២៣
ព្រះបន្ទូល​ប្រឆាំង​នឹង​អ្នក​ដឹកនាំ​មិន​ស្មោះត្រង់
១ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា វេទនា​ដល់​ពួក​គង្វាល​ដែល​បំផ្លាញ ហើយ​កំចាត់កំចាយ​ហ្វូង​ចៀម​នៃ​ទី​ឃ្វាល​របស់​អញ ២ ហេតុ​នោះ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ទាស់​នឹង​ពួក​អ្នក​គង្វាល​ដែល​ឃ្វាល​ជនជាតិ​របស់​ខ្ញុំ ដូច្នេះ​ថា ឯង​រាល់​គ្នា​បាន​កំចាត់កំចាយ​ហ្វូង​ចៀម​របស់​អញ ហើយ​បណ្តេញ​ចេញ​បង់ ឥត​មើល​រក្សា​វា​ឡើយ ដូច្នេះ អញ​នឹង​ទំលាក់​អំពើ​អាក្រក់​របស់​ឯង​រាល់​គ្នា​ទៅ​លើ​ឯង​វិញ នេះ​ហើយ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ៣ រួច​អញ​នឹង​ប្រមូល​សំណល់​នៃ​ហ្វូង​របស់​អញ ចេញ​ពី​គ្រប់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ហើយ​នាំ​វិល​ត្រឡប់​មក​ឯ​ក្រោល​គេ​វិញ នោះ​គេ​នឹង​បង្កើត​ផល ហើយ​ចំរើន​ឡើង ៤ អញ​នឹង​តាំង​អ្នក​គង្វាល​លើ​គេ​ដែល​នឹង​ឃ្វាល​គេ គ្រា​នោះ​គេ​នឹង​មិន​ភ័យ ឬ​ស្រយុត​ចិត្ត​ទៀត​ឡើយ ក៏​មិន​ដែល​បាត់បង់​ណា​មួយ​ដែរ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា។
៥ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល នឹង​មាន​គ្រា​មក​ដល់ ដែល​អញ​នឹង​បង្កើត​ឲ្យ​ដាវីឌ​មាន​លំពង់​សុចរិត​១ លំពង់​នោះ​ទ្រង់​នឹង​សោយរាជ្យ​ទុក​ដូច​ជា​ស្តេច ហើយ​នឹង​ប្រព្រឹត្ត​ដោយ​វាងវៃ ព្រម​ទាំង​សំរេច​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត​នៅ​ក្នុង​ស្រុក​ផង ៦ នៅ​គ្រា​របស់​ទ្រង់ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ពួក​អ៊ីស្រាអែល​នឹង​នៅ​ដោយ​សន្តិសុខ ឯ​ព្រះនាម​ដែល​គេ​នឹង​ហៅ​ទ្រង់ នោះ​គឺ«ព្រះយេហូវ៉ា​ដ៏​ជា​សេចក្តី​សុចរិត​នៃ​យើង​រាល់​គ្នា» ៧ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា គឺ​ហេតុ​នោះ​បាន​ជា​មាន​គ្រា​មក​ដែល​គេ​នឹង​លែង​ស្បថ​ថា ដូច​ជា​ព្រះយេហូវ៉ា​មាន​ព្រះជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ៨ គឺ​គេ​នឹង​ថា ដូច​ជា​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះជន្ម​រស់ ដែល​ទ្រង់​បាន​នាំ​ពូជពង្ស​នៃ​អ៊ីស្រាអែល​ឡើង​រួច ហើយ​ដឹកនាំ​គេ​ចេញ​ពី​ស្រុក​ខាង​ជើង និង​ពី​គ្រប់​ទាំង​ស្រុក​ដែល​អញ​បាន​បណ្តេញ​គេ​នោះ​វិញ នោះ​គេ​នឹង​នៅ​ក្នុង​ស្រុក​របស់​ខ្លួន​គេ​ត​ទៅ។
