៣៨
ព្រះបាទហេសេគាប្រឈួន និង បានជាវិញ
(២ ពង្សាវតារក្សត្រ ២០.១-១១)
១ នៅគ្រានោះហេសេគាទ្រង់ព្រះប្រឈួនហៀបនឹងសុគត ហើយហោរាអេសាយ ជាកូនអ័ម៉ូស ក៏មកគាល់ទ្រង់ទូលថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរផ្តាំដល់វង្សារបស់ឯងចុះ ដ្បិតឯងត្រូវស្លាប់ហើយ មិនរស់ទេ ២ នោះហេសេគាទ្រង់ក៏បែរព្រះភក្ត្រទៅឯជញ្ជាំង ក៏អធិស្ឋានដល់ព្រះយេហូវ៉ាថា ៣ ឱព្រះយេហូវ៉ាអើយ សូមទ្រង់នឹកចាំពីទូលបង្គំដែលបានដើរនៅចំពោះទ្រង់ ដោយពិតត្រង់ ហើយដោយចិត្តស្មោះចំពោះ ព្រមទាំងប្រព្រឹត្តអំពើដ៏ល្អនៅព្រះនេត្រទ្រង់ជាយ៉ាងណា រួចហេសេគាទ្រង់ព្រះកន្សែងជាខ្លាំង ៤ នោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់អេសាយថា ៥ ចូរទៅប្រាប់ហេសេគាថា ព្រះយេហូវ៉ាជាព្រះនៃដាវីឌ ឰយុកោឯង ទ្រង់មានព្រះបន្ទូលដូច្នេះ អញបានឮពាក្យអធិស្ឋានរបស់ឯង ក៏បានឃើញទឹកភ្នែកឯងហើយ មើល អញនឹងចំរើនអាយុឯងឡើង១៥ឆ្នាំទៀត ៦ ហើយនឹងដោះឯង និងទីក្រុងនេះ ឲ្យរួចពីកណ្តាប់ដៃនៃស្តេចអាសស៊ើរ ព្រមទាំងការពារទីក្រុងនេះផង ៧ នេះនឹងបានទុកជាទីសំគាល់ពីព្រះយេហូវ៉ាដល់ឯង ថាព្រះយេហូវ៉ាទ្រង់នឹងសំរេចការនេះ ដែលទ្រង់បានមានព្រះបន្ទូលហើយ ៨ គឺអញនឹងធ្វើឲ្យស្រមោល ដែលបានជ្រេទៅនៅនាលិការ ថ្ងៃរបស់ស្តេចអ័ហាស បានថយមកវិញ ដូច្នេះស្រមោលក៏ថយមកវិញ១០ចុច តាមដែលបានជ្រេទៅហើយ។
៩ នេះជាពាក្យដែលហេសេគា ជាស្តេចយូដា បានសរសេរ ក្នុងកាលដែលទ្រង់ប្រឈួន ហើយបានជាឡើងវិញ។
១០ យើងបានពោលថា យើងនឹងទៅឯទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងកាលដែលនៅពាក់កណ្តាលអាយុទេ សំណល់នៃឆ្នាំអាយុបានបង្អត់ដល់យើងហើយ ១១ យើងបានពោលថា យើងនឹងលែងឃើញព្រះ គឺជាព្រះយេហូវ៉ា នៅស្ថានរបស់មនុស្សរស់នេះទៀត យើងនឹងខានឃើញមនុស្ស ដែលនៅកណ្តាលពួកមនុស្សលោកតទៅ ១២ ជីវិតរបស់យើងបានត្រូវរើរុះចេញ គឺបានលើកយកចេញពីយើង ដូចជាត្រសាលរបស់អ្នកគង្វាល យើងបានមូរបំព្រួញជីវិត ដូចជាអ្នកត្បាញ ទ្រង់នឹងកាត់យើងចេញពីតំបាញ តាំងពីថ្ងៃដរាបដល់យប់ ទ្រង់នឹងផ្តាច់ជីវិតយើងទៅ ១៣ ដរាបដល់ពេលព្រឹក យើងបានគិតថា ទ្រង់នឹងបំបាក់អស់ទាំងឆ្អឹងយើង ដូចជាសិង្ហ តាំងពីថ្ងៃដរាបដល់យប់ ទ្រង់ផ្តាច់ជីវិតយើង ១៤ យើងបានយំចេចចាចដូចជាសត្វត្រចៀកកាំ ឬដូចជាក្រសារ ក៏បានថ្ងូរដូចព្រាបដែរ ឯភ្នែកយើងបានស្រវាំងទៅ ដោយងើយមើលទៅលើ ឱព្រះយេហូវ៉ាអើយ ទូលបង្គំត្រូវសង្កត់សង្កិន សូមធានាឲ្យទូលបង្គំផង ១៥ តើទូលបង្គំនឹងថាដូចម្តេច ទ្រង់បានទាំងមានព្រះបន្ទូលមកទូលបង្គំ ហើយបានសំរេចតាមសំដីផង ទូលបង្គំបានដើរសន្សឹមៗគ្រប់១ជីវិត ដោយព្រោះសេចក្តីជូរចត់នៅក្នុងចិត្ត ១៦ ឱព្រះអម្ចាស់អើយ គឺដោយសេចក្តីទាំងនេះហើយ ដែលមនុស្សរស់នៅ ហើយជីវិតនៃវិញ្ញាណទូលបង្គំ ក៏នៅទាំងមូលក្នុងសេចក្តីទាំងនេះឯង ដូច្នេះ សូមទ្រង់ប្រោសឲ្យទូលបង្គំបានជា ហើយឲ្យទូលបង្គំបានរស់វិញ ១៧ មើល ទូលបង្គំមានសេចក្តីជូរចត់យ៉ាងខ្លាំង នោះគឺឲ្យទូលបង្គំមានសេចក្តីសុខទេទ្រង់បានប្រោសឲ្យទូលបង្គំរួចពីរណ្តៅនៃសេចក្តីពុករលួយ ដោយសេចក្តីស្រឡាញ់ដល់ព្រលឹងទូលបង្គំ ដ្បិតទ្រង់បានបោះចោលអស់ទាំងអំពើបាបរបស់ទូលបង្គំ ទៅក្រោយទ្រង់ហើយ ១៨ ពីព្រោះស្ថានឃុំព្រលឹងមនុស្សស្លាប់ នឹងឈោងដៃរកទ្រង់មិនបាន ហើយសេចក្តីស្លាប់ក៏នឹងអួតសរសើរទ្រង់មិនបានដែរ ពួកអ្នកដែលចុះទៅក្នុងរណ្តៅ នឹងសង្ឃឹមដល់សេចក្តីពិតរបស់ទ្រង់មិនបានឡើយ ១៩ ឯមនុស្សរស់គឺជាមនុស្សរស់ហើយ ដែលនឹងសរសើរដល់ទ្រង់ ដូចជាទូលបង្គំនៅថ្ងៃនេះដែរ ឪពុកនឹងបន្តសេចក្តីពិតរបស់ទ្រង់ឲ្យកូនស្គាល់តទៅ ២០ ព្រះយេហូវ៉ា ទ្រង់ជួយសង្គ្រោះទូលបង្គំ ដូច្នេះយើងខ្ញុំនឹងច្រៀងបទរបស់ទូលបង្គំ តាមប្រដាប់ភ្លេងមានខ្សែ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា ដរាបដល់អស់១អាយុនៃយើងខ្ញុំ។
២១ រីឯអេសាយ លោកបានប្រាប់ថា ត្រូវឲ្យគេយកផែនល្វា១មកបិទលើបូស នោះទ្រង់នឹងបានជា ២២ ហើយហេសេគាទ្រង់ក៏បានមានព្រះបន្ទូលថា តើមានទីសំគាល់ណាឲ្យយើងបានដឹងថា យើងនឹងឡើងទៅក្នុងព្រះវិហារនៃព្រះយេហូវ៉ាបាន។