៣២
លោក​យេរេមា​ទិញ​ដី​មួយ​កន្លែង
១ នេះ​ជា​ព្រះបន្ទូល​ដែល​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា ក្នុង​ឆ្នាំ​ទី​១០ នៃ​រាជ្យ​សេដេគា ស្តេច​យូដា ដែល​ត្រូវ​នឹង​ឆ្នាំ​ទី​១៨​នៃ​រាជ្យ​នេប៊ូក្នេសា ២ រីឯ​គ្រា​នោះ ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​ឡោមព័ទ ច្បាំង​នឹង​ក្រុង​យេរូសាឡិម ហើយ​ហោរា​យេរេមា​ត្រូវ​ឃុំ​ទុក​នៅ​ក្នុង​ទីលាន​គុក ដែល​នៅ​ក្នុង​វាំង​នៃ​ស្តេច​យូដា ៣ ពី​ព្រោះ​សេដេគា​ជា​ស្តេច​យូដា បាន​ឃុំ​លោក ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​ឯង​ទាយ​ថា ព្រះយេហូវ៉ា​មាន​ព្រះបន្ទូល​ដូច្នេះ មើល​អញ​នឹង​ប្រគល់​ក្រុង​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក​បាន ៤ ហើយ​សេដេគា ជា​ស្តេច​យូដា​នឹង​មិន​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ​ឡើយ គឺ​នឹង​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​ស្រុក​បាប៊ីឡូន​ជា​ពិត ហើយ​នឹង​និយាយ​នឹង​គេ​ផ្ទាល់​មាត់​គ្នា ឯ​ភ្នែក​ទ្រង់​ក៏​នឹង​ឃើញ​ភ្នែក​គេ​ដែរ ៥ គេ​នឹង​នាំ​យក​សេដេគា ទៅ​ឯ​ក្រុង​បាប៊ីឡូន​ហើយ​ទ្រង់​នឹង​ត្រូវ​នៅ​ទី​នោះ​ទាល់​តែ​អញ​ប្រោស នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ទោះ​បើ​ឯង​រាល់​គ្នា​តស៊ូ​នឹង​ពួក​ខាល់ដេ​ក៏​ដោយ គង់​តែ​នឹង​ឈ្នះ​មិន​បាន​ដែរ។
៦ យេរេមា​និយាយ​ថា ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​បាន​មក​ដល់​ខ្ញុំ ប្រាប់​ដូច្នេះ ៧ មើល ហាណាមាល ជា​កូន​សាលូម ឪពុក​ធំ​ឯង នឹង​មក​និយាយ​នឹង​ឯង​ថា សូម​ទទួល​បញ្ចាំ​ចំការ​របស់​ខ្ញុំ​ដែល​នៅ​ឯ​អាន៉ាថោត​ទៅ ដ្បិត​អំណាច​ដែល​នឹង​លោះ​បង​ប្អូន នោះ​ស្រេច​នឹង​អ្នក​ទេ។ ៨ ដូច្នេះ​ហាណាមាល ជា​កូន​របស់​ឪពុក​ធំ​ខ្ញុំ ក៏​មក​ឯ​ខ្ញុំ​នៅ​ក្នុង​ទីលាន​គុក តាម​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ហើយ​គាត់​និយាយ​នឹង​ខ្ញុំ​ថា សូម​ទទួល​បញ្ចាំ​ចំការ​របស់​ខ្ញុំ ដែល​នៅ​ឯ​អាន៉ាថោត ក្នុង​ស្រុក​បេនយ៉ាមីន​ទៅ ដ្បិត​អ្នក​មាន​ច្បាប់​នឹង​គ្រង​បាន​ជា​មរដក ហើយ​អំណាច​លោះ​ក៏​ស្រេច​នៅ​លើ​អ្នក​ដែរ ដូច្នេះ សូម​ទទួល​បញ្ចាំ ទុក​សំរាប់​ខ្លួន​អ្នក​ចុះ​យ៉ាង​នោះ​ទើប​ខ្ញុំ​បាន​ដឹង​ថា ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ពិត ៩ ខ្ញុំ​ក៏​ទទួល​បញ្ចាំ​ចំការ ដែល​នៅ​ឯ​អាន៉ាថោត ពី​ហាណាមាល ជា​កូន​របស់​ឪពុក​ធំ​ខ្ញុំ ហើយ​បាន​ថ្លឹង​ប្រាក់​១៧​រៀល​ឲ្យ​ដល់​គាត់ ១០ ក៏​ធ្វើ​សំបុត្រ ហើយ​បិទ​ត្រា រួច​ហៅ​ស្មរ​បន្ទាល់​មក ហើយ​ថ្លឹង​ប្រាក់​ក្នុង​ជញ្ជីង​ប្រគល់​ដល់​គាត់ ១១ ដូច្នេះ ខ្ញុំ​បាន​យក​សំបុត្រ​បញ្ចាំ ទាំង​សំបុត្រ​ដែល​បិទ​ត្រា​តាម​ច្បាប់ តាម​ទំនៀម និង​សំបុត្រ​១​ដែល​នៅ​បើក​ដែរ ១២ រួច​ប្រគល់​សំបុត្រ​បញ្ចាំ​ដល់​បារូក ជា​កូន​នេរីយ៉ា​ដែល​ជា​កូន​ម៉ាសេយ៉ា​នៅ​ចំពោះ​មុខ​ហាណាមាល​ជា​កូន​របស់​ឪពុក​ធំ​ខ្ញុំ និង​នៅ​ចំពោះ​ពួក​ស្មរ​បន្ទាល់ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​សំបុត្រ​បញ្ចាំ​នោះ នៅ​មុខ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អង្គុយ​នៅ​ទីលាន​នៃ​គុក ១៣ ខ្ញុំ​ក៏​ផ្តាំ​បារូក​នៅ​មុខ​គេ​ថា ១៤ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ចូរ​យក​សំបុត្រ​បញ្ចាំ​នេះ គឺ​ជា​សំបុត្រ​បញ្ចាំ​ដែល​បិទ​ត្រា និង​សំបុត្រ​ដែល​នៅ​ចំហ ទៅ​ដាក់​ក្នុង​ភាជនៈ​ដី ដើម្បី​ឲ្យ​បាន​ទុក​ជា​យូរ​ថ្ងៃ​ត​ទៅ ១៥ ដ្បិត​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា នឹង​មាន​គេ​បញ្ចាំ​ទាំង​ផ្ទះ និង​ចំការ ហើយ​នឹង​ដំណាំ​ទំពាំងបាយជូរ​នៅ​ក្នុង​ស្រុក​នេះ​ទៀត។
ពាក្យ​អធិស្ឋាន​របស់​លោក​យេរេមា
១៦ ក្រោយ​ដែល​ខ្ញុំ​បាន​ប្រគល់​សំបុត្រ​បញ្ចាំ​ដល់​បារូក​ជា​កូន​នេរីយ៉ា​ហើយ នោះ​ខ្ញុំ​ក៏​អធិស្ឋាន​ដល់​ព្រះយេហូវ៉ា​ថា ១៧ ឱ​ព្រះអម្ចាស់យេហូវ៉ា​អើយ មើល ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី ដោយសារ​ព្រះចេស្តា​ដ៏​ធំ​របស់​ទ្រង់ និង​ព្រះពាហុ​ដ៏​លើក​សំរេច គ្មាន​អ្វី​ដែល​ពិបាក​ពេក​ដល់​ទ្រង់​ទេ ១៨ គឺ​ទ្រង់​សំដែង​សេចក្តី​សប្បុរស ដល់​មនុស្ស​ទាំង​ពាន់ៗ ហើយ​ក៏​សង​អំពើ​ទុច្ចរិត​របស់​ពួក​ព្ធយុកោ ទៅ​លើ​ទ្រូង​នៃ​ពួក​កូន​ចៅ​គេ នៅ​តាម​ក្រោយ ទ្រង់​ជា​ព្រះ​ដ៏​ធំ​ហើយ​មាន​ឫទ្ធិ ព្រះនាម​ទ្រង់ គឺ​ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ១៩ ទ្រង់​ប្រសប់​ក្នុង​ការ​ជួយ​គំនិត ហើយ​ក៏​មាន​ឫទ្ធិ​ក្នុង​ការ​ធ្វើ ព្រះនេត្រ​ទ្រង់​ទត​ឃើញ​អញ​ទាំង​ផ្លូវ​របស់​ពួក​មនុស្ស​ជាតិ ដើម្បី​នឹង​សង​គ្រប់​គ្នា​តាម​ផ្លូវ​គេ​ប្រព្រឹត្ត ហើយ​តាម​ផល​នៃ​កិរិយា​របស់​គេ​រៀង​ខ្លួន ២០ ទ្រង់​ក៏​បាន​ធ្វើ​ទី​សំគាល់ និង​ការ​អស្ចារ្យ​នៅ​ស្រុក​អេស៊ីព្ទ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ព្រម​ទាំង​នៅ​ពួក​អ៊ីស្រាអែល ហើយ​កណ្តាល​ពួក​មនុស្ស​ដទៃ​ផង ទ្រង់​ក៏​បាន​តាំង​កិត្តិនាម​របស់​ទ្រង់​ឡើង​ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ ២១ ហើយ​បាន​នាំ​អ៊ីស្រាអែល ជា​រាស្ត្រ​ទ្រង់ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ទី​សំគាល់ និង​ការ​អស្ចារ្យ ដោយ​ព្រះហស្ត​ខ្លាំង​ពូកែ និង​ព្រះពាហុ​លើក​សំរេច ព្រម​ទាំង​ការ​ស្ញែង​ខ្លាច​យ៉ាង​ធំ​ផង ២២ ក៏​បាន​ប្រទាន​ស្រុក​នេះ​ឲ្យ​ដល់​គេ ជា​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ព្ធយុកោ ថា​នឹង​ឲ្យ​ដល់​គេ គឺ​ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរហៀរ។ ២៣ គេ​ក៏​ចូល​មក​ចាប់​យក​ស្រុក ប៉ុន្តែ​មិន​បាន​ស្តាប់​តាម​ព្រះបន្ទូល​នៃ​ទ្រង់ ឬ​ដើរ​តាម​ក្រឹត្យវិន័យ​របស់​ទ្រង់​ឡើយ ក៏​មិន​បាន​ធ្វើ​អ្វី​១​ដែល​ទ្រង់​បាន​បង្គាប់​ដល់​គេ​ដែរ ហេតុ​នោះ​បាន​ជា​ទ្រង់​បណ្តាល ឲ្យ​ការ​អាក្រក់​ទាំង​នេះ​មក​លើ​គេ ២៤ មើល ប្រដាប់​ចំបាំង​របស់​ពួក​ខាល់ដេ​បាន​មក​ដល់ ដើម្បី​នឹង​ចាប់​យក​ទី​ក្រុង ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ ដែល​មក​តយុទ្ធ​ហើយ គឺ​ត្រូវ​ប្រគល់​ទៅ​ដោយ​ចាញ់​ដាវ អំណត់អត់ និង​អាសន្នរោគ ឯ​អស់​ទាំង​ការ​ដែល​ទ្រង់​បាន​មាន​ព្រះបន្ទូល នោះ​បាន​កើត​មក​ហើយ ទ្រង់​ក៏​ទត​ឃើញ​ដែរ ២៥ ហើយ ឱ​ព្រះអម្ចាស់យេហូវ៉ា​អើយ ទ្រង់​បាន​មាន​ព្រះបន្ទូល​មក​ទូលបង្គំ​ថា ចូរ​ឯង​ទទួល​បញ្ចាំ​ចំការ​ដោយ​ប្រាក់ ហើយ​ហៅ​ស្មរ​បន្ទាល់​មក តែ​ទី​ក្រុង​នេះ​បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ​ហើយ។
ចម្លើយ​របស់​ព្រះអម្ចាស់
២៦ លំដាប់​នោះ​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​បាន​មក​ដល់​យេរេមា​ថា ២៧ មើល អញ​នេះ​ជា​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​គ្រប់​ទាំង​សាច់ តើ​មាន​ការ​អ្វី​ដែល​ពិបាក​ពេក​ដល់​អញ​ដែរ​ឬ ២៨ ហេតុ​នេះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​ប្រគល់​ទី​ក្រុង​នេះ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ គឺ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ចាប់​យក​បាន។ ២៩ ពួក​ខាល់ដេ ដែល​តយុទ្ធ​នឹង​ទី​ក្រុង​នេះ គេ​នឹង​ចូល​មក​ដុត​ចោល