១៤
មាតុភូមិ​និវត្តន៍​របស់​ជនជាតិ​អ៊ីស្រាអែល
១ ពី​ព្រោះ​ព្រះយេហូវ៉ា ទ្រង់​នឹង​អាណិតអាសូរ​ដល់​ពួក​យ៉ាកុប ហើយ​នឹង​រើស​អ៊ីស្រាអែល​ទៀត ព្រម​ទាំង​ដាក់​គេ​ឲ្យ​នៅ​ក្នុង​ស្រុក​របស់​គេ​វិញ ឯ​ពួក​អ្នក​ដែល​ស្នាក់​នៅ នោះ​នឹង​ចូល​ពួក​គេ ហើយ​នៅ​ជាប់​នឹង​ពួក​វង្ស​របស់​យ៉ាកុប ២ គឺ​សាសន៍​ទាំង​ប៉ុន្មាន​នឹង​នាំ​យក​គេ​ទៅ​ឯ​កន្លែង​របស់​គេ​វិញ ហើយ​ពួក​វង្ស​របស់​អ៊ីស្រាអែល​នឹង​បាន​ពួក​សាសន៍​ទាំង​នោះ​ទុក​ជា​បាវ​ប្រុស​បាវ​ស្រី នៅ​ក្នុង​ស្រុក​របស់​ព្រះយេហូវ៉ា គេ​នឹង​ចាប់​អ្នក​ទាំង​នោះ​ជា​ឈ្លើយ ជា​អ្នក​ដែល​ពី​ដើម​បាន​ចាប់​ខ្លួន​ជា​ឈ្លើយ​នោះ​ឯង ហើយ​នឹង​គ្រប់គ្រង​លើ​ពួក​អ្នក​ដែល​បាន​សង្កត់សង្កិន​ខ្លួន​វិញ។
ព្រះបន្ទូល​ប្រឆាំង​នឹង​ស្តេច​ស្រុក​បាប៊ីឡូន
៣ នៅ​ថ្ងៃ​ដែល​ព្រះយេហូវ៉ា​បាន​ប្រោស​ប្រទាន ឲ្យ​ឯង​បាន​សំរាក​ពី​សេចក្តី​ទុក្ខ សេចក្តី​វេទនា ហើយ​ពី​ការ​បំរើ​យ៉ាង​រឹងរូស​ដែល​គេ​បាន​ចាប់​ប្រើ​ឯង ៤ នោះ​ឯង​នឹង​ពោល​ពាក្យ​ចំអក​នេះ ដាក់​ស្តេច​ក្រុង​បាប៊ីឡូន​ថា យី​អើ ពួក​សង្កត់សង្កិន​បាន​ឈប់​ទ្រឹង​យ៉ាង​ណា​ហ្ន៎ ទី​ក្រុង​មាស​បាន​រលត់​ផុត​យ៉ាង​ណា​ហ្ន៎ ៥ ព្រះយេហូវ៉ា​ទ្រង់​បាន​បំបាក់​ដំបង​របស់​មនុស្ស​អាក្រក់ និង​ដំបង​ពេជ្រ​នៃ​អ្នក​គ្រប់គ្រង​ហើយ ៦ ជា​អ្នក​ដែល​បាន​វាយ​ជនជាតិ​ទាំងឡាយ ដោយ​ចិត្ត​ក្រេវក្រោធ​ជានិច្ច ហើយ​បាន​គ្រប់គ្រង​លើ​អស់​ទាំង​សាសន៍​ដោយ​សេចក្តី​កំហឹង ជា​ការ​ញាំញី​ដែល​ឥត​មាន​អ្នក​ណា​ឃាត់ឃាំង​ឡើយ ៧ ផែនដី​ទាំង​មូល​បាន​ស្រាកស្រាន្ត​អស់​ហើយ ក៏​ស្ងៀមស្ងប់​ដែរ គេ​ទំលាយ​សំឡេង​ច្រៀង​ចេញ​មក ៨ អើ ទាំង​ដើម​កកោះ​ក៏​រីករាយ​ចំពោះ​ឯង និង​ដើម​តាត្រៅ​នៅ​ភ្នំ​ល្បាណូន​ផង ដោយ​ពាក្យ​ថា តាំង​ពី​ឯង​ត្រូវ​រលំ​ចុះ នោះ​ឥត​មាន​អ្នក​ណា​ឡើង​មក​កាប់​រំលំ​យើង​ទៀត​ទេ ៩ ឯ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នៅ​ខាង​ក្រោម មាន​សេចក្តី​រំជួល​ដោយ​ព្រោះ​ឯង គឺ​ទាំង​ពួក​អ្នក​ធំ​នៅ​ផែនដី​ផង ក៏​បាន​ឲ្យ​អស់​ទាំង​ស្តេច​នៃ​សាសន៍​ទាំង​ប៉ុន្មាន ក្រោក​ពី​បល្ល័ង្ក​របស់​គេ ១០ គេ​នឹង​និយាយ​រចល់​មក​ឯង​គ្រប់​គ្នា​ថា អុញ​ន៏ ឯង​បាន​ទៅ​ជា​ខ្សោយ​ដូច​យើង​ឬ បាន​ត្រឡប់​ដូច​ជា​យើង​ដែរ​ឬ ១១ ឯ​សេចក្តី​រុងរឿង​ឧត្តម​របស់​ឯង បាន​ត្រូវ​នាំ​ចុះ​មក​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ព្រម​ទាំង​សូរ​ដេញ​ពិណ​របស់​ឯង​ផង មាន​ដង្កូវ​ក្រាល​ក្រោម​ឯង ហើយ​នឹង​មាន​ដង្កូវ​គ្រប​ដណ្តប់​ឯង​ដែរ។ ១២ ឱ​តារា​ប្រចាំ​ថ្ងៃ ជា​ផ្កាយ​ព្រឹក​អើយ ន៏ ឯង​បាន​ធ្លាក់​ចុះ​មក​ពី​លើ​មេឃ​ហើយ ឯង​ដែល​បាន​ផ្តេក​អស់​ទាំង​នគរ​ឲ្យ​រាប ឯង​បាន​ត្រូវ​កាប់​រំលំ​ដល់​ដី​ដែរ​ហ្ន៎ ១៣ ឯង​បាន​គិត​ក្នុង​ចិត្ត​ថា អញ​នឹង​ឡើង​ទៅ​ឯ​ស្ថានសួគ៌ អញ​នឹង​ដំកើង​បល្ល័ង្ក​អញ ឲ្យ​ខ្ពស់​ជាង​អស់​ទាំង​ផ្កាយ​របស់​ព្រះ ហើយ​អញ​នឹង​អង្គុយ​លើ​ភ្នំ​ជា​ទី​ប្រជុំ​ជំនុំ នៅ​ទី​បំផុត​នៃ​ទិស​ខាង​ជើង ១៤ អញ​នឹង​ឡើង​ទៅ​ផុត​ទី​ខ្ពស់​នៃ​ពពក អញ​នឹង​លើក​ខ្លួន​ឲ្យ​បាន​ដូច​ជា​ព្រះ​ដ៏​ខ្ពស់​បំផុត ១៥ តែ​ឯង​បាន​ត្រូវ​ទំលាក់​ចុះ​ដល់​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​ដល់​ទី​ជំរៅ​នៃ​ជង្ហុក​ធំ ១៦ ពួក​អ្នក​ដែល​ឃើញ​ឯង គេ​នឹង​សំឡឹង​មើល​ចំ​ឯង ហើយ​ពិចារណា​ឯង​ដោយ​ពាក្យ​ថា តើ​មនុស្ស​នេះ​ឬ​អី ដែល​ធ្លាប់​ធ្វើ​ឲ្យ​ផែនដី​ញាប់ញ័រ ហើយ​ឲ្យ​នគរ​ទាំង​ប៉ុន្មាន​កក្រើក​រំពើក​នោះ ១៧ ជា​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​លោកីយ៍​រលីង​ដូច​ជា​សមុទ្រ​ខ្សាច់ ព្រម​ទាំង​បំផ្លាញ​ទី​ក្រុង​ទាំង​ប៉ុន្មាន