៣០
ទុក្ខ​លំបាក​របស់​លោក​យ៉ូប
១ ប៉ុន្តែ​ឥឡូវ​នេះ ពួក​អ្នក​ដែល​ក្មេង​ជាង​ខ្ញុំ គេ​ចំអក​ឲ្យ ជា​ពួក​អ្នក​ដែល​ខ្ញុំ​មិន​ព្រម​ទាំង​ដាក់​ឪពុក​គេ​ឲ្យ​នៅ​ជា​មួយ​នឹង​ឆ្កែ​រក្សា​ហ្វូង​សត្វ​របស់​ខ្ញុំ​ផង ២ អើ កំឡាំង​ដៃ​គេ តើ​ដែល​មាន​ប្រយោជន៍​អ្វី​ដល់​ខ្ញុំ គេ​នឹង​រស់​ដរាប​ដល់​ចាស់​មិន​បាន​ទេ ៣ គេ​ស្គាំងស្គម​ដោយ​ខ្វះ​ខាត ហើយ​នឹង​ពេល​អំណត់ គេ​ទេះ​ស៊ី​នៅ​ទី​ហួតហែង ដែល​ពី​ដើម​ជា​កន្លែង​សូន្យ​ឈឹង ហើយ​ចោល​ស្ងាត់ ៤ គេ​បេះ​ស្លឹក​ប្រង់​ដែល​ដុះ​នៅ​ក្បែរ​គុម្ព​ឈើ​តូចៗ ហើយ​មាន​តែ​មើម​ក្តួច​ជា​អាហារ​ដល់​គេ ៥ គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ចំណោម​មនុស្ស ហើយ​មនុស្ស​ស្រែក​ដេញ​តាម​គេ ដូច​ជា​ស្រែក​តាម​ចោរ ៦ ឲ្យ​ទៅ​នៅ​ក្នុង​ហប់​ភ្នំ​គួរ​ស្ញែង​ខ្លាច ក្នុង​រូង​ដី ហើយ​រអាង​ថ្ម ៧ គេ​ស្រែក​ឡើង​នៅ​កណ្តាល​គុម្ព​ឈើ ដូច​ជា​សត្វ​លា គេ​ប្រជុំ​គ្នា​នៅ​នា​គុម្ព​ផ្អាវ ៨ គេ​សុទ្ធ​តែ​ជា​កូន​របស់​មនុស្ស​ដែល​ឥត​គំនិត អើ ជា​កូន​នៃ​មនុស្ស​ទាប​ថោក​បំផុត គេ​ត្រូវ​បណ្តេញ​ចេញ​ពី​ស្រុក​ទៅ។
៩ ឥឡូវ​នេះ ខ្ញុំ​បាន​ត្រឡប់​ទៅ​ជា​បទ​ចំរៀង​របស់​គេ ហើយ​ជា​ពាក្យ​ដែល​គេ​ពោល​បង្អាប់ ១០ គេ​ខ្ពើម​ឆ្អើម​ខ្ញុំ ក៏​ឈរ​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ក៏​ស្តោះ​ដាក់​មុខ​ខ្ញុំ​ឥត​ទប់​មាត់​ឡើយ ១១ ពី​ព្រោះ​ព្រះ​ទ្រង់​បាន​ដំឡោះ​ខ្សែ​ធ្នូ​បាញ់​ធ្វើ​ទុក្ខ​ខ្ញុំ ឯ​គេ​បាន​លែង​ចោល​ខ្សែ​បង្ហៀរ​នៅ​មុខ​ខ្ញុំ ១២ នៅ​ខាង​ស្តាំ ខ្ញុំ​កើត​មាន​ពួក​ពាល គេ​មក​ទង្គិច​ជើង​ខ្ញុំ ហើយ​បង្កើត​ផ្លូវ​វិនាស​របស់​គេ​ទាស់​នឹង​ខ្ញុំ ១៣ គេ​បំផ្លាញ​ផ្លូវ​ច្រក​របស់​ខ្ញុំ គេ​បញ្ជឿន​សេចក្តី​អន្តរាយ​ដល់​ខ្ញុំ ឥត​ត្រូវ​ការ​មាន​អ្នក​ណា​ជួយ​គេ​ឡើយ ១៤ គេ​ចូល​មក​ទាស់​នឹង​ខ្ញុំ​តាម​កន្លែង​បាក់​បែក​យ៉ាង​ធំ ហើយ​នៅ​ក្នុង​កន្លែង​បាក់​បែក​គ្រាំគ្រា នោះ​គេ​ប្រមៀល​ខ្លួន​គ្រប​មក​លើ​ខ្ញុំ ១៥ មាន​សេចក្តី​ស្ញែង​ខ្លាច​សង្ខុញ​ចូល​មក​លើ​ខ្ញុំ ក៏​ដេញ​តាម​កិត្តិនាម​របស់​ខ្ញុំ ដូច​ជា​ខ្យល់ ហើយ​សេចក្តី​សុខ​របស់​ខ្ញុំ បាន​រលាយ​បាត់​ទៅ​ដូច​ជា​ពពក។