ព្រម​ទាំង​ផ្ទះ​ទាំង​ប៉ុន្មាន​ផង ជា​ទី​ដែល​មនុស្ស​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះបាល ហើយ​ច្រួច​ដង្វាយ​ច្រួច​ដល់​ព្រះ​ដទៃ​នៅ​លើ​ដំបូល ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង ៣០ ពី​ព្រោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល និង​ពួក​កូន​ចៅ​យូដា បាន​ប្រព្រឹត្ត​សុទ្ធ​តែ​ការ​ដែល​អាក្រក់ នៅ​ភ្នែក​អញ តាំង​តែ​ពី​ក្មេង​មក ដ្បិត​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​បណ្តាល​ឲ្យ​អញ​ខឹង ដោយ​ការ​ដែល​ដៃ​គេ​ធ្វើ នេះ​ហើយ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ៣១ ទី​ក្រុង​នេះ​ជា​ទី​អុចអាល ឲ្យ​អញ​មាន​សេចក្តី​កំហឹង និង​ឃោរឃៅ ចាប់​តាំង​ពី​គ្រា​ដែល​គេ​សង់​ឡើង ដរាប​ដល់​សព្វ​ថ្ងៃ​នេះ បាន​ជា​គួរ​ឲ្យ​អញ​បំបាត់​ចេញ​ពី​មុខ​អញ​ទៅ ៣២ ដោយ​ព្រោះ​អស់​ទាំង​អំពើ​អាក្រក់ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល និង​ពួក​កូន​ចៅ​យូដា​បាន​ប្រព្រឹត្ត ជា​ហេតុ​បណ្តាល​ឲ្យ​អញ​ខឹង គឺ​ទាំង​ខ្លួន​គេ ស្តេច​គេ ពួក​ចៅហ្វាយ ពួក​សង្ឃ និង​ពួក​ហោរា​របស់​គេ អស់​ទាំង​ពួក​ស្រុក​យូដា និង​ពួក​អ្នក​នៅ​ក្រុង​យេរូសាឡិម​ទាំង​អស់​គ្នា​ផង ៣៣ គេ​បាន​បែរ​ខ្នង​ឲ្យ​អញ មិន​មែន​ជា​មុខ​ឡើយ ហើយ​ទោះ​បើ​អញ​បាន​បង្ហាត់​បង្រៀន​គេ ព្រម​ទាំង​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​បង្រៀន​ផង​ក៏​ដោយ គង់​តែ​គេ​មិន​បាន​ស្តាប់​តាម​ដើម្បី​នឹង​ទទួល​សេចក្តី​ប្រៀនប្រដៅ​ដែរ ៣៤ គឺ​គេ​បាន​តាំង​របស់​គួរ​ស្អប់​ខ្ពើម​របស់​គេ នៅ​ក្នុង​វិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ ជា​ការ​ដែល​បង្អាប់​ដល់​ទី​នោះ​វិញ ៣៥ គេ​ក៏​បាន​ធ្វើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន​នៃ​ព្រះបាល ដែល​នៅ​ក្នុង​ច្រក​ភ្នំ​របស់​កូន​ចៅ​ហ៊ីនណំម សំរាប់​នឹង​ធ្វើ​ឲ្យ​កូន​ប្រុស​កូន​ស្រី​គេ ដើរ​កាត់​ភ្លើង​ថ្វាយ​ដល់​ព្រះម៉ូឡុក ជា​ការ​ដែល​អញ​មិន​បាន​បង្គាប់​គេ​ឡើយ ក៏​មិន​ដែល​ចូល​ក្នុង​គំនិត​អញ ឲ្យ​គេ​បាន​ធ្វើ​ការ​គួរ​ស្អប់​ខ្ពើម​នេះ ដើម្បី​នឹង​នាំ​ឲ្យ​ពួក​យូដា​បាន​ធ្វើ​បាប​ផង​ដែរ។ ៣៦ ដោយ​ហេតុ​នោះ ឥឡូវ​នេះ​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ពី​ដំណើរ​ទី​ក្រុង​ដែល​ឯង​ថា