ភាពអណាធិបតេយ្យនៅស្រុកអ៊ីស្រាអែល
១៧
កន្លែងថ្វាយបង្គំព្រះរបស់មីកា
១ រីឯនៅស្រុកភ្នំអេប្រាអិម នោះមានបុរសម្នាក់ឈ្មោះ មីកា ២ គាត់និយាយប្រាប់ម្តាយថា ប្រាក់១១០០ដែលគេបានយកពីម៉ែទៅ ហើយម៉ែបានដាក់បណ្តាសាពីរឿងនោះនៅត្រចៀកខ្ញុំ មើលប្រាក់នោះនៅនឹងខ្ញុំទេ គឺខ្ញុំហើយដែលយក ដូច្នេះម្តាយនិយាយថា សូមពរពីព្រះយេហូវ៉ាដល់ឯងជាកូន ៣ គាត់ក៏ប្រគល់ប្រាក់១១០០នោះដល់ម្តាយវិញ រួចម្តាយនិយាយថា អញថ្វាយប្រាក់នេះដល់ព្រះយេហូវ៉ាពីដៃខ្លួនអញសំរាប់កូន ដើម្បីនឹងសិតរូប១ ហើយឆ្លាក់ធ្វើជារូប១ ដូច្នេះ ហ៏ អញប្រគល់ឲ្យឯង ៤ តែគាត់ប្រគល់ប្រាក់នោះដល់ម្តាយវិញ នោះម្តាយក៏យកប្រាក់២០០ទៅឲ្យជាងស្មិត ជាងក៏ឆ្លាក់ធ្វើរូប១ និងរូបសិត១ រូបនោះតាំងនៅក្នុងផ្ទះមីកា ៥ ឯមីកានេះ គាត់មានរោងព្រះ១ ហើយក៏ធ្វើអេផូឌ និងរូបព្រះ១ រួចញែកកូនគាត់ម្នាក់ ទុកជាសង្ឃដល់ខ្លួន ៦ នៅគ្រានោះ គ្មានស្តេចណាសោយរាជ្យ នៅស្រុកអ៊ីស្រាអែលទេ ម៉្លោះហើយ មនុស្សទាំងឡាយ គេតែងតែប្រព្រឹត្តការដែលខ្លួនគិតឃើញថាត្រឹមត្រូវ។
៧ រីឯនៅក្រុងបេថ្លេហិម ស្រុកយូដា នោះមានមនុស្សកំឡោះម្នាក់ក្នុងគ្រួយូដា ដែលជាពួកលេវី គាត់មានទីលំនៅអាស្រ័យនៅទីនោះ ៨ គាត់ក៏ចេញពីបេថ្លេហិម នៅស្រុកយូដានោះ ដើម្បីនឹងទៅស្នាក់នៅទីណាដែលរកបាន កំពុងដែលធ្វើដំណើរទៅ នោះក៏មកដល់ផ្ទះមីកា នៅស្រុកភ្នំអេប្រាអិម ៩ មីកាសួរគាត់ថា អ្នកមកពីណា គាត់ឆ្លើយថា ខ្ញុំជាពួកលេវី ពីបេថ្លេហិម ស្រុកយូដា ខ្ញុំស្វែងរកទីណាដែលខ្ញុំនឹងស្នាក់នៅបាន ១០ នោះមីកាឆ្លើយតបថា ដូច្នេះ ចូរនៅជាមួយនឹងខ្ញុំ ធ្វើជាឪពុកហើយជាសង្ឃដល់ខ្ញុំចុះ ខ្ញុំនឹងបើកប្រាក់ឲ្យ១០ដួងក្នុង១ឆ្នាំ ព្រមទាំងសំលៀកបំពាក់១សំរាប់ ហើយបាយផង ដូច្នេះ អ្នកនោះក៏ចូលទៅ ១១ ហើយសុខចិត្តនៅជាមួយនឹងមីកា ដែលរាប់គាត់ ទុកដូចជាកូនខ្លួនបង្កើតណាមួយ ១២ មីកាក៏ញែកចេញទុកជាសង្ឃដល់ខ្លួន ហើយគាត់នៅក្នុងផ្ទះមីកាទៅ ១៣ មីកានឹកថា ឥឡូវនេះ អញដឹងថាព្រះយេហូវ៉ាទ្រង់នឹងផ្តល់សេចក្តីល្អដល់អញ ពីព្រោះអញមានពួកលេវីម្នាក់ធ្វើជាសង្ឃដល់អញហើយ។