៤
១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា បើឯងរាល់គ្នានឹងវិលមកវិញ ឱពួកអ៊ីស្រាអែលអើយ បើឯងនឹងមកឯអញវិញ ហើយនឹងលះបង់អំពើគួរស្អប់ខ្ពើមរបស់ឯងចេញពីមុខអញទៅ នោះឯងរាល់គ្នាមិនត្រូវបំបរបង់ទេ ២ ហើយបើឯងនឹងស្បថដោយពិតត្រង់ ដោយសេចក្តីយុត្តិធម៌ និងសេចក្តីសុចរិតថា ព្រះយេហូវ៉ាទ្រង់មានព្រះជន្មរស់នៅពិត នោះអស់ទាំងសាសន៍នឹងបានពរនៅក្នុងទ្រង់ ហើយនឹងអួតសរសើរពីទ្រង់។
៣ ដ្បិតព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូល ដល់មនុស្សនៅស្រុកយូដា និងក្រុងយេរូសាឡិមដូច្នេះថា ចូរកំសុលដីហាប់របស់ឯងរាល់គ្នាឡើង ហើយកុំឲ្យសាបព្រោះ នៅកណ្តាលបន្លាឡើយ ៤ ឱមនុស្សនៅស្រុកយូដា និងពួកក្រុងយេរូសាឡិមអើយ ចូរឯងរាល់គ្នាកាត់ស្បែកថ្វាយខ្លួនដល់ព្រះយេហូវ៉ា ចូរកាត់យកស្បែកចិត្តឯងចោលចេញចុះ ក្រែងសេចក្តីក្រោធរបស់អញចេញមកដូចជាភ្លើង ហើយឆេះឥតមានអ្នកណាពន្លត់បាន ដោយព្រោះសេចក្តីអាក្រក់ដែលឯងរាល់គ្នាប្រព្រឹត្តនោះ។
យូដាស្ថិតនៅក្នុងភាពអាសន្ន
៥ ចូរថ្លែងប្រាប់នៅស្រុកយូដា ហើយប្រកាសប្រាប់នៅក្រុងយេរូសាឡិម ដោយពាក្យថា ចូរផ្លុំត្រែនៅក្នុងស្រុក ចូរស្រែកឡើងជាខ្លាំងថា ចូរមូលគ្នាមក យើងចូលទៅក្នុងទីក្រុងទាំងប៉ុន្មានដែលមានបន្ទាយចុះ ៦ ចូរលើកទង់ឡើងនៅខាងក្រុងស៊ីយ៉ូន ត្រូវឲ្យរត់ទៅ កុំបង្អង់ឡើយ ពីព្រោះអញនឹងនាំសេចក្តីអាក្រក់មកពីទិសខាងជើង ព្រមទាំងការបំផ្លាញយ៉ាងធំផង ៧ មានសត្វសិង្ហ១បានឡើងចេញពីព្រៃស្តុករបស់វាមក ជាមេបំផ្លាញនគរផ្សេងៗ វាកំពុងតែមកតាមផ្លូវ វាបានចេញពីកន្លែងរបស់វាមកហើយ ដើម្បីនឹងបំផ្លាញស្រុកឯង ហើយឲ្យទីក្រុងទាំងប៉ុន្មានរបស់ឯង ត្រូវបែកបាក់ចោល ឥតមានអ្នកណានៅ ៨ ហេតុនេះ ចូរឲ្យឯងរាល់គ្នាស្លៀកសំពត់ធ្មៃ ព្រមទាំងទួញទំនួញ ហើយទ្រហោយំចុះ ដ្បិតសេចក្តីខ្ញាល់ដ៏សហ័សរបស់ព្រះយេហូវ៉ា មិនបានបែរចេញពីយើងរាល់គ្នាទេ ៩ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះព្រះទ័យនៃស្តេច និងចិត្តរបស់ពួកចៅហ្វាយ នឹងរលត់សូន្យទៅ ឯពួកសង្ឃនឹងស្រឡាំងកាំងនៅ ហើយពួកហោរានឹងនឹកប្លែកដែរ។
