៥
ទំនុកដំកើងរបស់នាងដេបូរ៉ា និងបារ៉ាក
១ នៅថ្ងៃនោះ ដេបូរ៉ា និងបារ៉ាក ជាកូនអ័ប៊ីណោមក៏ច្រៀងថា ២ ចូរក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ា ដ្បិតពួកអ្នកនាំមុខបានតាំងខ្លួននាំពួកអ៊ីស្រាអែល ហើយបណ្តាជនបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត។
៣ ពួកស្តេចអើយ ចូរស្តាប់ ពួកមេត្រួតត្រាអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ ខ្ញុំនឹងច្រៀងថ្វាយព្រះយេហូវ៉ា ខ្ញុំនឹងច្រៀងសរសើរ ដល់ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ៤ ឱព្រះយេហូវ៉ាអើយ កាលទ្រង់បានយាងចេញពីភ្នំសៀរ កាលទ្រង់បានយាងមកពីស្រុកអេដំម នោះផែនដីក៏ញ័រឡើង ផ្ទៃមេឃក៏ទូទឹម ហើយពពកបានបង្អុរទឹកចុះ ៥ ភ្នំទាំងប៉ុន្មានក៏រលាយទៅនៅចំពោះព្រះយេហូវ៉ា គឺភ្នំស៊ីណាយ បានរលាយពីចំពោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល។
៦ នៅជំនាន់សាំកើរ ជាកូនអ័ណាត ក្នុងគ្រាយ៉ាអែលនោះគេទុកចោលថ្នល់ធំ ពួកអ្នកដំណើរទាំងប៉ុន្មានក៏ដើរតាមតែផ្លូវច្រកវិញ ៧ ភូមិទាំងប៉ុន្មានក្នុងស្រុកអ៊ីស្រាអែលក៏ចោលនៅស្ងាត់ គឺនៅស្ងាត់ច្រៀប ទាល់តែខ្ញុំដេបូរ៉ានេះបានតាំងឡើង គឺបានឡើងធ្វើជាម្តាយនៃសាសន៍អ៊ីស្រាអែល ៨ គេបានជ្រើសរើសព្រះថ្មី បានជាកើតមានចំបាំងនៅមាត់ទ្វារក្រុងទាំងប៉ុន្មាន គ្រានោះ ក្នុងសាសន៍អ៊ីស្រាអែល៤ម៉ឺននាក់ ឥតមានខែល ឬលំពែងណាមួយឡើយ ៩ ខ្ញុំមានសេចក្តីពេញចិត្ត ចំពោះពួកចៅហ្វាយសាសន៍អ៊ីស្រាអែល ដែលនៅក្នុងពួកបណ្តាជន គេបានប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត សូមឲ្យព្រះយេហូវ៉ាបានព្រះពរ ១០ ឱអ្នករាល់គ្នាដែលជិះលាសនិងអ្នករាល់គ្នាដែលអង្គុយលើព្រំវិចិត្រដ៏មានដំឡៃ ហើយអ្នករាល់គ្នាដែលដើរតាមផ្លូវអើយ ចូរថ្លែងប្រាប់ចុះ ១១ នៅទីឆ្ងាយពីសូរអឺងអាប់នៃពួកប្រមាញ់ធ្នូ នោះគេនឹងប្រជុំត្រង់កន្លែងដងទឹក ថ្លែងប្រាប់ពីអំពើសុចរិតរបស់ព្រះយេហូវ៉ា គឺពីអស់ទាំងអំពើសុចរិតដែលទ្រង់ប្រោស ក្នុងគ្រាដែលសោយរាជ្យលើសាសន៍អ៊ីស្រាអែល នៅក្នុងគ្រានោះពួករាស្ត្រផងព្រះយេហូវ៉ាបានចុះមកដល់អស់ទាំងទ្វារក្រុង។
១២ ចូរភ្ញាក់ ចូរភ្ញាក់ឡើងចុះ ដេបូរ៉ាអើយ ចូរភ្ញាក់ ចូរភ្ញាក់ឡើងច្រៀងជាទំនុកទៅ ចូរក្រោកឡើងបារ៉ាកអើយ ឱកូនអ័ប៊ីណោមអើយ ចូរនាំពួកឈ្លើយរបស់អ្នកទៅចុះ ១៣ គ្រានោះ ពួកសំណល់នៃបណ្តាជន បានឈ្នះពួកខ្លាំងពូកែ ព្រះយេហូវ៉ាទ្រង់បានយាងចុះមកច្បាំងជំនួសខ្ញុំ ទាស់នឹងពួកស្ទាត់ជំនាញ ១៤ មានពួកអ្នកចុះពីស្រុកអេប្រាអិមមក ដែលមានជាប់កំណើតក្នុងសាសន៍អាម៉ាលេក គេមកតាមឯង ឱបេនយ៉ាមីនអើយ គឺនៅជាកណ្តាលនៃពួកជនរបស់ឯងផង មានពួកចៅហ្វាយចុះមកពីពួកម៉ាគារ ហើយពីពួកសាប់យូល៉ូន នោះមានអ្នកដែលធ្វើជាមេធំបំផុតចេញមក ១៥ ពួកអ្នកដែលជាកំពូលលើពួកអ៊ីសាខារ ក៏នៅជាមួយនឹងដេបូរ៉ា ហើយពួកអ៊ីសាខារបានតាមបារ៉ាកដែរ គេបានទទួលបង្គាប់ចុះទៅក្នុងច្រកភ្នំតាមដានជើងលោក រីឯពួករូបេន នៅត្រង់ជ្រោះទឹក នោះមានចិត្តនឹកសំរេចការយ៉ាងធំ ១៦ ហេតុអ្វីបានជាឯងនៅតែក្នុងក្រោលចៀម និងស្តាប់សូរហ្វូងសត្វយំដូច្នេះ នៅត្រង់ជ្រោះទឹករបស់ពួករូបេន នោះគេមានសេចក្តីនឹកពិចារណាក្នុងចិត្តយ៉ាងធំ ១៧ ឯពួកកាឡាតគេបាននៅតែខាងនាយទន្លេយ័រដាន់ ហើយដាន់ ហេតុអ្វីបានជាគេនៅតែក្នុងនាវាដូច្នេះ ពួកអេស៊ើរក៏បានអង្គុយនៅតែនឹងមាត់សមុទ្រ ហើយតាមស្ទឹងរបស់គេផង ១៨ គឺមានតែពួកសាប់យូល៉ូនទេ ដែលប្រថុយជីវិតដល់ស្លាប់ និងពួកណែបថាលីដែរ គេបានចូលទៅច្បាំងនៅទីវាលខ្ពស់។
១៩ ពួកស្តេចបានមកច្បាំង គឺពួកស្តេចស្រុកកាណានគេមកច្បាំងនៅត្អាណាក ជិតទឹកមេគីដោ តែគេមិនបានយករបឹបដ៏មានដំឡៃអ្វីសោះ ២០ ផ្ទៃមេឃក៏បានជួយច្បាំង ផ្កាយទាំងប៉ុន្មានបានច្បាំងនឹងស៊ីសេរ៉ាពីទីគោចរ ២១ ស្ទឹងគីសុនបានហូរនាំយកគេទៅបាត់ គឺស្ទឹងគីសុន ជាស្ទឹងពីចាស់បុរាណនោះ ឱព្រលឹងអញអើយ ឯងបានជាន់គេដោយមានកំឡាំងដ៏ខ្លាំង ២២ គ្រានោះឮសូរសន្ធឹកជើងសេះដែលកំពុងតែរត់ គឺដែលពួកខ្លាំងពូកែរត់ទៅ ២៣ ទេវតានៃព្រះយេហូវ៉ាប្រាប់ថា ចូរដាក់បណ្តាសាដល់មេរ៉ូស ចូរដាក់បណ្តាសាដល់ពួកអ្នក ដែលនៅស្រុកនោះ ជាយ៉ាងធ្ងន់ ពីព្រោះគេមិនបានមកជួយការនៃព្រះយេហូវ៉ា គឺជួយទាស់នឹងមនុស្សខ្លាំងពូកែនោះទេ ២៤ យ៉ាអែល ជាប្រពន្ធហេប៊ើរ សាសន៍កែន នាងមានពរលើសជាងអស់ទាំងស្ត្រី នាងនឹងមានពរលើសជាងគ្រប់អស់ទាំងស្ត្រី ដែលនៅក្នុងត្រសាលផង ២៥ លោកបានសូមទឹកផឹក តែនាងបានឲ្យទឹកដោះវិញ គឺនាងបានយកខ្លាញ់ទឹកដោះដាក់ក្នុងចានលំអមកជូនលោក ២៦ នាងបានលូកដៃទៅចាប់យកចំរ៉ឹង ហើយដៃស្តាំចាប់យកញញួររបស់ពួកជាង រួចបានវាយស៊ីសេរ៉ានឹងញញួរនោះ គឺបានវាយធ្លុះក្បាលលោក នាងវាយទំលុះត្រង់តើក ២៧ លោកក៏ឱន ក៏ដួល ក៏ដេក នៅទៀបជើងនាង គឺនៅទៀបជើងនាងដែលលោកឱនដួលចុះ ហើយនៅកន្លែងដែលលោកឱននោះ លោកក៏ដួលស្លាប់នៅទីនោះឯង។
២៨ ម្តាយស៊ីសេរ៉ាបានរង់មើលតាមតារាង ហើយបន្លឺវាចាតាមបង្អួចសួរថា ហេតុអ្វីបានជារទេះលោកក្រមកដូច្នេះ ហេតុអ្វីបានជាកង់រទេះលោកយឺតដល់ម៉្លេះ ២៩ ពួកស្ត្រីប្រាជ្ញរបស់នាងក៏ឆ្លើយឡើង អើ នាងក៏ឆ្លើយដោយខ្លួនឯងដែរថា ៣០ តើគេរកមិនបានរបឹប តើមិនបានចែកគ្នាទេឬអី គឺជាស្ត្រីក្រមុំម្នាក់ ឬ២នាក់គ្រប់គ្នា ឯស៊ីសេរ៉ា តើមិនបានរបឹបជាអាវជ្រលក់ល័ខ គឺជាអាវប៉ាក់មានពណ៌ពីរបឹបទាំងប៉ុន្មាន ជាអាវប៉ាក់ទាំងសងខាង ហើយជ្រលក់ល័ខផង ដែលសំណំនឹងអ្នកចាប់យករបឹបនោះទេឬអី។
៣១ ឱព្រះយេហូវ៉ាអើយ សូមឲ្យអស់ទាំងខ្មាំងសត្រូវរបស់ទ្រង់វិនាសទៅដូច្នេះដែរ តែសូមឲ្យពួកអ្នក ដែលស្រឡាញ់ទ្រង់ បានភ្លឺដូចជាថ្ងៃ ក្នុងកាលដែលរះឡើងពេញវង់វិញ។
នោះស្រុកក៏បានសុខសាន្តត្រាណអស់៤០ឆ្នាំ។