១៩
១ ខណៈ​នោះ លោក​ពីឡាត់​នាំ​យក​ព្រះយេស៊ូវ​ទៅ​វាយ​នឹង​រំពាត់ ២ ពួក​ទាហាន​ក៏​ក្រង​ភួង​បន្លា​បំពាក់​លើ​ព្រះសិរ ហើយ​យក​អាវ​ពណ៌​ស្វាយ​មក​បំពាក់​ទ្រង់ ៣ ទាំង​ទូល​ថា សូម​ថ្វាយ​បង្គំ​ស្តេច​សាសន៍​យូដា រួច​គេ​ទះ​ទ្រង់ ៤ លោក​ពីឡាត់​ក៏​ចេញ​ទៅ មាន​ប្រសាសន៍​នឹង​គេ​ម្តង​ទៀត​ថា មើល ខ្ញុំ​នាំ​អ្នក​នេះ​ចេញ​មក​ឯ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​មិន​ឃើញ​ជា​គាត់​មាន​ទោស​យ៉ាង​ណា​សោះ ៥ ដូច្នេះ ព្រះយេស៊ូវ​ក៏​យាង​ចេញ​ទៅ​ក្រៅ ទាំង​ពាក់​ភួង​បន្លា និង​អាវ​ពណ៌​ស្វាយ​នោះ រួច​លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា មើល​ចុះ មនុស្ស​នេះ​ហើយ ៦ កាល​ពួក​សង្គ្រាជ និង​ពួក​អាជ្ញា​បាន​ឃើញ​ទ្រង់ នោះ​ក៏​ស្រែក​ឡើង​ថា ឆ្កាង​វា ឆ្កាង​វា​ទៅ លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​វិញ ដ្បិត​ខ្ញុំ​មិន​ឃើញ​ជា​មាន​ទោស​អ្វី​ទេ ៧ ពួក​សាសន៍​យូដា​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ក្រឹត្យវិន័យ ហើយ​តាម​ក្រឹត្យវិន័យ​នោះ វា​ត្រូវ​ស្លាប់ ពី​ព្រោះ​វា​បាន​តាំង​ខ្លួន​ឡើង​ជា​ព្រះរាជបុត្រា​នៃ​ព្រះ។ ៨ កាល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ ក៏​ភ័យ​រឹត​តែ​ខ្លាំង​ឡើង ៩ លោក​ត្រឡប់​ទៅ​ក្នុង​សាលា​ជំនុំ ទូល​សួរ​ព្រះយេស៊ូវ​ថា តើ​អ្នក​មក​ពី​ណា តែ​ព្រះយេស៊ូវ​ទ្រង់​មិន​ឆ្លើយ​សោះ ១០ ដូច្នេះ លោក​ពីឡាត់​សួរ​ទ្រង់​ថា តើ​អ្នក​មិន​ឆ្លើយ​ទេ​ឬ​អី អ្នក​មិន​ដឹង​ទេ​ឬ​អី​ថា ខ្ញុំ​មាន​អំណាច​នឹង​ឆ្កាង​អ្នក ឬ​លែង​អ្នក​ក៏​បាន ១១ ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ថា បើ​មិន​បាន​ប្រទាន​មក​ពី​ស្ថាន​លើ នោះ​លោក​ឥត​មាន​អំណាច​លើ​ខ្ញុំ​សោះ ហេតុ​នោះ​បាន​ជា​អ្នក​ដែល​បញ្ជូន​ខ្ញុំ​មក​លោក អ្នក​នោះ​មាន​បាប​ធ្ងន់​ជាង ១២ តាំង​ពី​នោះ​មក​លោក​ពីឡាត់​រក​ទំនង​នឹង​លែង​ទ្រង់​ដែរ តែ​ពួក​សាសន៍​យូដា​ស្រែក​កង​ឡើង​ថា បើ​លោក​លែង​អ្នក​នេះ​ទៅ នោះ​លោក​មិន​មែន​ជា​ទី​ស្រឡាញ់​នឹង​សេសារ​ទេ ព្រោះ​អ្នក​ណា​ដែល​តាំង​ខ្លួន​ធ្វើ​ជា​ស្តេច នោះ​ក្បត់​នឹង​សេសារ​ហើយ ១៣ កាល​លោក​ពីឡាត់​បាន​ឮ​ពាក្យ​នោះ ក៏​នាំ​ព្រះយេស៊ូវ​ចេញ​ទៅ​ឯ​កន្លែង​ហៅ​ថា ទី​ក្រាល​ថ្ម ដែល​ភាសា​ហេព្រើរ​ហៅ​ថា កាបាថា រួច​លោក​អង្គុយ​នៅ​ទី​ជំនុំជំរះ ១៤ (រីឯ​ថ្ងៃ​នោះ ជា​ថ្ងៃ​រៀបចំ​បុណ្យ​រំលង ប្រហែល​ជា​ថ្ងៃ​ត្រង់​ហើយ) លោក​ក៏​មាន​ប្រសាសន៍​ទៅ​ពួក​សាសន៍​យូដា​ថា មើល នេះ​ស្តេច​នៃ​អ្នក​រាល់​គ្នា ១៥ តែ​គេ​ស្រែក​ឡើង​ថា យក​វា​ចេញ យក​វា​ចេញ ឲ្យ​ឆ្កាង​វា​ទៅ លោក​ពីឡាត់​សួរ​គេ​ថា តើ​ឲ្យ​ខ្ញុំ​ឆ្កាង​ស្តេច​នៃ​អ្នក​រាល់​គ្នា​ឬ​អី ពួក​សង្គ្រាជ​ឆ្លើយ​ថា យើង​ខ្ញុំ​មាន​ស្តេច​តែ​សេសារ​ទេ ១៦ ដូច្នេះ លោក​ក៏​បញ្ជូន​ទ្រង់​ទៅ​ឲ្យ​គេ​ឆ្កាង ហើយ​គេ​នាំ​ទ្រង់​យក​ទៅ។
គេ​ឆ្កាង​ព្រះយេស៊ូវ
(មថ​២៧.៣២-៤៤ មក​១៥.២១-៣២ លក​២៣.២៦-៤៣)
១៧ ព្រះយេស៊ូវ ទ្រង់​យាង​ចេញ​ទៅ ទាំង​លី​ឈើ​ឆ្កាង​ទៅ​ដល់​កន្លែង​ហៅ​ថា ភ្នំ​លលាដ៏​ក្បាល ដែល​ភាសា​ហេព្រើរ​ហៅ​ថា គាល់កូថា ១៨ គេ​ក៏​ឆ្កាង​ទ្រង់​នៅ​ទី​នោះ ព្រម​ទាំង​២​នាក់​ទៀត​ជា​មួយ និង​ទ្រង់​ដែរ ម្នាក់​ម្ខាងៗ ហើយ​ព្រះយេស៊ូវ​នៅ​ជា​កណ្តាល ១៩ លោក​ពីឡាត់​ធ្វើ​ប្រកាស​១​បិទ​នៅ​លើ​ឈើ​ឆ្កាង មាន​សេចក្តី​ថា «នេះ​ឈ្មោះ​យេស៊ូវ​ជា​អ្នក​ស្រុក​ណាសារ៉ែត ស្តេច​នៃ​សាសន៍​យូដា» ២០ មាន​សាសន៍​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះយេស៊ូវ​នោះ​នៅ​ជិត​ទី​ក្រុង ហើយ​ប្រកាស​នោះ គេ​បាន​សរសេរ​ជា​ភាសា​ហេព្រើរ ក្រេក និង​ឡាតាំង ២១ ដូច្នេះ ពួក​សង្គ្រាជ​របស់​សាសន៍​យូដា គេ​ជំរាប​លោក​ពីឡាត់​ថា សូម​លោក​កុំ​សរសេរ​ថា នេះ​ជា​ស្តេច​នៃ​សាសន៍​យូដា​ឡើយ សូម​សរសេរ​តាម​វា​និយាយ​វិញ​ថា ខ្ញុំ​ជា​ស្តេច​នៃ​សាសន៍​យូដា ២២ លោក​ពីឡាត់​ឆ្លើយ​ថា ឯ​សេចក្តី​ដែល​ខ្ញុំ​សរសេរ នោះ​បាន​សរសេរ​ស្រេច​ទៅ​ហើយ ២៣ ឯ​ពួក​ទាហាន កាល​បាន​ឆ្កាង​ព្រះយេស៊ូវ​រួច​ហើយ នោះ​គេ​យក​ព្រះពស្ត្រ​ទ្រង់​ចែក​ជា​៤​ចំណែក