៣
ព្រះយេស៊ូវមានឋានៈធំជាងលោកម៉ូសេ
១ ដូច្នេះ បងប្អូនបរិសុទ្ធ ដែលមានចំណែកក្នុងការងារស្ថានសួគ៌អើយ ចូរពិចារណាពីព្រះយេស៊ូវ ជាសាវ័ក និងជាសំដេចសង្ឃ ដែលយើងថា យើងជឿតាមនោះចុះ ២ គឺដែលទ្រង់ស្មោះត្រង់ដល់ព្រះដែលតាំងទ្រង់ ដូចជាលោកម៉ូសេក៏ស្មោះត្រង់ ក្នុងដំណាក់នៃព្រះទាំងមូលដែរ ៣ ដ្បិតដែលមនុស្សសង់ផ្ទះតែងមានកេរ្តិ៍ឈ្មោះ លើសជាងផ្ទះនោះយ៉ាងណា នោះទ្រង់ក៏បានរាប់ជាគួរនឹងសិរីល្អ លើសជាងលោកម៉ូសេយ៉ាងនោះដែរ ៤ ព្រោះគ្រប់ទាំងផ្ទះតែងមានគេធ្វើ តែឯអ្នកដែលបានធ្វើគ្រប់របស់ទាំងអស់ នោះគឺជាព្រះវិញ ៥ ហើយលោកម៉ូសេក៏ស្មោះត្រង់ នៅក្នុងដំណាក់នៃទ្រង់ទាំងមូលមែន ទុកដូចជាអ្នកបំរើ សំរាប់ជាទីបន្ទាល់ ពីការដែលត្រូវថ្លែងប្រាប់មកតាមក្រោយ ៦ តែព្រះគ្រីស្ទ ទ្រង់ស្មោះត្រង់ ទុកដូចជាព្រះរាជបុត្រា ដែលត្រួតលើដំណាក់ទ្រង់វិញ គឺយើងរាល់គ្នានេះជាដំណាក់នោះ បើយើងកាន់ចិត្តមោះមុត និងសេចក្តីអំនួត ចំពោះសេចក្តីសង្ឃឹមនេះ យ៉ាងខ្ជាប់ខ្ជួនដរាបដល់ចុងបំផុតមែន។
៧ ដូច្នេះ ចូរប្រយ័ត្នបងប្អូនអើយ ក្រែងមានពួកអ្នករាល់គ្នាណាមួយ មានចិត្តអាក្រក់ ដោយមិនជឿ ព្រមទាំងបោះបង់ចោលព្រះដ៏មានព្រះជន្មរស់នៅ ៨ ដូចជាព្រះវិញ្ញាណបរិសុទ្ធបានមានព្រះបន្ទូលថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ ៩ នោះកុំឲ្យតាំងចិត្តរឹងរូសឡើយ ដូចកាលគ្រាបះបោរ នៅថ្ងៃដែលមានសេចក្តីល្បួង នៅក្នុងទីរហោស្ថាន ១០ ជាកន្លែងដែលពួកឰយុកោឯងរាល់គ្នាបានល្បងអញ ទាំងសាកអញមើល ហើយក៏ឃើញការអញធ្វើ នៅរវាង៤០ឆ្នាំផងនោះ ១១ ដូច្នេះ អញក៏គ្នាន់ក្នាញ់នឹងមនុស្សដំណនោះ ហើយនិយាយថា វារាល់គ្នាចេះតែមានចិត្តវង្វេងជាដរាប ហើយមិនបានស្គាល់ផ្លូវរបស់អញសោះ ១២ បានជាអញស្បថទាំងកំហឹងថា វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្តីសំរាករបស់អញសោះឡើយ» ១៣ តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា «ថ្ងៃនេះ»នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្តីបញ្ឆោតរបស់អំពើបាប ១៤ ដ្បិតបើយើងរាល់គ្នាកាន់ខ្ជាប់ តាមសេចក្តីជំនឿដើម ដរាបដល់ចុងបំផុតមែន នោះពិតជាយើងបានត្រឡប់ជាអ្នកមានចំណែកជាមួយនឹងព្រះគ្រីស្ទហើយ ១៥ កំពុងដែលនៅមានសេចក្តីថា «នៅថ្ងៃនេះ បើឯងរាល់គ្នាឮសំឡេងទ្រង់ នោះកុំឲ្យតាំងចិត្តរឹងរូស ដូចកាលគ្រាបះបោរនោះឡើយ» ១៦ ចុះតើអ្នកណាដែលឮ រួចកើតបះបោរនោះ តើមិនមែនជាអស់អ្នក ដែលលោកម៉ូសេបាននាំចេញពីស្រុកអេស៊ីព្ទទេឬអី ១៧ តើឯទ្រង់គ្នាន់ក្នាញ់នឹងអ្នកណា នៅរវាង៤០ឆ្នាំនោះ តើមិនមែននឹងអស់អ្នកដែលបានធ្វើបាប ដែលសាកសពរបស់គេបានដួល នៅទីរហោស្ថានទេឬអី ១៨ ហើយតើទ្រង់បានស្បថនឹងអ្នកណាថា «វារាល់គ្នាមិនត្រូវចូល ទៅក្នុងសេចក្តីសំរាក របស់អញសោះឡើយ» បើមិនមែននឹងអស់អ្នក ដែលមិនស្តាប់បង្គាប់ទេ ១៩ ដូច្នេះ យើងឃើញថា អ្នកទាំងនោះពុំអាចនឹងចូលបានទេ ដោយព្រោះគេមិនជឿ។