បាន​ត្រូវ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន​ដោយសារ​ដាវ អំណត់អត់ ហើយ​នឹង​អាសន្នរោគ​នេះ​ថា ៣៧ មើល អញ​នឹង​ប្រមូល​គេ​ចេញ​ពី​អស់​ទាំង​ស្រុក ដែល​អញ​បាន​បណ្តេញ​គេ​ទៅ​នោះ ដោយ​សេចក្តី​កំហឹង សេចក្តី​ឃោរឃៅ ហើយ​នឹង​សេចក្តី​គ្នាន់ក្នាញ់​ដ៏​ជា​ខ្លាំង​របស់​អញ ក៏​នឹង​នាំ​គេ​មក​ឯ​ទី​នេះ​វិញ ព្រម​ទាំង​ឲ្យ​គេ​នៅ​ដោយ​សុខសាន្ត ៣៨ នោះ​គេ​នឹង​បាន​ជា​រាស្ត្រ​របស់​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ព្រះ​ដល់​គេ ៣៩ អញ​នឹង​ឲ្យ​គេ​មាន​ទឹក​ចិត្ត​តែ​១ និង​ផ្លូវ​ប្រព្រឹត្ត​តែ​១ ប្រយោជន៍​ឲ្យ​គេ​បាន​កោតខ្លាច​ដល់​អញ​ជា​ដរាប សំរាប់​ជា​សេចក្តី​ល្អ​ដល់​គេ និង​កូន​ចៅ​គេ​ត​រៀង​ទៅ ៤០ អញ​នឹង​តាំង​សេចក្តី​សញ្ញា​នឹង​គេ ជា​សេចក្តី​សញ្ញា​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប​ជានិច្ច​ថា អញ​នឹង​មិន​បែរ​ចេញ​ពី​គេ​ឡើយ គឺ​នឹង​ឲ្យ​គេ​បាន​សេចក្តី​ល្អ​វិញ អញ​នឹង​ដាក់​សេចក្តី​កោតខ្លាច​ដល់​អញ​ក្នុង​ចិត្ត​គេ ប្រយោជន៍​កុំ​ឲ្យ​គេ​ឃ្លាត​ចេញ​ពី​អញ​ឡើយ ៤១ អើ អញ​នឹង​យក​គេ​ជា​ទី​រីករាយ​ចិត្ត ដើម្បី​នឹង​ប្រោស​សេចក្តី​ល្អ​ដល់​គេ ពិត​ប្រាកដ​ជា​អញ​នឹង​ដាំ​គេ​ចុះ នៅ​ក្នុង​ស្រុក​នេះ ឲ្យ​អស់​ពី​ចិត្ត ហើយ​អស់​ពី​ព្រលឹង​អញ ៤២ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា អញ​បាន​នាំ​អស់​ទាំង​ការ​អាក្រក់​យ៉ាង​ធំ​នេះ មក​លើ​ជនជាតិ​នេះ​យ៉ាង​ណា អញ​ក៏​នឹង​នាំ​អស់​ទាំង​ការ​ដែល អញ​បាន​សន្យា​ដល់​គេ មក​លើ​គេ​យ៉ាង​នោះ​ដែរ ៤៣ គ្រា​នោះ​មនុស្ស​នឹង​ទទួល​បញ្ចាំ​ចំការ នៅ​ក្នុង​ស្រុក​នេះ​ទៀត​ជា​ស្រុក​ដែល​ឯង​រាល់​គ្នា​ថា បាន​ចោល​ស្ងាត់​ហើយ ឥត​មាន​មនុស្ស ឬ​សត្វ​នៅ​ទៀត​ឡើយ គឺ​បាន​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខាល់ដេ ៤៤ មនុស្ស​នឹង​ទទួល​បញ្ចាំ​ស្រែ​ចំការ​ដោយ​ប្រាក់ ព្រម​ទាំង​ចុះ​ឈ្មោះ និង​បិទ​ត្រា ហើយ​ហៅ​ស្មរ​បន្ទាល់​មក​ផង គឺ​នៅ​ក្នុង​ស្រុក​បេនយ៉ាមីន​នេះ​ឯង​នឹង​នៅ​ក្រវល់​ក្រុង​យេរូសាឡិម នៅ​អស់​ទាំង​ទី​ក្រុង​របស់​ស្រុក​យូដា នៅ​ទី​ក្រុង​ស្រុក​ភ្នំ ទី​ក្រុង​ស្រុក​ទំនាប និង​ក្នុង​ទី​ក្រុង​នៃ​ស្រុក​ត្បូង​ទាំង​ប៉ុន្មាន​ដែរ ដ្បិត​អញ​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ បាន​ត្រឡប់​មក​វិញ នេះ​ហើយ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា។