៤៤
ព្រះបន្ទូល​ស្តី​បន្ទោស​ជនជាតិ​យូដា​ដែល​ភៀសខ្លួន​ទៅ​ស្រុក​អេស៊ីព្ទ
១ នេះ​ជា​ព្រះបន្ទូល ដែល​មក​ដល់​យេរេមា ពី​ដំណើរ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​អេស៊ីព្ទ គឺ​ត្រង់​មីកដុល ថាផ្នេស ណូព ហើយ​នៅ​ស្រុក​ប៉ាត្រូស​ថា ២ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​បាន​ឃើញ​គ្រប់​ទាំង​សេចក្តី​អាក្រក់ ដែល​អញ​បាន​នាំ​មក​លើ​ក្រុង​យេរូសាឡិម និង​លើ​អស់​ទាំង​ទី​ក្រុង​ស្រុក​យូដា​ហើយ មើល​សព្វ​ថ្ងៃ​នេះ ទី​ក្រុង​ទាំង​នោះ​ត្រូវ​ខូចបង់ ឥត​មាន​អ្នក​ណា​នៅ​ឡើយ ៣ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​គេ​បាន​ប្រព្រឹត្ត​ជា​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង ដោយ​គេ​បាន​ទៅ​ដុត​កំញាន​គោរព​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ ឬ​ឯង​រាល់​គ្នា ឬ​ពួក​ព្ធយុកោ​ឯង មិន​បាន​ស្គាល់​ផង ៤ ប៉ុន្តែ​អញ​បាន​ចាត់​ពួក​ហោរា​ទាំង​ប៉ុន្មាន ជា​អ្នក​បំរើ​របស់​អញ​ឲ្យ​មក​ឯ​ឯង​រាល់​គ្នា គឺ​បាន​ក្រោក​ពី​ព្រលឹម​ស្រាង ដើម្បី​នឹង​ចាត់​គេ​ផង ដោយ​ពាក្យ​ថា ឱ​សូម​កុំ​ធ្វើ​ការ​គួរ​ខ្ពើម ដែល​អញ​ស្អប់​នេះ​ឡើយ ៥ តែ​គេ​មិន​បាន​ស្តាប់​តាម ឬ​ផ្ទៀង​ត្រចៀក ដើម្បី​នឹង​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​គេ ដោយ​លែង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ​ឡើយ ៦ ហេតុ​នោះ​បាន​ជា​សេចក្តី​កំហឹង និង​សេចក្តី​ក្រោធ​របស់​អញ​បាន​ចាក់​ចេញ ហើយ​កាត់​ឆេះ​ឡើង នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន និង​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូសាឡិម​ផង ដូច្នេះ ទី​ក្រុង​ទាំង​នោះ​ត្រូវ​ខូចបង់ ហើយ​ចោល​ស្ងាត់ ដូច​សព្វ​ថ្ងៃ​នេះ ៧ ហេតុ​នោះ​ឥឡូវ​នេះ ព្រះយេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ថា ហេតុ​អ្វី​បាន​ឯង​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ​នេះ ទាស់​នឹង​ព្រលឹង​របស់​ខ្លួន​ដូច្នេះ ជា​ការ​ដែល​នឹង​កាត់​ពួក​ឯង​រាល់​គ្នា​ទាំង​ប្រុស​ទាំង​ស្រី ទាំង​ក្មេង និង​កូន​នៅ​បៅ ចេញ​ពី​ពួក​យូដា ឥត​ទុក​ឲ្យ​មាន​ណា​មួយ​នៅ​សល់​ឡើយ ៨ ដោយ​ដៃ​ឯង​រាល់​គ្នា​តែង​ប្រព្រឹត្ត​ការ​ដែល​នាំ​ឲ្យ​អញ​ខឹង គឺ​ជា​ការ​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ជា​កន្លែង​ដែល​ឯង​រាល់​គ្នា​បាន​ទៅ​ស្នាក់​នៅ​នោះ ជា​ការ​ដែល​នឹង​កាត់​ឯង​រាល់​គ្នា​ចេញ ហើយ​ឲ្យ​ឯង​រាល់​គ្នា​ត្រឡប់​ជា​ទី​ផ្តាសា និង​ជា​ទី​ត្មះតិះដៀល នៅ​កណ្តាល​អស់​ទាំង​សាសន៍​នៅ​ផែនដី ៩ តើ​ឯង​រាល់​គ្នា​បាន​ភ្លេច​អំពើ​អាក្រក់​របស់​ពួក​ព្ធយុកោ​ឯង ហើយ​អំពើ​អាក្រក់​របស់​ពួក​ស្តេច​យូដា និង​ភរិយា​របស់​គេ ព្រម​ទាំង​អំពើ​អាក្រក់​ដែល​ខ្លួន​ឯង​រាល់​គ្នា និង​ប្រពន្ធ​របស់​ឯង​រាល់​គ្នា​បាន​ប្រព្រឹត្ត​ផង គឺ​ជា​ការ​ដែល​គ្រប់​គ្នា​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​យូដា ហើយ​នៅ​ផ្លូវ​ក្រុង​យេរូសាឡិម​ទាំង​ប៉ុន្មាន​ឬ​អី ១០ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ឯង​រាល់​គ្នា​មិន​ទាន់​បន្ទាប​ខ្លួន​នៅ​ឡើយ ក៏​មិន​បាន​កោតខ្លាច ឬ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ និង​បញ្ញត្ត​ច្បាប់​របស់​អញ ដែល​អញ​បាន​ដាក់​នៅ​មុខ​ឯង​រាល់​គ្នា និង​ពួក​ព្ធយុកោ​របស់​ឯង​រាល់​គ្នា​ផង។
១១ ហេតុ​នោះ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា មើល​អញ​នឹង​តាំង​មុខ​ទាស់​នឹង​ឯង​រាល់​គ្នា សំរាប់​ជា​ការ​អាក្រក់ គឺ​ដើម្បី​នឹង​កាត់​ពួក​យូដា​ទាំង​អស់​ចេញ ១២ អញ​នឹង​ចាប់​យក​សំណល់​ពួក​យូដា ដែល​បាន​តាំង​ចិត្ត​នឹង​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​អេស៊ីព្ទ ឲ្យ​គេ​វិនាស​អស់​រលីង​ទៅ គឺ​គេ​នឹង​ដួល​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ គេ​នឹង​សូន្យ​ទៅ​ដោយ​ដាវ និង​អំណត់អត់ គេ​នឹង​ស្លាប់​ទៅ ចាប់​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត ដោយសារ​ដាវ និង​អំណត់អត់ នោះ​គេ​នឹង​ត្រឡប់​ជា​ទី​ត្មះតិះដៀល ជា​ទី​ស្រឡាំងកាំង និង​ជា​ទី​ផ្តាសា ហើយ​ជា​ទី​ប្រមាថ​មើលងាយ ១៣ ដ្បិត​អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក ដែល​ស្នាក់​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នេះ​ដូច​ជា​អញ​បាន​ធ្វើ​ទោស​ដល់​ក្រុង​យេរូសាឡិម ដោយ​ដាវ​អំណត់អត់ និង​អាសន្នរោគ​ដែរ ១៤ ដល់ម៉្លេះ​បាន​ជា​ក្នុង​សំណល់​ពួក​យូដា ដែល​បាន​មក​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​នឹង​គ្មាន​អ្នក​ណា​មួយ​រួច​ខ្លួន ឬ​សល់​នៅ ដើម្បី​នឹង​វិល​ទៅ​ក្នុង​ស្រុក​យូដា ដែល​គេ​ប្រាថ្នា​ចង់​ត្រឡប់​ទៅ​អាស្រ័យ​នៅ​នោះ​ឡើយ ដ្បិត​នឹង​គ្មាន​អ្នក​ណា​វិល​ទៅ​វិញ​សោះ លើក​តែ​ពួក​អ្នក​ដែល​នឹង​រត់​រួច​បាន​ប៉ុណ្ណោះ។
១៥ ឯ​បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន​ដែល​ដឹង​ថា ប្រពន្ធ​ខ្លួន​ធ្លាប់​ដុត​កំញាន​ថ្វាយ​ដល់​ព្រះ​ដទៃ និង​ពួក​ស្រីៗ​ទាំង​អស់​ដែល​ឈរ​នៅ​ទី​នោះ ជា​ជំនុំ​យ៉ាង​ធំ គឺ​បណ្តា​មនុស្ស​ដែល​អាស្រ័យ​នៅ​ត្រង់​ប៉ាត្រូស​ក្នុង​ស្រុក​អេស៊ីព្ទ គេ​ឆ្លើយ​ដល់​យេរេមា​ថា ១៦ ឯ​ពាក្យ​ដែល​លោក​បាន​ប្រាប់​មក​យើង​ដោយ​នូវ​ព្រះនាម​ព្រះយេហូវ៉ា​នោះ យើង​មិន​ព្រម​ស្តាប់​តាម​ទេ ១៧ គឺ​យើង​នឹង​ប្រព្រឹត្ត​តាម​តែ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ចេញ​ពី​មាត់​យើង​វិញ ដើម្បី​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះចន្ទ ហើយ​នឹង​ច្រួច​ដង្វាយ​ច្រួច​ថ្វាយ​ទ្រង់​ដែរ ដូច​ជា​យើង​បាន​ធ្លាប់​ធ្វើ​មក​ហើយ ទោះ​ទាំង​ខ្លួន​យើង ពួក​ព្ធយុកោ​យើង និង​ពួក​ស្តេច ហើយ​ពួក​ចៅហ្វាយ​របស់​យើង នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្រុក​យូដា ហើយ​នៅ​អស់​ទាំង​ផ្លូវ​របស់​ក្រុង​យេរូសាឡិម​ផង ដ្បិត​នៅ​គ្រា​នោះ យើង​មាន​អាហារ​ជា​បរិបូរ ហើយ​ក៏​នៅ​ដោយ​សប្បាយ ឥត​ឃើញ​សេចក្តី​អាក្រក់​ណា​ឡើយ ១៨ តែ​តាំង​ពី​យើង​លះលែង​ការ​ដុត​កំញាន​ថ្វាយ​ដល់​ព្រះចន្ទ ហើយ​ច្រួច​ដង្វាយ​ច្រួច​ថ្វាយ​ទ្រង់​ទៅ នោះ​យើង​ចេះ​តែ​ខ្វះ​ខាត​គ្រប់​ទាំង​អស់ ហើយ​បាន​វិនាស​ទៅ​ដោយ​ដាវ និង​អំណត់អត់​ផង ១៩ មួយ​ទៀត កាល​យើង​បាន​ដុត​កំញាន​ថ្វាយ​ដល់​ព្រះចន្ទ ហើយ​ច្រួច​ដង្វាយ​ច្រួច​ថ្វាយ​ទ្រង់ នោះ​តើ​យើង​បាន​ធ្វើ​នំ​សំរាប់​គោរព​ដល់​ទ្រង់ ហើយ​ច្រួច​ដង្វាយ​ច្រួច ថ្វាយ​ដល់​ទ្រង់​ក្រៅ​ពី​ប្តី​យើង​ឬ។
២០ ឯ​បណ្តាជន​ប្រុស​ស្រី​ទាំងឡាយ គឺ​អស់​មនុស្ស​ដែល​បាន​ឆ្លើយ​មក​យេរេមា​ដូច្នោះ នោះ​លោក​ប្រាប់​ដល់​គេ​ថា ២១ កំញាន​ដែល​អ្នក​រាល់​គ្នា​បាន​ដុត នៅ​ក្នុង​ទី​ក្រុង​ស្រុក​យូដា​ទាំង​ប៉ុន្មាន ហើយ​នៅ​អស់​ទាំង​ផ្លូវ​ក្រុង​យេរូសាឡិម ទោះ​ទាំង​អ្នក​រាល់​គ្នា ពួក​ព្ធយុកោ ពួក​ស្តេច ពួក​ចៅហ្វាយ និង​បណ្តាជន​នៅ​ក្នុង​ស្រុក​ទាំង​ប៉ុន្មាន នោះ​តើ​ព្រះយេហូវ៉ា​មិន​បាន​នឹក​ចាំ តើ​ទ្រង់​មិន​បាន​រឮក​ពី​អំពើ​ទាំង​នោះ​ទេ​ឬ​អី ២២ ដល់ម៉្លេះ​បាន​ជា​ព្រះយេហូវ៉ា​ទ្រង់​ទ្រាំ​មិន​បាន​ទៀត ដោយ​ព្រោះ​អំពើ​អាក្រក់​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា ហើយ​ដោយ​ព្រោះ​ការ​គួរ​ខ្ពើម ដែល​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​ហេតុ​នោះ​បាន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​ត្រូវ​ចោល​ស្ងាត់ ហើយ​បាន​ត្រឡប់​ជា​ទី​ស្រឡាំងកាំង និង​ជា​ទី​ផ្តាសា ឥត​មាន​អ្នក​ណា​អាស្រ័យ​នៅ ដូច​ជា​សព្វ​ថ្ងៃ​នេះ ២៣ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ដុត​កំញាន​នោះ ហើយ​ធ្វើ​បាប​នឹង​ព្រះយេហូវ៉ា​វិញ ក៏​មិន​បាន​ស្តាប់​តាម​ព្រះបន្ទូល​របស់​ព្រះយេហូវ៉ា ឬ​ប្រព្រឹត្ត​តាម​ក្រឹត្យវិន័យ​ទ្រង់ ឬ​តាម​បញ្ញត្ត​ច្បាប់ ឬ​សេចក្តី​បន្ទាល់​របស់​ទ្រង់​ឡើយ គឺ​ហេតុ​នោះ​បាន​ជា​ការ​អាក្រក់​នេះ​បាន​កើត​ដល់​អ្នក​រាល់​គ្នា ដូច​ជា​សព្វ​ថ្ងៃ​នេះ។
