៣៤
ព្រះបន្ទូល​ស្តី​អំពី​ស្តេច​សេដេគា
១ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ដែល​មក​ដល់​យេរេមា ក្នុង​កាល​ដែល​នេប៊ូក្នេសា ជា​ស្តេច​បាប៊ីឡូន និង​ពលទ័ព​ទាំង​ប៉ុន្មាន​របស់​គេ ហើយ​អស់​ទាំង​នគរ​នៅ​ផែនដី​ដែល​នៅ​ក្រោម​អំណាច​គេ ព្រម​ទាំង​ប្រជាជាតិ​ទាំងឡាយ​កំពុង​តែ​ច្បាំង​នឹង​ក្រុង​យេរូសាឡិម ហើយ​នឹង​ទី​ក្រុង​ទាំង​ប៉ុន្មាន គឺ​ថា ២ ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ចូរ​ទៅ​ទូល​សេដេគា ជា​ស្តេច​យូដា​ថា ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ មើល អញ​នឹង​ប្រគល់​ទី​ក្រុង​នេះ ទៅ​ក្នុង​កណ្តាប់​ដៃ នៃ​ស្តេច​បាប៊ីឡូន ហើយ​គេ​នឹង​ដុត​ចោល ៣ ឯ​ឯង​នឹង​មិន​រួច​ពី​កណ្តាប់​ដៃ​នៃ​គេ​ដែរ គឺ​នឹង​ត្រូវ​ចាប់​បាន ហើយ​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​គេ​ជា​ពិត ឯង​នឹង​ឃើញ​ស្តេច​បាប៊ីឡូន​ប្រទល់​មុខ​គ្នា ហើយ​គេ​នឹង​និយាយ​នឹង​ឯង​ផ្ទាល់​មាត់ រួច​ឯង​នឹង​ត្រូវ​ទៅ​ឯ​ក្រុង​បាប៊ីឡូន ៤ ប៉ុន្តែ ឱ​សេដេគា​ជា​ស្តេច​យូដា​អើយ ចូរ​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ចុះ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ពី​ដំណើរ​ទ្រង់​ថា ឯង​នឹង​មិន​ស្លាប់​ដោយ​ដាវ​ទេ ៥ គឺ​ឯង​នឹង​ស្លាប់​ដោយ​សេចក្តី​សុខ​វិញ ហើយ​គេ​នឹង​បូជា​សព​របស់​ឯង ដូច​ជា​បាន​បូជា​ភ្លើង​ថ្វាយ ដល់​ពួក​ព្ធយុកោ​ឯង គឺ​ជា​ពួក​ស្តេច​ដែល​នៅ​មុខ​ឯង​ដែរ គេ​នឹង​យំ​ទួញ​នឹង​ឯង​ថា ឱ​ព្រះអម្ចាស់​អើយ ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា អញ​បាន​ចេញ​វាចា​ហើយ។
៦ នោះ​ហោរា​យេរេមា ក៏​ទូល​គ្រប់​ទាំង​ព្រះបន្ទូល​នេះ​ដល់​សេដេគា ជា​ស្តេច​យូដា នៅ​ក្រុង​យេរូសាឡិម ៧ ក្នុង​កាល​ដែល​ពួក​ពលទ័ព​របស់​ស្តេច​បាប៊ីឡូន កំពុង​តែ​ច្បាំង​នឹង​ក្រុង​យេរូសាឡិម ហើយ​នឹង​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ដែល​នៅ​សល់ គឺ​នឹង​ក្រុង​ឡាគីស ហើយ​នឹង​ក្រុង​អាសេកា ដ្បិត​ក្នុង​ទី​ក្រុង​នៃ​ស្រុក​យូដា​ទាំង​ប៉ុន្មាន ដែល​មាន​កំផែង នោះ​សល់​នៅ​តែ​ប៉ុណ្ណេះ​ទេ។
អំពី​ការ​ដោះ​លែង​ទាសករ
