១៥
ការសងសឹករបស់សាំសុន
១ ក្រោយបន្តិចមក នៅវេលាចំរូតស្រូវសាលី នោះសាំសុនក៏យកកូនពពែ១ទៅសួរប្រពន្ធគាត់ ដោយគិតថា អញនឹងចូលទៅឯប្រពន្ធអញនៅក្នុងបន្ទប់ តែឪពុកនាងមិនព្រមឲ្យចូលទៅទេ ២ ដោយពាក្យថា អញបានគិតថាឯងស្អប់វាហើយ បានជាអញឲ្យវាទៅអ្នកដែលកំដរឯងម្នាក់វិញ ឥឡូវប្អូនវាក៏មានរូបស្រស់ល្អជាងវាដែរ ដូច្នេះសូមឲ្យយកប្អូនជំនួសវាចុះ ៣ នោះសាំសុននិយាយទៅគេថា ម្តងណេះបើអញធ្វើបាបដល់ពួកភីលីស្ទីន នោះអញគ្មានទោសទេ ៤ រួចគាត់ចេញទៅចាប់ចចក៣០០ ហើយយកចន្លុះមកចងកន្ទុយជាប់គ្នាមួយគូៗ ដាក់ចន្លុះមួយៗនៅជាកណ្តាលកន្ទុយទាំង២នោះ ៥ លុះកាលបានអុចចន្លុះទាំងនេះស្រេចហើយ នោះក៏លែងទៅក្នុងស្រូវរបស់ពួកភីលីស្ទីន បញ្ឆេះទាំងស្នឹមកណ្តាប់ ទាំងស្រូវដែលមិនទាន់ច្រូត ព្រមទាំងចំការដើមអូលីវផង ៦ ដូច្នេះ ពួកភីលីស្ទីនសួរថា តើអ្នកណាបានធ្វើអំពើនេះ គេឆ្លើយថា គឺសាំសុន ជាកូនប្រសាអ្នកក្រុងធីមណានោះ ពីព្រោះគេបានលើកប្រពន្ធវាឲ្យទៅអ្នកកំដររបស់វាវិញ នោះពួកភីលីស្ទីនក៏ឡើងទៅដុតសំឡាប់នាងនោះ ព្រមទាំងឪពុកទៅ ៧ សាំសុនក៏និយាយគំនុំដល់គេថា ឯងរាល់គ្នាធ្វើដូច្នេះ អើ មិនអីទេ ចាំមើល ថ្ងៃក្រោយអញនឹងសងសឹកនឹងឯងម្តងវិញជាសំរេច ៨ គាត់ក៏វាយសំឡាប់គេដោយកំឡាំងកាយស្លាប់យ៉ាងសន្ធឹក រួចភៀសខ្លួនចុះទៅនៅក្នុងក្រហែងថ្មដាឈ្មោះអេតាមទៅ។
សាំសុនប្រើថ្គាមលាជាអាវុធប្រហារសាសន៍ភីលីស្ទីន
៩ នោះពួកភីលីស្ទីនគេឡើងទៅ បោះទ័ពក្នុងស្រុកយូដា រាយរហូតដល់ដំបន់លេហ៊ី ១០ រួចពួកយូដាសួរថា ហេតុអ្វីបានជាអ្នករាល់គ្នាឡើងមក ទាស់នឹងយើងដូច្នេះ គេឆ្លើយថា យើងមកប្រយោជន៍តែនឹងចាប់ចងសាំសុនប៉ុណ្ណោះទេ ដើម្បីនឹងសងដល់វា ដូចជាវាបានធ្វើយើងហើយ ១១ ដូច្នេះ មានពួកយូដា៣ពាន់នាក់ ចុះទៅដល់ក្រហែងថ្មអេតាមនោះ និយាយនឹងសាំសុនថា តើឯងមិនដឹងថាពួកភីលីស្ទីនជាម្ចាស់លើយើងរាល់គ្នាទេឬអី