១០
ព្រះជាម្ចាស់ និង​ព្រះ​ក្លែងក្លាយ
១ ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់​សេចក្តី​ដែល​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​មក​អ្នក​រាល់​គ្នា​ចុះ ២ គឺ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​រៀន​តាម​កិរិយា​របស់​សាសន៍​ដទៃ​ឡើយ ក៏​កុំ​ឲ្យ​ភ័យ​ខ្លាច​ចំពោះ​ទី​សំគាល់​នៅ​លើ​មេឃ​ដែរ ដ្បិត​សាសន៍​ដទៃ​គេ​ខ្លាច​ទី​សំគាល់​ទាំង​នោះ ៣ ពី​ព្រោះ​អស់​ទាំង​ទំនៀមទំលាប់​របស់​សាសន៍​ដទៃ សុទ្ធ​តែ​អសារ​ឥត​ការ​ទទេ គេ​កាប់​ដើម​ឈើ​នៅ​ក្នុង​ព្រៃ គឺ​ជា​ស្នាដៃ​របស់​មនុស្ស​កាន់​ពូថៅ ៤ គេ​តាក់តែង​ដោយ​ប្រាក់ និង​មាស គេ​យក​ញញួរ​បោះ​ជាប់​ដោយ​ដែក​គោល ដើម្បី​មិន​ឲ្យ​រើ​ទៅ​ឯ​ណា ៥ រូប​ទាំង​នោះ​ឈរ​ត្រង់ ដូច​ជា​ដើម​លម៉ើ​វា​មិន​ចេះ​និយាយ ហើយ​ត្រូវ​ការ​ឲ្យ​គេ​សែង​ទៅ​មក ពី​ព្រោះ​ដើរ​មិន​រួច កុំ​ឲ្យ​កោតខ្លាច​ចំពោះ​វា​ឡើយ ដ្បិត​វា​ធ្វើ​អាក្រក់​មិន​បាន​ទេ ក៏​មិន​អាច​នឹង​ធ្វើ​ល្អ​បាន​ផង។
៦ ឱ​ព្រះយេហូវ៉ា​អើយ គ្មាន​ណា​ឲ្យ​ដូច​ទ្រង់​ឡើយ​ទ្រង់​ធំ​ប្រសើរ ហើយ​ព្រះនាម​ទ្រង់​ក៏​មាន​ឥទ្ធានុភាព​យ៉ាង​ខ្លាំង​ដែរ ៧ ឱ​មហាក្សត្រ​នៃ​អស់​ទាំង​សាសន៍​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ត្រូវ​កោតខ្លាច​ដល់​ព្រះយេហូវ៉ា ដ្បិត​សេចក្តី​កោតខ្លាច​សំណំ​តែ​នឹង​ទ្រង់​ប៉ុណ្ណោះ ពី​ព្រោះ​ក្នុង​បណ្តា​មនុស្ស​ប្រាជ្ញា​ទាំងឡាយ​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​ក្នុង​នគរ​របស់​គេ​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ទ្រង់​ឡើយ ៨ គឺ​គេ​សុទ្ធ​តែ​ជា​មនុស្ស​កំរោល ហើយ​ល្ងីល្ងើ ឯ​លទ្ធិ​របស់​គេ​ជា​សេចក្តី​សូន្យ​សោះ គឺ​ជា​ដុំ​ឈើ​ទទេ ៩ គេ​នាំ​យក​ប្រាក់​ផែ​ជា​ផ្ទាំង​មក​ពី​ស្រុក​តើស៊ីស និង​មាស​ពី​ស្រុក​អ៊ូផាស ជា​ស្នាដៃ​របស់​ជាង​ទង និង​ជាង​ស្មិត ក៏​មាន​សំពត់​ពណ៌​ខៀវ និង​ពណ៌​ស្វាយ​ជា​គ្រឿង​តែង