ព្រះយេស៊ូវ​ប្រោស​មនុស្ស​ខ្វាក់​ពី​កំណើត​ម្នាក់​ឲ្យ​ជា
១ លុះ​ទ្រង់​យាង​ហួស​ទៅ ក៏​ទត​ឃើញ​មនុស្ស​ម្នាក់​ដែល​ខ្វាក់​ពី​កំណើត ២ ពួក​សិស្ស​ទូល​សួរ​ទ្រង់​ថា លោក​គ្រូ តើ​អ្នក​ណា​បាន​ធ្វើ​បាប មនុស្ស​នេះ ឬ​ឪពុក​ម្តាយ​របស់​គាត់ បាន​ជា​គាត់​កើត​មក​ខ្វាក់​ដូច្នេះ ៣ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ឆ្លើយ​ថា មិន​មែន​ដោយ​ព្រោះ​អ្នក​នេះ ឬ​ឪពុក​ម្តាយ​គាត់​បាន​ធ្វើ​បាប​ទេ គឺ​ដើម្បី​ឲ្យ​ការ​របស់​ព្រះ បាន​សំដែង​មក ក្នុង​ខ្លួន​គាត់​វិញ ៤ កំពុង​ដែល​ថ្ងៃ​នៅ​ភ្លឺ​នៅ​ឡើយ នោះ​ត្រូវ​តែ​ខ្ញុំ​ធ្វើ​ការ​របស់​ព្រះ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក ដ្បិត​យប់​ដល់​មក នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ការ​បាន​ទេ ៥ កាល​ខ្ញុំ​កំពុង​តែ​នៅ​ក្នុង​លោកីយ៍​នៅ​ឡើយ នោះ​ខ្ញុំ​ជា​ពន្លឺ​នៃ​លោកីយ៍ ៦ លុះ​មាន​ព្រះបន្ទូល​សេចក្តី​ទាំង​នោះ​រួច​ហើយ ទ្រង់​ក៏​ស្តោះ​ដាក់​នៅ​ដី ហើយ​យក​ទឹក​ព្រះឱស្ឋ​ទ្រង់​ធ្វើ​ជា​ភក់ ទៅ​លាប​ភ្នែក​នៃ​មនុស្ស​ខ្វាក់​នោះ ៧ រួច​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា ចូរ​ទៅ​លាង​ក្នុង​ស្រះ​ស៊ីឡោមទៅ (ស៊ីឡោម គឺ​ស្រាយ​ថា ចាត់​ឲ្យ​ទៅ) ដូច្នេះ គាត់​ក៏​ទៅ​លាង ហើយ​ត្រឡប់​មក​វិញ ទាំង​មើល​ឃើញ ៨ នោះ​ពួក​អ្នក​ជិត​ខាង និង​ពួក​អ្នក​ដែល​ពី​ដើម​បាន​ឃើញ​ថា គាត់​ជា​អ្នក​សុំ​ទាន គេ​និយាយ​ថា អ្នក​នេះ​ទេ​តើ ដែល​ធ្លាប់​តែ​អង្គុយ​សុំ​ទាន​គេ ៩ ខ្លះ​ថា គឺ​អ្នក​ហ្នឹង​ហើយ ខ្លះ​ទៀត​ថា គាត់​ដូច​ជា​អ្នក​នោះ​ទេ តែ​គាត់​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ឯង ១០ គេ​សួរ​ថា ធ្វើ​ដូច​ម្តេច​បាន​ជា​ភ្នែក​ឯង​បាន​ភ្លឺ​ដូច្នេះ ១១ គាត់​ឆ្លើយ​ថា មាន​ម្នាក់​ឈ្មោះ យេស៊ូវ បាន​ធ្វើ​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ប្រាប់​ឲ្យ​ទៅ​លាង​នៅ​ស្រះ​ស៊ីឡោម ខ្ញុំ​ក៏​ទៅ​លាង ហើយ​បាន​ភ្លឺ​ឡើង ១២ គេ​សួរ​ទៀត​ថា អ្នក​នោះ​នៅ​ឯ​ណា គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​ដឹង​ទេ។
ពួក​ផារិស៊ី​សួរ​ចម្លើយ​អ្នក​ខ្វាក់​ពី​មុន
