១១
យែបថាឡើងធ្វើជាមេដឹកនាំលើអ៊ីស្រាអែល
១ ខណៈនោះមានមនុស្សក្លាហាន ហើយស្ទាត់ជំនាញម្នាក់ ឈ្មោះយែបថា ជាកូនដែលកាឡាតបង្កើតនឹងស្រីសំផឹងម្នាក់ ២ ឯប្រពន្ធកាឡាតក៏បានបង្កើតកូនប្រុសខ្លះឲ្យគាត់ដែរ កាលពួកកូនរបស់ប្រពន្ធគាត់បានធំឡើង នោះក៏បណ្តេញយែបថាចេញ ដោយពាក្យថា ឯងមិនត្រូវបានចំណែកមរដក ក្នុងគ្រួឪពុកយើងទេ ដ្បិតឯងជាកូនខាងក្រៅ ៣ នោះយែបថាក៏រត់ពីបងប្អូន ចេញទៅនៅឯស្រុកថូបទៅ រួចមានពួកមនុស្សអនាថាមូលមកចូលដៃជាមួយគ្នា គេតែងចេញទៅវាយប្លន់ជាមួយនឹងគាត់។
៤ លុះចំណែកក្រោយមក នោះពួកកូនចៅអាំម៉ូនគេទន្ទ្រានចូលច្បាំងនឹងសាសន៍អ៊ីស្រាអែល ៥ ខណៈដែលគេទន្រ្ទានចូលក្នុងស្រុកអ៊ីស្រាអែល នោះពួកចាស់ទុំនៅស្រុកកាឡាតក៏ចាត់គេ ឲ្យទៅហៅយែបថា ពីស្រុកថូបមក ៦ ដោយអង្វរថា សូមមកធ្វើជាមេទ័ព លើយើងរាល់គ្នា ដើម្បីនាំយើងចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ៧ តែយែបថាប្រកែកដល់ពួកចាស់ទុំស្រុកកាឡាតថា តើអ្នករាល់គ្នាមិនបានស្អប់ខ្ញុំ ហើយបណ្តេញចេញពីផ្ទះឪពុកខ្ញុំទេឬអី ហេតុអ្វីបានជាមករកខ្ញុំឥឡូវ ក្នុងគ្រាដែលមានសេចក្តីវេទនាវិញដូច្នេះ ៨ នោះពួកចាស់ទុំស្រុកកាឡាតឆ្លើយតបថា គឺដោយហេតុនោះបានជាយើងរាល់គ្នាមករកអ្នកឥឡូវ ដើម្បីឲ្យអ្នកបានចេញទៅច្បាំងនឹងពួកកូនចៅអាំម៉ូនជាមួយនឹងយើង នោះអ្នកនឹងបានធ្វើជាមេរបស់យើងរាល់គ្នា គ្រប់គ្រងលើមនុស្សនៅស្រុកកាឡាតទាំងអស់ ៩ រួចយែបថាសួរបញ្ជាក់ដល់ពួកចាស់ទុំស្រុកកាឡាតថា បើអ្នករាល់គ្នានាំខ្ញុំត្រឡប់ទៅស្រុកវិញ ច្បាំងនឹងពួកកូនចៅអាំម៉ូន ហើយព្រះយេហូវ៉ាទ្រង់ប្រគល់គេមកនៅមុខខ្ញុំ នោះតើខ្ញុំនឹងបានធ្វើជាមេលើអ្នករាល់គ្នាពិតមែនឬ ១០ ពួកចាស់ទុំក៏ឆ្លើយថា យើងស្បថដោយនូវព្រះយេហូវ៉ាដែលទ្រង់ឮពាក្យយើងនេះថា យើងនឹងធ្វើតាមពាក្យអ្នកជាពិតប្រាកដ ១១ ដូច្នេះយែបថាក៏ទៅជាមួយនឹងពួកចាស់ទុំនៃស្រុកកាឡាតទៅ ហើយពួកបណ្តាជនក៏លើកឡើងឲ្យធ្វើជាកំពូល ហើយជាមេលើគេ រួចយែបថាក៏ទៅថ្លែងអស់ទាំងពាក្យដដែលនោះ នៅចំពោះព្រះយេហូវ៉ាត្រង់មីសប៉ា។
