៥០
ពិធី​បញ្ចុះ​សព​របស់​យ៉ាកុប
១ យ៉ូសែប​ក៏​ក្រាប​ផ្ទប់​នៅ​លើ​មុខ​ឪពុក ទាំង​យំ​ហើយ​ថើប​គាត់ ២ រួច​យ៉ូសែប​បង្គាប់​ដល់​គ្រូពេទ្យ​ជា​អ្នក​បំរើ​គាត់​ឲ្យ​ដាក់​បារទសព​ឪពុក ពួក​គ្រូពេទ្យ​ក៏​ដាក់​បារទសព​អ៊ីស្រាអែល​ទៅ ៣ គេ​រៀបចំ​ឲ្យ​គាត់​ពេញ​៤០​ថ្ងៃ ដ្បិត​គឺ​គំរប​ថ្ងៃ​ទាំង​នោះ ដែល​ធ្លាប់​ដាក់​បារទខ្មោច​ទាំង​ប៉ុន្មាន ហើយ​ពួក​សាសន៍​អេស៊ីព្ទ​គេ​នាំ​គ្នា​ទុក្ខ​អស់​៧០​ថ្ងៃ ៤ រួច​កាល​ផុត​វេលា​ដែល​គេ​កាន់​ទុក្ខ​ហើយ នោះ​យ៉ូសែប​ក៏​ផ្តាំ​ដល់​ពួក​ដំណាក់​ផារ៉ោន​ថា ឥឡូវ​បើ​ខ្ញុំ​ប្រកប​ដោយ​គុណ​នៃ​អ្នក​រាល់​គ្នា នោះ​សូម​ទូល​ដល់​ផារ៉ោន​ថា ៥ ឪពុក​យើង​បាន​ឲ្យ​យើង​ស្បថ​ដោយ​ថា មើល អញ​ត្រូវ​ស្លាប់ ចូរ​ឯង​កប់​សព​អញ​នៅ​ក្នុង​ផ្នូរ​របស់​អញ ដែល​អញ​បាន​ជីក​សំរាប់​អញ​នៅ​ស្រុក​កាណាន ដូច្នេះ​សូម​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​បាន​ឡើង​ទៅ កប់​ខ្មោច​របស់​ឪពុក​យើង​ឥឡូវ រួច​យើង​នឹង​វិល​ត្រឡប់​មក​វិញ ៦ នោះ​ផារ៉ោន​ទ្រង់​មាន​ព្រះបន្ទូល​ថា ចូរ​ឡើង​ទៅ​កប់​សព​ឪពុក​អ្នក​ចុះ តាម​ដែល​គាត់​បាន​ឲ្យ​អ្នក​ស្បថ​នោះ។
៧ យ៉ូសែប​ក៏​ឡើង​ទៅ​កប់​សព​ឪពុក ហើយ​ពួក​មហាតលិក​ផារ៉ោន​ទាំង​អស់ និង​ពួក​ចាស់ទុំ​នៅ​ដំណាក់​ទ្រង់ ព្រម​ទាំង​ពួក​ចាស់ទុំ​នៅ​ស្រុក​អេស៊ីព្ទ​ទាំង​ប៉ុន្មាន​ក៏​ឡើង​ទៅ​ជា​មួយ​ដែរ ៨ ហើយ​ពួក​ផ្ទះ​យ៉ូសែប ទាំង​បង​ប្អូន​គាត់ និង​ពួក​ផ្ទះ​ឪពុក​គាត់​ទាំង​អស់​ផង សល់​នៅ​តែ​កូន​ក្មេង និង​ហ្វូង​ចៀម ហ្វូង​គោ​របស់​គេ​ប៉ុណ្ណោះ​ដែល​ទុក​ឲ្យ​នៅ​ស្រុក​កូសែន ៩ ក៏​មាន​រទេះ និង​ពួក​ជិះ​សេះ​ដង្ហែ​ជូន​គាត់​ទៅ​ជា​ហ្វូង​មនុស្ស​ដ៏​ច្រើន​ក្រៃលែង ១០ គេ​ទៅ​ដល់​លាន​ស្រូវ​របស់​អ័ថាត់ ដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ នៅ​ទី​នោះ​គេ​ទួញ​ទំនួញ​ជា​ខ្លាំង ហើយ​យ៉ូសែប​ក៏​កាន់​ទុក្ខ​នឹង​ឪពុក​អស់​៧​ថ្ងៃ ១១ កាល​ពួក​អ្នក​ស្រុក​នោះ គឺ​ពួក​សាសន៍​កាណាន​បាន​ឃើញ​គេ​កាន់​ទុក្ខ​នៅ​ត្រង់​លាន​ស្រូវ​អ័ថាត់​ដូច្នោះ នោះ​គេ​និយាយ​ថា នេះ​ជា​ការ​កាន់​ទុក្ខ​យ៉ាង​ខ្លាំង​ណាស់​របស់​ពួក​សាសន៍​អេស៊ីព្ទ បាន​ជា​គេ​ហៅ​ទី​នោះ​ថា អេបិល-មីសរ៉ែមដែល​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ ១២ ពួក​កូន​ចៅ​យ៉ាកុប ក៏​ធ្វើ​សំរេច​ដល់​គាត់ ដូច​ជា​គាត់​បាន​ផ្តាំ​ទុក ១៣ គឺ​ពួក​កូន​ចៅ​បាន​ដឹក​សព​គាត់ ទៅ​ដល់​ស្រុក​កាណាន ហើយ​បញ្ចុះ​នៅ​ក្នុង​រអាង នា​ចំការ​ម៉ាក់ពេឡា ខាង​មុខ​ម៉ាមរេដែល​អ័ប្រាហាំ​បាន​ទិញ​ពី​អេប្រុន​ជា​សាសន៍​ហេត​ជា​មួយ​នឹង​ចំការ​នោះ ទុក​ជា​ទី​កប់​ខ្មោច​របស់​ផង​គាត់ ១៤ រួច​ក្រោយ​ដែល​បាន​បញ្ចុះ​សព​ឪពុក​ហើយ នោះ​យ៉ូសែប​ត្រឡប់​ទៅ​ឯ​ស្រុក​អេស៊ីព្ទ​វិញ ព្រម​ទាំង​ពួក​បង​ប្អូន និង​អស់​អ្នក​ដែល​បាន​ឡើង​ទៅ​ជា​មួយ ដើម្បី​នឹង​បញ្ចុះ​សព​ឪពុក​គាត់​ផង។
យ៉ូសែប​លើក​ទឹក​ចិត្ត​បងៗ​កុំ​ឲ្យ​បារម្ភ
១៥ កាល​ពួក​បង​របស់​យ៉ូសែប​ឃើញ​ថា ឪពុក​បាន​ស្លាប់​ហើយ នោះ​គេ​ជំនុំ​គ្នា​ថា ប្រហែល​ជា​យ៉ូសែប​នឹង​ស្អប់​យើង​ហើយ មុខ​ជា​វា​នឹង​សងសឹក​ចំពោះ​យើង​ជា​មិន​ខាន ដោយ​ព្រោះ​គ្រប់​ទាំង​ការ​អាក្រក់​ដែល​យើង​បាន​ធ្វើ​ដល់​វា ១៦ រួច​គេ​ចាត់​ម្នាក់ ឲ្យ​ទៅ​និយាយ​នឹង​យ៉ូសែប​ថា ឪពុក​ប្អូន​បាន​ផ្តាំ​ទុក​មុន​ដែល​គាត់​ស្លាប់​ថា ១៧ ចូរ​ឯង​រាល់​គ្នា​និយាយ​នឹង​យ៉ូសែប​ដូច្នេះ​ថា សូម​អត់​ទោស​សេចក្តី​រំលង​នឹង​អំពើ​បាប​របស់​ពួក​បង​ឥឡូវ ដ្បិត​គេ​បាន​ប្រព្រឹត្ត​អាក្រក់​នឹង​ប្អូន​ទៅ​ហើយ ដូច្នេះ​សូម​អត់​ទោស​ពួក​អ្នក​បំរើ​របស់​ព្រះ​នៃ​ឪពុក​ប្អូន​ឥឡូវ កាល​យ៉ូសែប​បាន​ឮ​សេចក្តី​ដែល​គេ​និយាយ នោះ​ក៏​យំ ១៨ ហើយ​ពួក​បង​គាត់​ក៏​ទៅ​ទំលាក់​ខ្លួន​ក្រាប​ចុះ​នៅ​ចំពោះ​មុខ​គាត់​ដែរ ដោយ​ពាក្យ​ថា មើល យើង​ខ្ញុំ​ជា​អ្នក​បំរើ​ប្អូន ១៩ នោះ​យ៉ូសែប​ឆ្លើយ​តប​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​តើ​ខ្ញុំ​ជា​ព្រះ​ឬ​អី ២០ អ្នក​រាល់​គ្នា​បាន​គិត​ធ្វើ​អាក្រក់​ដល់​ខ្ញុំ តែ​ព្រះ​ទ្រង់​សំរេច​ជា​ការ​ល្អ​វិញ ដើម្បី​នឹង​សង្គ្រោះ​ដល់​ជីវិត​នៃ​មនុស្ស​ជា​ច្រើន ដូច​ជា​បាន​កើត​មាន​សព្វ​ថ្ងៃ​នេះ ២១ ដូច្នេះ​កុំ​ឲ្យ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ចិញ្ចឹម​អ្នក​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​ដែរ គាត់​ក៏​កំសាន្ត​ចិត្ត​គេ ហើយ​និយាយ​ស្រទន់​នឹង​គេ។
យ៉ូសែប​ទទួល​មរណភាព
២២ ឯ​យ៉ូសែប និង​ពួក​គ្រួ​ឪពុក​គាត់​ទាំង​ប៉ុន្មាន ក៏​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ត​ទៅ យ៉ូសែប​គាត់​រស់​នៅ បាន​អាយុ​១១០​ឆ្នាំ ២៣ គាត់​ឃើញ​កូន​ចៅ​របស់​អេប្រាអិម​ដល់​៣​ដំណ ឯ​កូន​ចៅ​ម៉ាគារ​ជា​កូន​ម៉ាន៉ាសេ នោះ​គាត់​ក៏​បាន​កាន់​ដាក់​នៅ​លើ​ភ្លៅ​ដែរ ២៤ រួច​គាត់​និយាយ​ទៅ​បង​ប្អូន​ថា ខ្ញុំ​ហៀប​នឹង​ស្លាប់​ហើយ តែ​ព្រះ​ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន ហើយ​នឹង​នាំ​អ្នក​រាល់​គ្នា​ឡើង ចេញ​ពី​ស្រុក​អេស៊ីព្ទ​នេះ ទៅ​ក្នុង​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ២៥ យ៉ូសែប​ក៏​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ស្បថ ដោយ​ផ្តាំ​ថា ព្រះ​ទ្រង់​នឹង​ប្រោស​អ្នក​រាល់​គ្នា​ជា​មិន​ខាន នោះ​អ្នក​រាល់​គ្នា​ត្រូវ​យក​ឆ្អឹង​ខ្ញុំ​ចេញ​ពី​នេះ​ឡើង​ទៅ​ជា​មួយ​ផង ២៦ យ៉ូសែប​គាត់​ក៏​ស្លាប់​ទៅ​អាយុ​គាត់​បាន​១១០​ឆ្នាំ ហើយ​គេ​ដាក់​បារទសព​គាត់ រួច​ដាក់​ចុះ​ក្នុង​មឈូស​នៅ​ស្រុក​អេស៊ីព្ទ។:៚