១៦ ឥឡូវ​នេះ ព្រលឹង​ខ្ញុំ​ត្រូវ​រលាយ​ទៅ នៅ​ក្នុង​ខ្លួន​ខ្ញុំ ហើយ​គ្រា​វេទនា​បាន​ចាប់​តោង​ខ្ញុំ​ជាប់ ១៧ នៅ​វេលា​យប់ ឆ្អឹង​នៅ​ក្នុង​ខ្លួន​ខ្ញុំ ត្រូវ​ចាក់​ទំលុះ ហើយ​សេចក្តី​ឈឺ​ចាប់​ដែល​ស៊ី​រេះ​ខ្ញុំ នោះ​មិន​ចេះ​សំរាក​ទេ ១៨ អាវ​ខ្ញុំ​ត្រូវ​ផ្លាស់​ភាព​ទៅ​ដោយ​អំណាច​នៃ​រោគ​នេះ ក៏​រឹតរួត​ខ្លួន​ខ្ញុំ ដូច​ជា​ក​អាវ​ខ្ញុំ ១៩ ទ្រង់​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​ទី​ល្បាប់ ខ្ញុំ​ក៏​បាន​ត្រឡប់​ទៅ​ដូច​ជា​ធូលី​ដី និង​ផេះ​ហើយ ២០ ឱ​ព្រះអង្គ​អើយ ទូលបង្គំ​អំពាវនាវ​រក​ទ្រង់ តែ​ទ្រង់​មិន​ឆ្លើយ​មក​ទូលបង្គំ​សោះ ទូលបង្គំ​ឈរ​ឡើង តែ​ទ្រង់​គ្រាន់​តែ​សំឡឹង​មើល​ទូលបង្គំ​ប៉ុណ្ណោះ ២១ ទ្រង់​បាន​ត្រឡប់​ទៅ​ជា​សាហាវ​ដល់​ទូលបង្គំ ក៏​បៀតបៀន​ទូលបង្គំ ដោយ​អានុភាព​នៃ​ព្រះហស្ត​ទ្រង់ ២២ ទ្រង់​លើក​ទូលបង្គំ​ឡើង​ឲ្យ​ត្រូវ​ខ្យល់ ហើយ​បណ្តែត​ទូលបង្គំ​ទៅ​តាម ទ្រង់​រំលាយ​ទូលបង្គំ​ដោយ​ខ្យល់​ព្យុះ ២៣ ដ្បិត​ទូលបង្គំ​ដឹង​ថា ទ្រង់​នឹង​នាំ​ទូលបង្គំ​ឲ្យ​ត្រូវ​ស្លាប់ គឺ​ឲ្យ​ទៅ​ឯ​ទី​សំណាក់​ដែល​ទុក​សំរាប់​ឲ្យ​មនុស្ស​រស់​ទាំង​អស់​ចូល​ទៅ។
២៤ ប៉ុន្តែ កាល​មនុស្ស​ដួល​ចុះ តើ​មិន​យក​ដៃ​ទប់​ខ្លួន​ទេ​ឬ​អី ឬ​កាល​ណា​មាន​សេចក្តី​អន្តរាយ តើ​មិន​ស្រែក​រក​គេ​ជួយ​ដែរ​ឬ ២៥ ឯ​ខ្ញុំ តើ​មិន​បាន​ស្រក់​ទឹក​ភ្នែក​នឹង​មនុស្ស​ដែល​មាន​សេចក្តី​លំបាក ហើយ​ព្រួយ​ចិត្ត​នឹង​ពួក​អ្នក​ទុគ៌ត​ទេ​ឬ​អី ២៦ តែ​កាល​ខ្លួន​ខ្ញុំ​សង្ឃឹម​នឹង​បាន​សេចក្តី​ល្អ នោះ​សេចក្តី​អាក្រក់​បាន​មក​ដល់ កាល​ខ្ញុំ​បាន​ទន្ទឹង​ចាំ​ពន្លឺ នោះ​មាន​សុទ្ធ​តែ​សេចក្តី​ងងឹត​វិញ ២៧ ចិត្ត​ខ្ញុំ​ខ្ជោល​ចុះ​ឡើង​ឥត​ឈប់​ឈរ មាន​គ្រា​លំបាក​បាន​មក​លើ​ខ្ញុំ​ហើយ ២៨ ខ្ញុំ​ដើរ​ទៅ​ដោយ​មាន​មុខ​ខ្មៅ ដែល​មិន​មែន​ខ្មៅ​ដោយ​ថ្ងៃ​ចាំង​ទេ ខ្ញុំ​ក្រោក​ឡើង​នៅ​កណ្តាល​ជំនុំ ស្រែក​រក​គេ​ជួយ ២៩ ខ្ញុំ​ជា​បង​ប្អូន​នឹង​ឆ្កែ​ព្រៃ ហើយ​ជា​ភឿនមិត្រ​នឹង​សត្វ​អូសទ្រីច​ផង ៣០ សាច់​ខ្ញុំ​ខ្មៅ ហើយ​ក៏​របេះ​ពី​ខ្ញុំ​ទៅ ឆ្អឹង​ខ្ញុំ​ក៏​ឆេះ ដោយ​គ្រុន​ក្តៅ ៣១ ហេតុ​នោះ​បាន​ជា​ស៊ុង​ខ្ញុំ​បាន​ត្រឡប់​ជា​សេចក្តី​សោកសៅ ហើយ​ខ្លុយ​ខ្ញុំ​បាន​ទៅ​ជា​សំឡេង​នៃ​ពួក​អ្នក​ដែល​យំ​ទួញ​វិញ។