ព្រះបន្ទូល​ប្រឆាំង​នឹង​ព្យាការី​ក្លែងក្លាយ
៩ ពី​ដំណើរ​ពួក​ហោរា
ចិត្ត​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ត្រូវ​ញាំញី​ហើយ អស់​ទាំង​ឆ្អឹង​ខ្ញុំ​ក៏​ញ័រ ខ្ញុំ​ដូច​ជា​មនុស្ស​ស្រវឹង គឺ​ដូច​ជា​មនុស្ស​ដែល​ស្រា​ទំពាំងបាយជូរ​បាន​ឈ្នះ​ហើយ ដោយ​ព្រោះ​ព្រះយេហូវ៉ា ហើយ​ដោយ​ព្រោះ​ព្រះបន្ទូល​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ១០ ដ្បិត​ស្រុក​នេះ​មាន​ពេញ​ដោយ​មនុស្ស​ដែល​ប្រព្រឹត្ត​កំផិត ហើយ​ស្រុក​ក៏​យំ​សោក​ដោយ​ព្រោះ​សេចក្តី​បណ្តាសា អស់​ទាំង​ទី​ឃ្វាល​សត្វ នៅ​ទី​រហោស្ថាន បាន​ហួតហែង​អស់​ហើយ​គេ​រត់​តាម​តែ​សេចក្តី​អាក្រក់ ហើយ​គេ​ប្រើ​អំណាច​សំរាប់​តែ​ការ​ទុច្ចរិត​ទេ ១១ ដ្បិត​ទាំង​ហោរា និង​សង្ឃ​ផង សុទ្ធ​តែ​ស្មោកគ្រោក​ទាំង​អស់​គ្នា អើ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​បាន​ឃើញ​អំពើ​អាក្រក់​របស់​គេ នៅ​ក្នុង​ព្រះវិហារ​របស់​អញ​ផង ១២ ហេតុ​នោះ​ផ្លូវ​របស់​គេ​នឹង​បាន​ដូច​ជា​កន្លែង​រឥល​នៅ​ទី​ងងឹត​ដល់​គេ គេ​នឹង​ត្រូវ​ច្រាន​ទៅ ហើយ​ដួល​ចុះ​នៅ​ទី​នោះ ដ្បិត​អញ​នឹង​នាំ​សេចក្តី​អាក្រក់​មក​លើ​គេ គឺ​ជា​ឆ្នាំ​ដែល​ត្រូវ​ធ្វើ​ទោស​ដល់​គេ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា។
១៣ អញ​បាន​ឃើញ​សេចក្តី​ចំកួត​ក្នុង​ពួក​ហោរា នៅ​ក្រុង​សាម៉ារី​ដែរ គេ​ទាយ​ទំនាយ​ដោយសារ​ព្រះបាល ក៏​នាំ​ពួក​អ៊ីស្រាអែល ជា​រាស្ត្រ​អញ​ឲ្យ​វង្វេង​ដែរ ១៤ ឯ​ក្នុង​ពួក​ហោរា​នៅ​ក្រុង​យេរូសាឡិម នោះ​អញ​ក៏​ឃើញ​មាន​សេចក្តី​គួរ​ស្បើម​ណាស់​ដែរ គេ​ប្រព្រឹត្ត​សេចក្តី​កំផិត ហើយ​ដើរ​តាម​តែ​សេចក្តី​កំភូត​ទទេ គេ​ចំរើន​កំឡាំង​ដៃ​នៃ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដល់ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​មួយ​វិល​ត្រឡប់​ពី​អំពើ​អាក្រក់​អស់​ខ្លួន​ឡើយ គេ​បាន​ត្រឡប់​ដូច​ជា​ក្រុង​សូដុំម​ទាំង​អស់​គ្នា ពួក​អ្នក​នៅ​ក្រុង​នេះ ក៏​ដូច​ជា​ក្រុង​កូម៉ូរ៉ា ដល់​អញ​ហើយ ១៥ ហេតុ​នោះ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ទ្រង់​មាន​ព្រះបន្ទូល​ពី​ដំណើរ​ពួក​ហោរា​ដូច្នេះ​ថា មើល​អញ​នឹង​ចិញ្ចឹម​គេ​ដោយ​ស្លែង ហើយ​នឹង​ឲ្យ​គេ​ផឹក​ទឹក​ពុល ដ្បិត​មាន​សេចក្តី​ល្មើស​ចំពោះ​ព្រះ បាន​ចេញ​ពី​ពួក​ហោរា​នៅ​ក្រុង​យេរូសាឡិម​ទៅ​ពេញ​ក្នុង​ស្រុក​ហើយ។
១៦ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា កុំ​ឲ្យ​ស្តាប់​តាម​ពាក្យ​របស់​ហោរា ដែល​គេ​ទាយ​ប្រាប់​ឯង​រាល់​គ្នា​ឲ្យ​សោះ គេ​នាំ​ឯង​រាល់​គ្នា​ឲ្យ​វង្វេង​ទេ គេ​សំដែង​ចេញ​តែ​ពី​ការ​ដែល​គេ​នឹក​ឃើញ​ក្នុង​ចិត្ត​ខ្លួន​គេ មិន​មែន​ជា​សេចក្តី​ដែល​ចេញ​ពី​ព្រះឱស្ឋ នៃ​ព្រះយេហូវ៉ា​ឡើយ ១៧ គេ​ចេះ​តែ​ប្រាប់​ដល់​ពួក​អ្នក​ដែល​មើលងាយ​អញ​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​នឹង​មាន​សន្តិសុខ​ទេ ហើយ​ក៏​ប្រាប់​ដល់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​តាម​តែ​សេចក្តី​រឹងចចេស​នៅ​ក្នុង​ចិត្ត​ថា នឹង​គ្មាន​សេចក្តី​អាក្រក់​ណា​កើត​ដល់​ឯង​រាល់​គ្នា​ឡើយ ១៨ ដ្បិត​តើ​អ្នក​ណា​បាន​ឈរ​ក្នុង​ពួក​ប្រឹក្សា​នៃ​ព្រះយេហូវ៉ា ឲ្យ​បាន​ឃើញ ហើយ​ឮ​ព្រះបន្ទូល​របស់​ទ្រង់ តើ​អ្នក​ណា​បាន​ប្រុង​ស្តាប់ ហើយ​ឮ​ព្រះបន្ទូល​នៃ​ទ្រង់ ១៩ មើល ព្យុះ​សង្ឃរា​របស់​ព្រះយេហូវ៉ា គឺ​ជា​សេចក្តី​ក្រោធ​របស់​ទ្រង់ បាន​ចេញ​ទៅ​ហើយ អើ ជា​ព្យុះ​កួច​ដែល​នឹង​ធ្លាយ​មក លើ​ក្បាល​របស់​ពួក​មនុស្ស​អាក្រក់ ២០ សេចក្តី​ខ្ញាល់​របស់​ព្រះយេហូវ៉ា​នឹង​មិន​វិល​ទៅ​វិញ ទាល់​តែ​ទ្រង់​បាន​ធ្វើ​សំរេច ហើយ​បាន​បង្ហើយ​តាម​បំណង​ព្រះហឫទ័យ​ទ្រង់ ឯ​ជាន់​ក្រោយ នោះ​ឯង​រាល់​គ្នា​នឹង​យល់​ច្បាស់ ២១ អញ​មិន​បាន​ចាត់​ប្រើ​ពួក​ហោរា​ទាំង​នេះ​ទេ គង់​តែ​គេ​បាន​រត់​ទៅ អញ​មិន​បាន​និយាយ​នឹង​គេ​សោះ គង់​តែ​គេ​បាន​ទាយ ២២ ប៉ុន្តែ​បើ​គេ​បាន​គ្រាន់​តែ​ឈរ​នៅ​ក្នុង​ពួក​ប្រឹក្សា​របស់​អញ នោះ​គេ​នឹង​បាន​ប្រាប់​ឲ្យ​រាស្ត្រ​អញ​ស្តាប់​ពាក្យ​របស់​អញ​ហើយ ព្រម​ទាំង​បំបែរ​គេ​ចេញ​ពី​ផ្លូវ​អាក្រក់ និង​ពី​អំពើ​ដ៏​លាមក​ដែល​ប្រព្រឹត្ត​រៀង​ខ្លួន​ផង។