ឲ្យ​ម្នាក់ៗ​បាន​១​ចំណែក ក៏​យក​អាវ​វែង​ទ្រង់​ដែរ តែ​អាវ​នោះ​បាន​ត្បាញ​ពី​លើ​ជា​សំពត់​តែ​១ គ្មាន​ថ្នេរ​សោះ ២៤ ដូច្នេះ គេ​និយាយ​គ្នា​ថា កុំ​ហែក​អាវ​នេះ​ឡើយ ចូរ​យើង​ចាប់​ឆ្នោត​វិញ ឲ្យ​បាន​ដឹង​ជា​អាវ​នេះ​នឹង​ទៅ​ជា​របស់​អ្នក​ណា នោះ​ដើម្បី​ឲ្យ​បាន​សំរេច​បទ​គម្ពីរ​ដែល​ថា «គេ​បាន​យក​សំលៀកបំពាក់​ទូលបង្គំ​ចែក​គ្នា ឯ​អាវ​វែង​របស់​ទូលបង្គំ គេ​យក​ដោយ​ចាប់​ជា​ឆ្នោត» ពួក​ទាហាន​ក៏​ធ្វើ​ដូច្នោះ។
២៥ ឯ​មាតា​ព្រះយេស៊ូវ ប្អូន​ស្រី​មាតា​ទ្រង់ ម៉ារា ជា​ប្រពន្ធ​ក្លូប៉ាស និង​ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា គេ​ឈរ​នៅ​ជិត​ឈើ​ឆ្កាង​ទ្រង់ ២៦ ព្រះយេស៊ូវ​ក៏​ឃើញ​មាតា​ទ្រង់ និង​សិស្ស​ម្នាក់​ដែល​ទ្រង់​ស្រឡាញ់ កំពុង​ឈរ​នៅ​ទី​នោះ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​មាតា​ថា មាតា​អើយ នុ៎ះ​ន៏ កូន​របស់​មាតា ២៧ រួច​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​សិស្ស​នោះ​ថា នុ៎ះ​ន៏ ម្តាយ​អ្នក តាំង​ពី​នោះ​មក សិស្ស​នោះ​ក៏​នាំ​យក​គាត់​ទៅ​នៅ​ផ្ទះ​ខ្លួន។
ព្រះយេស៊ូវ​សោយ​ទិវង្គត
(មថ​២៧.៤៥-៤៦ មក​១៥.៣៣-៤១ លក​២៣.៤៤-៤៨)
២៨ ក្រោយ​នោះ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ការ​ទាំង​អស់​បាន​សំរេច​ហើយ តែ​ដើម្បី​ឲ្យ​បាន​សំរេច​តាម​បទ​គម្ពីរ នោះ​ទ្រង់​មាន​ព្រះបន្ទូល​ថា ខ្ញុំ​ស្រេក​ទឹក​ណាស់ ២៩ រីឯ​នៅ​ទី​នោះ មាន​ក្រឡ​ដាក់​ទឹកខ្មេះ​ពេញ គេ​ក៏​យក​សារាយរំហួត​ជ្រលក់​ទឹកខ្មេះ​ជោក រួច​ចង​ភ្ជាប់​នឹង​មែក​ហ៊ីសុប ហុច​ទៅ​ដល់​ព្រះឱស្ឋ​ទ្រង់ ៣០ កាល​ព្រះយេស៊ូវ​បាន​ទទួល​ទឹកខ្មេះ​រួច​ហើយ ក៏​មាន​ព្រះបន្ទូល​ថា ការ​ស្រេច​ហើយ នោះ​ទ្រង់​ឱន​ព្រះសិរ​ប្រគល់​វិញ្ញាណ​ទ្រង់​ទៅ។