១២ ស្រេចហើយយែបថាចាត់សារ ឲ្យទៅឯស្តេចពួកកូនចៅអាំម៉ូនសួរថា តើលោកនឹងខ្ញុំ មានរឿងអ្វីនឹងគ្នាបានជាលោកមកច្បាំងនឹងខ្ញុំនៅស្រុកខ្ញុំដូច្នេះ ១៣ ស្តេចនៃពួកកូនចៅអាំម៉ូនឆ្លើយទៅពួកទូតរបស់យែបថាថា គឺដោយព្រោះសាសន៍អ៊ីស្រាអែល បានដណ្តើមយកស្រុករបស់អញ ចាប់តាំងពីស្ទឹងអើណូន ទៅដល់ស្ទឹងយ៉ាបុក ហើយត្រឹមទន្លេយ័រដាន់ ក្នុងកាលដែលគេឡើងពីស្រុកអេស៊ីព្ទមកនោះ ដូច្នេះ ចូរប្រគល់ស្រុកទាំងនោះមកអញវិញឥឡូវ ដោយមេត្រីចុះ ១៤ នោះយែបថាក៏ចាត់សារឲ្យទៅឯស្តេច របស់ពួកកូនចៅអាំម៉ូនម្តងទៀត ទូលថា ១៥ យែបថាទូលយ៉ាងដូច្នេះថា សាសន៍អ៊ីស្រាអែលមិនបានយកស្រុករបស់សាសន៍ម៉ូអាប់ ឬស្រុករបស់ពួកកូនចៅអាំម៉ូនទេ ១៦ គឺកាលគេឡើងពីស្រុកអេស៊ីព្ទមក នោះសាសន៍អ៊ីស្រាអែលបានដើរកាត់ទីរហោស្ថាន រហូតដល់សមុទ្រក្រហម ហើយក៏ទៅដល់កាដេស ១៧ រួចចាត់សារឲ្យទៅឯស្តេចស្រុកអេដំម ទូលថា សូមបើកឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ផង តែស្តេចស្រុកនោះមិនយល់ព្រមតាមសោះ គេក៏ចាត់សារឲ្យទៅឯស្តេចម៉ូអាប់ ទូលដូច្នោះដែរ តែទ្រង់ក៏មិនយល់ព្រមទៀត បានជាសាសន៍អ៊ីស្រាអែលបង្អង់នៅក្នុងស្រុកកាដេសនោះ ១៨ រួចគេដើរតាមទីរហោស្ថានវាងព័ទ្ធស្រុកអេដំម និងស្រុកម៉ូអាប់ តាមខាងកើតស្រុកម៉ូអាប់វិញ ហើយដំឡើងត្រសាលនៅខាងនាយស្ទឹងអើណូន តែមេគេមិនបានចូលទៅក្នុងព្រំស្រុកម៉ូអាប់សោះ ដ្បិតស្ទឹងអើណូននោះ ជាព្រំខណ្ឌនៃស្រុកម៉ូអាប់ ១៩ នៅទីនោះសាសន៍អ៊ីស្រាអែលក៏ចាត់សារ ឲ្យទៅឯស៊ីហុន ជាស្តេចសាសន៍អាម៉ូរី គឺជាស្តេចក្រុងហែសបូន ដោយពាក្យថា សូមឲ្យយើងខ្ញុំដើរកាត់ស្រុកទ្រង់ ទៅឯកន្លែងរបស់យើងខ្ញុំផង ២០ តែស្តេចទ្រង់មិនទុកចិត្តចំពោះសាសន៍អ៊ីស្រាអែល នឹងឲ្យគេដើរកាត់ព្រំស្រុករបស់ទ្រង់ទេ ក៏ប្រមូលពួកទ្រង់ទាំងអស់ ទៅបោះទ័ពនៅត្រង់យ៉ាហាស់ ច្បាំងនឹងសាសន៍អ៊ីស្រាអែលយើង ២១ នោះព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់ក៏ប្រគល់ស៊ីហុន និងពួកទ្រង់ទាំងប៉ុន្មាន មកក្នុងកណ្តាប់ដៃនៃយើង ហើយយើងក៏ប្រហារគេ គឺយ៉ាងនោះហើយ ដែលសាសន៍អ៊ីស្រាអែលចាប់យកស្រុករបស់សាសន៍អាម៉ូរី ជាពួកអ្នកដែលនៅស្រុកនោះបាន ២២ គេចាប់យកស្រុករបស់សាសន៍អាម៉ូរីនោះ ចាប់តាំងពីស្ទឹងអើណូន រហូតដល់ស្ទឹងយ៉ាបុក ហើយពីទីរហោស្ថានទៅដល់ទន្លេយ័រដាន់ ២៣ ឥឡូវព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់បានបណ្តេញសាសន៍អាម៉ូរី ពីមុខពួកអ៊ីស្រាអែល ជារាស្ត្រទ្រង់ ចេញហើយ ដូច្នេះ តើត្រូវការអ្វី ឲ្យទ្រង់មកយកស្រុកនេះធ្វើអី ២៤ ឯស្រុកដែលព្រះកេម៉ូស ជាព្រះនៃទ្រង់ បានប្រទានឲ្យ នោះតើមិនយកជារបស់ផងទ្រង់ទេឬអី ដូច្នេះពួកណាដែលព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ទ្រង់បណ្តេញពីមុខយើងខ្ញុំទៅ នោះស្រុករបស់គេត្រូវបានជារបស់ផងយើងខ្ញុំវិញដូច្នោះដែរ ២៥ ចុះតើទ្រង់វិសេសជាងបាឡាក ជាកូនស៊ីបព័រ ស្តេចសាសន៍ម៉ូអាប់ឬអី តើស្តេចនោះមិនបានតយុទ្ធនឹងសាសន៍អ៊ីស្រាអែលដែរទេឬអី តើមិនបានច្បាំងនឹងគេទេឬ ២៦ ក្នុងរវាង៣០០ឆ្នាំនេះ ដែលសាសន៍អ៊ីស្រាអែលនៅក្រុងហែសបូន និងដំបន់នៅជុំវិញ នៅក្រុងអារ៉ូអ៊ើរ និងដំបន់នៅជុំវិញ ហើយនៅទីក្រុងទាំងប៉ុន្មានដែលនៅក្បែរមាត់ស្ទឹងអើណូន នោះហេតុអ្វីបានជាទ្រង់មិនបានចាប់យកស្រុកពីគេមក ក្នុងគ្រានោះទៅ ២៧ ដូច្នេះ ខ្ញុំមិនបានធ្វើបាបនឹងទ្រង់ទេ គឺទ្រង់ទេតើដែលធ្វើខុសនឹងខ្ញុំវិញ ដោយមកច្បាំងនឹងខ្ញុំដូច្នេះ ព្រះយេហូវ៉ាដ៏ជាចៅក្រម ទ្រង់នឹងជំនុំជំរះរឿងរបស់ពួកកូនចៅអ៊ីស្រាអែល និងពួកកូនចៅអាំម៉ូននៅថ្ងៃនេះឯង ២៨ ប៉ុន្តែ ស្តេចពួកកូនចៅអាំម៉ូនមិនព្រមស្តាប់ពាក្យ ដែលយែបថាបានចាត់សារឲ្យមកទូលទ្រង់នោះទេ។
ពាក្យសន្យារបស់យែបថា
២៩ ខណៈនោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ា ទ្រង់ក៏មកសណ្ឋិតលើយែបថា រួចលោកដើរកាត់ស្រុកកាឡាត និងស្រុកម៉ាន៉ាសេ ទៅតាមមីសប៉ា-កាឡាត ហើយពីទីនោះក៏ដំរង់ទៅឯពួកកូនចៅអាំម៉ូន ៣០ យែបថាក៏បន់ព្រះយេហូវ៉ា ដោយពាក្យថា បើសិនជាទ្រង់ប្រគល់ពួកកូនចៅអាំម៉ូន មកក្នុងកណ្តាប់ដៃនៃទូលបង្គំពិត ៣១ នោះអ្វីៗណាដែលចេញពីមាត់ទ្វារផ្ទះទូលបង្គំ មកទទួលទូលបង្គំ ក្នុងគ្រាដែលទូលបង្គំត្រឡប់ពីពួកកូនចៅអាំម៉ូនមកវិញ ដោយសុខសាន្ត នោះនឹងបានជារបស់ផងព្រះយេហូវ៉ា ហើយទូលបង្គំនឹងថ្វាយជាដង្វាយដុត ៣២ ដូច្នេះ យែបថាក៏ទៅច្បាំងនឹងពួកកូនចៅអាំម៉ូន ហើយព្រះយេហូវ៉ាទ្រង់បានប្រគល់គេមកក្នុងកណ្តាប់ដៃរបស់លោក ៣៣ លោកប្រហារជីវិតគេយ៉ាងសំបើម ចាប់តាំងពីក្រុងអារ៉ូអ៊ើរ មកដល់ក្រុងមីនីត ទាំងអស់បានទីក្រុង២០ ហើយរហូតដល់អេបិល-កេរ៉ាមីមថែមទៀត ពួកកូនចៅអាំម៉ូនក៏ត្រូវក្រាបចុះ នៅមុខពួកកូនចៅអ៊ីស្រាអែល។
កូនស្រីយែបថា
៣៤ រួចយែបថា លោកត្រឡប់មកដល់ផ្ទះ នៅត្រង់មីសប៉ាវិញ នោះមើល ខណៈនោះកូនស្រីរបស់លោកក៏ចេញមកទទួល ទាំងបន្ទរក្រាប់បណ្តើរ ហើយលោតកញ្ឆេងផង នាងនោះជាកូនតែ១របស់លោក ក្រៅពីនាង នោះគ្មានកូនប្រុស ឬកូនស្រីណាទៀតឡើយ ៣៥ កាលលោកក្រឡកទៅឃើញនាង នោះក៏ហែកអាវដោយពាក្យថា វរហើយ កូនអើយ ឯងបានធ្វើឲ្យអញមានចិត្តក្រាបចុះជាខ្លាំងណាស់ ឯងជាអ្នកនៅក្នុងពួកដែលនាំឲ្យអញលំបាកចិត្ត ដ្បិតអញបានមានវាចានឹងព្រះយេហូវ៉ាហើយ នឹងថយមកក្រោយវិញពុំបានឡើយ ៣៦ នាងឆ្លើយទៅឪពុកថា លោកឪពុកអើយ បើលោកបានមានវាចានឹងព្រះយេហូវ៉ាហើយ នោះសូមធ្វើដល់ខ្ញុំតាមវាចា ដែលចេញពីមាត់នោះចុះ ដោយព្រោះព្រះយេហូវ៉ា ទ្រង់បានសងសឹកនឹងពួកកូនចៅអាំម៉ូនជាខ្មាំងសត្រូវ ជំនួសលោកឪពុកហើយ ៣៧ រួចនាងក៏សូមដល់ឪពុកថា សូមបើកឲ្យខ្ញុំធ្វើដូច្នេះ គឺទុកខ្ញុំឲ្យនៅក្នុងរវាង២ខែសិន ដើម្បីឲ្យខ្ញុំបានទៅនៅលើភ្នំ ហើយយំស្តាយភាពជាក្រមុំរបស់ខ្ញុំ ជាមួយនឹងពួកស្ត្រី ជាមិត្រសំឡាញ់ខ្ញុំ ៣៨ នោះឪពុកក៏ឆ្លើយថា ទៅចុះ ហើយលោកបើកឱកាសឲ្យនាងទៅនៅអស់២ខែ ដូច្នេះ នាងក៏ចេញទៅជាមួយនឹងពួកមិត្រសំឡាញ់ទៅ ហើយយំស្តាយដល់ភាពជាក្រមុំរបស់នាងលើភ្នំ ៣៩ លុះគ្រប់កំណត់២ខែហើយ នោះនាងក៏ត្រឡប់មកឯឪពុកវិញ ហើយលោកបានធ្វើដល់នាង តាមបំណន់របស់ខ្លួនទៅ នាងឥតដែលបានស្គាល់បុរសណាឡើយ សេចក្តីនោះឯងបានត្រឡប់ទៅជាទំលាប់ក្នុងពួកអ៊ីស្រាអែលតទៅ ៤០ គឺរាល់តែឆ្នាំពួកកូនស្រីរបស់អ៊ីស្រាអែល គេតែងទៅយំរំឭកពីកូនស្រីរបស់យែបថា ជាពួកកាឡាតនោះ គ្រប់៤ថ្ងៃក្នុង១ឆ្នាំ។