១៧
ព្រះអម្ចាស់ប្រកាសអំពើបាបរបស់ជនជាតិយូដា
១ អំពើបាបរបស់ពួកយូដាបានចារឹកទុក ដោយដែកចារមានចុងជាពេជ្រ គឺបានចារឹកទុកនៅបន្ទះចិត្តគេ ហើយនៅស្នែងអាសនារបស់គេដែរ ២ ម្លោះហើយ កូនចៅគេនឹកចាំតែអាសនា និងរូបព្រះរបស់គេ ដែលនៅក្រោមអស់ទាំងដើមឈើខៀវខ្ចី នៅលើភ្នំតូចទាំងប៉ុន្មាន ៣ ឱភ្នំ និងវាលរបស់អញអើយ អញនឹងឲ្យគេចាប់យកធនធាន និងទ្រព្យសម្បត្តិរបស់ឯងទុកជារបឹប ព្រមទាំងទីខ្ពស់ទាំងប៉ុន្មានរបស់ឯងផង ដោយព្រោះអំពើបាបដែលប្រព្រឹត្តនៅពេញក្នុងព្រំដែនរបស់ឯង ៤ ហើយឯងនឹងត្រូវចាកចោលមរដករបស់ឯង ដែលអញបានឲ្យនោះ គឺដោយព្រោះតែកំហុសរបស់ខ្លួនទេ ហើយអញនឹងឲ្យឯងបំរើដល់ពួកខ្មាំងនៅស្រុក១ដែលឯងមិនស្គាល់ ដ្បិតឯងរាល់គ្នាបានបង្កាត់ភ្លើងក្នុងសេចក្តីកំហឹងរបស់អញ ដែលនឹងឆេះជាដរាប។
៥ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ត្រូវបណ្តាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា ៦ ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើសោះកក្រោះនៅសមុទ្រខ្សាច់ បើកាលណាមានសេចក្តីល្អមកដល់ នោះនឹងមិនឃើញទេ គឺនឹងត្រូវអាស្រ័យនៅកន្លែងហួតហែងក្នុងទីរហោស្ថានជាដីប្រៃឥតមានអ្នកណានៅវិញ ៧ តែមានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា ហើយដែលទុកចិត្តនឹងទ្រង់ ៨ ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើដាំនៅមាត់ទឹក ដែលចាក់ឫសទៅក្បែរទន្លេ ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ ហើយមិនរឹតត្បិតនៅឆ្នាំដែលរាំងរឹះឡើយ ក៏មិនដែលខាននឹងកើតផលដែរ។ ៩ ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន ១០ អញនេះ គឺព្រះយេហូវ៉ា អញស្ទង់ចិត្ត អញក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេ ១១ ឯទទាដែលក្រាបពងឥតបានភ្ញាស់ជាយ៉ាងណា នោះអ្នកដែលប្រមូលទ្រព្យសម្បត្តិ មិនមែនដោយទៀងត្រង់ក៏យ៉ាងនោះដែរ ទ្រព្យសម្បត្តិនោះនឹងលះចោលគេ កាលនៅពាក់កណ្តាលអាយុនៅឡើយ ហើយដល់ចុងបំផុត គេនឹងទៅជាឆ្កួតផង។
១២ កន្លែងនៃទីបរិសុទ្ធរបស់យើងជាបល្ល័ង្កឧត្តមឧត្តុង្គដែលបានតម្កល់នៅខ្ពស់ ចាប់តាំងពីដើមមក ១៣ ឱព្រះយេហូវ៉ា ជាទីសង្ឃឹមនៃសាសន៍អ៊ីស្រាអែលអើយ អស់អ្នកណាដែលបោះបង់ចោលទ្រង់ នោះនឹងត្រូវខ្មាស ពួកអ្នកដែលថយចេញពីអញទៅ នោះនឹងមានឈ្មោះកត់ទុកនៅផែនដី ដោយព្រោះគេបានចោលព្រះយេហូវ៉ា ដែលទ្រង់ជាក្បាលទឹករស់
លោកយេរេមាទូលសូមព្រះជួយ
១៤ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង នោះទូលបង្គំនឹងបានជាៗពិត សូមជួយសង្គ្រោះទូលបង្គំ នោះទូលបង្គំនឹងបានរួចពិត ដ្បិតទ្រង់ជាទីសរសើររបស់ទូលបង្គំ ១៥ មើល គេសួរទូលបង្គំថា តើព្រះបន្ទូលនៃព្រះយេហូវ៉ានៅឯណា ឲ្យការនោះមកឥឡូវចុះ ១៦ តែឯទូលបង្គំវិញ ទូលបង្គំមិនបានរហ័សនឹងលែងធ្វើជាអ្នកគង្វាលតាមទ្រង់ឡើយ ក៏មិនបានប្រាថ្នាឲ្យថ្ងៃវេទនានោះមកដែរ ទ្រង់ជ្រាបហើយ ដ្បិតសេចក្តីដែលចេញពីបបូរមាត់ទូលបង្គំ សុទ្ធតែនៅចំពោះទ្រង់ទាំងអស់ ១៧ សូមកុំឲ្យទ្រង់បានធ្វើជាសេចក្តីស្ញែងខ្លាច ដល់ទូលបង្គំឡើយ ទ្រង់ជាទីពឹងជ្រកនៃទូលបង្គំក្នុងថ្ងៃអាក្រក់ ១៨ សូមឲ្យពួកអ្នកដែលបៀតបៀនដល់ទូលបង្គំត្រូវអៀនខ្មាស តែកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមឲ្យគេត្រូវស្រយុតចិត្តទៅ តែកុំឲ្យទូលបង្គំត្រូវស្រយុតចិត្តឲ្យសោះ សូមនាំថ្ងៃអាក្រក់នោះឲ្យមកលើគេវិញ ហើយបំផ្លាញគេ ដោយការបំផ្លាញ១ជា២ផង។
ការគោរពថ្ងៃសប្ប័ទ
១៩ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកខ្ញុំដូច្នេះថា ចូរទៅឈរនៅមាត់ទ្វារក្រុងនៃពួកកូនចៅជនជាតិនេះ ជាទ្វារដែលពួកស្តេចយូដាធ្លាប់ចេញចូល ហើយនៅត្រង់ទ្វារក្រុងយេរូសាឡិមទាំងអស់ដែរ ២០ ត្រូវឲ្យប្រាប់គេថា ឱពួកស្តេចយូដា និងបណ្តាជនជាតិយូដាទាំងអស់ ហើយពួកអ្នកនៅក្រុងយេរូសាឡិម ដែលចូលតាមទ្វារទាំងនេះអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ ២១ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ចូរប្រុងប្រយ័ត្នខ្លួន កុំឲ្យលីសែងបន្ទុកអ្វី ចូលមកតាមទ្វារក្រុងយេរូសាឡិម។ នៅថ្ងៃឈប់សំរាកឡើយ ២២ ក៏កុំឲ្យលីសែងបន្ទុកអ្វីចេញពីផ្ទះឯងរាល់គ្នា ឬធ្វើការអ្វីនៅថ្ងៃឈប់សំរាកដែរ ត្រូវឲ្យញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធវិញ ដូចជាអញបានបង្គាប់ដល់ពួកព្ធយុកោឯងរាល់គ្នាហើយ ២៣ ប៉ុន្តែគេមិនបានស្តាប់តាម ឬផ្ទៀងត្រចៀកឡើយ គឺគេតាំងចិត្តរឹងរូសវិញដើម្បីមិនឲ្យឮ ឬទទួលសេចក្តីប្រៀនប្រដៅសោះ។
២៤ ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលថា បើសិនជាឯងរាល់គ្នានឹងខំព្យាយាមស្តាប់តាមអញ ដើម្បីមិនឲ្យលីសែងបន្ទុកណាចូលមកតាមទ្វារក្រុងនេះ នៅថ្ងៃឈប់សំរាក គឺនឹងញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធវិញ ឥតធ្វើការអ្វីនៅថ្ងៃនោះ ២៥ នោះនឹងមានស្តេច ហើយនឹងពួកចៅហ្វាយ ដែលគង់លើបល្ល័ង្កដាវីឌ ចូលមកតាមទ្វារក្រុងនេះ គេនឹងជិះរាជរថ ហើយនឹងសេះ ទាំងខ្លួនគេ និងពួកចៅហ្វាយ ព្រមទាំងបណ្តាមនុស្សនៅស្រុកយូដា និងពួកអ្នកនៅក្រុងយេសាឡិមទាំងប៉ុន្មានផង ហើយទីក្រុងនេះនឹងស្ថិតស្ថេរនៅជាដរាបតទៅ ២៦ មនុស្សនឹងមកពីអស់ទាំងទីក្រុងនៅស្រុកយូដា ពីដំបន់នៅជុំវិញនៃក្រុងយេរូសាឡិម ពីស្រុកបេនយ៉ាមីន ពីស្រុកទំនាប ពីស្រុកភ្នំ ពីស្រុកត្បូង នាំយកដង្វាយដុត យញ្ញបូជា ដង្វាយម្សៅ កំញាន និងដង្វាយសំរាប់អរព្រះគុណ មកដល់ទីព្រះវិហារនៃព្រះយេហូវ៉ា ២៧ តែបើឯងរាល់គ្នាមិនព្រមស្តាប់តាមអញ ដើម្បីនឹងញែកថ្ងៃឈប់សំរាកទុកជាថ្ងៃបរិសុទ្ធ ហើយលែងលីសែងបន្ទុកចូលតាមទ្វារក្រុងយេរូសាឡិម នៅថ្ងៃឈប់សំរាកទេ នោះអញនឹងបង្កាត់ភ្លើងនៅទ្វារក្រុងទាំងប៉ុន្មាន ហើយភ្លើងនោះនឹងឆេះបំផ្លាញអស់ទាំងដំណាក់ នៅក្រុងយេរូសាឡិមទៅ ឥតដែលរលត់ឡើយ។