១៦
ស្រុកម៉ូអាប់ស្រែកហៅក្រុងយេរូសាឡិមឲ្យជួយ
១ ចូរយកកូនចៀមទាំងប៉ុន្មាន ដែលសំរាប់អ្នកគ្រប់គ្រងលើស្រុក ចាប់តាំងពីក្រុងសេឡា រហូតដល់ទីរហោស្ថាន ផ្ញើទៅឯភ្នំនៃពួកកូនស្រីស៊ីយ៉ូន ២ ដ្បិតពួកកូនស្រីសាសន៍ម៉ូអាប់នឹងនៅត្រង់ផ្លូវឆ្លងស្ទឹងអើណូន ប្រៀបដូចជាសត្វស្លាបដែលហើរទៅមក ហើយដូចជាកូនសត្វដែលពង្រាត់ពីសំបុក ៣ ចូរជួយប្រឹក្សា ហើយសំរេចសេចក្តីយុត្តិធម៌ចុះ ចូរធ្វើឲ្យស្រមោលឯងបានដូចជាពេលយប់ នៅវេលាថ្ងៃត្រង់ ចូរបំពួនពួកអ្នក ដែលត្រូវពង្រាត់ចេញពីស្រុក ហើយកុំឲ្យក្បត់ពួកអ្នកដែលរត់យោងខ្លួនឡើយ ៤ ចូរឲ្យពួករបស់អញ ដែលត្រូវពង្រាត់នោះ បានអាស្រ័យនៅជាមួយនឹងឯងចុះ ចំណែកពួកម៉ូអាប់ ចូរឲ្យឯងធ្វើជាទីគ្របបាំងឲ្យគេបានពួនរួចពីអ្នកបំផ្លាញ ទាល់តែពួករឹបជាន់បានសូន្យបាត់ទៅ ការបំផ្លាញបានឈប់ស្ងប់ ហើយពួកញាំញីបានអន្តរធានចេញពីស្រុកអស់ទៅ ៥ នោះនឹងមានបល្ល័ង្ក១ តាំងឡើងដោយសេចក្តីសប្បុរស ហើយស្តេច១អង្គក្នុងពូជពង្សរបស់ដាវីឌនឹងគង់លើបល្ល័ង្កនោះ ដោយសេចក្តីពិត ទាំងជំនុំជំរះ ហើយរកសំរេចសេចក្តីយុត្តិធម៌ ជាអ្នកដែលរហ័សនឹងធ្វើតាមសេចក្តីសុចរិត។
ក្រុងយេរូសាឡិមពុំអាចជួយស្រុកម៉ូអាប់បានឡើយ
៦ យើងបានឮនិយាយ ពីសេចក្តីអំនួតរបស់សាសន៍ម៉ូអាប់ថា គេជាអ្នកអួតអាងណាស់ គឺពីសេចក្តីឆ្មើងឆ្មៃ សេចក្តីអំនួត និងសេចក្តីក្រេវក្រោធរបស់គេផង តែការអួតអាងរបស់គេជាអសារឥតការទទេ ៧ ហេតុនោះបានជាសាសន៍ម៉ូអាប់នឹងយំពិលាបចំពោះសាសន៍របស់ខ្លួន គ្រប់គ្នានឹងទ្រហោយំ ឯងរាល់គ្នានឹងយំស្តាយ ចំពោះផែនទំពាំងបាយជូរនៃក្រុងគារ-ហារ៉ាសែត ដោយចិត្តក្តួលក្តុក ៨ ដ្បិតចំការនៃក្រុងហែសបូន សុទ្ធតែស្រពោនទៅ ព្រមទាំងដើមទំពាំងបាយជូរនៃក្រុងស៊ីបម៉ាដែរ ពួកចៅហ្វាយនៃសាសន៍ដទៃទាំងប៉ុន្មាន គេបានកាច់បំបាក់ខ្នែងល្អបំផុត ដែលបានលូតរហូតដល់ក្រុងយ៉ាស៊ើរ ហើយវារប្រទាក់ទៅក្នុងទីរហោស្ថាន លំពង់ក៏លូតទៅតែពាស កាត់ទាំងសមុទ្រផង ៩ ដូច្នេះ អញនឹងយំចំពោះដើមទំពាំងបាយជូរនៃក្រុងស៊ីបម៉ា ដូចជាការយំរបស់ពួកយ៉ាស៊ើរដែរ ឱក្រុងហែសបូន និងក្រុងអេលាលេអើយ អញនឹងស្រោចឯងដោយទឹកភ្នែក ដ្បិតសូរសំរែករបស់សឹកសង្គ្រាមបានធ្លាក់មកចំនឹងការប្រមូលផល និងការច្រូតកាត់របស់ឯងហើយ ១០ ដូច្នេះ សេចក្តីអំណរនឹងសេចក្តីរីករាយបានដកចេញពីស្រែចំការដ៏ដុះដាលរបស់ឯង នៅក្នុងចំការទំពាំងបាយជូរឥតមានឮសូរច្រៀង ឬសំឡេងអំណរឡើយ ក៏នឹងគ្មានអ្នកណាជាន់បញ្ចេញទឹកទំពាំងបាយជូរ នៅក្នុងធុងដែរ អញបានបញ្ឈប់សូរសំរែក នៃការធ្វើទំពាំងបាយជូរហើយ ១១ ហេតុនោះ ពោះអញនឹងបញ្ចេញសូរទំនួញ ដូចសូរនៃស៊ុង ដោយព្រោះម៉ូអាប់ ហើយចិត្តអញដែរ ពីព្រោះគារ-ហារ៉ាសែត ១២ កាលណាម៉ូអាប់ឡើងទៅឯទីខ្ពស់ ហើយនឿយហត់ដោយការថ្វាយបង្គំ ព្រមទាំងចូលទៅអធិស្ឋានក្នុងទីបរិសុទ្ធផង នោះក៏មិនបានអ្វីឡើយ។ ១៣ នេះហើយជាសេចក្តី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលពីសាសន៍ម៉ូអាប់កាលពីដើម ១៤ តែឥឡូវនេះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ក្នុងរវាង៣ឆ្នាំ រាប់តាមឆ្នាំរបស់កូនឈ្នួល នោះសេចក្តីរុងរឿងឧត្តមរបស់សាសន៍ម៉ូអាប់នឹងត្រូវគេមើលងាយវិញ ព្រមទាំងប្រជាជនកុះកររបស់គេផង ឯសំណល់ដែលសល់នៅ នឹងបានតិចតួចណាស់ ហើយហោចល្អោញផង។