៣២
ព្រះមហាក្សត្រ​ប្រកប​ដោយ​ទសពិធរាជធម៌
១ មើល នឹង​មាន​ស្តេច​១​អង្គ​សោយរាជ្យ​ដោយ​សុចរិត ពួក​ចៅហ្វាយ​នឹង​គ្រប់គ្រង​ដោយ​យុត្តិធម៌ ២ ហើយ​មនុស្ស​ម្នាក់​នឹង​បាន​ដូច​ជា​ទី​បាំង​ឲ្យ​រួច​ពី​ខ្យល់ និង​ជា​ទី​ជ្រក​ឲ្យ​រួច​ពី​ព្យុះ​សង្ឃរា ដូច​ផ្លូវ​ទឹក​ហូរ​នៅ​ទី​ហួតហែង ហើយ​ដូច​ជា​ម្លប់​នៃ​ថ្មដា​យ៉ាង​ធំ​នៅ​ទី​ខ្សោះ​ល្វើយ ៣ ឯ​ភ្នែក​នៃ​ពួក​អ្នក​ដែល​មើល​ឃើញ នោះ​នឹង​មិន​នៅ​ជា​ព្រិលៗ​ទៀត ហើយ​ត្រចៀក​នៃ​ពួក​អ្នក​ដែល​ស្តាប់​ឮ​នឹង​ប្រុង​ស្តាប់ ៤ ចិត្ត​របស់​ពួក​រួសរាន់​នឹង​មាន​ដំរិះ ហើយ​អណ្តាត​នៃ​ពួក​ដែល​និយាយ​ជាប់ នោះ​នឹង​ប្រុងប្រៀប​និយាយ​ឡើង​យ៉ាង​ច្បាស់​វិញ ៥ គេ​នឹង​មិន​ហៅ​មនុស្ស​ល្ងីល្ងើ​ថា​ជា​អ្នក​សទ្ធា​ទៀត ក៏​មិន​ហៅ​មនុស្ស​ទ្រឹស្តិស្មូរ​ថា​ជា​មាន​គុណ​ឡើយ ៦ ដ្បិត​មនុស្ស​ល្ងីល្ងើ​បញ្ចេញ​តែ​សេចក្តី​ចំកួត ហើយ​ចិត្ត​របស់​គេ​នឹង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដើម្បី​តែ​នឹង​សំរេច​អំពើ​សៅហ្មង ហើយ​នឹង​ពោល​ពាក្យ​ខុសឆ្គង​ទាស់​នឹង​ព្រះយេហូវ៉ា ដោយ​ប្រាថ្នា​នឹង​ធ្វើ​ឲ្យ​ព្រលឹង​មនុស្ស​ឃ្លាន បាន​ទៅ​ទទេ ហើយ​បំបាត់​គ្រឿង​ផឹក​ពី​អ្នក​ដែល​ស្រេក​ចេញ ៧ គ្រឿង​ប្រដាប់​របស់​មនុស្ស​ទ្រឹស្តិស្មូរ​សុទ្ធ​តែ​អាក្រក់ វា​គិតគូរ​ការ​អាក្រក់​ដើម្បី​នឹង​បំផ្លាញ​មនុស្ស​រាបសា ដោយ​ពាក្យ​កំភូត ទោះ​ទាំង​វេលា ដែល​មនុស្ស​កំសត់​និយាយ ដោយ​ត្រឹមត្រូវ​ផង ៨ តែ​ឯ​អ្នក​មាន​ចិត្ត​សទ្ធា​វិញ គេ​គិតគូរ​ជា​សគុណ​វិញ ហើយ​អ្នក​នោះ​នឹង​ស្ថិតស្ថេរ​នៅ​ដោយ​ការ​នោះ​ឯង។
ព្រះបន្ទូល​ព្រមាន​ពួក​ស្ត្រី​នៅ​ក្រុង​យេរូសាឡិម
៩ ឱ​ពួក​ស្រីៗ ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ ចូរ​ក្រោក​ឡើង​ហើយ​ស្តាប់​សំឡេង​ខ្ញុំ​ចុះ ឯ​អ្នក​រាល់​គ្នា ជា​កូន​ស្រី​ដែល​នៅ​ព្រងើយ​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ពាក្យ​ខ្ញុំ ១០ ឱ​អ្នក​រាល់​គ្នា​ដែល​នៅ​ព្រងើយ​ដូច្នេះ​អើយ នៅ​១​ឆ្នាំ​ប៉ុន្មាន​ថ្ងៃ​ទៀត