ឥត​ដែល​លែង​ពួក​ឈ្លើយ​ឲ្យ​ត្រឡប់​ទៅ​ឯ​ផ្ទះ​គេ​វិញ​ឡើយ ១៨ ឯ​សព​នៃ​អស់​ទាំង​ស្តេច​របស់​សាសន៍​ទាំង​ប៉ុន្មាន សុទ្ធ​តែ​ដេក​នៅ​ក្នុង​ទី​រុងរឿង​នា​ម៉ុង​របស់​គេ​រៀង​ខ្លួន ១៩ តែ​ឯង​បាន​ត្រូវ​បោះ​ចោល​ចេញ​ឆ្ងាយ​ពី​ម៉ុង​ឯង​ទៅ ដូច​ជា​មែក​ដែល​គួរ​ខ្ពើម​វិញ គឺ​ដូច​ជា​អាវ​របស់​មនុស្ស​ដែល​ត្រូវ​គេ​សំឡាប់ ជា​អ្នក​ដែល​ត្រូវ​គេ​ចាក់​ទំលុះ​ដោយ​ដាវ ហើយ​ក៏​ចុះ​ទៅ​ដល់​ថ្ម​នៅ​ក្នុង​រណ្តៅ ដូច​ជា​ខ្មោច​ដែល​គេ​ជាន់​ឈ្លី​ដោយ​ជើង ២០ ឯង​នឹង​មិន​បាន​មូល​ទៅ​ជា​មួយ​នឹង​គេ​នៅ​ក្នុង​ផ្នូរ​ទេ ពី​ព្រោះ​ឯង​បាន​បំផ្លាញ​ស្រុក​របស់​ឯង ហើយ​បាន​សំឡាប់​ប្រជាជន​របស់​ឯង​ផង ឯ​ពូជ​នៃ​មនុស្ស​អាក្រក់ នឹង​ឥត​មាន​អ្នក​ណា​ចេញ​ឈ្មោះ​គេ​នៅ​អស់កល្ប​ជានិច្ច។ ២១ ចូរ​ចាត់ចែង​ការ​សំឡាប់​ពួក​កូន ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ឪពុក​វា ដើម្បី​កុំ​ឲ្យ​វា​តាំង​ខ្លួន​ឡើង​ធ្វើ​ជា​ម្ចាស់​ផែនដី​ទៀត ហើយ​សង់​ទី​ក្រុង​ឲ្យ​ពេញពាស​ក្នុង​លោកីយ៍​ឡើយ ២២ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​នឹង​ក្រោក​ឡើង​ទាស់​នឹង​គេ ហើយ​កាត់​ទាំង​ឈ្មោះ​នឹង​សំណល់​មនុស្ស ទាំង​កូន និង​ចៅ ចេញ​ពី​ក្រុង​បាប៊ីឡូន​ផង នោះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ២៣ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​នឹង​បំផ្លាស់​ទី​នោះ​ឲ្យ​ទៅ​ជា​លំនៅ​របស់​សត្វ​ប្រមា ហើយ​ជា​ត្រពាំង​ទឹក អញ​ក៏​នឹង​បោស​ដោយ​អំបោស​ជា​ការ​បំផ្លាញ។
ព្រះបន្ទូល​ប្រឆាំង​នឹង​ស្រុក​អាស្ស៊ីរី
