២១
ការកកើតឡើងវិញនៃកុលសម្ព័ន្ធបេនយ៉ាមីន
១ រីឯពួកបណ្តាជន ជាសាសន៍អ៊ីស្រាអែល គេបានស្បថនៅត្រង់មីសប៉ាថា មិនត្រូវឲ្យមានអ្នកណាមួយក្នុងពួកយើងរាល់គ្នា ឲ្យកូនស្រីរបស់ខ្លួនទៅធ្វើជាប្រពន្ធពួកបេនយ៉ាមីនឡើង ២ គេក៏មកដល់បេត-អែល អង្គុយនៅទីនោះចំពោះព្រះ ដរាបដល់ល្ងាច ព្រមទាំងបន្លឺសំឡេងយំជាខ្លាំងថា ៣ ឱព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ហេតុអ្វីបានជាសេចក្តីនេះកើតមកក្នុងសាសន៍អ៊ីស្រាអែល ឲ្យត្រូវបាត់ពូជអំបូរ១ក្នុងសាសន៍យើងខ្ញុំនៅថ្ងៃនេះដូច្នេះ ៤ ដល់ថ្ងៃស្អែកគេក៏ក្រោកឡើងពីព្រលឹម គេស្អាងអាសនា១នៅទីនោះ រួចថ្វាយដង្វាយដុត និងដង្វាយមេត្រី ៥ នោះគេសួរគ្នាថា ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន តើអ្នកណាខ្លះដែលមិនបានឡើងមកប្រជុំឯព្រះយេហូវ៉ា គេសួរដូច្នោះពីព្រោះបានស្បថយ៉ាងធ្ងន់ ពីដំណើរអ្នកណាដែលមិនឡើងមកឯព្រះយេហូវ៉ា ត្រង់មីសប៉ានោះថា អ្នកនោះនឹងត្រូវស្លាប់ជាពិតប្រាកដ ៦ ហើយពួកកូនចៅអ៊ីស្រាអែល ក៏នឹកស្តាយពួកបេនយ៉ាមីន ជាបងប្អូនគេ ដោយពាក្យថា នៅថ្ងៃនេះ ពូជអំបូរមួយបានកាត់ចេញពីសាសន៍អ៊ីស្រាអែលហើយ ៧ ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេ ដែលនៅសល់បាន ដ្បិតយើងបានស្បថនឹងព្រះយេហូវ៉ាថា យើងមិនឲ្យកូនស្រីរបស់យើងទៅធ្វើជាប្រពន្ធគេឡើយ។
៨ ដូច្នេះ គេសួរថា ក្នុងពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មាន តើមានពួកណាមិនបានឡើងមកឯព្រះយេហូវ៉ា ត្រង់មីសប៉ា នោះឃើញថា គ្មានអ្នកណាបានឡើងមកពីយ៉ាបេស-កាឡាត ដើម្បីនឹងប្រជុំក្នុងពួកជំនុំទេ ៩ ដ្បិតកាលគេបានរាប់បណ្តាជនទៅ នោះមិនឃើញអ្នកណាពីពួកយ៉ាបេស-កាឡាតណាមួយបាននៅទីនោះសោះ ១០ ដូច្នេះពួកជំនុំក៏ចាត់មនុស្ស១ម៉ឺន២ពាន់នាក់ ក្នុងពួកក្លាហាន ឲ្យទៅឯណោះ ដោយបង្គាប់ថា ចូរទៅសំឡាប់ពួកអ្នកនៅយ៉ាបេស-កាឡាតនោះ ដោយមុខដាវទៅ ព្រមទាំងស្រីៗ និងពួកក្មេងផង ១១ ត្រូវឲ្យអ្នករាល់គ្នាធ្វើដូច្នេះ គឺត្រូវសំឡាប់ពួកប្រុសៗទាំងអស់ទៅ ព្រមទាំងពួកស្រីៗដែលបានស្គាល់ប្រុសហើយផង ១២ ក្នុងពួកអ្នកនៅយ៉ាបេស-កាឡាត នោះឃើញមានស្រីក្រមុំ៤០០នាក់ ដែលមិនទាន់បានស្គាល់ប្រុសណា ដោយរួមដំណេកជាមួយនៅឡើយ គេក៏នាំស្រីទាំងនោះ មកឯទីដំឡើងត្រសាល នៅត្រង់ស៊ីឡូរ ដែលនៅក្នុងស្រុកកាណាន។
