៦
១ ចូរមក យើងវិលត្រឡប់ទៅឯព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានហែកហួរយើងហើយ ទ្រង់ក៏នឹងប្រោសឲ្យជាផងទ្រង់បានវាយឲ្យរបួស ហើយទ្រង់នឹងរុំបិទវិញ ២ នៅតែ២ថ្ងៃ នោះទ្រង់នឹងប្រោសឲ្យយើងរាល់គ្នាបានរស់ហើយលុះដល់ថ្ងៃទី៣ ទ្រង់នឹងឲ្យយើងក្រោកឡើង នោះយើងនឹងរស់នៅចំពោះព្រះភក្ត្រទ្រង់ ៣ ចូរឲ្យយើងបានស្គាល់ព្រះយេហូវ៉ាចុះ ហើយមានព្យាយាមនឹងស្គាល់ទ្រង់តទៅ ឯដំណើរដែលទ្រង់យាងចេញមក នោះទៀងដូចជាអរុណរៈ ហើយទ្រង់នឹងយាងមកឯយើងរាល់គ្នា ដូចជាទឹកភ្លៀង គឺដូចជាភ្លៀងចុងរដូវ ដែលតែងតែស្រោចស្រពផែនដី។ ៤ ឱអេប្រាអិមអើយ តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា ឱយូដាអើយ តើគួរឲ្យអញប្រោសដល់ឯងជាយ៉ាងណា ដ្បិតសេចក្តីសប្បុរសរបស់ឯង នោះប្រៀបដូចជាពពកនៅពេលព្រលឹម ហើយដូចជាទឹកសន្សើមដែលបាត់ទៅយ៉ាងបន្ទាន់ ៥ ដោយហេតុនោះ អញបានកប់គេ ដោយសារពួកហោរា ហើយបានសំឡាប់គេ ដោយពាក្យពីមាត់អញ ឯសេចក្តីវិនិច្ឆ័យរបស់អញ នោះប្រៀបដូចជាពន្លឺដែលចាំងមក ៦ ដ្បិតអញពេញចិត្តចំពោះសេចក្តីសប្បុរស មិនមែនចំពោះយញ្ញបូជាទេ ហើយពេញចិត្តចំពោះការស្គាល់ព្រះ ជាជាងការថ្វាយដង្វាយដុតទៅទៀត ៧ ប៉ុន្តែគេបានប្រព្រឹត្តដូចជាមនុស្សល្មើស គឺបានកន្លងនឹងសេចក្តីសញ្ញា គេបានក្បត់នឹងអញ ក្នុងសេចក្តីនោះឯង ៨ ការឡាតជាទីក្រុងរបស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិត គឺត្រូវប្រឡាក់ដោយឈាមហើយ ៩ ពួកចោរឃ្លាំចាំប្លន់មនុស្សជាយ៉ាងណា ពួកសង្ឃក៏កាប់សំឡាប់មនុស្សតាមផ្លូវទៅឯស៊ីគែម ដូច្នោះដែរ អើ គេបានប្រព្រឹត្តបទដ៏អាក្រក់ណាស់ផង ១០ អញបានឃើញការយ៉ាងសំបើម នៅក្នុងពួកវង្សអ៊ីស្រាអែល គឺមានការកំផិតរបស់ពួកអេប្រាអិម ឯអ៊ីស្រាអែលក៏បានស្មោកគ្រោកដែរ ១១ មួយទៀត ឱយូដាអើយ មានការចំរូតតម្រូវមកលើឯងដែរ ក្នុងកាលដែលអញនាំពួកឈ្លើយក្នុងរាស្ត្រអញឲ្យមកវិញ។