៤១
១ លុះ​ដល់​ខែ​អស្សុជ នោះ​អ៊ីសម៉ាអែល ជា​កូន​នេថានា ដែល​ជា​កូន​អេលីសាម៉ា ក្នុង​វង្សា​ស្តេច ហើយ​ជា​នាយក​ធំ​ម្នាក់​របស់​ស្តេច ព្រម​ទាំង​១០​នាក់​ឯ​ទៀត ក៏​មក​ឯ​កេដាលា​ជា​កូន​អ័ហ៊ីកាម នៅ​ត្រង់​មីសប៉ា ហើយ​គេ​បាន​បរិភោគ​អាហារ​ជា​មួយ​គ្នា​នៅ​ទី​នោះ ២ រួច​អ៊ីសម៉ាអែល ជា​កូន​នេថានា និង​១០​នាក់​ដែល​នៅ​ជា​មួយ ក៏​ក្រោក​ឡើង​ប្រហារ​កេដាលា ជា​កូន​អ័ហ៊ីកាម ដែល​ជា​កូន​សាផាន​ដោយ​ដាវ​ទៅ គឺ​គេ​សំឡាប់​អ្នក​ដែល​ស្តេច​បាប៊ីឡូន​បាន​តាំង​ឡើង ធ្វើ​ជា​ចៅហ្វាយ​លើ​ស្រុក​នោះ ៣ អ៊ីសម៉ាអែល​ក៏​សំឡាប់​ពួក​យូដា​ទាំង​អស់ ដែល​នៅ​ជា​មួយ​នឹង​កេដាលា​ត្រង់​មីសប៉ា​ដែរ ព្រម​ទាំង​ពួក​ខាល់ដេ ជា​ទាហាន​ដែល​នៅ​ទី​នោះ​ផង។
៤ ដល់​កន្លង​បាន​២​ថ្ងៃ​ក្រោយ ដែល​សំឡាប់​កេដាលា​ហើយ ឥត​មាន​អ្នក​ណា​ដឹង​សោះ ៥ នោះ​មាន​មនុស្ស​មក​ពី​ស៊ីគែម ស៊ីឡូរ និង​សាម៉ារី ចំនួន​៨០​នាក់ គេ​បាន​កោរ​ពុកចង្កា ព្រម​ទាំង​ហែក​អាវ ហើយ​អារ​សាច់​ខ្លួន។ ក៏​កាន់​ដង្វាយ​ម្សៅ និង​កំញាន ដើម្បី​នាំ​យក​ទៅ​ឯ​ព្រះវិហារ​នៃ​ព្រះយេហូវ៉ា ៦ ឯ​អ៊ីសម៉ាអែល ជា​កូន​នេថានា ក៏​ចេញ​ពី​មីសប៉ា​ទៅ​ទទួល​គេ​ទាំង​យំ​បណ្តើរ កាល​បាន​ទៅ​ដល់​គេ​ហើយ នោះ​ក៏​និយាយ​ថា សូម​ទៅ​ឯ​កេដាលា ជា​កូន​អ័ហ៊ីកាម ៧ រួច​កាល​គេ​បាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​ហើយ នោះ​អ៊ីសម៉ាអែល ជា​កូន​នេថានា នឹង​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ក៏​សំឡាប់​គេ​បោះ​ចោល​ទៅ​ក្នុង​រណ្តៅ ៨ ប៉ុន្តែ​មាន​១០​នាក់​ក្នុង​ពួក​គេ ដែល​អង្វរ​ដល់​អ៊ីសម៉ាអែល​ថា សូម​កុំ​សំឡាប់​យើង​ខ្ញុំ​ឡើយ ពី​ព្រោះ​យើង​ខ្ញុំ​មាន​ស្បៀង​អាហារ ជា​ស្រូវសាលី ស្រូវ​ឱក ប្រេង និង​ទឹក​ឃ្មុំ​កប់​ទុក​នៅ​ចំការ ដូច្នេះ​អ៊ីសម៉ាអែល​ក៏​អាក់ខាន មិន​បាន​សំឡាប់​អ្នក​ទាំង​នោះ ជា​មួយ​នឹង​បង​ប្អូន​គេ​ទេ ៩ រីឯ​រណ្តៅ​ដែល​អ៊ីសម៉ាអែល​បោះ​ចោល​អស់​ទាំង​សាកសព​នៃ​មនុស្ស ដែល​បាន​សំឡាប់​ទៅ​ជា​មួយ​នឹង​កេដាលា នោះ​គឺ​ជា​រណ្តៅ​ដែល​ស្តេច​អេសាបាន​ជីក ដោយ​ខ្លាច​ប្អាសា ជា​ស្តេច​ស្រុក​អ៊ីស្រាអែល។ ឯ​អ៊ីសម៉ាអែល ជា​កូន​នេថានា ក៏​បំពេញ​រណ្តៅ ដោយ​សព​របស់​មនុស្ស​ដែល​បាន​សំឡាប់​នោះ ១០ អ៊ីសម៉ាអែល​ក៏​ចាប់​យក​សំណល់​បណ្តាជន ដែល​នៅ​មីសប៉ា នាំ​ទៅ​ជា​ឈ្លើយ គឺ​ទាំង​បុត្រី​ស្តេច​ទាំង​ប៉ុន្មាន និង​ជន​ទាំងឡាយ​ដែល​សល់​នៅ​ត្រង់​មីសប៉ា ជា​ពួក​អ្នក​ដែល​នេប៊ូសារ៉ាដាន​មេទ័ព​ធំ​បាន​ផ្ទុកផ្តាក់​ដល់​កេដាលា ជា​កូន​អ័កាម នោះ​អ៊ីសម៉ាអែល ជា​កូន​នេថានា ក៏​ដឹកនាំ​គេ​ទៅ​ជា​ឈ្លើយ​ទាំង​អស់ រួច​ចេញ​ដំណើរ​ទៅ ដើម្បី​នឹង​ឆ្លង​ទៅ​ឯ​ពួក​កូន​ចៅ​អាំម៉ូន។
១១ កាល​យ៉ូហាណាន ជា​កូន​ការា និង​ពួក​មេទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ បាន​ឮ​និយាយ​ពី​អស់​ទាំង​ការ​អាក្រក់ ដែល​អ៊ីសម៉ាអែល ជា​កូន​នេថានា​បាន​ធ្វើ ១២ នោះ​គេ​ក៏​នាំ​ពួក​ទាហាន​របស់​ខ្លួន​ទាំង​អស់ លើក​ចេញ​ទៅ​ច្បាំង​នឹង​អ៊ីសម៉ាអែល ជា​កូន​នេថានា ក៏​ប្រទះ​គ្នា​ត្រង់​ស្រះ​ធំ​នៅ​គីបៀន ១៣ រីឯ​ពួក​ជន​ទាំងឡាយ ដែល​នៅ​ជា​មួយ​នឹង​អ៊ីសម៉ាអែល កាល​បាន​ឃើញ​យ៉ូហាណាន ជា​កូន​ការា និង​ពួក​មេទ័ព​ដែល​នៅ​ជា​មួយ​ហើយ នោះ​គេ​មាន​ចិត្ត​អរ​ណាស់ ១៤ ដូច្នេះ ពួក​ជន​ដែល​អ៊ីសម៉ាអែល​បាន​ចាប់​ពី​មីសប៉ា​ដឹកនាំ​ទៅ​ជា​ឈ្លើយ​ទាំង​ប៉ុន្មាន គេ​ក៏​វិល​ត្រឡប់​មក​ខាង​យ៉ូហាណាន ជា​កូន​ការា​វិញ ១៥ ប៉ុន្តែ​អ៊ីសម៉ាអែល​ជា​កូន​នេថានា គេច​រួច​ពី​យ៉ូហាណាន ទៅ​ឯ​ពួក​កូន​ចៅ​អាំម៉ូន​ទៅ ហើយ​មាន​៨​នាក់​ទៅ​ជា​មួយ ១៦ លំដាប់​នោះ​យ៉ូហាណាន ជា​កូន​ការា និង​ពួក​មេទ័ព​ដែល​នៅ​ជា​មួយ​គេ​ក៏​នាំ​យក​សំណល់​ជន​ពី​មីសប៉ា​ទៅ គឺ​ជា​ពួក​អ្នក​ដែល​បាន​ដោះ​ឲ្យ​រួច​ពី​អ៊ីសម៉ាអែល ជា​កូន​នេថានា​មក ក្រោយ​ដែល​វា​បាន​សំឡាប់​កេដាលា ជា​កូន​អ័ហ៊ីកាម​ហើយ គឺ​បាន​នាំ​ទាំង​ពួក​ទាហាន ពួក​ស្រីៗ និង​កូន​ក្មេង ហើយ​ពួក​មនុស្ស​គំរៀវ​ដែល​បាន​នាំ​ត្រឡប់​មក​ពី​គីបៀន​វិញ ១៧ គេ​ក៏​ចេញ​ទៅ​អាស្រ័យ​នៅ​ត្រង់​ទី​សំណាក់​របស់​គីមហាំ ដែល​នៅ​ជិត​បេថ្លេហិម ដើម្បី​នឹង​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ ១៨ ពី​ព្រោះ​គេ​ខ្លាច​ពួក​ខាល់ដេ ដោយ​ព្រោះ​អ៊ីសម៉ាអែល ជា​កូន​នេថានា បាន​សំឡាប់​កេដាលា ជា​កូន​អ័ហ៊ីកាម ជា​អ្នក​ដែល​ស្តេច​បាប៊ីឡូន​តាំង​ឡើង ជា​ចៅហ្វាយ​លើ​ស្រុក។