ឯងបានធ្វើអ្វីដល់យើងដូច្នេះ គាត់ឆ្លើយតបថា ខ្ញុំគ្រាន់តែបានធ្វើដល់គេ ដូចជាគេបានធ្វើខ្ញុំហើយទេ ១២ នោះគេប្រាប់គាត់ថា យើងចុះមកនេះ ដើម្បីចងឯងនាំទៅប្រគល់ដល់អំណាចពួកភីលីស្ទីន សាំសុនឆ្លើយថា ដូច្នេះ ចូរស្បថនឹងខ្ញុំថា ខ្លួនអ្នករាល់គ្នាមិនសំឡាប់ខ្ញុំទេ ១៣ គេក៏ទទួលព្រមថា អើ យើងគ្រាន់តែចងឯងនាំទៅប្រគល់ដល់អំណាចគេប៉ុណ្ណោះ ឯខ្លួនយើងមិនសំឡាប់ឯងជាប្រាកដ គេក៏យកខ្សែថ្មី២មកចងគាត់ នាំឡើងចេញពីថ្មដានោះទៅ។
១៤ គ្រាដល់លេហ៊ីហើយ កាលពួកភីលីស្ទីនបានឃើញគាត់ នោះក៏នាំគ្នាស្រែកឡើង រួចព្រះវិញ្ញាណនៃព្រះយេហូវ៉ា ទ្រង់សណ្ឋិតលើគាត់ បណ្តាលឡើងជាខ្លាំង ឯខ្សែដែលគេចងដៃគាត់ ក៏ត្រឡប់ដូចជាសរសៃខ្លូតទេសដែលខ្លោចដោយភ្លើងវិញ របេះជ្រុះពីដៃគាត់ចេញអស់ ១៥ លុះគាត់ឃើញឆ្អឹងថ្គាមស្រស់១របស់សត្វលា នោះក៏លូកដៃទៅចាប់យកមក វាយសំឡាប់មនុស្ស១ពាន់នាក់ ១៦ រួចសាំសុនថ្លែងវាចាថា ដោយសារថ្គាមលា អញវាយសំឡាប់មនុស្សបានអស់១ពាន់នាក់ ដោយសារថ្គាមនោះមានគំនរមនុស្សគរលើគ្នា ១៧ កាលគាត់បានថ្លែងរួចហើយ ក៏បោះឆ្អឹងថ្គាមនោះពីដៃចេញទៅ គេដាក់ឈ្មោះទីនោះថា រ៉ាម៉ាត-លេហ៊ី ១៨ ខណៈនោះ គាត់ស្រេកទឹកជាខ្លាំង ហើយក៏អំពាវនាវដល់ព្រះយេហូវ៉ាថា ទ្រង់បានប្រទានឲ្យដៃអ្នកបំរើទ្រង់ មានជ័យជំនះយ៉ាងធំនេះហើយ ឥឡូវនេះ តើត្រូវឲ្យទូលបង្គំស្លាប់ ដោយស្រេកទឹក ហើយធ្លាក់ទៅក្នុងកណ្តាប់ដៃនៃពួក ដែលមិនកាត់ស្បែកនេះវិញឬអី ១៩ នោះព្រះទ្រង់ធ្វើឲ្យមានទីខូងដែលនៅត្រង់លេហ៊ី រួចមានទឹកចេញមក កាលគាត់ផឹកទឹកហើយ នោះក៏មានវិញ្ញាណឡើងវិញ ព្រមទាំងមានកំឡាំងឡើងដែរ ហេតុនោះបានជាគេដាក់ឈ្មោះទីនោះថា អេន-ហាកូរេ ក្បាលទឹកនោះមាននៅត្រង់លេហ៊ី ដរាបដល់សព្វថ្ងៃនេះ ២០ សាំសុនបានធ្វើជាអ្នកគ្រប់គ្រង លើសាសន៍អ៊ីស្រាអែល នៅគ្រាពួកភីលីស្ទីនអស់២០ឆ្នាំ។