នោះ​នឹង​មាន​សេចក្តី​ថប់​ព្រួយ​វិញ ដ្បិត​នឹង​ខាន​មាន​ការ​បេះ​ទំពាំងបាយជូរ​ទៀត ហើយ​រដូវ​ប្រមូល​ផល​ក៏​មិន​មក​ដល់​ដែរ ១១ ឱ​ពួក​ស្រីៗ​ដែល​នៅ​ដោយ​ឥត​កង្វល់​អើយ ចូរ​ញាប់ញ័រ​ចុះ ឱ​ពួក​អ្នក​ដែល​នៅ​ព្រងើយ​អើយ ចូរ​មាន​សេចក្តី​ថប់​ព្រួយ​ចុះ ចូរ​ដោះ​សំលៀកបំពាក់​ចេញ​ឲ្យ​ខ្លួន​នៅ​ទទេ រួច​ស្លៀក​សំពត់​ធ្មៃ​វិញ​ទៅ ១២ គេ​នឹង​គក់​ទ្រូង​យំ​ទួញ​នឹង​ចំការ​ដែល​គាប់​ចិត្ត ហើយ​នឹង​ដើម​ទំពាំងបាយជូរ​ដែល​ដុះដាល ១៣ នៅ​ក្នុង​ស្រុក​របស់​រាស្ត្រ​អញ នោះ​នឹង​មាន​ដុះ​សុទ្ធ​តែ​បន្លា និង​អញ្ចាញ អើ នៅ​លើ​គ្រប់​ទាំង​ផ្ទះ​សំរាប់​ត្រេកអរ​នៅ​ទី​ក្រុង​ដ៏​សប្បាយ​ផង ១៤ ពី​ព្រោះ​ព្រះរាជវាំង​នឹង​ត្រូវ​ចោល​ស្ងាត់ ហើយ​ទី​ក្រុង​ដែល​មាន​មនុស្ស​ណែនណាន់​នឹង​ត្រូវ​ចោល​ទទេ ឯ​បន្ទាយ និង​ប៉ម​ចាំ​យាម នោះ​នឹង​បាន​សំរាប់​ជា​រូង​នៅ​ជា​ដរាប គឺ​ជា​ទី​សប្បាយ​ដល់​លា​ព្រៃ ហើយ​ជា​វាល​ស្មៅ​សំរាប់​ហ្វូង​សត្វ
ព្រះអម្ចាស់​លើក​ប្រជាជន​របស់​ព្រះអង្គ​ឡើង​វិញ
១៥ ដរាប​ដល់​ព្រះវិញ្ញាណ​បាន​ចាក់​មក លើ​យើង​រាល់​គ្នា ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ទី​រហោស្ថាន​បាន​ត្រឡប់​ជា​ចំការ​ដុះដាល ហើយ​ចំការ​ដុះដាល​បាន​រាប់​ទុក​ជា​ព្រៃ​វិញ។ ១៦ នៅ​គ្រា​នោះ សេចក្តី​យុត្តិធម៌​នឹង​ស្ថិត​នៅ ក្នុង​ទី​រហោស្ថាន ហើយ​សេចក្តី​សុចរិត​នឹង​អាស្រ័យ​នៅ ក្នុង​ចំការ​ដុះដាល ១៧ ឯ​ការ​នៃ​សេចក្តី​សុចរិត នោះ​នឹង​បាន​ជា​សន្តិសុខ ហើយ​ផល​នៃ​សេចក្តី​សុចរិត នោះ​នឹង​បាន​ជា​សេចក្តី​ស្រាកស្រាន្ត និង​ជា​សេចក្តី​ទុក​ចិត្ត​ជា​ដរាប​ទៅ ១៨ ឯ​រាស្ត្រ​អញ គេ​នឹង​អាស្រ័យ​ក្នុង​ទី​លំនៅ​ដ៏​មាន​សន្តិសុខ ហើយ​នៅ​ផ្ទះសំបែង​មាំមួន ជា​ទី​សំរាក​ក្សេមក្សាន្ត ១៩ តែ​នឹង​ត្រូវ​ធ្លាក់​ព្រិល​មក​បំបាក់​ព្រៃ ហើយ​ទី​ក្រុង​នឹង​ត្រូវ​រលំ​អស់​រលីង ២០ មាន​ពរ​ហើយ អ្នក​រាល់​គ្នា​ដែល​សាបព្រោះ​ក្បែរ​គ្រប់​ទាំង​ផ្លូវ​ទឹក ហើយ​លែង​គោ និង​លា ឲ្យ​ដើរ​រក​ស៊ី​តាម​ចិត្ត។