១៤
ព្រះបន្ទូល​នៅ​គ្រា​រាំង​ស្ងួត
១ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ដែល​មក​ដល់​យេរេមា ពី​ដំណើរ​គ្រា​រាំង​ភ្លៀង ២ ពួក​យូដា​គេ​សោយ​សោក ហើយ​ទ្វារ​ក្រុង​ក៏​ថយ​កំឡាំង​ចុះ គេ​អង្គុយ​នៅ​ដី​ដោយ​ចិត្ត​ព្រួយ ហើយ​សំរែក​នៃ​ក្រុង​យេរូសាឡិម​ក៏​ឮ​ឡើង ៣ ពួក​អ្នក​ធំ​របស់​គេ​ចាត់​អ្នក​បំរើ​ឲ្យ​ទៅ​រក​ទឹក គេ​ក៏​ទៅ​ដល់​ស្រះ​ទាំង​ប៉ុន្មាន តែ​រក​ទឹក​គ្មាន​សោះ គេ​ត្រឡប់​ទៅ​វិញ​ដោយ​ក្អម​ទទេ គេ​ត្រូវ​ខ្មាស ហើយ​ជ្រប់​មុខ ក៏​គ្រលុំ​ក្បាល ៤ ពី​ព្រោះ​ដី​បែក​ក្រហែង ដោយ​គ្មាន​ភ្លៀង​ធ្លាក់​មក​លើ​ស្រុក​សោះ ពួក​អ្នក​ភ្ជួររាស់​ក៏​ខ្មាស គេ​គ្រលុំ​ក្បាល​ដែរ ៥ អើ​ទាំង​ក្តាន់​ញី​នៅ​វាល​ក៏​ទំលាក់​កូន រួច​ចោល​ចេញ ព្រោះ​គ្មាន​ស្មៅ ៦ លា​ព្រៃ​ក៏​ឈរ​នៅ​លើ​ទី​ត្រងិល វា​ដង្ហក់​ដូច​ជា​ចចក ភ្នែក​វា​ស្រវាំង​ទៅ ដោយ​ព្រោះ​គ្មាន​ស្មៅ​សោះ។
៧ ឱ​ព្រះយេហូវ៉ា​អើយ ទោះ​បើ​អំពើ​ទុច្ចរិត​របស់​យើង​ខ្ញុំ​ធ្វើ​បន្ទាល់​ទាស់​នឹង​យើង​ខ្ញុំ​ក៏​ដោយ តែ​សូម​ទ្រង់​ប្រោស​មេត្តា ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ ដ្បិត​ការ​រាថយ​របស់​យើង​ខ្ញុំ នោះ​ច្រើន​ណាស់ យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់ ៨ ឱ​ទី​សង្ឃឹម​នៃ​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​គេ ក្នុង​គ្រា​លំបាក​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​ត្រូវ​ដូច​ជា​អ្នក​ដទៃ​នៅ​ក្នុង​ស្រុក ហើយ​ដូច​ជា​អ្នក​ដើរ​ដំណើរ ដែល​ឈប់​សំណាក់​តែ​១​យប់​ដូច្នេះ ៩ ហេតុ​អ្វី​បាន​ជា​ទ្រង់​ត្រូវ​ដូច​ជា​មនុស្ស​ស្រឡាំងកាំង គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​ពុំ​អាច​នឹង​ជួយ​សង្គ្រោះ​បាន​ឡើយ​ផង ប៉ុន្តែ ឱ​ព្រះយេហូវ៉ា​អើយ​ទ្រង់​គង់​កណ្តាល​យើង​ខ្ញុំ​រាល់​គ្នា ហើយ​យើង​ខ្ញុំ​ក៏​បាន​ហៅ​តាម​ព្រះនាម​ទ្រង់​ដែរ សូម​កុំ​លះ​ចោល​យើង​ខ្ញុំ​ឡើយ។