១៣ នោះពួកជំនុំទាំងអស់គ្នា ក៏ចាត់គេឲ្យទៅនិយាយនឹងពួកកូនចៅបេនយ៉ាមីន ដែលនៅថ្មដារីម៉ូននោះ ដោយប្រកាសជាសេចក្តីមេត្រីនឹងគ្នាទៅវិញទៅមក ១៤ ដូច្នេះពួកបេនយ៉ាមីនក៏វិលត្រឡប់មកវិញនៅគ្រានោះ រួចពួកជំនុំប្រគល់ស្ត្រីទាំងប៉ុន្មាន ដែលបានទុកឲ្យរស់នៅ ក្នុងពួកស្ត្រីយ៉ាបេស-កាឡាតនោះ ឲ្យដល់គេ តែមិនទាន់បានល្មមឲ្យគេនៅឡើយ ១៥ ពួកបណ្តាជនក៏នឹកស្តាយដល់ពួកបេនយ៉ាមីន ដោយព្រះយេហូវ៉ាបានធ្វើឲ្យបាត់ពួក១ក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានចេញ។
១៦ ពួកចាស់ទុំក្នុងពួកជំនុំក៏សួរគ្នាថា ធ្វើដូចម្តេចឲ្យយើងរកប្រពន្ធឲ្យពួកគេដែលនៅសល់បាន ដ្បិតពួកស្ត្រីក្នុងពួកបេនយ៉ាមីនបានវិនាសអស់ហើយ ១៧ គេឆ្លើយថា ត្រូវឲ្យមានកេរអាករឲ្យពួកអ្នក ដែលបានរួចជីវិតក្នុងពួកបេនយ៉ាមីនផង ដើម្បីកុំឲ្យមានពូជអំបូរណាមួយ ត្រូវរលុបចេញពីសាសន៍អ៊ីស្រាអែលឡើយ ១៨ ប៉ុន្តែខ្លួនយើងរាល់គ្នា គ្មានច្បាប់នឹងឲ្យកូនយើងទៅធ្វើជាប្រពន្ធគេទេ (ដ្បិតពួកកូនចៅអ៊ីស្រាអែលបានស្បថថា ត្រូវបណ្តាសាហើយ អ្នកណាដែលឲ្យកូនខ្លួនទៅធ្វើជាប្រពន្ធរបស់ពួកបេនយ៉ាមីន) ១៩ រួចគេប្រាប់ថា មើល រាល់តែឆ្នាំគេតែងធ្វើបុណ្យថ្វាយព្រះយេហូវ៉ា នៅត្រង់ស៊ីឡូរ ដែលនៅខាងជើងបេត-អែល ហើយខាងកើតផ្លូវ ដែលឡើងពីបេត-អែលទៅឯស៊ីគែម និងខាងត្បូងល្បូណា ២០ ដូច្នេះគេបង្គាប់ដល់ពួកកូនចៅបេនយ៉ាមីនថា ចូរឯងរាល់គ្នាទៅបង្កប់ខ្លួនក្នុងចំការទំពាំងបាយជូរទៅ ២១ ចាំមើល បើពួកស្រីក្រមុំនៅស៊ីឡូរចេញមកលេង នោះចូរឯងរាល់គ្នាចេញពីចំការទំពាំងបាយជូរ ទៅចាប់យកពួកស្រីក្រមុំស៊ីឡូរទាំងនោះ ធ្វើជាប្រពន្ធគ្រប់ៗគ្នាចុះ រួចត្រឡប់ទៅឯស្រុកបេនយ៉ាមីនវិញទៅ ២២ បើកាលណាឪពុកបងប្អូនរបស់ស្ត្រីទាំងនោះមកប្តឹងយើង នោះយើងនឹងអង្វរថា សូមអាណិតមេត្តាដល់គេឲ្យយើងផង ដ្បិតយើងទៅច្បាំងនោះ មិនបានទុកប្រពន្ធឲ្យគេគ្រប់គ្នាទេ មួយទៀតមិនមែនជាអ្នករាល់គ្នា ដែលបានឲ្យស្ត្រីទាំងនោះទៅគេដែរ បើអ្នករាល់គ្នាបានធ្វើដូច្នេះ នោះមានទោសមែន ២៣ ពួកកូនចៅបេនយ៉ាមីនក៏ធ្វើដូច្នោះ គេចាប់យកជាប្រពន្ធ១ម្នាក់គ្រប់គ្នាតាមចំនួនគេ ពីពួកក្រមុំដែលកំពុងលេង រួចនាំជំរត់យកទៅឯស្រុកជាមរដករបស់គេទៅ ក៏សង់ទីក្រុងឡើងវិញ ហើយតាំងទីលំនៅផង ២៤ នៅគ្រានោះពួកកូនចៅអ៊ីស្រាអែល ក៏ចេញពីទីនោះត្រឡប់ទៅឯពូជអំបូរ និងគ្រួសាររបស់គេរៀងខ្លួន គឺវិលទៅឯស្រុក ជាមរដករបស់គេគ្រប់គ្នាទៅ។
២៥ នៅគ្រានោះឯង គ្មានស្តេចនៅស្រុកអ៊ីស្រាអែលទេ គឺមនុស្សទាំងឡាយតែងប្រព្រឹត្តការអ្វី តាមដែលគេយល់ឃើញថាត្រឹមត្រូវគ្រប់គ្នា។:៚