៥
១ ពីព្រោះអស់ទាំងសំដេចសង្ឃ ដែលគេរើសយកពីពួកមនុស្ស នោះបានតាំងសំរាប់មនុស្ស ក្នុងអស់ទាំងការខាងឯព្រះ ដើម្បីនឹងថ្វាយដង្វាយ និងយញ្ញបូជា ដោយព្រោះបាប ២ ជាអ្នកដែលមានអធ្យាស្រ័យដល់មនុស្សខ្លៅល្ងង់ និងមនុស្សវង្វេងផង ដោយព្រោះលោកក៏មានសេចក្តីកំសោយ នៅព័ទ្ធជុំវិញខ្លួនដែរ ៣ ហើយដោយហេតុនោះ បានជាលោកត្រូវថ្វាយដង្វាយ ដោយព្រោះបាបរបស់ខ្លួនលោក ដូចជាតែងថ្វាយ ដោយព្រោះបាបនៃបណ្តាជនដែរ ៤ គ្មានអ្នកណាលើកខ្លួនដល់ងារដ៏ប្រសើរនោះឡើយ មានតែអ្នកដែលព្រះទ្រង់ហៅប៉ុណ្ណោះ តួយ៉ាងដូចជាលោកអើរ៉ុន ៥ ដូច្នេះ ព្រះគ្រីស្ទក៏មិនបានដំកើងព្រះអង្គទ្រង់ឡើងធ្វើជាសំដេចសង្ឃដែរ គឺជាព្រះវិញទេតើដែលមានព្រះបន្ទូលទៅទ្រង់ថា «ឯងជាកូនអញៗ បានបង្កើតឯងនៅថ្ងៃនេះ» ៦ ដូចក្នុងបទ១ទៀត ព្រះក៏មានព្រះបន្ទូលថា «ឯងជាសង្ឃនៅអស់កល្បជានិច្ច តាមរបៀបលោកម៉ិលគីស្សាដែក» ៧ ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់ ៨ ហើយទោះបើទ្រង់ជាព្រះរាជបុត្រាក៏ដោយ គង់តែទ្រង់បានរៀនស្តាប់បង្គាប់ ដោយសារការដែលទ្រង់រងទុក្ខលំបាកទាំងប៉ុន្មាននោះដែរ ៩ រួចកាលទ្រង់បានគ្រប់លក្ខណ៍ហើយ នោះទ្រង់បានត្រឡប់ជាមេបង្កើត នៃសេចក្តីសង្គ្រោះដ៏នៅអស់កល្បជានិច្ច ដល់អស់អ្នកណាដែលស្តាប់បង្គាប់ទ្រង់ ១០ ដោយព្រះបានតាំងងារទ្រង់ជាសំដេចសង្ឃ តាមរបៀបលោកម៉ិលគីស្សាដែក។
ពាក្យដាស់តឿនឲ្យតស៊ូស្មោះត្រង់នឹងជំនឿ
១១ យើងខ្ញុំមានសេចក្តីជាច្រើននឹងអធិប្បាយពីលោកនោះ ដែលពិបាកពន្យល់ ដ្បិតអ្នករាល់គ្នាបានត្រឡប់ជាព្រងើយនឹងការស្តាប់ ១២ គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូ ដោយព្រោះជឿជាយូរមកហើយ តែអ្នករាល់គ្នាត្រូវការ ឲ្យគេបង្រៀនទាំងខ្លឹមរបស់បថមសិក្សា នៃព្រះបន្ទូលម្តងទៀត ហើយមិនត្រូវការនឹងអាហាររឹង គឺត្រូវការនឹងទឹកដោះវិញ ១៣ ដ្បិតអស់អ្នកណាដែលទទួលទានទឹកដោះ នោះមិនប្រសប់ខាងឯព្រះបន្ទូលនៃសេចក្តីសុចរិតទេ ពីព្រោះអ្នកនោះជាកូនតូចនៅឡើយ ១៤ ឯអាហាររឹង នោះសំរាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ។