៥៥
ព្រះអម្ចាស់ប្រោសប្រទានការសង្គ្រោះ
១ ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ ឯអ្នកដែលគ្មានប្រាក់អើយ ចូរមកទិញ ហើយបរិភោគទៅ អើ ចូរមកទិញស្រាទំពាំងបាយជូរ និងទឹកដោះគោឥតបង់លុយ ឥតថ្លៃទេ ២ ហេតុអ្វីបានជាចាយប្រាក់ឲ្យ បានតែរបស់ដែលមិនមែនជាអាហារ ហើយបង់កំឡាំង ឲ្យបានតែរបស់ដែលមិនស្កប់ចិត្តដូច្នេះ ចូរស្តាប់តាមអញឲ្យអស់ពីចិត្តចុះ នោះឯងនឹងបានបរិភោគយ៉ាងឆ្ងាញ់ ដើម្បីឲ្យព្រលឹងឯងបានស្កប់ស្កល់ ដោយម្ហូបយ៉ាងថ្លៃវិសេស ៣ ចូរឱនត្រចៀក ហើយមកឯអញ ចូរស្តាប់ចុះ នោះព្រលឹងឯងនឹងបានរស់នៅ ហើយអញនឹងតាំងសេចក្តីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច គឺជាសេចក្តីមេត្តាករុណាស្មោះត្រង់ ដែលបានផ្តល់ដល់ដាវីឌ ៤ មើល អញបានតាំងដាវីឌទុកជាទីបន្ទាល់ដល់ប្រជាជាតិទាំងឡាយ គឺជាអ្នកនាំមុខ ហើយជាអ្នកបង្គាប់ដល់គេ ៥ មើល ឯងនឹងហៅសាសន៍១ដែលឯងមិនបានស្គាល់ ហើយសាសន៍១ដែលមិនបានស្គាល់ឯង គេនឹងរត់មកឯឯង ដោយព្រោះព្រះយេហូវ៉ាជាព្រះនៃឯង គឺជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដ្បិតទ្រង់បានលើកដំកើងឯងហើយ។
៦ ចូរស្វែងរកព្រះយេហូវ៉ា ក្នុងកាលដែលអាចនឹងរកទ្រង់ឃើញ ហើយអំពាវនាវដល់ទ្រង់ ក្នុងកាលដែលទ្រង់គង់នៅជិតចុះ ៧ ត្រូវឲ្យមនុស្សអាក្រក់បោះបង់ចោលផ្លូវរបស់ខ្លួន ហើយឲ្យមនុស្សទុច្ចរិតចោលគំនិតអាក្រក់របស់ខ្លួនដែរ រួចឲ្យគេត្រឡប់មកឯព្រះយេហូវ៉ាវិញ នោះទ្រង់នឹងអាណិតមេត្តាដល់គេ គឺឲ្យវិលមកឯព្រះនៃយើងរាល់គ្នា ដ្បិតទ្រង់នឹងអត់ទោសឲ្យជាបរិបូរ ៨ ពីព្រោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គំនិតអញ មិនមែនដូចជាគំនិតរបស់ឯងរាល់គ្នាទេ ឯផ្លូវរបស់ឯងរាល់គ្នាក៏មិនមែនជាផ្លូវរបស់អញដែរ។ ៩ ដ្បិតដែលផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា នោះអស់ទាំងផ្លូវរបស់អញ ខ្ពស់ជាងផ្លូវរបស់ឯង ហើយគំនិតរបស់អញ ក៏ខ្ពស់ជាងគំនិតរបស់ឯងរាល់គ្នាយ៉ាងនោះដែរ ១០ ពីព្រោះដែលភ្លៀង និងហិមៈធ្លាក់ចុះមកពីលើមេឃឥតវិលត្រឡប់ទៅលើវិញ គឺមកស្រោចដីធ្វើឲ្យកើតចេញជាពន្លកឡើង ហើយក៏ឲ្យពូជពង្រោះដល់អ្នកដែលព្រោះ និងអាហារដល់អ្នកដែលបរិភោគជាយ៉ាងណា ១១ នោះពាក្យអញ ដែលចេញពីមាត់អញទៅ ក៏មិនដែលវិលមកឯអញវិញ ដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹងធ្វើសំរេចតាមសេចក្តីប៉ងប្រាថ្នានៅក្នុងចិត្តអញ ហើយនឹងចំរើនកើនឡើង ក្នុងការអ្វី ដែលអញចាត់ទៅធ្វើនោះ ១២ ដ្បិតឯងរាល់គ្នានឹងចេញទៅដោយអំណរ ហើយគេ និងនាំឯងចេញទៅ ដោយសុខសាន្ត ឯអស់ទាំងភ្នំធំ និងភ្នំតូចទាំងប៉ុន្មាននឹងធ្លាយចេញជាចំរៀងនៅមុខឯង ហើយគ្រប់ទាំងដើមឈើនៅព្រៃនឹងទះដៃផង ១៣ នោះនឹងមានដើមកកោះដុះឡើង ជំនួសគុម្ពបន្លា ហើយដើមយីថោនឹងដុះឡើង ជំនួសអញ្ចាញ ការទាំងនេះនឹងបានសំរាប់ជាល្បីព្រះនាមដល់ព្រះយេហូវ៉ា ហើយសំរាប់ជាទីសំគាល់ដ៏ស្ថិតស្ថេរនៅអស់កល្បតរៀងទៅ ដែលមិនត្រូវកាត់ផ្តាច់ចេញឡើយ