ការ​គោរព​ថ្វាយ​បង្គំ​ព្រះ​តាម​របៀប​ចាស់ និង​តាម​របៀប​ថ្មី
១ ចំណែក​សេចក្តី​សញ្ញា​មុន​នោះ គឺ​មាន​របៀប​ថ្វាយ​បង្គំ​ព្រះ ក៏​មាន​ទី​បរិសុទ្ធ ដែល​នៅ​លោកីយ៍​នេះ​ដែរ ២ ដ្បិត​គេ​បាន​ធ្វើ​រោង​ឧបោសថ ដែល​ប៉ែក​ខាង​មុខ​ហៅ​ថា ទី​បរិសុទ្ធ ជា​កន្លែង​មាន​ជើង​ចង្កៀង និង​តុ ហើយ​នំបុ័ង​តាំង​ទុក ៣ ខាង​ក្រោយ​វាំងនន​ទី​២ មាន​កន្លែង​ហៅ​ថា ទី​បរិសុទ្ធ​បំផុត ៤ ទី​នោះ​មាន​ជើងពាន​មាស សំរាប់​ដុត​គ្រឿង​ក្រអូប និង​ហិប​នៃ​សេចក្តី​សញ្ញា​ដែល​ស្រោប​ដោយ​មាស​ជុំវិញ​ទាំង​អស់ នៅ​ក្នុង​ហិប​នោះ​មាន​ចាន​មាស​ដាក់​នំ​ម៉ាន៉ា ក៏​មាន​ដំបង​របស់​លោក​អើរ៉ុន​ដែល​ប៉ិច​ឡើង និង​បន្ទះ​ថ្ម​នៃ​សេចក្តី​សញ្ញា​ផង ៥ ឯ​ខាង​លើ​ហិប​នោះ មាន​រូប​ចេរូប៊ីន​ដ៏​មាន​សិរីល្អ ដែល​បាំង​ទី​សន្តោស​ប្រោស តែ​យើង​ខ្ញុំ​ថ្លែង​ពី​របស់​ទាំង​នោះ​ដោយ​ពិស្តារ ក្នុង​ពេល​ឥឡូវ​នេះ​មិន​បាន​ទេ។
៦ កាល​របស់​ទាំង​នោះ​បាន​រៀប​ជា​ស្រេច​ហើយ នោះ​ពួក​សង្ឃ​ក៏​ចូល​ទៅ សំរេច​ការងារ​ក្នុង​រោង​ឧបោសថ ផ្នែក​ខាង​មុខ​ជានិច្ច ៧ តែ​ឯ​ផ្នែក​ខាង​ក្នុង នោះ​មាន​តែ​សំដេច​សង្ឃ​តែ​ឯង​ប៉ុណ្ណោះ​ដែល​ចូល​ទៅ​បាន ក្នុង​១​ឆ្នាំ​១​ដង ក៏​មិន​មែន​ឥត​យក​ឈាម ដែល​លោក​ថ្វាយ​ដោយ​ព្រោះ​ខ្លួន​លោក និង​អំពើ​បាប​ដែល​ប្រជាជន​ប្រព្រឹត្ត ដោយ​ឥត​ដឹង​នោះ​ដែរ ៨ យ៉ាង​នោះ ព្រះវិញ្ញាណ​បរិសុទ្ធ​សំដែង​ថា កាល​រោង​ឧបោសថ​មុន​នោះ​នៅៗ ឡើយ នោះ​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​មិន​ទាន់​បើក​ទេ ៩ នេះ​ជា​សេចក្តី​ប្រៀប​ពន្យល់​ដល់​ជាន់​ឥឡូវ​នេះ ជា​គ្រា​ដែល​គេ​នៅ​តែ​ថ្វាយ​ដង្វាយ និង​យញ្ញបូជា​នៅ​ឡើយ ដែល​ដង្វាយ​ទាំង​នោះ​ពុំ​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ដែល​ថ្វាយ​បាន​គ្រប់​លក្ខណ៍​ខាង​ឯ​បញ្ញា​ចិត្ត​បាន​ឡើយ ១០ ដ្បិត​មាន​តែ​សេចក្តី​បញ្ញត្ត​ខាង​សាច់​ឈាម​ទេ ដែល​សំដែង​ពី​ម្ហូបម្ហា និង​គ្រឿង​ផឹក ហើយ​ការ​លាង​សំអាត​ផ្សេងៗ ដែល​បង្គាប់​មក ដរាប​ដល់​វេលា​ដែល​រៀបចំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ។
១១ ប៉ុន្តែ កាល​ព្រះគ្រីស្ទ​បាន​យាង​មក ធ្វើ​ជា​សំដេច​សង្ឃ ខាង​ឯ​សេចក្តី​ល្អ​ដែល​ត្រូវ​មក គឺ​ធ្វើ​ដោយសារ​រោង​ឧបោសថ​ដ៏​វិសេស​ជាង ហើយ​គ្រប់​លក្ខណ៍​ជាង ដែល​មិន​បាន​ធ្វើ​ដោយ​ដៃ គឺ​ថា មិន​មែន​ជា​របស់​ផង​លោកីយ៍​នេះ​ទេ ១២ នោះ​ទ្រង់​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត​១​ដង​ជា​សំរេច ទាំង​បាន​សេចក្តី​ប្រោស​លោះ នៅ​អស់​កល្ប​ជានិច្ច មិន​មែន​ដោយ​យក​ឈាម​ពពែ​ឈ្មោល ឬ​ឈាម​កូន​គោ​ទេ គឺ​ដោយ​យក​ព្រះលោហិត​នៃ​អង្គ​ទ្រង់​វិញ ១៣ ដ្បិត​បើ​សិន​ជា​ឈាម​គោ​ឈ្មោល និង​ឈាម​ពពែ​ឈ្មោល ហើយ​ផែះ​គោ​ក្រមុំ ដែល​គេ​ប្រោះ​លើ​មនុស្ស​ស្មោកគ្រោក បាន​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ ខាង​សាច់​ឈាម​បាន​ទៅ​ហើយ ១៤ ចំណង់​បើ​ព្រះលោហិត​របស់​ព្រះគ្រីស្ទ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះអង្គ​ទ្រង់ ឥត​សៅហ្មង ដល់​ព្រះ ដោយសារ​ព្រះវិញ្ញាណ​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច នោះ​នឹង​សំអាត​ទាំង​បញ្ញា​ចិត្ត​អ្នក​រាល់​គ្នា ពី​អស់​ទាំង​ការ​ស្លាប់​ផង ដើម្បី​ឲ្យ​បាន​បំរើ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ តើ​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត ១៥ ដោយ​ហេតុ​នោះ​បាន​ជា​ទ្រង់​ជា​អ្នក​កណ្តាល​នៃ​សញ្ញា​ថ្មី ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​ទ្រង់​ហៅ បាន​ទទួល​សេចក្តី​សន្យា ទុក​ជា​មរដក​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ទ្រង់​សុគត ប្រយោជន៍​នឹង​ប្រោស​លោះ​គេ ឲ្យ​រួច​ពី​ការ​រំលង ដែល​គេ​ប្រព្រឹត្ត​ពី​កាល​នៅ​ក្រោម​សញ្ញា​ចាស់​នៅ​ឡើយ ១៦ ដ្បិត​ដែល​មាន​សំបុត្រ​សញ្ញា​ចែក​មរដក នោះ​ត្រូវ​ដល់​ម្ចាស់​សំបុត្រ​ស្លាប់​ទៅ​សិន ទើប​ចែក​បាន ១៧ ពី​ព្រោះ​សំបុត្រ​សញ្ញា​នោះ​មាន​ប្រយោជន៍​តែ​កាល​ណា​ម្ចាស់​បាន​ស្លាប់​ទៅ​ហើយ​ទេ កាល​ម្ចាស់​កំពុង​រស់​នៅ​ឡើយ នោះ​គ្មាន​អំណាច​សោះ ១៨ ដូច្នេះ សេចក្តី​សញ្ញា​ចាស់​ក៏​មិន​បាន​តាំង​ឡើង ដោយ​ឥត​ឈាម​ដែរ ១៩ ពី​ព្រោះ កាល​លោក​ម៉ូសេ​បាន​មាន​ប្រសាសន៍ ប្រាប់​ពី​បញ្ញត្ត​ទាំង​ប៉ុន្មាន តាម​ក្រឹត្យវិន័យ ដល់​ប្រជាជន​ទាំងឡាយ​ហើយ នោះ​លោក​ក៏​យក​ឈាម​កូន​គោ និង​ឈាម​ពពែ ព្រម​ទាំង​ទឹក និង​រោម​ចៀម​ជ្រលក់​ក្រហម ហើយ​និង​មែក​ហ៊ីសុប មក​ប្រោះ​លើ​គម្ពីរ​នោះ​ឯង ព្រម​ទាំង​លើ​ប្រជាជន​ទាំង​អស់​ដែរ ២០ ដោយ​មាន​ប្រសាសន៍​ថា «នេះ​ជា​ឈាម​នៃ​សញ្ញា ដែល​ព្រះ​ទ្រង់​បង្គាប់​មក​អ្នក​រាល់​គ្នា» ២១ លោក​ក៏​ប្រោះ​ឈាម​ទៅ​លើ​រោង​ឧបោសថ និង​គ្រឿង​ប្រដាប់​ដែល​សំរាប់​ការងារ​ទាំង​ប៉ុន្មាន​បែប​ដូច្នោះ​ដែរ ២២ ហើយ​តាម​ក្រឹត្យវិន័យ សឹង​តែ​គ្រប់​របស់​ទាំង​អស់​បាន​ស្អាត ដោយសារ​ឈាម បើ​គ្មាន​ខ្ចាយ​ឈាម​ទេ នោះ​គ្មាន​ផ្លូវ​ណា​ឲ្យ​បាន​រួច​ពី​បាប​ឡើយ។
ព្រះគ្រីស្ទ​ជា​យញ្ញបូជា​រំដោះ​បាប
២៣ ដូច្នេះ អស់​ទាំង​គំរូ​ពី​របស់​នៅ​ស្ថានសួគ៌​បាន​ត្រូវ​សំអាត ដោយសារ​របស់​ទាំង​នោះ តែ​របស់​នៅ​ស្ថានសួគ៌​វិញ នោះ​ត្រូវ​សំអាត​ដោយ​យញ្ញបូជា​ប្រសើរ​ជាង​ទៅ​ទៀត ២៤ ដ្បិត​ព្រះគ្រីស្ទ​ទ្រង់​មិន​បាន​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​ធ្វើ​ដោយ​ដៃ ដែល​ជា​គំរូ​ពី​ទី​បរិសុទ្ធ​ពិត​នោះ​ទេ គឺ​បាន​ចូល​ទៅ​ក្នុង​ស្ថានសួគ៌​នោះ​ឯង ដើម្បី​នឹង​លេច​មក​ក្នុង​ពេល​ឥឡូវ​នេះ នៅ​ចំពោះ​ព្រះភក្ត្រ​នៃ​ព្រះ ដំណាង​យើង​រាល់​គ្នា ២៥ ក៏​មិន​មែន​នឹង​ថ្វាយ​ព្រះអង្គ​ទ្រង់​ជា​ញឹកញយ ដូច​ជា​សំដេច​សង្ឃ ដែល​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ​រាល់​តែ​ឆ្នាំ ទាំង​យក​ឈាម​ដទៃ​នោះ​ដែរ ២៦ ដ្បិត​បើ​យ៉ាង​ដូច្នោះ នោះ​ត្រូវ​ឲ្យ​ទ្រង់​រង​ទុក្ខ​ជា​ច្រើន​ដង តាំង​ពី​កំណើត​លោកីយ៍​មក តែ​ជាន់​ឥឡូវ​នេះ ដែល​ជា​ចុង​បំផុត​អស់​ទាំង​កល្ប នោះ​ទ្រង់​បាន​លេច​មក​១​ដង ដើម្បី​នឹង​លើក​អំពើ​បាប​ចោល ដោយ​ថ្វាយ​ព្រះអង្គ​ទ្រង់​វិញ ទុក​ជា​យញ្ញបូជា ២៧ ហើយ​ដោយ​ព្រោះ​បាន​តម្រូវ​ឲ្យ​មនុស្ស​ទាំង​អស់​ស្លាប់​១​ដង រួច​សឹម​ជាប់​សេចក្តី​ជំនុំជំរះ ២៨ ដូច្នេះ ព្រះគ្រីស្ទ​ក៏​បែប​យ៉ាង​នោះ​ដែរ ដែល​ទ្រង់​បាន​ថ្វាយ​ព្រះអង្គ​ទ្រង់​១​ដង ហើយ​ដោយ​ព្រោះ​បាប​របស់​មនុស្ស​ជា​ច្រើន នោះ​ទ្រង់​នឹង​លេច​មក​ម្តង​ទៀត ក្រៅ​ពី​រឿង​អំពើ​បាប គឺ​សំរាប់​នឹង​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​រង់ចាំ​ទ្រង់។