២៨
ខ្យល់​ព្យុះ​កំទេច​រាជាណាចក្រ​ខាង​ជើង
១ វេទនា​ដល់​មកុដ​នៃ​សេចក្តី​អំនួត របស់​ពួក​ប្រមឹក​ក្នុង​ពួក​អេប្រាអិម ដែល​គេ​យក​ជា​ទី​អួត ហើយ​ដល់​ផ្កា​ដែល​កំពុង​តែ​ស្រពោន ជា​សេចក្តី​លំអ​ដ៏​រុងរឿង​របស់​គេ ដែល​នៅ​លើ​ក្បាល​ច្រក​ភ្នំ​ដុះដាល របស់​ពួក​អ្នក​ដែល​ស្រវឹង​ស្រា​ទំពាំងបាយជូរ​ហើយ ២ មើល ព្រះអម្ចាស់​ទ្រង់​មាន​អ្នក​ខ្លាំង​ពូកែ​ដ៏​មាន​ឫទ្ធិ​ម្នាក់ អ្នក​នោះ​នឹង​ពង្រាប​ចុះ​ដល់​ដី ដោយ​អំណាច​នៃ​ដៃ ដូច​ជា​ព្យុះព្រិល ជា​ព្យុះ​សង្ឃរា​ដែល​បំផ្លាញ ហើយ​ដូច​ជា​ព្យុះ​ភ្លៀង​ធំ​ឲ្យ​ទឹក​ហូរ​ជន់​លិច ៣ ឯ​មកុដ​នៃ​សេចក្តី​អំនួត​របស់​ពួក​ប្រមឹក ក្នុង​ពួក​អេប្រាអិម ដែល​គេ​យក​ជា​ទី​អំនួត នោះ​នឹង​ត្រូវ​ជាន់​ឈ្លី​នៅ​ក្រោម​ជើង ៤ ហើយ​ផ្កា​ដែល​កំពុង​តែ​ស្រពោន ជា​សេចក្តី​លំអ​ដ៏​រុងរឿង​របស់​គេ ដែល​នៅ​លើ​ក្បាល​ច្រក​ភ្នំ​ដុះដាល នោះ​នឹង​បាន​ដូច​ជា​ផ្លែ​ល្វា​ដែល​ទុំ​ជា​ដំបូង​មុន​រដូវ​ក្តៅ ដែល​កាល​ណា​គេ​ក្រឡេក​ទៅ​ឃើញ នោះ​ក៏​បេះ​មក​ដល់​ដៃ​ពម​ចូល​ទៅ​ភ្លាម ៥ នៅ​គ្រា​នោះ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ​ទ្រង់​នឹង​ជា​មកុដ​ដ៏​រុងរឿង ហើយ​ជា​គ្រឿង​លំអ​ដល់​សំណល់​នៃ​រាស្ត្រ​ទ្រង់ ៦ ហើយ​ជា​គំនិត​យុត្តិធម៌ ដល់​អ្នក​ដែល​អង្គុយ​ជំនុំជំរះ និង​ជា​ឫទ្ធិ​កំឡាំង​ដល់​អ្នក ដែល​បណ្តេញ​ពួក​ពល​ខ្មាំង​ឲ្យ​ថយ​ចេញ​ពី​ទ្វារ​ក្រុង។
ពួក​ប្រមឹក​នាំ​គ្នា​ចំអក​ឲ្យ​ព្យាការី​អេសាយ
៧ ឯ​ពួក​អ្នក​ទាំង​នោះ គេ​ក៏​វិល​ទៅ​មក ដោយ​ស្រា​ទំពាំងបាយជូរ ហើយ​ទ្រេតទ្រោត​ដោយ​គ្រឿង​ស្រវឹង​ដែរ គឺ​ទាំង​ពួក​សង្ឃ និង​ពួក​ហោរា ក៏​វិល​ទៅ​មក​ដោយ​គ្រឿង​ស្រវឹង គេ​ត្រូវ​បំផ្លាញ​ទៅ​ដោយ​ស្រា​ទំពាំងបាយជូរ គេ​ទ្រេតទ្រោត​ដោយ​គ្រឿង​ស្រវឹង ក្នុង​ការ​ជាក់ស្តែង​គេ​យល់​ខុស​ទទេ ក៏​រមឹល​ក្នុង​ការ​ជំនុំជំរះ ៨ ដ្បិត​តុ​ទាំង​អស់​ប្រឡាក់​ពេញ​ដោយ​កំអួត ហើយ​កខ្វក់ ឥត​មាន​កន្លែង​ណា​ស្អាត​ឡើយ។ ៩ ដូច្នេះ តើ​ទ្រង់​នឹង​បង្រៀន​ចំណេះ​ដល់​អ្នក​ណា តើ​ទ្រង់​នឹង​ធ្វើ​ឲ្យ​អ្នក​ណា​យល់​ដំណឹង គឺ​ពួក​ដែល​ទើប​នឹង​លែង​បៅ ជា​ពួក​អ្នក​ដែល​ទើប​នឹង​ផ្តាច់​ដោះ​វិញ ១០ ដ្បិត​ត្រូវ​បង្រៀន​ច្បាប់​មួយ​ម្តងៗ ហើយ​ឃ្លា​មួយ​ម្តងៗ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច។
