៤
១ នៅគ្រានោះ ស្រី៧នាក់នឹងជាប់នៅ ជាមួយប្រុសម្នាក់ដោយពោលថា យើងនឹងបរិភោគអាហាររបស់ខ្លួនយើង ហើយនឹងរកប្រដាប់ស្លៀកពាក់ដោយខ្លួនយើងដែរ សូមតែឲ្យយើងបានឈ្មោះជាប្រពន្ធរបស់អ្នកចុះ ដើម្បីនឹងដោះសេចក្តីដំនៀលពីយើងចេញ។
អនាគតរបស់ក្រុងយេរូសាឡិម
២ នៅគ្រានោះ ខ្នែងរបស់ព្រះយេហូវ៉ា នឹងបានជាល្អប្រពៃ ហើយរុងរឿង ឯផលកើតពីដី នឹងបានជាប្រសើរ ហើយជាលំអ ដល់សំណល់ពួកសាសន៍អ៊ីស្រាអែល ដែលបានរួច ៣ សម័យនោះ អ្នកណាដែលសល់នៅក្នុងក្រុងស៊ីយ៉ូន ជាអ្នកដែលនៅក្នុងក្រុងយេរូសាឡិមនៅឡើយ នោះនឹងបានហៅជាអ្នកបរិសុទ្ធ គឺគ្រប់ទាំងមនុស្សក្នុងក្រុងយេរូសាឡិម ដែលមានឈ្មោះកត់ទុកក្នុងពួកមនុស្សរស់ ៤ ក្នុងកាលដែលព្រះអម្ចាស់ទ្រង់បានលាងជំរះគ្រឿងលាមករបស់ពួកស្រីៗក្រុងស៊ីយ៉ូនចេញ ហើយបានចំរាញ់សំអាតឈាមនៃក្រុងយេរូសាឡិមពីកណ្តាលទីក្រុងទៅ ដោយអំណាចនៃសេចក្តីយុត្តិធម៌ និងអំណាចនៃភ្លើងឆេះបន្សុស ៥ ព្រះយេហូវ៉ា ទ្រង់នឹងបង្កើតឲ្យមានពពក និងផ្សែងនៅវេលាថ្ងៃ ហើយភ្លើងដ៏ឆេះបំភ្លឺនៅវេលាយប់ ពីលើទីលំនៅទាំងមូលនៅភ្នំស៊ីយ៉ូន ហើយពីលើទីប្រជុំទាំងប៉ុន្មានរបស់គេ ដ្បិតគ្រប់ទាំងទីគួរគោរព នឹងមានគំរបគ្របបាំងទាំងអស់ ៦ ហើយនឹងមានរោងបារាំ សំរាប់ជាម្លប់បាំងកំដៅនៅពេលថ្ងៃ និងសំរាប់ជាទីជ្រក ហើយជាទីបាំងខ្លួនឲ្យរួចពីព្យុះ និងភ្លៀងផង។