២៤ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​បាន​ស្បថ​ថា ពិត​ប្រាកដ​ជា​នឹង​កើត​មាន​ដូច​ជា​អញ​បាន​គិត​ហើយ ក៏​នឹង​សំរេច​ដូច​ជា​អញ​បាន​កំណត់​ទុក​ផង ២៥ គឺ​អញ​នឹង​បំបាក់​ទ័ព​ពួក​អាសស៊ើរ ដែល​នៅ​ក្នុង​ស្រុក​អញ ហើយ​នឹង​ជាន់​ឈ្លី​គេ​នៅ​លើ​ភ្នំ​របស់​អញ គ្រា​នោះ នឹម​របស់​គេ​នឹង​បាត់​ទៅ ហើយ​បន្ទុក​របស់​គេ​នឹង​បាត់​ពី​ស្មា​ចេញ ២៦ នោះ​ហើយ​ជា​ការ ដែល​បាន​សំរេច​នឹង​ធ្វើ នៅ​លើ​ផែនដី​ទាំង​មូល ហើយ​នេះ​ជា​ព្រះហស្ត ដែល​បាន​សន្ធឹង​ទៅ​លើ​នគរ​ទាំង​ពួង ២៧ ដ្បិត​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​បាន​សំរេច​នឹង​ធ្វើ​ហើយ តើ​អ្នក​ណា​នឹង​រំលប់រំលាង​បាន ព្រះហស្ត​នៃ​ទ្រង់​បាន​លូក​ទៅ​ហើយ តើ​អ្នក​ណា​នឹង​បង្វិល​ឲ្យ​ត្រឡប់​ទៅ​វិញ​បាន។
ព្រះបន្ទូល​ប្រឆាំង​នឹង​ជនជាតិ​ភីលីស្ទីន
២៨ នៅ​ឆ្នាំ​ដែល​ស្តេច​អេហាស​សុគត​ទៅ នោះ​មាន​សេចក្តី​ទំនាយ​យ៉ាង​ធ្ងន់​នេះ ២៩ គឺ​ថា នែ ពួក​ភីលីស្ទីន​អើយ កុំ​ឲ្យ​រីករាយ​ពេញ​ល្បុង ដោយ​ព្រោះ​រំពាត់​ដែល​ធ្លាប់​វាយ​ឯង​បាន​ចាក់​ហើយ​នោះ​ឡើយ ដ្បិត​នឹង​កើត​មាន​ពស់វែក​ចេញ​ពី​ពូជ​សត្វ​ពស់​មក ហើយ​កូន​របស់​វា​នឹង​ទៅ​ជា​ពស់​ភ្លើង​ហោះ ៣០ នោះ​កូន​ច្បង​របស់​ពួក​មនុស្ស​ទាល់​ក្រ​នឹង​មាន​អាហារ​បរិភោគ ហើយ​មនុស្ស​កំសត់​ទុគ៌ត​នឹង​ដេក​ទៅ​ដោយ​សុខសាន្ត តែ​អញ​នឹង​ធ្វើ​ឲ្យ​ពូជពង្ស​ឯង​ស្លាប់​ទៅ​ដោយ​អំណត់​អត់​វិញ ហើយ​សំណល់​នៃ​ឯង​នឹង​ត្រូវ​គេ​សំឡាប់​បង់ ៣១ ឱ​ទ្វារ​ក្រុង​អើយ ចូរ​ស្រែក​ទ្រហោ ឱ​ទី​ក្រុង​អើយ ចូរ​យំ​ពិលាប​ចុះ ឱ​ស្រុក​ភីលីស្ទីន​អើយ ឯង​ត្រូវ​រលាយ​ទាំង​អស់​ហើយ ដ្បិត​មាន​ផ្សែង​ចេញ​មក​ពី​ទិស​ខាង​ជើង ឥត​មាន​អ្នក​ណា​មួយ​ក្នុង​កងទ័ព​របស់​គេ ដែល​តាម​គ្នា​មិន​ទាន់​ឡើយ ៣២ ដូច្នេះ តើ​ត្រូវ​ឆ្លើយ​ដល់​ពួក​រាជទូត​នៃ​នគរ​នោះ​យ៉ាង​ណា​ទៅ គឺ​ត្រូវ​ថា ព្រះយេហូវ៉ា​ទ្រង់​បាន​តាំង​ក្រុង​ស៊ីយ៉ូន​ឡើង ហើយ​ពួក​រាស្ត្រ​របស់​ទ្រង់​ដែល​មាន​ទុក្ខ​វេទនា គេ​នឹង​ពឹង​ជ្រក​ក្នុង​ក្រុង​នោះ។