២៤ មួយ​ទៀត យេរេមា​ក៏​ប្រាប់​ដល់​ជន​ទាំងឡាយ គឺ​ដល់​ទាំង​ពួក​ស្រីៗ​ផង​ថា នែ​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ចុះ ២៥ ព្រះយេហូវ៉ា​នៃ​ពួក​ពលបរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ ឯង​រាល់​គ្នា​ព្រម​ទាំង​ប្រពន្ធ​របស់​ឯង បាន​ចេញ​វាចា​ពី​មាត់​រៀង​ខ្លួន​ហើយ ក៏​បាន​សំរេច​តាម ដោយ​ដៃ​ខ្លួន​ដែរ ថា​យើង​រាល់​គ្នា​នឹង​លា​បំណន់ ដែល​យើង​បាន​បន់​ជា​មិន​ខាន គឺ​នឹង​ដុត​កំញាន​ថ្វាយ​ដល់​ព្រះចន្ទ ហើយ​ច្រួច​ដង្វាយ​ច្រួច​ថ្វាយ​ទ្រង់​ដែរ ដូច្នេះ ចូរ​ឲ្យ​ឯង​រាល់​គ្នា​បន់​ទៅ ហើយ​លា​បំណន់​របស់​ឯង​ចុះ ២៦ នែ ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​អាស្រ័យ​ក្នុង​ស្រុក​អេស៊ីព្ទ​អើយ ចូរ​ស្តាប់​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ចុះ ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា មើល អញ​បាន​ស្បថ​ដោយ​ឈ្មោះ​ដ៏​ធំ​របស់​អញ​ថា ឈ្មោះ​អញ​នឹង​មិន​ដែល​ចេញ​ពី​មាត់​របស់​ពួក​យូដា​ណា​មួយ ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ​ទៀត តាម​សម្បថ​ដែល​គេ​ធ្លាប់​ស្បថ​ថា ដូច​ជា​ព្រះអម្ចាស់យេហូវ៉ា ទ្រង់​មាន​ព្រះជន្ម​រស់​នៅ នោះ​ឡើយ ២៧ មើល អញ​នឹង​ត្រួត​មើល​គេ សំរាប់​ជា​សេចក្តី​អាក្រក់ មិន​មែន​ជា​សេចក្តី​ល្អ​ទេ ហើយ​ពួក​យូដា​ទាំង​ប៉ុន្មាន​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ នឹង​សាបសូន្យ​ទៅ​ដោយ​ដាវ និង​អំណត់អត់ ដរាប​ដល់​អស់​រលីង​ទៅ ២៨ ឯ​ពួក​អ្នក​ដែល​រួច​ពី​ដាវ គេ​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​វិល​ទៅ​ឯ​ស្រុក​យូដា​វិញ មាន​គ្នា​តិច​ទេ នោះ​សំណល់​ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​បាន​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ គេ​នឹង​ដឹង​ជា​ពាក្យ​ណា​ដែល​នឹង​ស្ថិតស្ថេរ​នៅ ទោះ​បើ​ជា​ពាក្យ​របស់​អញ ឬ​ពាក្យ​របស់​គេ​ក្តី ២៩ ហើយ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា នេះ​នឹង​បាន​ជា​ទី​សំគាល់​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ថា អញ​នឹង​ធ្វើ​ទោស​ដល់​ឯង​នៅ​ទី​នេះ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​បាន​ដឹង​ថា ពាក្យ​របស់​អញ​នឹង​បាន​តាំង​ទាស់​នឹង​ឯង សំរាប់​ជា​ការ​អាក្រក់ ៣០ គឺ​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​ប្រគល់​ផារ៉ោន-ហុបរ៉ា ស្តេច​ស្រុក​អេស៊ីព្ទ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ គឺ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ្នក​ដែល​រក​ជីវិត​វា ដូច​ជា​អញ​បាន​ប្រគល់​សេដេគា ជា​ស្តេច​យូដា ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​នេប៊ូក្នេសា ស្តេច​បាប៊ីឡូន ដែល​ជា​ខ្មាំងសត្រូវ ហើយ​ក៏​រក​ជីវិត​វា​ដែរ។