៥៣
១ តើមានអ្នកណា បានជឿដំណឹង ដែលយើងប្រាប់ ហើយព្រះពាហុនៃព្រះយេហូវ៉ាបានសំដែងចេញឲ្យអ្នកណាឃើញ ២ ដ្បិតទ្រង់បានចំរើនធំឡើងនៅចំពោះព្រះអង្គ ដូចជាលំពង់ទន់ខ្ចី ហើយដូចជាឫសដែលពន្លកចេញពីដីហួតហែង ទ្រង់ឥតមានទ្រង់ទ្រាយល្អ ឬសណ្ឋានរុងរឿងទេ ហើយកាលយើងបានមើលទ្រង់ នោះក៏គ្មានភាពលំអណា ដែលឲ្យយើងរីករាយចិត្តដែរ ៣ ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ។
៤ ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា ៥ តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់ ៦ យើងទាំងអស់គ្នាបានទាសចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់។
៧ ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ ៨ ទ្រង់ត្រូវដកចេញពីអំណាចការពារ ហើយពីសេចក្តីយុត្តិធម៌ ឯសម័យជំនាន់ទ្រង់ តើមានអ្នកណារំពឹងគិតឃើញថា ទ្រង់បានត្រូវកាត់ចេញពីស្ថានរបស់មនុស្សរស់នេះ ហើយត្រូវវាយ ដោយព្រោះអំពើរំលងរបស់ជនជាតិខ្ញុំនោះ ៩ ហើយក្នុងកាលដែលទ្រង់សុគត នោះគេក៏បញ្ចុះសពទ្រង់នៅជាមួយនឹងពួកអាក្រក់ ហើយនៅក្នុងផ្នូររបស់អ្នកមានម្នាក់ ទោះបើទ្រង់មិនដែលធ្វើអំពើទុច្ចរិតណាមួយក៏ដោយ ក៏មិនដែលមានការបញ្ឆោតនៅក្នុងព្រះឱស្ឋទ្រង់ឡើយផង។
១០ ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ នោះទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់ ហើយនឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅ ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់ ១១ ទ្រង់នឹងឃើញផលនៃការដែលព្រលឹងទ្រង់រងវេទនា នោះនឹងបានស្កប់ស្កល់ផង អ្នកដ៏សុចរិត គឺជាអ្នកបំរើរបស់អញ ទ្រង់នឹងធ្វើឲ្យមនុស្សជាច្រើនបានសុចរិត ដោយគេស្គាល់ដល់ទ្រង់ ហើយទ្រង់នឹងទទួលរងទោសចំពោះអំពើទុច្ចរិតរបស់គេ ១២ ហេតុនោះអញនឹងឲ្យទ្រង់មានចំណែកជាមួយនឹងពួកអ្នកធំ ហើយទ្រង់នឹងចែករបឹបជាមួយនឹងពួកអ្នកដ៏ខ្លាំងពូកែ ពីព្រោះទ្រង់បានច្រួចព្រលឹងចេញ រហូតដល់ស្លាប់ គេបានរាប់ទ្រង់ទុកជាអ្នកទទឹងច្បាប់ ប៉ុន្តែទ្រង់បានទទួលរងទោសនៃអំពើបាបរបស់មនុស្សជាច្រើន ហើយបានអង្វរជំនួសមនុស្សដែលទទឹងច្បាប់វិញ។