១៣ គេ​ក៏​នាំ​មនុស្ស​ដែល​ពី​ដើម​ខ្វាក់​នោះ ទៅ​ឯ​ពួក​ផារិស៊ី ១៤ រីឯ​ថ្ងៃ​ដែល​ព្រះយេស៊ូវ​ទ្រង់​ធ្វើ​ភក់ ប្រោស​ឲ្យ​គាត់​ភ្លឺ​ភ្នែក​នោះ គឺ​ជា​ថ្ងៃ​ឈប់​សំរាក ១៥ ដូច្នេះ ពួក​ផារិស៊ី​ក៏​សួរ​គាត់ ពី​ដំណើរ​ដែល​បាន​ភ្លឺ​ភ្នែក ជា​យ៉ាង​ដូច​ម្តេច​ដែរ នោះ​គាត់​ជំរាប​ថា លោក​យក​ភក់​មក​លាប​ភ្នែក​ខ្ញុំ រួច​ខ្ញុំ​ទៅ​លាង ហើយ​ក៏​មើល​ឃើញ ១៦ ដូច្នេះ ពួក​ផារិស៊ី​ខ្លះ​និយាយ​ថា មនុស្ស​នោះ​មិន​មែន​មក​ពី​ព្រះ​ទេ ព្រោះ​មិន​កាន់​ថ្ងៃ​ឈប់​សំរាក​សោះ ខ្លះ​ទៀត​ថា ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​មាន​បាប​អាច​ធ្វើ​ទី​សំគាល់​យ៉ាង​នេះ​បាន នោះ​ក៏​កើត​បាក់​បែក​គ្នា ១៧ រួច​គេ​សួរ​មនុស្ស​ខ្វាក់​ម្តង​ទៀត​ថា តើ​ឯង​ថា​ដូច​ម្តេច ពី​ដំណើរ​អ្នក​ដែល​ធ្វើ​ឲ្យ​ភ្នែក​ឯង​ភ្លឺ​នោះ គាត់​ឆ្លើយ​ថា លោក​ជា​ហោរា ១៨ តែ​ពួក​សាសន៍​យូដា​មិន​ជឿ​ថា គាត់​ខ្វាក់​ភ្នែក ហើយ​បាន​ភ្លឺ​ឡើង​វិញ​ទេ ទាល់​តែ​បាន​ហៅ​ឪពុក​ម្តាយ​របស់​អ្នក ដែល​បាន​ភ្លឺ​ភ្នែក​នោះ​មក សួរ​ថា ១៩ តើ​អ្នក​នេះ​ជា​កូន​របស់​អ្នក ដែល​អ្នក​ថា បាន​កើត​មក​ខ្វាក់​នោះ​ឬ​អី ចុះ​ឥឡូវ​នេះ ធ្វើ​ដូច​ម្តេច​បាន​ជា​វា​ភ្លឺ​ឡើង​វិញ ២០ ឪពុក​ម្តាយ​គាត់​ឆ្លើយ​ថា យើង​ខ្ញុំ​ដឹង​ថា នេះ​ជា​កូន​យើង​ខ្ញុំ​ពិត ហើយ​ថា វា​កើត​មក​ខ្វាក់​មែន ២១ តែ​ឥឡូវ​នេះ ដែល​វា​ភ្លឺ​ជា​យ៉ាង​ដូច​ម្តេច នោះ​យើង​ខ្ញុំ​មិន​ដឹង​ទេ ក៏​មិន​ដឹង​ជា​អ្នក​ណា​បាន​ធ្វើ​ឲ្យ​ភ្លឺ​ផង​ដែរ វា​ពេញ​អាយុ​ហើយ សូម​សួរ​វា​ចុះ វា​នឹង​ជំរាប​ពី​ដំណើរ​ខ្លួន​វា ២២ ឪពុក​ម្តាយ​គាត់​និយាយ​ដូច្នេះ ព្រោះ​ខ្លាច​សាសន៍​យូដា ដ្បិត​ពួក​សាសន៍​យូដា​បាន​ព្រម​ព្រៀង​គ្នា​ហើយ ថា​បើ​អ្នក​ណា​នឹង​ទទួល​ទ្រង់​ទុក​ជា​ព្រះគ្រីស្ទ នោះ​ត្រូវ​កាត់​ពី​ពួក​ជំនុំ​គេ​ចេញ ២៣ ហេតុ​នោះ​បាន​ជា​ឪពុក​ម្តាយ​គាត់​និយាយ​ថា វា​ពេញ​អាយុ​ហើយ សូម​សួរ​វា​ចុះ។
២៤ គេ​ក៏​ហៅ​មនុស្ស​ដែល​ពី​ដើម​ខ្វាក់​នោះ មក​ម្តង​ទៀត​ប្រាប់​ថា ចូរ​សរសើរដំកើង​ដល់​ព្រះ​វិញ ឯ​មនុស្ស​នោះ យើង​ដឹង​ថា​ជា​អ្នក​មាន​បាប​ទេ ២៥ គាត់​ឆ្លើយ​ទៅ​ថា បើ​លោក​ជា​មនុស្ស​មាន​បាប នោះ​ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណេះ​ថា ពី​ដើម​ខ្ញុំ​ខ្វាក់ តែ​ឥឡូវ​នេះ​ខ្ញុំ​មើល​ឃើញ ២៦ នោះ​គេ​សួរ​គាត់​ម្តង​ទៀត​ថា អ្នក​នោះ​បាន​ធ្វើ​អ្វី​ដល់​ឯង តើ​បាន​ធ្វើ​ដូច​ម្តេច​ខ្លះ ឲ្យ​ភ្នែក​ឯង​ភ្លឺ​ឡើង ២៧ គាត់​ឆ្លើយ​ថា ខ្ញុំ​បាន​ជំរាប​ហើយ តែ​លោក​មិន​ស្តាប់ ហេតុ​អ្វី​បាន​ជា​ចង់​ស្តាប់​ម្តង​ទៀត