១១ ទ្រង់​នឹង​មាន​ព្រះបន្ទូល​ដល់​ជនជាតិ​នេះ ដោយ​សំដី​រឡប់ ហើយ​នឹង​ភាសា​ដទៃ ១២ ទ្រង់​បាន​មាន​ព្រះបន្ទូល​នឹង​គេ​ថា នេះ​នែ​ជា​សេចក្តី​សំរាក ចូរ​ឲ្យ​ពួក​អ្នក​ដែល​នឿយ​ហត់​បាន​សំរាក​ចុះ នេះ​ឯង​ជា​ទី​លំហើយ តែ​គេ​មិន​ព្រម​ស្តាប់​តាម​សោះ ១៣ ហេតុ​ដូច្នោះ ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា នឹង​បាន​ដល់​គេ ដោយ​ច្បាប់​មួយ​ម្តងៗ ហើយ​នឹង​ឃ្លា​មួយ​ម្តងៗ មុខ​នេះ​បន្តិច មុខ​នោះ​បន្តិច ដើម្បី​ឲ្យ​គេ​ចេញ​ទៅ​ដួល​ផ្ងារ​ចុះ ព្រម​ទាំង​ត្រូវ​បាក់​បែក ជាប់​អន្ទាក់ ហើយ​ត្រូវ​ចាប់​បាន​ផង។ ១៤ ដូច្នេះ ឱ​ពួក​ចំអក​ឡកឡឺយ ដែល​គ្រង​លើ​បណ្តាជន​នៅ​ក្រុង​យេរូសាឡិម​អើយ ចូរ​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ចុះ ១៥ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​ពោល​ថា យើង​រាល់​គ្នា​បាន​ចុះ​សញ្ញា​នឹង​សេចក្តី​ស្លាប់ ក៏​ព្រមព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​ហើយ កាល​ណា​សេចក្តី​ភ័យ​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង​បាន​ហូរ​កាត់​មក នោះ​នឹង​មិន​ដល់​យើង​ទេ ពី​ព្រោះ​យើង​បាន​ពឹងពាក់​ដល់​សេចក្តី​កុហក ហើយ​ពួន​ខ្លួន​ក្នុង​សេចក្តី​ភូតភរ ១៦ ហេតុ​នោះ​បាន​ជា ព្រះអម្ចាស់យេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​ដាក់​ថ្ម​១​នៅ​ក្រុង​ស៊ីយ៉ូន ទុក​ជា​ជើង​ជញ្ជាំង ជា​ថ្ម​ដែល​បាន​ល្បង​ហើយ ជា​ថ្ម​ជ្រុង​ទី​ដ៏​មាន​ដំឡៃ​ដែល​បាន ដាក់​យ៉ាង​មាំមួន ឯ​អ្នក​ណា​ដែល​ជឿ នោះ​មិន​ត្រូវ​រួសរាន់​ឡើយ ១៧ អញ​នឹង​យក​សេចក្តី​យុត្តិធម៌​ធ្វើ​ជា​ខ្សែ​បន្ទាត់ ហើយ​នឹង​សេចក្តី​សុចរិត​ជា​កូន​តឹង រួច​ព្យុះ​ព្រិល​នឹង​បោស​រំលីង​ទី​ជ្រក​នៃ​សេចក្តី​ភូតភរ​ទៅ ហើយ​ទឹក​នឹង​ជន់​ឡើង លិច​ទី​ពំនួន​បង់ ១៨ នោះ​សេចក្តី​សញ្ញា​ដែល​ឯង​រាល់​គ្នា​បាន​តាំង​នឹង​សេចក្តី​ស្លាប់ ក៏​នឹង​ត្រូវ​លើក​ចោល​ចេញ ហើយ​ការ​ព្រមព្រៀង​គ្នា​នឹង​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​មិន​ស្ថិតស្ថេរ​នៅ​ដែរ ដូច្នេះ កាល​ណា​សេចក្តី​អន្តរាយ​ដ៏​ជន់​លិច​ច្រាំង​បាន​ហូរ​កាត់​មក នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ញាំញី​ទៅ ១៩ សេចក្តី​អន្តរាយ​នោះ​ហូរ​កាត់​មក​វេលា​ណា ក៏​នឹង​កៀរ​យក​អ្នក​រាល់​គ្នា​ទៅ​តែ​ម្តង ដ្បិត​រាល់​តែ​ព្រឹក​នឹង​ហូរ​កាត់​មក ហើយ​ទាំង​ថ្ងៃ​ទាំង​យប់​ផង ការ​ដែល​គ្រាន់​តែ​ឮ​ដំណឹង នោះ​នឹង​បាន​ជា​សេចក្តី​គួរ​ស្ញែងខ្លាច​ហើយ ២០ ដ្បិត​គ្រែ​ខ្លី​ពេក នឹង​ដេក​សណ្តូក​ខ្លួន​មិន​បាន ហើយ​ផួយ​ក៏​តូច​ផង មិន​ល្មម​នឹង​ដណ្តប់​ខ្លួន​ដែរ ២១ ពី​ព្រោះ​ព្រះយេហូវ៉ា​ទ្រង់​នឹង​ក្រោក​ឈរ​ឡើង ដូច​ជា​នៅ​ត្រង់​ភ្នំ​ពេរ៉ាស៊ីម ទ្រង់​នឹង​មាន​សេចក្តី​ក្រោធ ដូច​ជា​នៅ​ក្នុង​ច្រក​ភ្នំ​គីបៀន ដើម្បី​ឲ្យ​ទ្រង់​បាន​ធ្វើ​ការ​របស់​ទ្រង់ គឺ​ជា​ការ​យ៉ាង​ប្លែក ហើយ​នឹង​សំរេច​កិច្ច​របស់​ទ្រង់ គឺ​ជា​កិច្ច​យ៉ាង​ប្លែក ២២ ដូច្នេះ កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​អ្នក​ចំអក​ឡកឡឺយ​ទៀត ក្រែង​ចំណង​របស់​អ្នក​រាល់​គ្នា​ត្រូវ​រឹតរួត​កាន់​តែ​ខ្លាំង​ឡើង ព្រោះ​ខ្ញុំ​បាន​ឮ​ពី​ព្រះអម្ចាស់យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពលបរិវារ​ថា បាន​សំរេច​ឲ្យ​មាន​ការ​បំផ្លាញ​នៅ​គ្រប់​លើ​ផែនដី​ហើយ។
២៣ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​សំឡេង​ខ្ញុំ​ចុះ ចូរ​ផ្ចង់​ចិត្ត​ស្តាប់​ពាក្យ​របស់​ខ្ញុំ ២៤ ឯ​អ្នក​ដែល​ភ្ជួររាស់​ដើម្បី​សាបព្រោះ តើ​គេ​នៅ​តែ​ភ្ជួរ​ជានិច្ច​ឬ តើ​គេ​ចេះ​តែ​បំបែក​ដី ហើយ​រាស់​ស្រែ​របស់​ខ្លួន​ជា​ដរាប​ឬ ២៥ កាល​ណា​គេ​បាន​ពង្រាប​ដី​ហើយ នោះ​តើ​មិន​ព្រោះ​ល្ង​ស ហើយ​បាច​ល្ង​ខ្មៅ ព្រម​ទាំង​រោយ​ស្រូវ​ភោជ្ជសាលី​ទៅ​ជា​ជួរៗ ហើយ​ស្រូវ​ឱក​នៅ​កន្លែង​ដែល​បាន​តម្រូវ​ទុក និង​ស្រូវ​អេប៉ូត​តាម​ក្បែរ​ភ្លឺ​ផង​ទេ​ឬ​អី ២៦ ដ្បិត​ព្រះ​នៃ​គេ​ទ្រង់​បង្ហាត់​បង្រៀន​ឲ្យ​គេ​មាន​គំនិត​យល់ ហើយ​ក៏​បង្ហាញ​ឲ្យ​ចេះ​ធ្វើ ២៧ ពី​ព្រោះ​ឯ​ល្ង​ស នោះ​មិន​ត្រូវ​វាយ​ដោយ​ប្រដាប់​មុត​ទេ ក៏​មិន​ត្រូវ​ឲ្យ​កង់​រទេះ​កិន​ល្ង​ខ្មៅ​ដែរ គឺ​ត្រូវ​គោះ​ល្ង​ស​ដោយ​រំពាត់ ហើយ​ល្ង​ខ្មៅ​ដោយ​ដំបង ២៨ ឯ​ស្រូវ​សំរាប់​ធ្វើ​នំបុ័ង នោះ​គេ​បញ្ជាន់​វិញ ពី​ព្រោះ​គេ​មិន​ចង់​វាយ​ប្រឡេះ​ជា​ដរាប​ទេ គឺ​គេ​បញ្ជាន់​ដោយ​កង់​រទេះ ឬ​ដោយ​សេះ​វិញ ២៩ ដំរិះ​នេះ​ក៏​មក​ពី​ព្រះយេហូវ៉ា​នៃ​ពួក​ពល​បរិវា ដែល​ទ្រង់​ប្រឹក្សា​យ៉ាង​អស្ចារ្យ ហើយ​មាន​ប្រាជ្ញា​យ៉ាង​វិសេស​ផង។