២៣ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា តើ​អញ​ជា​ព្រះ​ដែល​នៅ​ឆ្ងាយ ឥត​នៅ​ជិត​បង្កើយ​ផង​ដែរ​ឬ​អី ២៤ ព្រះយេហូវ៉ា​ទ្រង់​សួរ​ដូច្នេះ​ទៀត​ថា តើ​មាន​អ្នក​ណា​នឹង​ពួន​ខ្លួន​នៅ​ទី​សំងាត់​ឯ​ណា ឲ្យ​អញ​មើល​មិន​ឃើញ​បាន​ឬ តើ​អញ​មិន​នៅ​ពេញ​ស្ថានសួគ៌ និង​ផែនដី​ផង​ទេ​ឬ​អី នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ២៥ អញ​បាន​ឮ​សេចក្តី​ដែល​ពួក​ហោរា​ប្រាប់ ជា​ពួក​អ្នក​ដែល​ទាយ​កុហក ដោយ​នូវ​ឈ្មោះ​អញ​ថា ខ្ញុំ​បាន​យល់សប្តិ ឃើញ​ដូច្នេះ​មួយៗ ២៦ សេចក្តី​យ៉ាង​នេះ​នឹង​នៅ​ក្នុង​ចិត្ត​នៃ​ពួក​ហោរា​ដែល​ទាយ​កុហក ជា​ពួក​អ្នក​ដែល​បញ្ឆោត​តាម​សេចក្តី​នៅ​ក្នុង​ចិត្ត​ខ្លួន​គេ តើ​ដល់​កាល​ណា​ទៀត ២៧ គេ​គិត​តែ​បណ្តាល​ឲ្យ​រាស្ត្រ​អញ​ភ្លេច​ឈ្មោះ​អញ ដោយ​ការ​យល់សប្តិ​របស់​គេ ដែល​ថ្លែង​ប្រាប់​ដល់​អ្នក​ជិត​ខាង​គេ​រៀង​ខ្លួន ដូច​ជា​ពួក​ព្ធយុកោ​គេ​បាន​ភ្លេច​ឈ្មោះ​អញ ឲ្យ​យក​ឈ្មោះ​ព្រះបាល​វិញ​ដែរ ២៨ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា ឯ​ហោរា​ណា​ដែល​យល់សប្តិ​ឲ្យ​គេ​ប្រាប់​តាម​សប្តិ​នោះ​ចុះ ហើយ​ហោរា​ណា​ដែល​បាន​ទទួល​ពាក្យ​អញ ត្រូវ​ឲ្យ​អ្នក​នោះ​ប្រាប់​ពាក្យ​អញ ដោយ​ស្មោះត្រង់​ទៅ តើ​ចំបើង​ជា​អ្វី​ចំពោះ​ស្រូវ ២៩ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​សួរ​ថា ឯ​ពាក្យ​របស់​អញ តើ​មិន​មែន​ដូច​ជា​ភ្លើង ហើយ​ដូច​ជា​ញញួរ ដែល​បំបែក​ថ្ម​ខ្ទេចខ្ទី​ទេ​ឬ​អី ៣០ ហេតុ​នោះ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​ហោរា ដែល​លួច​ពាក្យ​អញ​ចេញ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ៣១ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​ហោរា​ដែល​ប្រើ​អណ្តាត​និយាយ​ថា ព្រះអង្គ​មាន​ព្រះបន្ទូល ៣២ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​ទាស់​នឹង​ពួក​អ្នក​ដែល​ទាយ​កុហក​តាម​យល់សប្តិ ព្រម​ទាំង​ផ្សាយ​ប្រាប់​សប្តិ​នោះ ហើយ​នាំ​ឲ្យ​រាស្ត្រ​អញ​វង្វេង​ចេញ​ដោយសារ​សេចក្តី​កំភូត​របស់​គេ ហើយ​ដោយសារ​សេចក្តី​អំនួត​ឥត​ប្រយោជន៍​របស់​គេ​ដែរ តែ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​មិន​បាន​ចាត់​គេ ឬ​បង្គាប់​គេ​ឡើយ គេ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដល់​ជនជាតិ​នេះ​ដែរ។
៣៣ កាល​ណា​ជនជាតិ​នេះ ឬ​ហោរា​ណា ឬ​សង្ឃ​ណា នឹង​សួរ​ឯង​ថា ឯ​បន្ទុក​ពី​ព្រះយេហូវ៉ា តើ​ថា​យ៉ាង​ណា​នោះ​ឯង​ត្រូវ​ឆ្លើយ​តប​ថា តើ​បន្ទុក​ណា​នោះ ឯ​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា នោះ​គឺ​ថា អញ​នឹង​បោះបង់​ចោល​ឯង​រាល់​គ្នា​ចេញ ៣៤ ឯ​ហោរា​ណា សង្ឃ​ណា ឬ​ជនជាតិ​ណា​ដែល​ពោល​ថា នេះ​ជា​បន្ទុក​ពី​ព្រះយេហូវ៉ា​ហើយ អញ​នឹង​ធ្វើ​ទោស​ដល់​អ្នក​នោះ ព្រម​ទាំង​ពួក​វង្ស​គេ​ផង ៣៥ ឯង​រាល់​គ្នា​ត្រូវ​សួរ​អ្នក​ជិត​ខាង ហើយ​នឹង​បង​ប្អូន​ឯង​រៀង​ខ្លួន​ដូច្នេះ​វិញ​ថា តើ​ព្រះយេហូវ៉ា​ទ្រង់​បាន​តប​ឆ្លើយ​យ៉ាង​ដូច​ម្តេច ហើយ​ថា តើ​ព្រះយេហូវ៉ា​បាន​មាន​ព្រះបន្ទូល​យ៉ាង​ណា ៣៦ មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​និយាយ ពី​បន្ទុក​របស់​ព្រះយេហូវ៉ា​ទៀត​ឡើយ ឯ​បន្ទុក​របស់​ឯង​រាល់​គ្នា នោះ​គឺ​ជា​ពាក្យ​របស់​គ្រប់​គ្នា​វិញ ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​បំផ្លាស់​បំប្រែ​ព្រះបន្ទូល​នៃ​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ គឺ​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​យើង​រាល់​គ្នា ឲ្យ​ខុស​ទៅ​ហើយ ៣៧ ត្រូវ​ឲ្យ​ឯង​សួរ​ហោរា​យ៉ាង​ដូច្នេះ​ថា តើ​ព្រះយេហូវ៉ា​បាន​ឆ្លើយ​នឹង​អ្នក​យ៉ាង​ដូច​ម្តេច ហើយ​ថា តើ​ព្រះយេហូវ៉ា​បាន​មាន​ព្រះបន្ទូល​យ៉ាង​ណា​ខ្លះ​នោះ​វិញ ៣៨ ប៉ុន្តែ​បើ​ឯង​រាល់​គ្នា​ហ៊ាន​និយាយ​ថា នេះ​ជា​បន្ទុក​របស់​ព្រះយេហូវ៉ា​ហើយ នោះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ចេញ​ពាក្យ​នេះ​គឺ«បន្ទុក​របស់​ព្រះយេហូវ៉ា» ហើយ​អញ​បាន​ចាត់​គេ​ឲ្យ​មក​ឯ​ឯង​ហាម​ថា កុំ​ឲ្យ​និយាយ​ពី​បន្ទុក​ព្រះយេហូវ៉ា​ឡើយ ៣៩ ដូច្នេះ​មើល អញ​នឹង​ភ្លេច​ឯង​រាល់​គ្នា​អស់​រលីង ហើយ​នឹង​បោះបង់​ចោល​ឯង​រាល់​គ្នា​ឆ្ងាយ​ពី​មុខ​អញ​ទៅ ព្រម​ទាំង​ទី​ក្រុង​ដែល​អញ​បាន​ឲ្យ​ដល់​ឯង និង​ពួក​ព្ធយុកោ​ឯង​ផង ៤០ រួច​អញ​នឹង​នាំ​សេចក្តី​ដំនៀល​ដ៏​នៅ​ជាប់​អស់កល្ប មក​លើ​ឯង​រាល់​គ្នា ព្រម​ទាំង​សេចក្តី​ខ្មាស​ដ៏​នៅ​ជាប់​ជានិច្ច​ដែល​នឹង​ភ្លេច​មិន​បាន​ឡើយ​ផង។