៨ នេះ​ជា​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា ជា​ពាក្យ​ដែល​មក​ដល់​យេរេមា ក្នុង​ពេល​ក្រោយ​ដែល​ស្តេច​សេដេគា និង​ប្រជាជន​ទាំងឡាយ ដែល​នៅ​ក្រុង​យេរូសាឡិម បាន​តាំង​សេចក្តី​សញ្ញា ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​ការ​ប្រោស​លែង​ដល់​គេ ៩ គឺ​ឲ្យ​គ្រប់​ទាំង​មនុស្ស​បាន​បើក​ឲ្យ​បាវ​ប្រុស​បាវ​ស្រី​របស់​ខ្លួន ដែល​ជា​សាសន៍​ហេព្រើរ​រួច​ចេញ​ទៅ ហើយ​កុំ​ឲ្យ​អ្នក​ណា​ចាប់​ប្រើ​សាសន៍​ហេព្រើរ ដែល​ជា​បង​ប្អូន​នឹង​គ្នា ទុក​ជា​បាវ​បំរើ​ទៀត​ឡើយ ១០ ពួក​ចៅហ្វាយ​ទាំង​ប៉ុន្មាន និង​បណ្តាជន​ទាំងឡាយ ដែល​បាន​ចូល​ក្នុង​សេចក្តី​សញ្ញា​នេះ ក៏​ស្តាប់​បង្គាប់​តាម ដើម្បី​នឹង​បើក​លែង​បាវ​ប្រុស​បាវ​ស្រី​របស់​ខ្លួន ឲ្យ​រួច​ចេញ​ទៅ ឥត​មាន​អ្នក​ណា​ចាប់​ប្រើ​គេ​ទុក​ជា​បាវ​បំរើ​ទៀត គេ​ក៏​ស្តាប់​តាម ហើយ​លែង​អ្នក​ទាំង​នោះ​ឲ្យ​រួច​ចេញ​ទៅ ១១ ប៉ុន្តែ​ក្រោយ​មក គេ​ក៏​បែរ​ជា​បង្ខំ​បាវ​ប្រុស បាវ​ស្រី​ទាំង​ប៉ុន្មាន ដែល​គេ​បាន​លែង​ទៅ​ហើយ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់​ខ្លួន និង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​វិញ​ទៀត។
១២ ហេតុ​នោះ ព្រះបន្ទូល​ក៏​មក​ពី​ព្រះយេហូវ៉ា ដល់​យេរេមា​ថា ១៣ ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ អញ​បាន​តាំង​សេចក្តី​សញ្ញា​នឹង​ពួក​ព្ធយុកោ​ឯង​រាល់​គ្នា នៅ​ថ្ងៃ​ដែល​អញ​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ឲ្យ​រួច​ពី​សណ្ឋាន​ជា​បាវ​បំរើ ដោយ​ពាក្យ​ថា ១៤ លុះ​ផុត​៧​ឆ្នាំ​ហើយ នោះ​ឯង​រាល់​គ្នា​ត្រូវ​លែង​បង​ប្អូន​ឯង ជា​សាសន៍​ហេព្រើរ​ដែល​បាន​លក់​ខ្លួន​ដល់​ឯង ហើយ​បាន​បំរើ​ឯង​អស់​៦​ឆ្នាំ គឺ​ឯង​ត្រូវ​លែង​គេ​ឲ្យ​រួច​ចេញ​ពី​ឯង​ទៅ។ ប៉ុន្តែ​ពួក​ព្ធយុកោ​ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ​ទេ ក៏​មិន​បាន​ផ្ទៀង​ត្រចៀក​ផង ១៥ ឯ​ឯង​រាល់​គ្នា​ទើប​នឹង​វិល​មក​ធ្វើ​ការ ដែល​ត្រឹម​ត្រូវ​នៅ​ភ្នែក​អញ ដោយ​ប្រកាស​ប្រាប់​សេចក្តី​ប្រោស​លោះ ដល់​អ្នក​ជិត​ខាង​ឯង​រៀង​ខ្លួន​អំបាញ់មិញ ហើយ​បាន​តាំង​សញ្ញា​នៅ​មុខ​អញ ក្នុង​ព្រះវិហារ​ដែល​ហៅ​តាម​ឈ្មោះ​អញ​ផង ១៦ តែ​ឥឡូវ​នេះ បាន​បែរ​ទៅ​ជា​បង្អាប់​ដល់​ឈ្មោះ​អញ​វិញ ដោយ​បាន​បង្ខំ​ឲ្យ​ពួក​បាវ​ប្រុស​បាវ​ស្រី​របស់​ឯង​រៀង​ខ្លួន ដែល​ឯង​បាន​លែង​ឲ្យ​រួច​ចេញ​តាម​បំណង​ចិត្ត​គេ​នោះ ឲ្យ​វិល​មក​នៅ​ក្នុង​បង្គាប់​ខ្លួន និង​ធ្វើ​ជា​បាវ​ប្រុស​បាវ​ស្រី​របស់​ឯង​រាល់​គ្នា​វិញ​ទៀត។
