១៣
១ ពី​ដើម​អេប្រាអិម​ពោល​ឡើង​កាល​ណា នោះ​មនុស្ស​ក៏​រន្ធត់​ញាប់ញ័រ គេ​បាន​ដំកើង​ខ្លួន​ឡើង ក្នុង​ពួក​អ៊ីស្រាអែល តែ​កាល​គេ​មាន​ទោស ពី​ដំណើរ​ព្រះ​បាល​នោះ​គេ​ត្រូវ​ស្លាប់​វិញ ២ ហើយ​ឥឡូវ​នេះ គេ​ធ្វើ​បាប​រឹត​តែ​ច្រើន​ឡើង​ជានិច្ច គេ​បាន​យក​ប្រាក់​របស់​គេ​សិត​ធ្វើ​ជា​រូប​គឺ​ជា​រូប​ព្រះ​តាម​យោបល់​របស់​ខ្លួន សុទ្ធ​តែ​ជា​ស្នាដៃ​នៃ​ពួក​ជាង ហើយ​គេ​ប្រកាស​ពី​រូប​ទាំង​នោះ​ថា ចូរ​ឲ្យ​អស់​អ្នក​ដែល​ថ្វាយ​យញ្ញបូជា មក​ថើប​រូប​កូន​គោ​នេះ​ចុះ ៣ ហេតុ​ដូច្នោះ​គេ​នឹង​បាន​ដូច​ជា​ពពក​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​សូន្យ​បាត់​យ៉ាង​បន្ទាន់ គឺ​ដូច​ជា​អង្កាម​ដែល​ខ្យល់កួច​ផាត់​ចេញ​ពី​លាន​ស្រូវ ហើយ​ដូច​ជា​ផ្សែង​ដែល​ហុយ​ចេញ​ពី​ជើងក្រាន។ ៤ ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​អញ គឺ​ព្រះយេហូវ៉ា អញ​ជា​ព្រះ​នៃ​ឯង ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​មិន​ត្រូវ​ឲ្យ​ឯង​ស្គាល់​ព្រះ​ឯ​ណា​ទៀត ក្រៅ​ពី​អញ​ឡើយ ក្រៅ​ពី​អញ គ្មាន​ព្រះអង្គ​សង្គ្រោះ​ណា​មួយ​សោះ ៥ អញ​បាន​ស្គាល់​ឯង កាល​នៅ​ទី​រហោស្ថាន គឺ​នៅ​ទី​ហួតហែង ៦ ឯង​បាន​ឆ្អែត តាម​សណ្ឋាន​នៃ​ទី​ឃ្វាល​របស់​ឯង លុះ​បាន​ឆ្អែត​ហើយ នោះ​ឯង​កើត​មាន​ចិត្ត​ប៉ោង​ឡើង គឺ​ហេតុ​នោះ​បាន​ជា​ឯង​ភ្លេច​អញ​ទៅ ៧ ដូច្នេះ អញ​ដូច​ជា​សិង្ហ​ដល់​ឯង​អញ​នឹង​លប​ចាំ​តាម​ផ្លូវ​ដូច​ជា​ខ្លា​រខិន ៨ អញ​នឹង​សង្ខុញ​ចូល​ទៅ​លើ​ឯង ដូច​ជា​ខ្លាឃ្មុំ​ដែល​ត្រូវ​ព្រាត់​ពី​កូន គឺ​អញ​នឹង​ហែក​ស្រោម​បេះដូង​ឯង​ចេញ នៅ​ទី​នោះ​នឹង​ត្របាក់​ស៊ី​ឯង​ទៅ ដូច​ជា​សិង្ហ​ញី ឯ​សត្វ​ព្រៃ​នឹង​ហែក​ឯង​ដែរ។ ៩ ឱ​អ៊ីស្រាអែល​អើយ សេចក្តី​ដែល​នាំ​ឲ្យ​ឯង​ត្រូវ​វិនាស នោះ​គឺ​ជា​ដំណើរ​ដែល​ទាស់​ទទឹង​នឹង​អញ គឺ​ទាស់​នឹង​អ្នក​ដែល​ជួយ​សង្គ្រោះ​ឯង ១០ ឥឡូវ​នេះ ស្តេច​ឯង​នៅ​ឯ​ណា ដើម្បី​ឲ្យ​គេ​ជួយ​សង្គ្រោះ​ឯង នៅ​គ្រប់​ទាំង​ទី​ក្រុង​របស់​ឯង​ផង និង​ពួក​ចៅក្រម​របស់​ឯង ដែល​ឯង​បាន​សូម​គេ​ថា សូម​ឲ្យ​យើង​មាន​ស្តេច និង​ពួក​ចៅ ហ្វាយ​ចុះ ១១ អញ​បាន​ឲ្យ​ឯង​មាន​ស្តេច ដោយ​សេចក្តី​កំហឹង​របស់​អញ ក៏​បាន​ដក​ស្តេច​នោះ​ចេញ ដោយ​សេចក្តី​ក្រោធ​របស់​អញ​ដែរ ១២ សេចក្តី​ទុច្ចរិត​របស់​អេប្រាអិម​បាន​ខ្ចប់​ទុក​ហើយ ឯ​អំពើ​បាប​របស់​គេ​ក៏​បាន​សន្សំ​ទុក​ដែរ ១៣ គេ​នឹង​កើត​មាន​សេចក្តី​ឈឺ​ចាប់ ដូច​ជា​ស្រី​កំពុង​ឈឺ​នឹង​សំរាល​កូន គេ​ជា​កូន​ដែល​អាប់​ឥត​ប្រាជ្ញា ដ្បិត​ដល់​កំណត់​ហើយ​នោះ​មិន​គួរ​ឲ្យ​នៅ​ជា​យូរ​ក្នុង​ទី​សំរាល​កូន​ឡើយ ១៤ អញ​នឹង​ដោះ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ក៏​នឹង​លោះ​គេ ឲ្យ​រួច​ពី​សេចក្តី​ស្លាប់​ដែរ ឱ​សេចក្តី​ស្លាប់​អើយ ទុក្ខ​វេទនា​របស់​ឯង​នៅ​ឯ​ណា ឱ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​អើយ អំណាច​បំផ្លាញ​របស់​ឯង តើ​នៅ​ឯ​ណា ឯ​សេចក្តី​ឈឺ​ចិត្ត​ខ្មាស​បាប នឹង​បាន​កំបាំង​ពី​ភ្នែក​អញ។ ១៥ ទោះ​បើ​គេ​កើត​ផល​ជា​បរិបូរ នៅ​ក្នុង​ពួក​បង​ប្អូន​ក៏​ដោយ គង់​តែ​នឹង​មាន​ខ្យល់​ពី​ទិស​ខាង​កើត​បក់​មក គឺ​ជា​ខ្យល់​នៃ​ព្រះយេហូវ៉ា ដែល​បក់​មក​ពី​ទី​រហោស្ថាន​ដែរ នោះ​ក្បាល​ទឹក​គេ​នឹង​រីង​ស្ងួត ហើយ​រន្ធ​ទឹក​របស់​គេ​នឹង​ហួតហែង​ទៅ ខ្យល់​នោះ​នឹង​ធ្វើ​ទ្រព្យ​សម្បត្តិ ជា​ភាជនៈ​ដ៏​មាន​ដំឡៃ​គ្រប់​មុខ​បាន​ទៅ​ជា​របឹប​ទាំង​អស់ ១៦ ឯ​សាម៉ារី​នឹង​ត្រូវ​រង​ទ្រាំ​ទោស​របស់​ខ្លួន ពី​ព្រោះ​បាន​បះបោរ​នឹង​ព្រះ​នៃ​ខ្លួន​គេ​នឹង​ដួល​ស្លាប់​ដោយ​ដាវ កូន​ខ្ចី​របស់​គេ​នឹង​ត្រូវ​បោក​ខ្ទេចខ្ទី ហើយ​ពួក​ស្រីៗ​ដែល​មាន​ទំងន់​នឹង​ត្រូវ​វះ​ពោះ​ចោល។