១៧
ខ្ញុំលែងមានសង្ឃឹមទៀតហើយ
១ ជីវិតខ្ញុំស្បើយអស់ហើយ ថ្ងៃអាយុខ្ញុំក៏ផុតទៅ ផ្នូរក៏រង់ចាំខ្ញុំ ២ នៅជាមួយនឹងខ្ញុំមានសុទ្ធតែជាមនុស្សឡកឡឺយ ហើយភ្នែកខ្ញុំត្រូវមើលសេចក្តីចាក់រុករបស់គេជានិច្ច។
៣ សូមទ្រង់ប្រោសមេត្តា ធានាឲ្យទូលបង្គំចំពោះព្រះអង្គទ្រង់ផង បើពុំនោះ តើមានអ្នកណានឹងចាប់ដៃយល់ព្រមនឹងទូលបង្គំបាន ៤ ដ្បិតទ្រង់បានបង្ខាំងចិត្តគេចេញពីយោបល់ ហេតុនោះទ្រង់នឹងមិនដំកើងគេឡើងឡើយ ៥ គេលួងលោមមិត្រសំឡាញ់ខ្លួនឲ្យតែបានរបឹប ហើយកូនចៅគេកាន់តែងងឹតភ្នែកទៅ។
៦ ប៉ុន្តែ ទ្រង់បានធ្វើឲ្យខ្ញុំទៅជាសេចក្តីប្រៀបធៀបដល់មនុស្សទួទៅ ហើយគេស្តោះដាក់ចំមុខខ្ញុំ ៧ ភ្នែកខ្ញុំក៏ស្រវាំង ដោយសេចក្តីទុក្ខព្រួយ ហើយអវយវៈរូបកាយខ្ញុំទាំងអស់ទុកដូចជាស្រមោលទទេ ៨ មនុស្សទៀងត្រង់នឹងមានសេចក្តីអស្ចារ្យពីដំណើរនេះ ហើយមនុស្សផូរផង់ គេនឹងលើកគ្នាទាស់នឹងមនុស្សទមិលល្មើស ៩ ចំណែកអ្នកសុចរិត គេនឹងព្យាយាមក្នុងផ្លូវគេ ហើយអ្នកណាដែលមានដៃស្អាត អ្នកនោះនឹងមានកំឡាំងកាន់តែខ្លាំងឡើង ១០ ត្រង់ឯអ្នករាល់គ្នា អញ្ជើញមកវិញ អើ សូមមកចុះ តែក្នុងពួកអ្នករាល់គ្នា ខ្ញុំមិនឃើញអ្នកណាមួយដែលមានប្រាជ្ញាឡើយ ១១ អស់ទាំងថ្ងៃនៃអាយុខ្ញុំបានកន្លងហួសទៅ ឯសេចក្តីតាំងចិត្តរបស់ខ្ញុំ គឺអស់ទាំងបំណងរបស់ខ្ញុំបានកាត់ផ្តាច់ហើយ ១២ ក៏ធ្វើឲ្យយប់ដូចជាថ្ងៃវិញ ឯពន្លឺក៏ប្រហែលគ្នានឹងងងឹតដែរ ១៣ បើកាលណាខ្ញុំសង្ឃឹមនឹងឲ្យបានស្ថានឃុំព្រលឹងមនុស្សស្លាប់ទុកជាទីលំនៅខ្ញុំ បើខ្ញុំក្រាលកន្ទេលដេករបស់ខ្ញុំនៅស្ថានងងឹត ១៤ បើខ្ញុំពោលដល់ផ្នូរថា ឯងជាឪពុកអញ ហើយដល់ដង្កូវថា ឯងជាម្តាយ ឬជាបងប្អូនស្រីអញ ១៥ យ៉ាងនោះតើមានសេចក្តីសង្ឃឹមឯណា ចំណែកឯសេចក្តីសង្ឃឹមរបស់ខ្ញុំ តើអ្នកណានឹងឃើញបាន ១៦ នោះនឹងចុះទៅឯទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងកាលដែលយើងបានសំរាកជាមួយគ្នាក្នុងធូលីដី។