៣១ ពួក​សាសន៍​យូដា​ក៏​សូម​លោក​ពីឡាត់ ឲ្យ​បាន​បំបាក់​ជើង​ពួក​ជាប់​ឆ្កាង ហើយ​យក​ចេញ​ទៅ ដើម្បី​កុំ​ឲ្យ​ខ្មោច​នៅ​ជាប់​លើ​ឈើ​ឆ្កាង ក្នុង​ថ្ងៃ​ឈប់​សំរាក ពី​ព្រោះ​ជា​ថ្ងៃ​រៀបចំ​ហើយ ឯ​ថ្ងៃ​ឈប់​សំរាក​នោះ គឺ​ជា​ថ្ងៃ​បុណ្យ​ធំ ៣២ ដូច្នេះ ពួក​ទាហាន​ក៏​មក​បំបាក់​ជើង​អ្នក​១ រួច​អ្នក​១​ទៀត​ដែល​ជាប់​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ ៣៣ តែ​កាល​គេ​មក​ដល់​ព្រះយេស៊ូវ ក៏​ឃើញ​ថា ទ្រង់​សុគត​ផុត​ហើយ បាន​ជា​គេ​មិន​បំបាក់​ព្រះបាទ​ទ្រង់​ទេ ៣៤ ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចំហៀង​ទ្រង់ នោះ​ក៏​ចេញ​ឈាម ហើយ​និង​ទឹក​មក ៣៥ អ្នក​ដែល​ឃើញ​បាន​ធ្វើ​បន្ទាល់ ហើយ​សេចក្តី​បន្ទាល់​របស់​អ្នក​នោះ​ក៏​ពិត​ប្រាកដ អ្នក​នោះ​ដឹង​ថា ខ្លួន​និយាយ​ត្រូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​ជឿ ៣៦ ដ្បិត​ការ​ទាំង​នោះ​បាន​កើត​មក ដើម្បី​ឲ្យ​បទ​គម្ពីរ​បាន​សំរេច ដែល​ថា «គ្មាន​ឆ្អឹង​ទ្រង់​ណា​មួយ​ត្រូវ​បាក់​សោះ» ៣៧ ក៏​មាន​បទ​១​ទៀត​ថា «គេ​នឹង​មើល​ព្រះអង្គ​ដែល​គេ​បាន​ចាក់»។
ការ​បញ្ចុះ​សព​ព្រះយេស៊ូវ
(មថ​២៧.៥៧-៦១ មក​១៥.៤២-៤៧ លក​២៣.៥០-៥៦)
៣៨ ក្រោយ​នោះ​មក យ៉ូសែប ជា​អ្នក​ស្រុក​អើរីម៉ាថេ ដែល​ជា​សិស្ស​របស់​ព្រះយេស៊ូវ​ដោយ​សំងាត់ ព្រោះ​ខ្លាច​ពួក​យូដា លោក​បាន​សូម​ដល់​លោក​ពីឡាត់ ឲ្យ​មាន​ច្បាប់​នឹង​យក​ព្រះសព​ព្រះយេស៊ូវ​ចុះ​មក លោក​ពីឡាត់​ក៏​បើក​ឲ្យ ដូច្នេះ លោក​បាន​មក​យក​ព្រះសព​ព្រះយេស៊ូវ​ទៅ ៣៩ ហើយ​លោក​នីកូដេម ដែល​ពី​មុន​បាន​ទៅ​ឯ​ព្រះយេស៊ូវ​ទាំង​យប់ ក៏​មក​ដែរ លោក​យក​ជ័រ​ល្វីងទេស​លាយ​នឹង​ក្រឹស្នា បាន​ប្រហែល​ជា​១​រយ​នាលិ​មក ៤០ លោក​ទាំង​២​នោះ​ក៏​យក​ព្រះសព​ព្រះយេស៊ូវ​មក រុំ​នឹង​សំពត់​ទេសឯក ជា​មួយ​នឹង​គ្រឿង​ក្រអូប​ទាំង​នោះ តាម​ទំលាប់​របស់​សាសន៍​យូដា ដែល​គេ​ធ្លាប់​រៀបចំ​កប់​ខ្មោច ៤១ មាន​ច្បារ​១​នៅ​ត្រង់​កន្លែង​ដែល​គេ​ឆ្កាង​ទ្រង់ ហើយ​ក្នុង​ច្បារ​នោះ មាន​ផ្នូរ​១​ថ្មី ដែល​មិន​ទាន់​ដាក់​ខ្មោច​ណា​នៅ​ឡើយ ៤២ ដូច្នេះ លោក​ក៏​បញ្ចុះ​ព្រះសព​ព្រះយេស៊ូវ​នៅ​ទី​នោះ ពី​ព្រោះ​ជា​ថ្ងៃ​រៀបចំ​បុណ្យ​របស់​សាសន៍​យូដា ហើយ​ផ្នូរ​នោះ​ក៏​នៅ​ជិត​ស្រាប់។