១៧ ហេតុ​នោះ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា ឯង​រាល់​គ្នា​មិន​បាន​ស្តាប់​តាម​អញ ដើម្បី​នឹង​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ ដល់​បង​ប្អូន​ឯង​រៀង​ខ្លួន និង​ដល់​អ្នក​ជិត​ខាង​ឯង​រៀង​ខ្លួន​ទេ ដូច្នេះ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​ប្រកាស​ប្រាប់​ពី​សេចក្តី​ប្រោស​លោះ​ដល់​ឯង​រាល់​គ្នា​វិញ គឺ​ឲ្យ​រួច​ចេញ​ទៅ​ដល់​ដាវ ដល់​អាសន្នរោគ ហើយ​ដល់​អំណត់អត់​ដែរ អញ​នឹង​ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​ត្រូវ​សាត់​អណ្តែត​ទៅ​មក កណ្តាល​អស់​ទាំង​នគរ​នៅ​ផែនដី ១៨ ហើយ​អញ​នឹង​ប្រគល់​ពួក​មនុស្ស ដែល​បាន​ក្បត់​នឹង​សេចក្តី​សញ្ញា​របស់​អញ ជា​ពួក​អ្នក​ដែល​មិន​បាន​ធ្វើ​តាម​ពាក្យ​នៃ​សេចក្តី​សញ្ញា ដែល​គេ​បាន​តាំង​នៅ​មុខ​អញ ក្នុង​កាល​ដែល​គេ​បាន​ពុះ​កូន​គោ​ជា​២​ចំហៀង រួច​ដើរ​នៅ​កណ្តាល​ចំហៀង​ទាំង​២​នោះ ១៩ ជា​ពួក​ចៅហ្វាយ​នៃ​ស្រុក​យូដា ពួក​ចៅហ្វាយ​នៃ​ក្រុង​យេរូសាឡិម ពួក​សេនាបតី ពួក​សង្ឃ និង​ពួក​ជន​ទាំងឡាយ​នៅ​ក្នុង​ស្រុក​ដែល​បាន​ដើរ​កណ្តាល​ចំហៀង​នៃ​កូន​គោ​នោះ ២០ គឺ​អញ​នឹង​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ ឯ​សាកសព​របស់​គេ​នឹង​ជា​ចំណី ដល់​សត្វ​ហើរ​លើ​អាកាស និង​សត្វ​ជើង​៤​នៅ​ផែនដី ២១ ហើយ​អញ​នឹង​ប្រគល់​សេដេគា​ជា​ស្តេច​យូដា និង​ពួក​ចៅហ្វាយ ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ ហើយ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក ដែល​រក​ជីវិត​គេ និង​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ទ័ព​របស់​ស្តេច​បាប៊ីឡូន​ដែល​ទើប​នឹង​ថយ​ចេញ​ពី​ឯង​រាល់​គ្នា​នោះ ២២ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​នឹង​បង្គាប់ ហើយ​នឹង​ធ្វើ​ឲ្យ​គេ​វិល​មក​ឯ​ទី​ក្រុង​នេះ​វិញ នោះ​គេ​នឹង​ច្បាំង​ចាប់​យក​ទី​ក្រុង​នេះ​បាន រួច​ដុត​នឹង​ភ្លើង​ចោល អញ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៃ​ស្រុក​យូដា​ត្រូវ​ខូចបង់ ឥត​មាន​អ្នក​ណា​នៅ។