តើ​លោក​ចង់​ធ្វើ​ជា​សិស្ស​របស់​លោក​នោះ​ដែរ​ឬ​អី ២៨ នោះ​គេ​ដៀលត្មះ​គាត់​ថា គឺ​ឯង​ជា​សិស្ស​អ្នក​នោះ​ហើយ ឯ​យើង ជា​សិស្ស​របស់​លោក​ម៉ូសេ​វិញ ២៩ យើង​ដឹង​ថា ព្រះ​បាន​មាន​ព្រះបន្ទូល​នឹង​លោក​ម៉ូសេ​ពិត តែ​អ្នក​នោះ យើង​មិន​ដឹង​ជា​មក​ពី​ណា​ទេ ៣០ មនុស្ស​នោះ​ឆ្លើយ​ថា នេះ​ចំឡែក​ណាស់​មែន លោក​រាល់​គ្នា​មិន​ដឹង​ជា​លោក​នោះ​មក​ពី​ណា ដែល​លោក​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ​ផង ៣១ យើង​ខ្ញុំ​ដឹង​ថា ព្រះ​មិន​ស្តាប់​តាម​មនុស្ស​មាន​បាប​ទេ ប៉ុន្តែ បើ​អ្នក​ណា​កោតខ្លាច​ដល់​ព្រះ ហើយ​ប្រព្រឹត្ត​តាម​ព្រះហឫទ័យ​ទ្រង់ ទើប​ទ្រង់​នឹង​ស្តាប់​តាម​អ្នក​នោះ​ឯង ៣២ ចាប់​តាំង​ពី​អស់​កល្ប​រៀង​មក មិន​ដែល​ឮ​និយាយ​ពី​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​ភ្នែក​ភ្លឺ​បាន​ទេ ៣៣ បើ​លោក​នោះ​មិន​មក​ពី​ព្រះ​ទេ នោះ​លោក​ពុំ​អាច​នឹង​ធ្វើ​អ្វី​បាន​ឡើយ ៣៤ គេ​ឆ្លើយ​តប​ទៅ​គាត់​ថា ឯង​ជា​មនុស្ស​កើត​មក​ក្នុង​អំពើ​បាប​សុទ្ធ ហើយ​ឯង​បង្រៀន​យើង​ឬ រួច​គេ​បណ្តេញ​គាត់​ទៅ។
៣៥ ព្រះយេស៊ូវ ទ្រង់​ឮ​ថា គេ​បាន​បណ្តេញ​គាត់​ហើយ រួច​កាល​ទ្រង់​បាន​ឃើញ​គាត់ នោះ​ក៏​មាន​ព្រះបន្ទូល​ទៅ​ថា តើ​អ្នក​ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ​ឬ​ទេ ៣៦ គាត់​ទូល​ឆ្លើយ​ថា លោក​ម្ចាស់​អើយ តើ​អ្នក​ណា​ជា​ព្រះរាជបុត្រា​នោះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ជឿ​ដល់​ទ្រង់​ផង ៣៧ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា អ្នក​បាន​ឃើញ​ទ្រង់​ហើយ គឺ​ជា​ខ្ញុំ​ដែល​និយាយ​នឹង​អ្នក​នេះ​ឯង ៣៨ គាត់​ទូល​ថា ខ្ញុំ​ជឿ​ហើយ ព្រះអម្ចាស់​អើយ រួច​គាត់​ក៏​ក្រាប​ថ្វាយ​បង្គំ​ទ្រង់។
៣៩ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា ខ្ញុំ​បាន​មក​ក្នុង​លោកីយ៍​នេះ ដើម្បី​នឹង​ជំនុំជំរះ ឲ្យ​ពួក​អ្នក​ដែល​មើល​មិន​ឃើញ​បាន​ភ្លឺ​ឡើង ហើយ​ឲ្យ​ពួក​អ្នក​ដែល​មើល​ឃើញ បាន​ទៅ​ជា​ខ្វាក់​វិញ ៤០ ពួក​ផារិស៊ី ដែល​នៅ​ជា​មួយ​នឹង​ទ្រង់ បាន​ឮ​ពាក្យ​នោះ ក៏​ទូល​សួរ​ថា តើ​យើង​ខ្ញុំ​ខ្វាក់​ដែរ​ឬ​អី ៤១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គេ​ថា បើ​សិន​ជា​អ្នក​រាល់​គ្នា​ខ្វាក់​មែន នោះ​អ្នក​រាល់​គ្នា​ឥត​មាន​បាប​ទេ តែ​ឥឡូវ​នេះ អ្នក​រាល់​គ្នា​អាង​ថា​ភ្លឺ បាន​ជា​ជាប់​មាន​បាប​នៅ​ឡើយ។