រូប​នោះ​សុទ្ធ​តែ​ជា​ការ​ដែល​ដៃ​មនុស្ស​បាន​ធ្វើ​ទាំង​អស់ ១០ តែ​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​ដ៏​ពិត​វិញ ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់​នៅ ក៏​ជា​មហាក្សត្រ​ដ៏​នៅ​អស់កល្ប​ជានិច្ច ផែនដី​ក៏​ញ័រ​ចំពោះ​សេចក្តី​ក្រោធ​របស់​ទ្រង់ ហើយ​អស់​ទាំង​សាសន៍​មិន​អាច​នឹង​ធន់​នៅ ចំពោះ​សេចក្តី​គ្នាន់ក្នាញ់​របស់​ទ្រង់​បាន​ឡើយ ១១ ដូច្នេះ ត្រូវ​ឲ្យ​ប្រាប់​គេ​ថា ព្រះ​ទាំង​ប៉ុន្មាន​ដែល​មិន​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី នោះ​នឹង​ត្រូវ​វិនាស​បាត់​ពី​ផែនដី ហើយ​ពី​ក្រោម​ផ្ទៃ​មេឃ​ទៅ។
១២ ព្រះ​ទ្រង់​បាន​បង្កើត​ផែនដី ដោយ​ឫទ្ធិតេជះ​របស់​ទ្រង់ ទ្រង់​បាន​តាំង​លោកីយ៍​ឡើង ដោយសារ​ប្រាជ្ញា​របស់​ទ្រង់ ហើយ​បាន​លាត​ផ្ទៃ​មេឃ ដោយសារ​យោបល់ ១៣ កាល​ណា​ទ្រង់​បព្ចោញ​ព្រះសៀង នោះ​មាន​ទឹក​សន្ធឹក​នៅ​លើ​មេឃ ទ្រង់​ធ្វើ​ឲ្យ​ចំហាយ​ឡើង​ពី​ចុង​ផែនដី​ទាំង​អស់ ក៏​បង្កើត​ផ្លេកបន្ទោរ សំរាប់​ជូន​ភ្លៀង​មក ហើយ​បព្ចោញ​ខ្យល់​ពី​ឃ្លាំង​របស់​ទ្រង់​ផង ១៤ គ្រប់​ទាំង​មនុស្ស​បាន​ទៅ​ជា​កំរោល ហើយ​ឥត​មាន​ចំណេះ គ្រប់​ទាំង​ជាង​ទង​បាន​ត្រូវ​ខ្មាស ដោយសារ​រូប​ដែល​គេ​ឆ្លាក់ ដ្បិត​រូប​សិត​របស់​គេ​ជា​សេចក្តី​កំភូត​ទទេ ឥត​មាន​ដង្ហើម​ឡើយ ១៥ វា​សុទ្ធ​តែ​អសារឥតការ ជា​ការ​បញ្ឆោត​ហើយ នៅ​គ្រា​ដែល​ផ្ចាញ់ផ្ចាល នោះ​វា​នឹង​វិនាស​បាត់​ទៅ ១៦ ឯ​ព្រះ​របស់​ពួក​យ៉ាកុប​មិន​មែន​ដូច​វា​ទេ គឺ​ទ្រង់​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ​វិញ ហើយ​សាសន៍​អ៊ីស្រាអែល ជា​ពូជ​អំបូរ​ដែល​ជា​មរដក​របស់​ទ្រង់ ព្រះនាម​ទ្រង់ គឺ​ជា​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ។
១៧ ឱ​ឯង ដែល​នៅ​ក្នុង​កំឡុង មាន​ទាំង​ពួក​ខ្មាំង​ឡោមព័ទ្ធ​ឯង​ជុំវិញ​ហើយ ចូរ​ប្រមូល​អីវ៉ាន់​ឯង ចេញ​ពី​ស្រុក​ទៅ ១៨ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល ឥឡូវ​នេះ​អញ​នឹង​បោះ​ចោល​ពួក​អ្នក​ស្រុក​នេះ​ចេញ ហើយ​នឹង​ធ្វើ​ទុក្ខ​គេ ឲ្យ​គេ​ស្គាល់​ដៃ​អញ​ផង។
១៩ វរហើយ​ខ្ញុំ ដោយ​ព្រោះ​សេចក្តី​ឈឺ​ចាប់​របស់​ខ្ញុំ របួស​ខ្ញុំ​ឈឺ​ណាស់ តែ​ខ្ញុំ​និយាយ​ថា នេះ​ហើយ​ជា​សេចក្តី​លំបាក​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​តែ​ទ្រាំទ្រ ២០ ត្រសាល​ខ្ញុំ​បាន​ត្រូវ​បំផ្លាញ​បង់ អស់​ទាំង​ខ្សែ​ក៏​ដាច់​ចេញ​ហើយ កូន​ចៅ​ខ្ញុំ​បាន​ចេញ​ចាក​ចោល​ខ្ញុំ ហើយ​មិន​នៅ​ទៀត​ទេ គ្មាន​អ្នក​ណា​នឹង​ដំឡើង​ត្រសាល ហើយ​ចង​រនាំង​ខ្ញុំ​ទៀត​ឡើយ ២១ ដ្បិត​ពួក​អ្នក​គង្វាល បាន​ត្រឡប់​ជា​មនុស្ស​កំរោល​ទាំង​អស់ ហើយ​មិន​បាន​សួរ​ដល់​ព្រះយេហូវ៉ា​ទេ ហេតុ​នោះ​បាន​ជា​គេ​មិន​បាន​ចំរើន ហើយ​ហ្វូង​គេ​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​ខ្ចាត់ខ្ចាយ​ទៅ ២២ មាន​ឮ​សូរសព្ទ ពី​ការ​កោលាហល​ជា​ខ្លាំង ដែល​ចេញ​ពី​ស្រុក​ខាង​ជើង​មក ដើម្បី​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា ទៅ​ជា​ទី​បំផ្លាញ​បង់ ជា​ទី​អាស្រ័យ​របស់​ចចក​វិញ។
២៣ ឱ​ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ដឹង​ថា ផ្លូវ​របស់​មនុស្ស​មិន​ស្រេច​នៅ​ខ្លួន​គេ​ទេ ហើយ​ដែល​ដំរង់​ជំហាន​របស់​ខ្លួន នោះ​ក៏​មិន​ស្រេច​នៅ​មនុស្ស​ដែល​ដើរ​ដែរ ២៤ ឱ​ព្រះយេហូវ៉ា​អើយ សូម​ផ្ចាល​ទូលបង្គំ​ចុះ តែ​គឺ​តាម​សេចក្តី​ទៀង​ត្រង់ មិន​មែន​ដោយ​សេចក្តី​ខ្ញាល់​របស់​ទ្រង់​ឡើយ ក្រែង​ទ្រង់​ធ្វើ​ឲ្យ​ទូលបង្គំ​សាបសូន្យ​ទៅ ២៥ សូម​ទ្រង់​ចាក់​សេចក្តី​ក្រោធ​របស់​ទ្រង់ ទៅ​លើ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​ដែល​មិន​ស្គាល់​ទ្រង់​វិញ ហើយ​ទៅ​លើ​អស់​ទាំង​គ្រួ​មនុស្ស​ដែល​មិន​អំពាវនាវ ដល់​ព្រះនាម​ទ្រង់​ផង ដ្បិត​គេ​បាន​ត្របាក់​លេប​ពួក​យ៉ាកុប អើ គេ​បាន​ត្របាក់​លេប ព្រម​ទាំង​រំលីង​អស់​ទៅ​ផង ហើយ​បាន​ទាំង​បំផ្លាញ​ទី​លំនៅ​របស់​គេ​ដែរ។