២៥
ប្រសាសន៍លើកទីបីរបស់លោកប៊ីលដាដ: អំណាចរបស់ព្រះ
១ នោះប៊ីលដាឌ សាសន៍ស៊ូអា គាត់ឆ្លើយឡើងថា ២ ព្រះចេស្តា និងសេចក្តីស្ញែងខ្លាចនៅនឹងទ្រង់ ក៏ធ្វើឲ្យមានសេចក្តីសុខនៅស្ថានដ៏ខ្ពស់របស់ទ្រង់ ៣ ឯចំនួនពលទ័ពទ្រង់ តើនឹងរាប់បានឬ តើមានអ្នកឯណាដែលពន្លឺទ្រង់មិនរះឡើងបំភ្លឺដល់គេនោះ ៤ ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្សបានសុចរិតនៅចំពោះព្រះបាន ឬធ្វើដូចម្តេចឲ្យមនុស្សដែលកើតពីស្ត្រីមកបានបរិសុទ្ធ ៥ មើល ទាំងខែក៏មិនភ្លឺដែរ ហើយផ្កាយទាំងប៉ុន្មានក៏មិនជ្រះថ្លានៅព្រះនេត្រទ្រង់ផង ៦ ចំណង់បើមនុស្សដែលជាដង្កូវទទេ និងកូនមនុស្សដែលជាដង្កូវដែរ តើនឹងបានយ៉ាងណាទៅ។