ូសែប ឲ្យ​ប្រាប់​ដល់​ពួក​បង​ប្អូន​ថា ត្រូវ​ធ្វើ​ដូច្នេះ គឺ​ឲ្យ​ផ្ទុក​សត្វ​របស់​ឯង​រាល់​គ្នា​ទៅ​ឯ​ស្រុក​កាណាន​ទៅ ១៨ រួច​នាំ​យក​ឪពុក និង​ពួក​គ្រួសារ​របស់​ឯង​រាល់​គ្នា​មក​ឯ​ណេះ អញ​នឹង​ឲ្យ​ទី​កន្លែង​ដ៏​ល្អ​ក្នុង​ស្រុក​អេស៊ីព្ទ​ដល់​ឯង​រាល់​គ្នា នោះ​ឯង​រាល់​គ្នា​នឹង​បាន​បរិភោគ​របស់​ល្អ​បំផុត​នៅ​ស្រុក​នេះ​ត​ទៅ ១៩ ឯង​បាន​ទទួល​បង្គាប់​ហើយ ដូច្នេះ​ចូរ​ធ្វើ​យ៉ាង​នេះ​ចុះ គឺ​ឲ្យ​យក​រទេះ​ពី​ស្រុក​អេស៊ីព្ទ​នេះ​ទៅ សំរាប់​ប្រពន្ធ​ឯង​រាល់​គ្នា​ព្រម​ទាំង​កូន​តូចៗ​ផង ហើយ​បញ្ជិះ​ឪពុក​ឯង​រាល់​គ្នា​នាំ​ចុះ​មក​ឯ​ណេះ ២០ កុំ​ឲ្យ​ស្តាយ​របស់​ទ្រព្យ​ឯង​រាល់​គ្នា​ឡើយ ពី​ព្រោះ​គ្រប់​ទាំង​របស់​ល្អ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​មូល ជា​របស់​ផង​ឯង​រាល់​គ្នា​ហើយ។
២១ ពួក​កូន​អ៊ីស្រាអែល​ក៏​ធ្វើ​ដូច្នោះ ហើយ​យ៉ូសែប​គាត់​ឲ្យ​រទេះ​ទៅ​គេ​តាម​បង្គាប់​ផារ៉ោន ក៏​ឲ្យ​ស្បៀង​អាហារ​បរិភោគ​តាម​ផ្លូវ​ផង ២២ គាត់​ឲ្យ​សំលៀកបំពាក់​ពីរ​បី​បន្លាស់​ដល់​គ្រប់​គ្នា តែ​គាត់​បាន​ឲ្យ​ប្រាក់​៣០០​ដួង និង​សំលៀកបំពាក់​៥​បន្លាស់​ដល់​បេនយ៉ាមីន ២៣ រួច​ក៏​ផ្ញើ​ទៅ​ជូន​ឪពុក​យ៉ាង​នេះ គឺ​លា​១០ ផ្ទុក​សុទ្ធ​តែ​របស់​ល្អ​ពី​ស្រុក​អេស៊ីព្ទ ហើយ​លា​ញី​១០ ផ្ទុក​សុទ្ធ​តែ​ស្រូវ ព្រម​ទាំង​នំបុ័ង​នឹង​ស្បៀង​សំរាប់​ឪពុក​មក​តាម​ផ្លូវ ២៤ គាត់​ក៏​បញ្ជូន​ឲ្យ​បង​ប្អូន​ទៅ ដោយ​ពាក្យ​បណ្តាំ​ថា កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​តាម​ផ្លូវ​ណ៎ះ នោះ​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ។
២៥ គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឡើង​ទៅ​ដល់​យ៉ាកុប​ជា​ឪពុក​នៅ​ស្រុក​កាណាន ២៦ ក៏​ជំរាប​ថា យ៉ូសែប​នៅ​រស់​ទេ គឺ​វា​ហើយ​ដែល​ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​អេស៊ីព្ទ​ទាំង​មូល នោះ​គាត់​មាន​ចិត្ត​ភាំង​ស្លុត ដោយ​មិន​បាន​ជឿ​ទេ ២៧ តែ​គេ​ជំរាប​គាត់​តាម​គ្រប់​ទាំង​ពាក្យ​របស់​យ៉ូសែប ដែល​បាន​ផ្តាំ​មក ហើយ​កាល​គាត់​ឃើញ​រទេះ​ទាំង​នោះ ដែល​យ៉ូសែប​ឲ្យ​មក​សំរាប់​បញ្ជិះ​គាត់​ទៅ នោះ​ទើប​យ៉ាកុប​ជា​ឪពុក​បាន​ភ្ញាក់​ខ្លួន​ឡើង ២៨ ហើយ​អ៊ីស្រាអែល​និយាយ​ថា ប៉ុណ្ណោះ​ជឿ​ហើយ យ៉ូសែប​កូន​អញ​នៅ​រស់​មែន អញ​នឹង​ទៅ​ឲ្យ​ឃើញ​វា​មុន​ដែល​អញ​ស្លាប់។