អេសាយ
ភាគទីមួយ សេចក្តីប្រកាសស្តីអំពីជនជាតិអ៊ីស្រាអែល
១
ព្រះអម្ចាស់បន្ទោសប្រជាជនរបស់ព្រះអង្គ
១ នេះជាការជាក់ស្តែងដែលអេសាយ ជាកូនអ័ម៉ូសបានឃើញពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម ក្នុងរាជ្យអ៊ូសៀស យ៉ូថាម អេហាស ហើយនឹងហេសេគា ជាស្តេចស្រុកយូដា។
២ ឱស្ថានសួគ៌អើយ ចូរស្តាប់ ហើយផែនដីអើយ ចូរផ្ទៀងត្រចៀកចុះ ដ្បិតព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលហើយថា អញបានចិញ្ចឹមបីបាច់រក្សាកូន តែវារាល់គ្នាបានបះបោរនឹងអញវិញ ៣ ឯគោវាស្គាល់ម្ចាស់ ហើយលាក៏ស្គាល់ស្នូករបស់ម្ចាស់វាដែរ ប៉ុន្តែអ៊ីស្រាអែលមិនស្គាល់សោះ រាស្ត្រអញមិនពិចារណាទេ ៤ ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង គេបានបោះបង់ចោលព្រះយេហូវ៉ា គេបានប្រមាថមើលងាយដល់ព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេបានត្រូវព្រាត់ថយទៅក្រោយ ៥ ឯងរាល់គ្នាចង់ត្រូវរំពាត់ទៀតធ្វើអី បានជាចេះតែបះបោរកាន់តែច្រើនឡើងដូច្នេះ គ្រប់ទាំងក្បាលក៏ឈឺ គ្រប់ទាំងចិត្តបានល្វើយផងហើយ ៦ ចាប់តាំងពីបាតជើងរហូតដល់កំពូលក្បាល នោះឥតមានកន្លែងណាមាំមួនឡើយ គឺមានសុទ្ធតែរបួស និងជាំ ហើយស្នាមរំពាត់ថ្មី ឥតបានបិទភ្ជិត ឬរុំ ឬចាក់ប្រេងឲ្យធូរស្រាកទេ ៧ ស្រុករបស់ឯងរាល់គ្នាបានចោលស្ងាត់ហើយ ទីក្រុងឯងក៏ត្រូវដុតបំផ្លាញអស់ទៅ ពួកសាសន៍ដទៃគេត្របាក់លេបដីរបស់ឯង នៅចំពោះឯងផង ហើយដីនោះត្រូវចោលស្ងាត់ដោយពួកសាសន៍ដទៃបំផ្លាញ ៨ កូនស្រីរបស់ក្រុងស៊ីយ៉ូន នាងត្រូវលះចោលដូចជាបង្ហាដែលនៅចំការទំពាំងបាយជូរ ដូចជាជំរំនៅចំការត្រសក់ ដូចជាទីក្រុង ដែលត្រូវខ្មាំងឡោមព័ទ្ធហើយ ៩ បើសិនជាព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ មិនបានទុកឲ្យយើងមានសំណល់បន្តិចបន្តួចនៅ នោះយើងរាល់គ្នានឹងបានដូចជាក្រុងសូដុំម ហើយដូចក្រុងកូម៉ូរ៉ាដែរ។
១០ ឱពួកគ្រប់គ្រងលើក្រុងសូដុំមអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ា ម្នាលពួកក្រុងកូម៉ូរ៉ាអើយ ចូរផ្ទៀងត្រចៀកស្តាប់ក្រឹត្យវិន័យរបស់ព្រះនៃយើងរាល់គ្នាចុះ ១១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា យញ្ញបូជាដ៏មានច្រើនម៉្លេះ របស់ឯងរាល់គ្នា តើជាអ្វីដល់អញ អញធុញទ្រាន់ចំពោះចៀមឈ្មោល និងខ្លាញ់នៃសត្វបំប៉ន ដែលឯងដុតថ្វាយណាស់ អញក៏មិនចូលចិត្ត ចំពោះឈាមនៃគោឈ្មោល ឬកូនចៀម ឬពពែនោះទេ ១២ កាលណាឯងរាល់គ្នាលេចមកនៅចំពោះអញ នោះតើអ្នកណាបានបង្គាប់ឲ្យឯងរាល់គ្នាធ្វើដូច្នេះ ដើម្បីឲ្យបានចូលមកជាន់ទីលានរបស់អញនេះ ១៣ កុំឲ្យយកដង្វាយដ៏ឥតប្រយោជន៍មកទៀតឡើយ ឯកំញានជារបស់ស្អប់ខ្ពើមដល់អញ ឯបុណ្យចូលខែ និងថ្ងៃឈប់សំរាក ព្រមទាំងការប្រជុំជំនុំ នោះអញទ្រាំមិនបានទេ សូម្បីតែបុណ្យប្រជុំជំនុំមុតមាំ ក៏ជាអំពើទុច្ចរិតដែរ ១៤ ចិត្តអញស្អប់ចំពោះបុណ្យចូលខែ និងបុណ្យមានកំណត់ទាំងប៉ុន្មានរបស់ឯងរាល់គ្នាណាស់ ពិធីទាំងនោះជាបន្ទុកសង្កត់លើអញជាខ្លាំង អញក៏នឿយណាយ ដោយទ្រាំចំពោះការទាំងនោះ ១៥ កាលណាឯងរាល់គ្នាប្រទូលដៃឡើង នោះអញនឹងបែរភ្នែកពីឯងចេញ អើ បើកាលណាឯងអធិស្ឋានជាច្រើន នោះអញនឹងមិនស្តាប់ឡើយ ដ្បិតដៃឯងរាល់គ្នាប្រឡាក់ពេញដោយឈាម ១៦ ចូរលាងចេញ ចូរជំរះខ្លួនឲ្យស្អាតចុះ ចូរបំបាត់អំពើអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្តពីចំពោះភ្នែកអញចេញ ហើយលែងប្រព្រឹត្តអំពើអាក្រក់តទៅ ១៧ ចូរហាត់រៀនធ្វើការល្អវិញ ចូរស្វែងរកឲ្យបានសេចក្តីយុត្តិធម៌ ចូរជួយការពារចំពោះមនុស្សដែលត្រូវគេសង្កត់សង្កិន ចូរកាត់ក្តីដល់ពួកកំព្រា ហើយកាន់ក្តីជំនួសពួកស្រីមេម៉ាយចុះ។
១៨ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មកចុះ យើងនឹងពិភាក្សាជាមួយគ្នា ទោះបើអំពើបាបរបស់ឯងដូចជាពណ៌ក្រហមទែងក៏ដោយ គង់តែនឹងបានសដូចហិមៈ ទោះបើក្រហមឆ្អៅក៏ដោយ គង់តែនឹងបានដូចជារោមចៀមវិញ ១៩ បើសិនជាឯងរាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ ២០ តែបើឯងមិនព្រមវិញ ហើយបះបោរផង នោះឯងនឹងត្រូវលេបបាត់ដោយមុខដាវ ពីព្រោះព្រះឱស្ឋនៃព្រះយេហូវ៉ា បានមានព្រះបន្ទូលស្រេចហើយ។
២១ ទីក្រុងស្មោះត្រង់បានក្បត់ជាសំផឹងដូច្នេះដែរហ្ន៎ គឺទីក្រុងដែលបានពេញដោយសេចក្តីយុត្តិធម៌ ហើយមានសេចក្តីសុចរិតអាស្រ័យនៅក្នុងនោះដែរ តែឥឡូវនេះ មានសុទ្ធតែពួកអ្នកកាប់សំឡាប់វិញ ២២ ប្រាក់របស់ឯងបានត្រឡប់ទៅជាអាចម៍ប្រាក់ទៅហើយ ឯស្រាទំពាំងបាយជូររបស់ឯង ក៏លាយដោយទឹកដែរ ២៣ ពួកមេរបស់ឯងជាពួកអ្នកបះបោរ ហើយជាភឿនមិត្រនឹងពួកចោរ គ្រប់គ្នាចូលចិត្តតែស៊ីសំណូក ហើយក៏ឧស្សាហ៍តាមរករង្វាន់ គេមិនកាត់ក្តីឲ្យពួកកំព្រាឡើយ ហើយរឿងក្តីរបស់ពួកមេម៉ាយក៏មិនដែលមកដល់គេដែរ។
២៤ ហេតុនោះបានជាព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដ៏មានព្រះចេស្តា នៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា អា៎ អញនឹងដោះពួកតតាំងនឹងអញចេញឲ្យធូរខ្លួនវិញ អញនឹងសងសឹកចំពោះពួកខ្មាំងសត្រូវ ២៥ អញនឹងលូកដៃទៅលើឯងទៀត ហើយនឹងសំអាតមន្ទិលសៅហ្មងរបស់ឯងចេញឲ្យស្អាត ព្រមទាំងដេញកំចាត់គ្រឿងលាយក្នុងចិត្តឯងផង ២៦ រួចអញនឹងតាំងពួកចៅក្រមរបស់ឯងឡើងដូចដើមវិញ ហើយពួកក្រុមប្រឹក្សារបស់ឯង ដូចកាលជាន់មុនដែរ ពីនោះតទៅ គេនឹងហៅឯងជា «ទីក្រុងមានសេចក្តីសុចរិត គឺជាទីដែលស្មោះត្រង់» វិញ ២៧ ក្រុងស៊ីយ៉ូននឹងបានលោះចេញដោយសារសេចក្តីយុត្តិធម៌ ហើយពួកអ្នកក្រុងដែលវិលមកវិញ នោះនឹងរួចដោយសារសេចក្តីសុចរិត ២៨ តែឯពួកអ្នករំលង និងពួកមានបាប គេនឹងត្រូវបំផ្លាញជាមួយគ្នា ហើយពួកអ្នកដែលបោះបង់ចោលព្រះយេហូវ៉ា គេនឹងត្រូវវិនាសទៅ ២៩ ដ្បិតគេនឹងមានសេចក្តីខ្មាស ចំពោះដើមម៉ៃសាក់ដែលឯងរាល់គ្នាធ្លាប់យកជាទីរីករាយចិត្ត ហើយឯងរាល់គ្នានឹងឡើងមុខក្រហម ដោយព្រោះសួនច្បារដែលឯងរាល់គ្នាបានរើសយកនោះ ៣០ ពីព្រោះឯងរាល់គ្នានឹងបានដូចជាដើមម៉ៃសាក់ ដែលស្លឹកស្វិតក្រៀមទៅ ហើយដូចជាសួនច្បារឥតមានទឹក ៣១ នោះពួកមនុស្សមានកំឡាំងនឹងដូចជាអាចម៍បន្ទោះ ការគេធ្វើនឹងដូចជាផ្កាភ្លើង ហើយទាំង២យ៉ាងនឹងឆេះជាមួយគ្នា ឥតដែលមានអ្នកណាពន្លត់សោះឡើយ។