១០ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ពី​ជនជាតិ​នេះ​ដូច្នេះ​ថា គេ​ចូល​ចិត្ត​ដើរ​សាត់​ព្រាត់ គេ​មិន​បាន​ឃាត់​ជើង​គេ​ឡើយ ហេតុ​នោះ​ព្រះយេហូវ៉ា ទ្រង់​ក៏​មិន​ព្រម​ទទួល​គេ​ដែរ ក្នុង​ពេល​ឥឡូវ​នេះ ទ្រង់​កំពុង​តែ​នឹក​ចាំ ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​ធ្វើ​ទោស​ដល់​គេ​ជា​ពិត ១១ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា កុំ​ឲ្យ​អធិស្ឋាន​សូម​សេចក្តី​ល្អ​ឲ្យ​ជនជាតិ​នេះ​ឡើយ ១២ កាល​ណា​គេ​តម​អត់ នោះ​អញ​មិន​ព្រម​ស្តាប់​សំរែក​របស់​គេ​ទេ កាល​ណា​គេ​ថ្វាយ​ដង្វាយ​ដុត និង​ដង្វាយ​ម្សៅ នោះ​អញ​មិន​ព្រម​ទទួល​ឡើយ គឺ​នឹង​ធ្វើ​ឲ្យ​គេ​សូន្យ​ទៅ​ដោយ​ដាវ អំណត់អត់ និង​អាសន្នរោគ​វិញ។
១៣ នោះ​ខ្ញុំ​ទូល​ថា ឱ​ព្រះអម្ចាស់យេហូវ៉ា​អើយ មើល​ពួក​ហោរា​តែងតែ​ប្រាប់​គេ​ថា ឯង​រាល់​គ្នា​នឹង​មិន​ឃើញ​ដាវ​ទេ ក៏​មិន​ត្រូវ​សេចក្តី​អំណត់អត់​ដែរ គឺ​អញ​នឹង​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្តី​សុខ​នៅ​ទី​នេះ​ជា​ពិត ១៤ រួច​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា ពួក​ហោរា​គេ​ទាយ​កុហក​ដោយ​នូវ​ឈ្មោះ​អញ​ទេ អញ​មិន​បាន​ចាត់​ប្រើ​គេ​ឡើយ ក៏​មិន​បាន​បង្គាប់​គេ ឬ​និយាយ​នឹង​គេ​ដែរ គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ពី​ការ​ជាក់​ស្តែង​ដែល​មិន​ពិត ជា​ទំនាយ​តាម​របៀន គឺ​ជា​សេចក្តី​ឥត​ប្រយោជន៍​ទទេ ហើយ​ជា​សេចក្តី​បញ្ឆោត​នៃ​ចិត្ត​ខ្លួន​គេ​វិញ ១៥ ដូច្នេះ ឯ​ពួក​ហោរា​ដែល​ទាយ​ដោយ​នូវ​ឈ្មោះ​អញ ឥត​មាន​អញ​ចាត់​ប្រើ​ឡើយ ជា​អ្នក​ដែល​ថា​ដាវ និង​សេចក្តី​អំណត់អត់​នឹង​មិន​មក​ក្នុង​ស្រុក​នេះ​ទេ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ពី​ពួក​ហោរា​នោះ​ថា គេ​នឹង​ត្រូវ​វិនាស​អស់​ទៅ ដោយសារ​ដាវ និង​សេចក្តី​អំណត់​នោះ​ឯង ១៦ ហើយ​ពួក​ជន​ដែល​គេ​បាន​ទាយ​ប្រាប់​នោះ​នឹង​ត្រូវ​បោះ​ចោល​ទៅ​ក្នុង​ផ្លូវ​នៃ​ក្រុង​យេរូសាឡិម ដោយ​ព្រោះ​សេចក្តី​អំណត់​ហើយ​នឹង​ដាវ​ដែរ ឥត​មាន​អ្នក​ណា​នឹង​កប់​ខ្មោច​គេ​ឡើយ គឺ​ទាំង​ខ្លួន​គេ ប្រពន្ធ​គេ និង​កូន​ប្រុស​កូន​ស្រី​គេ​ផង ពី​ព្រោះ​អញ​នឹង​ចាក់​អំពើ​លាមក​អាក្រក់​របស់​គេ​ទៅ​លើ​គេ​វិញ ១៧ ឯង​ត្រូវ​ប្រាប់​ពាក្យ​នេះ​ដល់​គេ​ថា សូម​ឲ្យ​ខ្ញុំ​ហូរ​ទឹក​ភ្នែក​សស្រាក់​ទាំង​យប់​ទាំង​ថ្ងៃ ឥត​ឈប់​ឈរ​ឡើយ ពី​ព្រោះ​កូន​ក្រមុំ​របស់​សាសន៍​ខ្ញុំ​បាន​ត្រូវ​ខ្ទេចខ្ទី ជា​ការ​បាក់​បែក​យ៉ាង​ធំ ដោយ​របួស​ជា​ទំងន់ ១៨ បើ​ខ្ញុំ​ចេញ​ទៅ​ឯ​វាល នោះ​មើល មាន​សុទ្ធ​តែ​សាកសព​ដែល​ស្លាប់​ដោយ​ដាវ ហើយ​បើ​ខ្ញុំ​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ នោះ​មើល មាន​សុទ្ធ​តែ​មនុស្ស​ដែល​ឈឺ ដោយ​អត់ឃ្លាន ដ្បិត​ពួក​ហោរា និង​ពួក​សង្ឃ តែងតែ​ចុះ​ឡើង​ក្នុង​ស្រុក​ឥត​ដឹង​អ្វី​ទេ។
១៩ តើ​ទ្រង់​បាន​បោះបង់​ចោល​ពួក​យូដា​ជា​ដាច់​ខាត​ឬ តើ​ព្រះហឫទ័យ​ទ្រង់​ស្អប់​ខ្ពើម​ក្រុង​ស៊ីយ៉ូន​ឬ​អី ហេតុ​អ្វី​បាន​ជា​ទ្រង់​វាយ​យើង​រាល់​គ្នា ហើយ​មិន​ឲ្យ​ជា​ឡើង​វិញ​សោះ យើង​ខ្ញុំ​បាន​រង់ចាំ ថា​នឹង​បាន​សេចក្តី​សុខ តែ​ឥត​មាន​អ្វី​ល្អ​មក​ឡើយ ក៏​សង្ឃឹម​នឹង​បាន​ជា តែ​មើល បាន​តែ​សេចក្តី​ភ័យ​វិញ ២០ ឱ​ព្រះយេហូវ៉ា​អើយ​យើង​ខ្ញុំ​ទទួល​ស្គាល់​អំពើ​អាក្រក់​របស់​យើង​ខ្ញុំ​ហើយ ព្រម​ទាំង​សេចក្តី​ទុច្ចរិត​របស់​ពួក​ព្ធយុកោ​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ពិត ២១ សូម​កុំ​ស្អប់​យើង​ខ្ញុំ​ឡើយ ដោយ​យល់​ដល់​ព្រះនាម​ទ្រង់ សូម​កុំ​បង្អាប់​បល្ល័ង្ក​នៃ​សិរីល្អ​របស់​ទ្រង់ សូម​នឹក​ចាំ​ឡើង​វិញ ហើយ​កុំ​ផ្តាច់​សេចក្តី​សញ្ញា ដែល​ទ្រង់​បាន​តាំង​នឹង​យើង​ខ្ញុំ​ឡើយ ២២ ក្នុង​អស់​ទាំង​ព្រះ​ឥត​ប្រយោជន៍​របស់​សាសន៍​ដទៃ តើ​មាន​ណា​មួយ​បង្អុរ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​បាន​ឬ តើ​ផ្ទៃ​មេឃ​នឹង​ឲ្យ​ធ្លាក់​ភ្លៀង​១​មេ​បាន​ឬ​ទេ ឱ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​អើយ តើ​មិន​មែន​ជា​ទ្រង់​វិញ​ទេ​ឬ​អី ដូច្នេះ​យើង​ខ្ញុំ​នឹង​ទន្ទឹង​ចាំ​តែ​ទ្រង់ ដ្បិត​គឺ​ទ្រង់​ហើយ​ដែល​បាន​ធ្វើ​គ្រប់​ការ​ទាំង​នេះ។