២០
ទីសំគាល់របស់ព្យាការីអេសាយស្តីអំពី ជ័យជំនះរបស់ជនជាតិអាស្ស៊ីរីលើជនជាតិអេស៊ីប
១ នៅក្នុងឆ្នាំដែលថើរថាន បានមកដល់ក្រុងអាសដូឌ ជាឆ្នាំដែលសើកុន ស្តេចសាសន៍អាសស៊ើរបានចាត់លោកឲ្យទៅ ហើយលោកបានច្បាំងចាប់យកក្រុងអាសដូឌនោះ ២ នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលបង្គាប់ដល់អេសាយ ជាកូនអ័ម៉ូសថា ចូរទៅបកសំពត់ធ្មៃពីចង្កេះឯង ហើយដោះស្បែកជើងចេញ នោះលោកក៏ធ្វើតាម គឺលោកដើរខ្លួនអាក្រាតហើយជើងទទេ ៣ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អេសាយជាអ្នកបំរើអញ បានដើរខ្លួនអាក្រាត ហើយជើងទទេគ្រប់៣ឆ្នាំនេះទុកជាទីសំគាល់ ហើយជាទីអស្ចារ្យពីដំណើរសាសន៍អេស៊ីព្ទ និងសាសន៍អេធីយ៉ូពីយ៉ាងណា ៤ នោះស្តេចអាសស៊ើរនឹងដឹកពួកឈ្លើយ ជាពួកដែលបំបរចេញពីស្រុកអេស៊ីព្ទ និងពីស្រុកអេធីយ៉ូពី ទាំងចាស់ទាំងក្មេង នាំទៅទាំងខ្លួនអាក្រាតនឹងជើងទទេ ព្រមទាំងគូថបើកឲ្យឃើញផង យ៉ាងនោះដែរទុកជាសេចក្តីខ្មាស ដល់សាសន៍អេស៊ីព្ទ ៥ គេនឹងមានសេចក្តីស្រយុត ហើយស្រងាកចិត្ត ដោយព្រោះស្រុកអេធីយ៉ូពី ដែលជាទីសង្ឃឹមរបស់គេ និងស្រុកអេស៊ីព្ទ ជាទីអួតអាងរបស់គេដែរ ៦ នៅថ្ងៃនោះពួកអ្នកនៅតាមឆ្នេរសមុទ្រ គេនឹងពោលថា មើលចុះ ទីសង្ឃឹមដែលយើងបានរត់ទៅពឹង ឲ្យបានរួចពីស្តេចអាសស៊ើរ បានត្រឡប់ជាយ៉ាងនេះទៅវិញហ្ន៎ ឯយើង ធ្វើដូចម្តេចឲ្យយើងរួចបាន។