១០ នោះខ្ញុំបានទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ពិតប្រាកដជាទ្រង់បានបញ្ឆោតជនជាតិនេះ ព្រមទាំងក្រុងយេរូសាឡិមជាខ្លាំងហើយ ដោយព្រះបន្ទូលថា នឹងមានសេចក្តីសុខដល់ឯងរាល់គ្នា តែមានដាវលូកមករកជីវិតគេវិញ។
១១ នៅគ្រានោះនឹងមានសេចក្តីប្រាប់ដល់ជនជាតិនេះ ហើយដល់ក្រុងយេរូសាឡិមថា មានខ្យល់ក្តៅបក់មកពីទីខ្ពស់ត្រងិលនៅទីរហោស្ថាន ទៅខាងកូនស្រីរបស់រាស្ត្រអញ មិនមែនសំរាប់រោយស្រូវទេ ក៏មិនមែនសំរាប់សំអាតដែរ
១២ គឺជាខ្យល់ពេញកំឡាំងនឹងមកជំនួសអញ ឥឡូវនេះ អញនឹងសំរេចទោសដល់គេ ១៣ មើល អ្នកនោះនឹងឡើងមកដូចជាពពក ហើយរទេះចំបាំងរបស់គេ នឹងដូចជាខ្យល់កួច ឯសេះរបស់គេក៏លឿនជាងសត្វឥន្ទ្រី វរហើយយើង ដ្បិតយើងត្រូវវិនាសហើយ ១៤ ឱក្រុងយេរូសាឡិមអើយ ចូរលាងចិត្តឯងឲ្យជ្រះចេញពីសេចក្តីទុច្ចរិតចុះ ដើម្បីឲ្យឯងបានសង្គ្រោះ តើគំនិតអាក្រក់នឹងចេះតែនៅជាប់ក្នុងចិត្តខ្លួនដល់កាលណាទៀត ១៥ ដ្បិតមានសំឡេង១បន្លឺចេញពីស្រុកដាន់ ក៏ចេញពីស្រុកភ្នំអេប្រាអិមមកប្រកាសពីការអាក្រក់ ១៦ ចូរដំណាលប្រាប់ដល់អស់ទាំងសាសន៍ឲ្យដឹង នែ ចូរប្រកាសប្រាប់ទាស់នឹងក្រុងយេរូសាឡិមថា មានពួកទ័ពកំពុងតែមកពីស្រុកឆ្ងាយ ដើម្បីឡោមព័ទ្ធឯង គេស្រែកទាស់នឹងទីក្រុងស្រុកយូដាទាំងប៉ុន្មាន ១៧ គេនៅព័ទ្ធជុំវិញទីក្រុង ដូចជាពួករក្សាចំការ ពីព្រោះពួកក្រុងបានបះបោរនឹងអញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ១៨ គឺជាផ្លូវដែលឯងប្រព្រឹត្ត នឹងអំពើរបស់ឯង ដែលបាននាំការទាំងនេះមកលើឯង នេះគឺជាសំណងនៃអំពើទុច្ចរិតរបស់ឯង ពិតប្រាកដជាជូរចត់ណាស់ ពីព្រោះការនេះលូកមកប៉ះពាល់ដល់ចិត្តឯងហើយ។
លោកយេរេមាស្រណោះជនជាតិអ៊ីស្រាអែល
១៩ ឱពោះខ្ញុំ ពោះខ្ញុំអើយ ខ្ញុំមានសេចក្តីឈឺចាប់នៅក្នុងចិត្ត បេះដូងខ្ញុំប្រដំនៅក្នុងខ្លួន ខ្ញុំនៅស្ងៀមមិនបានទេ ដ្បិតឱព្រលឹងអញអើយ ឯងបានឮសូរត្រែ ជាសូរអឺងកងនៃចំបាំងហើយ ២០ គេស្រែកតឿនគ្នាឲ្យបំផ្លាញខ្ជាន់លើការបំផ្លាញ ពីព្រោះស្រុកទាំងមូលត្រូវខូចអស់ហើយ ទីអាស្រ័យនៅរបស់ខ្ញុំស្រាប់តែខូចបង់ភ្លាម ហើយត្រសាលរបស់ខ្ញុំជា១រំពេចដែរ ២១ តើត្រូវឲ្យខ្ញុំមើលឃើញទង់ជ័យ ហើយឮសូរត្រែដល់កាលណាទៀត ២២ ពិតប្រាកដជារាស្ត្ររបស់អញគេល្ងីល្ងើ គេមិនស្គាល់អញសោះ គេសុទ្ធតែជាកូនវង្វេងវង្វាន់ ឥតមានយោបល់ឡើយ គេមានប្រាជ្ញាខាងឯផ្លូវប្រព្រឹត្តអាក្រក់ តែគ្មានចំណេះខាងឯការល្អសោះ។
២៣ ខ្ញុំបានពិចារណាមើលផែនដី ឃើញថាខូច ហើយនៅទទេ រួចមើលទៅលើមេឃ នោះក៏ឥតមានពន្លឺដែរ ២៤ ខ្ញុំក្រឡេកមើលទៅភ្នំធំ ឃើញថាញ័រទាំងអស់ ហើយភ្នំតូចទាំងប៉ុន្មានក៏កក្រើករញ្ជួយ ២៥ ខ្ញុំក៏ពិចារណាមើលឃើញថា គ្មានមនុស្សណាទៀតសោះ អស់ទាំងសត្វហើរលើអាកាសបានហើរទៅបាត់ហើយ ២៦ រួចខ្ញុំក៏មើលទៅឃើញដីដុះដាល បានត្រឡប់ជាវាលស្ងាត់ ហើយអស់ទាំងទីក្រុងក៏ត្រូវរលំចុះ នៅចំពោះព្រះយេហូវ៉ា ហើយចំពោះសេចក្តីខ្ញាល់ដ៏សហ័សរបស់ទ្រង់។
២៧ ដ្បិតព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា ស្រុកទាំងមូលនឹងត្រូវខូចបង់ ប៉ុន្តែអញមិនបំផ្លាញអស់រលីងទេ ២៨ ដោយហេតុការទាំងនេះ ផែនដីនឹងយំសោក ហើយមេឃខាងលើនឹងទៅជាខ្មៅ ពីព្រោះអញបានចេញវាចា អញបានគិតសំរេចការនេះហើយ អញនឹងមិនប្រែចិត្ត ឬបែរចេញពីការនេះឡើយ
ក្រុងយេរូសាឡិមអន្តរាយ
២៩ បណ្តាមនុស្សនៅទីក្រុងទាំងប៉ុន្មានរត់ទៅដោយព្រោះសូរពលសេះ និងពលធ្នូ គេចូលទៅក្នុងទីស្តុកនៅព្រៃ ហើយឡើងទៅលើថ្មជា ទីក្រុងទាំងឡាយត្រូវចោលស្ងាត់ ឥតមានអ្នកណានៅឡើយ ៣០ ឯឯង កាលណាឯងបានត្រូវខូចបង់ហើយ នោះតើឯងនឹងធ្វើដូចម្តេច ទោះបើឯងស្លៀកពាក់ពណ៌ក្រហម ហើយតែងខ្លួនដោយគ្រឿងមាស ព្រមទាំងផាត់រង្វង់ភ្នែកឯង ដោយថ្នាំផងក៏ដោយ គង់តែឯងនឹងខំធ្វើខ្លួនឲ្យល្អមើលជាឥតប្រយោជន៍ទទេ ពួកសហាយរបស់ឯង គេស្អប់ខ្ពើមឯងហើយ ក៏រកជីវិតឯងផង ៣១ ពីព្រោះខ្ញុំបានឮសំឡេង១ ដូចជាសំឡេងរបស់ស្រី ដែលឈឺនឹងសំរាលកូន ជាសេចក្តីព្រួយបារម្ភរបស់ស្រី ដែលសំរាលកូនជាដំបូង គឺជាសំឡេងនៃកូនស្រីស៊ីយ៉ូន ដែលដកដង្ហើមថ្ងូរ ហើយស្រងាកដៃ ដោយថា វរហើយខ្ញុំ ដ្បិតព្រលឹងខ្ញុំល្វើយណាស់ នៅចំពោះពួកកាប់សំឡាប់នេះ។